សហមេធាវីការពារក្ដីលោក កឹម សុខា បញ្ជាក់ថា កូនក្តីរបស់ខ្លួន មានសិទ្ធិប្ដឹងជំទាស់ដីការបស់ចៅក្រមស៊ើបសួរសាលាដំបូង ដែលបញ្ជូនរឿងលោក កឹម សុខា ទៅជំនុំជម្រះទាំងអយុត្តិធម៌ ករណីក្បត់ជាតិ។ ប្រតិកម្មនេះ ដោយសារតែក្រុមមេធាវីការពាររបបលោក ហ៊ុន សែន ចាត់ទុកបណ្ដឹងរបស់មេធាវី លោក កឹម សុខា ដើម្បីពន្យារពេលនីតិវិធីតុលាការ។
សហមេធាវី ការពារក្ដីប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថា ក្រុមមេធាវីបានសិក្សាអង្គហេតុ និងអង្គច្បាប់ល្អិតល្អន់ណាស់ មុននឹងសម្រេចប្ដឹងឧទ្ធរណ៍ជំទាស់ទៅនឹងដីកាបញ្ជូនរឿងទៅជំនុំជម្រះនេះ។
លោក ផែង ហេង សហមេធាវីមួយរូប ក្នុងចំណោមសហមេធាវីបួនរូបថា សិទ្ធិរបស់ជនជាប់ចោទ ក្នុងការប្តឹងជំទាស់បែបនេះ ត្រូវបានអនុវត្តជាហូរហែរួចមកហើយ ដូចជាឧទាហរណ៍ជាក់ស្ដែង ក្នុងករណីសំណុំរឿងក្តីនៅសាលាក្តីខ្មែរក្រហម៖ «ជនត្រូវចោទមានសិទ្ធិប្ដឹងជំទាស់នឹងដីកាដំណោះស្រាយដែរ។ យើងមើលគំរូតុលាការខ្មែរក្រហម។ ជនជាប់ចោទឈ្មោះ នួន ជា ខៀវ សំផន អៀង សារី ជាដើម គាត់សុទ្ធតែប្ដឹងជំទាស់ដីកាដំណោះស្រាយ ដោយសារតែសហចៅក្រមស៊ើបអង្កេត មិនបានដោះស្រាយសម្រេចទៅលើពាក្យស្នើសុំរបស់ជនជាប់ចោទ»។
ពាក្យស្នើសុំរបស់ជនជាប់ចោទទាំងនោះ គឺភាគច្រើនសុំឱ្យតុលាការដោះលែងពួកគាត់ ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ឬសុំឱ្យទម្លាក់ចោលរាល់ការចោទប្រកាន់ប្រឆាំងនឹងពួកគាត់ជាដើម។
ថ្មីៗ នេះ អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម ទើបតែបានបញ្ចប់សវនាការរយៈពេលបីថ្ងៃ ដើម្បីស្ដាប់ភាគី នៃរឿងក្តីក្នុងសំណុំរឿងលោក មាស មុត ជុំវិញបណ្ដឹងឧទ្ធរណ៍ជំទាស់នឹងដីកាដំណោះស្រាយ របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដែលសម្រេចបញ្ជូនរឿងលោក មាស មុត ទៅជំនុំជម្រះ។ ជនត្រូវចោទលោក មាស មុត ប្ដឹងជំទាស់ដីកានេះ។ ចំណែកសហព្រះរាជអាជ្ញាជាតិ ក៏ប្ដឹងឧទ្ធរណ៍ជំទាស់នឹងដីកានេះដែរ។
ប្រតិកម្មរបស់លោក ផែង ហេង ធ្វើឡើងក្រោយអ្នកច្បាប់ និងជាប្រធានក្រុមមេធាវីការពារក្តីឱ្យរបបក្រុងភ្នំពេញលោក គី តិច អះអាងថា លោក កឹម សុខា មិនអាចប្ដឹងឧទ្ធរណ៍ទៅនឹងដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះនេះបានឡើយ។ តាមរយៈប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន