មេធាវីរបស់អតីតតំណាងរបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៥ កុម្ភៈ បានដាក់បណ្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក លោក ស៊ឹង សែនករុណា ដោយទាមទារសំណងជំងឺចិត្តឱ្យគណបក្សកាន់អំណាច ចំនួន ២ពាន់លានរៀល ឬស្មើនឹងជិតកន្លះលានដុល្លារអាមេរិក។
ការដាក់ពាក្យបណ្ដឹងទៅតុលាការនេះ បន្ទាប់ពីលោក ហ៊ុន សែន កាលពីថ្ងៃទី៤ កុម្ភៈ បញ្ជាទៅក្រុមមេធាវីគណបក្ស ឱ្យសិក្សាផ្លូវច្បាប់ ប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក ចំពោះការអត្ថាធិប្បាយលើសំណុំរឿងបក្សកាន់អំណាចប្ដឹងលោក សុន ឆ័យ។
ពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានសារព័ត៌មានស្និទ្ធរបស់រដ្ឋាភិបាល Fresh News ចុះផ្សាយនៅថ្ងៃទី៥ កុម្ភៈ។
ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី៥ កុម្ភៈ របស់ក្រុមមេធាវី ដែលប្ដឹងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា គឺយោងទៅតាមអត្ថបទចុះផ្សាយរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី២ កុម្ភៈ។
ក្រុមមេធាវីរបស់បក្សកាន់អំណាចចោទថា ការថ្លែងរបស់លោក ស៊ឹង សែនករុណា ធ្វើឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា និងជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់រើសអើង ចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។
ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សំណូមពរដល់តុលាការឱ្យចោទប្រកាន់ និងផ្ដន្ទាទោសលើលោក ស៊ឹង សែនករុណា រួមទាំងទាមទារសងសំណងជំងឺចិត្តឱ្យ គណបក្សកាន់អំណាច ចំនួន ២.០០០.០០០.០០០ (ពីរពាន់លាន) រៀល។
បណ្ដឹងរបស់ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមប្ដឹងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ចំពោះការអត្ថាធិប្បាយលើសំណុំរឿងបក្សកាន់អំណាចប្ដឹងលោក សុន ឆ័យ នៅសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី២ កុម្ភៈ បានចុះផ្សាយដោយស្រង់ប្រសាសន៍ លោក ស៊ឹង សែនករុណា ទៅចុះផ្សាយថា វិវាទរបស់អ្នក នយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ គណបក្សប្រជាជនកម្ពុជាជាគណបក្សមួយមានធនធានថវិកាច្រើន គណបក្សនេះ គួរយោគយល់ដល់លោក សុន ឆ័យ គណបក្សកាន់អំណាច តែងតែ យកតុលាការមកធ្វើជារបាំង ក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន និងថា គណបក្សនយោបាយ ទាំងអស់គួរតែប្រើវិធីចាស់ទុំ ដើម្បីធ្វើការប្រកួតប្រជែងគ្នាគួរបញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូ សម្រាប់អ្នកនយោបាយជំនាន់ក្រោយជាដើម។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីលោក ស៊ឹង សែនករុណា បាននៅឡើយទេ នៅថ្ងៃទី៥ កុម្ភៈ ប៉ុន្តែនៅថ្ងៃនេះដែរ លោក ស៊ឹង សែនករុណា បានសរសេរ លើហ្វេសប៊ុករបស់លោក អះអាងថា បេសកកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍របស់លោក ក្នុងបំណងពង្រឹងការគោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌ សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ។
លោក ស៊ឹង សែនករុណា សរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ កុម្ភៈ ថា រាល់ការស្រង់សម្ដីរបស់លោក ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗ លើឈ្មោះបក្សនយោបាយណាមួយ នោះ វាមិនមែនជាចេតនា និងគោលបំណង របស់លោកនោះទេ ដូច្នេះលោកមិនទទួលស្គាល់ឡើយ។
លោកបញ្ជាក់ថា បេសកកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍របស់លោក ក្នុងបំណងពង្រឹងការគោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ ហើយក៏គ្មានចេតនាណាមួយ វាយប្រហារបក្សនយោបាយណាមួយឡើយ។
លោក ស៊ឹង សែនករុណា «សូមអរគុណច្រើននូវទឹកចិត្តផ្ញើសារសួរសុខទុក្ខនិងព្រួយបារម្ភពីខាងគ្រួសារបងប្អូន មិត្តភ័ក្ដិ បងប្អូនខាងសារព័ត៌មានបងប្អូនខាងអង្គការសង្គមស៊ីវិលជាដៃគូជាតិអន្តរជាតិ បងប្អូនមិត្តភ័ក្ដិទូតបរទេសមួយចំនួនចំពោះសុវត្ថិភាពរបស់ខ្ញុំ។ ខ្ញុំបាទមិនអីនោះទេ»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ ដែលទទួលព័ត៌មាននេះ។
លោកថា អ្នកធ្វើការនៅអង្គការសិទ្ធិមនុស្សមិនមានទ្រព្យអ្វីច្រើននោះទេ គឺធ្វើការដោយសន្ដានចិត្ត ដោយចង់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយរដ្ឋាភិបាល ទាក់ទងនឹងផ្នែកអភិវឌ្ឍន៍សិទ្ធិមនុស្ស។
លោក អំ សំអាត ថា ការផ្ដល់បទសម្ភាសន៍ទៅដល់សារព័ត៌មានរបស់លោក ស៊ឹង សែនករុណា កន្លងមក លោកសង្កេតឃើញ គឺក្នុងន័យស្ថាបនា កែលំអនៅបញ្ហាសិទ្ធិមនុស្ស សង្គម បរិស្ថាន ឬធនធានធម្មជាតិជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
