អ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា ក្រុមមេដឹកនាំនៅក្នុងតំបន់អាស៊ានមួយចំនួនដឹកនាំប្រទេសមានលក្ខណៈប្រហាក់ប្រហែលគ្នាបើទោះជាប្រទេសទាំងនោះប្រកាន់គោលការណ៍ប្រជាធិបតេយ្យក្ដីក៏ពួកគេ អនុវត្តការដឹកនាំតាមបែបផ្ដាច់ការផង និងប្រជាធិបតេយ្យផង។
តើប្រទេសណាខ្លះបានដឹកនាំតាមរបៀបបែបនេះ?
ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន មានគោលការណ៍អនុវត្តរបបប្រជាធិបតេយ្យ ក៏ប៉ុន្តែការដឹកនាំជាក់ស្ដែងរបស់ក្រុមមេដឹកនាំនៃប្រទេសទាំងនោះវិញមិនបានដើរតាមគន្លងប្រជាធិបតេយ្យពេញលេញនោះឡើយ។
ប្រទេសអាស៊ានទាំង១០ ប្រទេសខ្លះដែលមានគោលការណ៍អនុវត្តរបបប្រជាធិបតេយ្យពួកគេជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតនោះមានដូចជា ឥណ្ឌូណេស៊ី (Indonesia) ថៃ មីយ៉ាន់ម៉ា (Myanmar) ឬភូមា ហ្វីលីពីន (Philippine) ម៉ាឡេស៊ី (Malaysia) និងកម្ពុជាជាដើម។
ប្រទេសខ្លះទៀតប្រកាន់របបកុម្មុយនិស្តឬជ្រើសតាំងមេដឹកនាំតាមរយៈគណបក្សមានដូចជា វៀតណាម (Vietnam) ឡាវ (Lao) ព្រុយណេ (Brunei) និងសិង្ហបុរី (Singapore) ហើយក្រុមក្រុមប្រទេសទាំងនេះពុំបានអនុវត្តប្រជាធិបតេយ្យពេញលេញទេ។ ប្រទេសទាំងនេះមានដឹកនាំបីប្រភេទទី១ ការគ្រប់គ្រងតាមបែបគណបក្ស ទី២ ទម្រង់ផ្ដាច់ការបែបគ្រួសារនិយមនិងទី៣ ការគ្រប់គ្រងរដ្ឋតាមបែបយោធានិយម។
អ្នកឃ្លាំមើលមើលផ្នែកអភិវឌ្ឍន៍សង្គមលោក បណ្ឌិត សេង សារី មានប្រសាសន៍ថា ការគ្រប់គ្រងប្រទេសតាមបែបអាជ្ញានិយម ឬផ្ដាច់ការបែបគ្រួសារគឺកម្ពុជាដែលត្រកូលហ៊ុនបានក្ដោបក្ដាប់អំណាច និងទ្រព្យសម្បត្តិធនធានធម្មជាតិ។ ជាងនេះទៅទៀតការដឹកនាំបែបគ្រួសារនិយមនេះបានបំផ្លាញប្រព័ន្ធដឹកនាំរដ្ឋ ដោយពួកគេ និងបក្ខពួកអាចធ្វើអ្វីៗបានគ្រប់បែបយ៉ាង។
បណ្ឌិត សេង សារី៖ «អាជ្ញានិយមតាមបែបគ្រួសារទី១ ច្បាមគ្រប់គ្រងសេដ្ឋកិច្ចទី២ ចងជាសម្ព័ន្ធច្បាមយកយោធា និងតុលាការជាដើម។ បើយើងមើលពីកម្ពុជាវិញមិនត្រឹមតែជាគ្រួសារនិយមទេ គឺគេចងជាដន្លង និងគ្នាទៅជាគ្រួសារធំហើយច្បាមយកគ្រប់គ្រងកម្ពុជាទាំងមូលតែម្ដង»។
ជាគោលការណ៍ដែលចែងក្នុងច្បាប់កម្ពុជាត្រូវប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សក្រោយពីបានងើបចេញពីសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ថ្វីដ្បិតកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យបែបនេះក្ដី ក៏ការអនុវត្តជាក់ស្ដែងខុសពីរដ្ឋធម្មនុញ្ញ។អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាតួអង្គនយោបាយមួយរួបនៅក្នុងគណបក្សកាន់អំណាចដែលមានឥទ្ធិពលលើសលុបក្នុងការធ្វើអ្វីៗបានតាមអំពើចិត្តក្នុងទិសដៅសម្រេចផែនការក្ដោបក្ដាប់អំណាច។