លោក គី តិច បន្ថែមថា បណ្ដឹងរបស់សហមេធាវីការពារក្ដីលោក កឹម សុខា កាលពីថ្ងៃទី៣ ខែធ្នូ ដែលប្ដឹងជំទាស់ដីការបស់ចៅក្រមស៊ើបអង្កេតសាលាដំបូងក្រុងភ្នំពេញ ដែលសម្រេចបញ្ជូនរឿងលោក កឹម សុខា ទៅជំនុំជម្រះនោះ ថាធ្វើឡើងដោយមានកំហុសឆ្គងផ្នែកនីតិវិធី។ លោក គី តិច ចាត់ទុកបណ្ដឹងបែបនេះ គឺអាចមានចេតនាគេចវេះពីការទទួលខុសត្រូវ និងជារបៀបនៃការពន្យារនីតិវិធីតុលាការទៅវិញ។
ជាងនេះទៅទៀត លោក គី តិច ថា ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា គួរទុកពេលវេលានេះ ដើម្បីសិក្សាសំណុំរឿង និងខិតខំស្វែងរកភស្តុតាងដោះបន្ទុកលើបទចោទប្រកាន់ ទើបប្រសើរជាងមកធ្វើបណ្តឹងឧទ្ធរណ៍ ដែលលោកនៅតែអះអាងថា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់បែបនេះ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក គី តិច បែបនេះ លោក ផែង ហេង ថា នោះគ្រាន់តែជាសិទ្ធិក្នុងការបញ្ចេញមតិ និងបកស្រាយ ទៅតាមការយល់ឃើញរបស់អ្នកច្បាប់របស់រដ្ឋាភិបាលកម្ពុជាមួយរូបតែប៉ុណ្ណោះ ប៉ុន្តែក្រុមសហមេធាវីរបស់លោក កឹម សុខា មិនថ្លោះធ្លោយ បណ្ដោយឱ្យខុសនីតិវិធី ក្នុងការប្តឹងនេះនោះទេ៖ «ការយល់របស់មេធាវី វាជាសិទ្ធិបកស្រាយរបស់មេធាវី។ ប៉ុន្តែការសម្រេចគឺតុលាការជាអ្នកសម្រេច។ អ្វីដែលសហមេធាវីរបស់ឯកឧត្តម កឹម សុខា ប្តឹង គឺយើងបានអានចប់អស់ហើយមាត្រាហ្នឹង យើងសិក្សាហើយ»។
លោក ផែង ហេង ថា ការដាក់ពាក្យប្ដឹងនេះ មិនមែនគ្រាន់តែត្រឹមត្រូវ តាមនីតិវិធីច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការចាំបាច់បំផុតថែមទៀតផង ដើម្បីរកភាពយុត្តិធម៌ជូនលោក កឹម សុខា។ ម្យ៉ាងទៀតលោកថា ចៅក្រមស៊ើបសួរសាលាដំបូង មិនអាចរកយុត្តិធម៌ ឱ្យកូនក្តីរបស់ពួកលោកបាន ហើយលោករំពឹងថា សភាស៊ើបសួរសាលាឧទ្ធរណ៍នឹងរកយុត្តិធម៌ក្នុងរឿងនេះ ទើបពួកលោកប្ដឹង៖ «យើងអត់ធ្មត់គ្រប់គ្រាន់ហើយ។ កូនក្តីយើងជាជនរងគ្រោះ ក្នុងការចោទមួយ ដែលយើងក៏មានសិទ្ធិទាមទាររកយុត្តិធម៌ ហើយចៅក្រមស៊ើបត្រូវតែស្វែងរកទាំងភស្តុតាងដោះបន្ទុក និងដាក់បន្ទុក»។
ទោះបីជាចៅក្រមស៊ើបអង្កេត មានករណីយកិច្ចស៊ើបអង្កេតរកទាំងភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុកជនត្រូវចោទយ៉ាងណាក្តី បើតាមលោក គី តិច ចៅក្រមស៊ើបសួរ បានប្រើប្រាស់ពេលវេលាជាង ២ឆ្នាំកន្លងមកនេះ ដើម្បីប្រមូលភស្តុតាង តែដាក់បន្ទុកដ៏ធ្ងន់ធ្ងរនេះ។
លោក គី តិច ជាមេធាវីការពារក្ដីឱ្យលោក ហ៊ុន សែន និងរបបក្រុងភ្នំពេញ។ លោកក៏ការពារក្តីឱ្យក្រសួងមហាផ្ទៃ ក្នុងសំណុំរឿងរម្លាយគណបក្សសង្គ្រោះជាតិដែរ។ តុលាការកម្ពុជារងការរិះគន់ថា ជាឧបករណ៍នយោបាយ សម្រាប់បក្សកាន់អំណាច។ សម្ដីរបស់ថ្នាក់ដឹកនាំនៃរបបនេះ តែងតែមានឥទ្ធិពលលើសេចក្តីសម្រេចរបស់តុលាការ ជាពិសេសក្នុងរឿងក្តីនយោបាយ ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគនយោបាយផងថា របបសព្វថ្ងៃ គ្មាននីតិរដ្ឋទេ គឺមានតែនីតិមាត់ ដោយសំដៅទៅលើការសម្រេចរបស់តុលាការ ដែលធ្វើតាមតែបញ្ជារបស់អ្នកកាន់អំណាច។
លោក គី តិច កាលពីដើមខែវិច្ឆិកា ធ្លាប់បកស្រាយជំទាស់ទៅនឹងអ្នកច្បាប់អន្តរជាតិ ជុំវិញផលវិបាកនៃសារគំរាមកម្ទេច ឬសម្លាប់ក្រុមអ្នកអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញនោះ។ កាលណោះ មេធាវីជនជាតិអង់គ្លេស ដែលធ្លាប់ជាប្រធានអង្គភាពគាំពារការការពារក្តីនៅសាលាក្តីខ្មែរក្រហមផងនោះ គឺលោក រីឆាត រ៉ូយជើរ (Richard Rogers) ថា សារគំរាមបែបនេះ គឺជាអង្គហេតុនៃធាតុផ្សំបទល្មើស ដែលជាភស្តុតាងទៅថ្ងៃក្រោយ នៃចេតនាឧក្រិដ្ឋ ដើម្បីផ្ដន្ទាទោសលោក ហ៊ុន សែន និង មន្ត្រីរបបនេះ កាលណាជនស៊ីវិលណាម្នាក់ ត្រូវគេសម្លាប់ដោយសារការប្រើកម្លាំងប្រដាប់អាវុធជ្រុលហួសហេតុ លើជនស៊ីវិល ដែលគ្មានអាវុធក្នុងដៃនេះ។ បទឧក្រិដ្ឋនេះ នឹងស្ថិតក្នុងចំណាត់ថ្នាក់នៃធាតុផ្សំនៃបទល្មើសរួម នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក គី តិច ចោទមេធាវីអន្តរជាតិរូបនេះ ថា ជាការបំភ្លៃការពិត។ទោះជាយ៉ាងនេះក្តី មាត្រា ៧(១) (ក) នៃច្បាប់អន្តរជាតិ ស្ដីពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចែងថា ក្នុងករណីមានការសម្លាប់មនុស្សម្នាក់ ឬច្រើន ដោយការសម្លាប់នោះ គឺជាផ្នែកមួយនៃការវាយប្រហារជាប្រព័ន្ធ ទៅលើប្រជាពលរដ្ឋស៊ីវិល គឺជាធាតុផ្សំនៃបទល្មើស ស្ដីពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ការបកស្រាយរបស់លោកមេធាវី គី តិច ដែលថាជនជាប់ចោទ មិនអាចប្ដឹងឧទ្ធរណ៍ ជំទាស់ទៅនឹងដីកាសម្រេចបញ្ជូនរឿងលោក កឹម សុខា ទៅជំនុំជម្រះនេះ បែរជាផ្ទុយទៅនឹងការយល់ឃើញរបស់មន្ត្រីក្រសួងយុត្តិធម៌ នៃរបបក្រុងភ្នំពេញទៅវិញ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់លើកឡើងថា ការប្ដឹងទាស់ទៅសាលាឧទ្ធរណ៍របស់សហមេធាវីលោក កឹម សុខា ទៅលើដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរនោះ គឺជាសិទ្ធិស្របច្បាប់របស់សហមេធាវីការពារក្តីលោក កឹម សុខា៖ «ចៅក្រមស៊ើបសួរបានបិទសំណុំរឿងស៊ើបសួរ និងចេញដីកាទៅជម្រះ ហើយបន្ទាប់នឹងមានដីកាកំណត់កាលបរិច្ឆេទដើម្បីជំនុំជម្រះ ហើយសហមេធាវីមានសិទ្ធិប្ដឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍នឹងពិនិត្យផ្លូវច្បាប់អំពីបណ្ដឹងនោះ»។
ជុំវិញការប្រញាប់ប្រញាល់ក្នុងការចាត់ការរឿងលោក កឹម សុខា នេះ ក្នុងរយៈពេលត្រឹមតែបីសប្ដាហ៍ប៉ុណ្ណោះ តុលាការនៃរបបក្រុងភ្នំពេញ បានសម្រេចលើករណីលោក កឹម សុខា យ៉ាងតក់ក្រហល់។ ភ្លាមៗ ក្រោយគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដាក់ឱសានវាទ ៣០ថ្ងៃ ឱ្យរបបនេះ ឆ្លើយតបចំពោះការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ចៅក្រមស៊ើបអង្កេត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បិទបញ្ចប់កិច្ចស៊ើបសួរសំណុំរឿងលោក កឹម សុខា ភ្លាមៗ ដែលរយៈពេលជាង ២ឆ្នាំមកហើយ គ្មានតម្រុយណាមួយ ថាការស៊ើបអង្កេតនេះ នឹងចប់ពេលណានោះឡើយ។ ជាងនេះទៅទៀត ស្របពេលដែលថ្ងៃអវសានវាទនោះ កាន់តែខើចណាស់ទៅហើយ នៅថ្ងៃទី២ ខែធ្នូ ចៅក្រមស៊ើបអង្កេត សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះ ពីបទសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ការសម្រេចបញ្ជូនរឿងលោក កឹម សុខា ទៅជំនុំជម្រះក្នុងពេលដ៏ខ្លី និងយ៉ាងប្រញាប់ប្រញាល់នេះ ធ្វើឱ្យបណ្ដឹងមុនអង្គសេចក្តីរបស់សហមេធាវីលោក កឹម សុខា នៅមិនទាន់បានដោះស្រាយនៅឡើយ។ ប៉ុន្តែ តុលាការបែរជាចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះ ដែលជាដំណាក់កាលនៃអង្គសេចក្តី ទាំងមិនទាន់ដោះស្រាយបណ្ដឹងមុនអង្គសេចក្ដី ឱ្យរួចរាល់អស់ជាមុនសិន។
មន្ត្រីបក្សប្រឆាំង ធ្លាប់រិះគន់ថា ច្បាប់កម្ពុជា ត្រូវបានអ្នកច្បាប់ ដែលមាននិន្នាការគាំទ្ររបបក្រុងភ្នំពេញ បកស្រាយឱ្យយឺតដូចកៅស៊ូ ដើម្បីចំណេញតែប្រយោជន៍បក្សពួក និងក្រុមរបស់ខ្លួន ដែលការធ្វើដូច្នេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងនីតិរដ្ឋនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។