លោកបានប្រើប្រាស់ប្រព័ន្ធតុលាការ និងយោធាជាឧបករណ៍សំខាន់ក្នុងការបង្ក្រាបដៃគូប្រកួត និងប្រជាពលរដ្ឋដែលមិនស្របតាមការដឹកនាំរបស់លោក។ ការដឹកនាំរបស់លោកប្រមាណ ៤០ឆ្នាំមកនេះ លោកបានប្រើអំណាចផ្ដាច់ការដើម្បីការពារអំណាចរបស់លោកឱ្យនៅគង់វង្ស។
ជាក់ស្ដែងលោក ហ៊ុន សែន កាលលោកនៅធ្វើជានាយករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា លោកមិនញញើតសម្លាប់បាតុករប្រឆាំងលោកនោះទេ ទោះជាត្រូវចំណាយមនុស្ស ១០០នាក់ ឬ២០០នាក់ក្ដី។ បន្ថែមពីនេះលោក សែនព្រមានអ្នកដែលជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ទាំងអស់ថា បើហ៊ានងើបមួយវាយមួយ។
លោក ហ៊ុន សែន៖ «ឥឡូវអ្នកឯងចង់បង្កើតរឿងហី?អ្នកឯងអាងនៅខាងក្រៅ?មើលពួកអ្នកនៅខាងក្នុងដែលពាក់ព័ន្ធ អ្នកឯងហ៊ានត្រូវជាប់គុក ងើបមួយវាយមួយ ងើបពីរវាយពីរ»។
លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ការដឹកនាំបែបគ្រួសារនិយមមិនងាយដួលរលំទេដោយសារតែការដឹកនាំបែបនេះគេបានបែងចែកអំណាចនិងផលប្រយោជន៍ដល់បក្ខពួករបស់ខ្លួនដូចដែលលោក ហ៊ុន សែន និងត្រកូលហ៊ុនកំពុងធ្វើសព្វថ្ងៃនេះ។ ក្រៅពីនេះ ទោះជាត្រូវសម្លាប់ក៏គេហ៊ានដែរ។
លោក សេង សារី៖ «នៅពេលដែលគ្មានមតិផ្ទុយ ឬគណបក្សប្រឆាំងហ្នឹងធ្វើឱ្យអ្នកនៅជុំវិញក្រុមគ្រួសារត្រកូលហ៊ុនហ្នឹងលែងខ្លាចរអែងច្បាប់ពួកគេអាចធ្វើដែលខ្លួនចង់ធ្វើចង់យកអ្វីៗក៏បានចង់ទៅលូកដឹកនាំកិច្ចការរដ្ឋក៏បាន។ ទី២គឺបំផ្លាញប្រព័ន្ធដឹកនាំរដ្ឋទាំងមូលដែលចងភ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
ក្រៅពីកម្ពុជានៅមានប្រទេសមួយចំនួនទៀតនៅអាស៊ានដែលប្រកាន់គោលការណ៍របបប្រជាធិបតេយ្យដែរតែការអនុវត្តជាក់ស្ដែងខុសពីប្រព័ន្ធប្រជាធិបតេយ្យ ដូចជាភូមា។ ចំណែកនៅប្រទេសថៃមានទាំងប្រជាធិបតេយ្យផង មានទាំងមេដឹកនាំផ្ដាច់ការផងជាពិសេសនៅអំឡុងពេលក្រុមយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត។ ប្រទេសជាប់ព្រំដែនកម្ពុជាភាគខាងលិចមួយនេះល្បីខាងក្រុមយោធាធ្វើរដ្ឋប្រហារញឹកញាប់ទម្លាក់រដ្ឋាភិបាលស៊ីវិល។ គិតចាប់តាំងពីឆ្នាំ១៩៣២មកប្រទេសថៃ មានរដ្ឋប្រហារយោធា៣២ដងក្នុងនោះ ១៣ដងបានជោគជ័យ។
រដ្ឋប្រហារជោគជ័យចុងក្រោយគេ គឺនៅឆ្នាំ ២០១៤ ដឹកនាំដោយមេទ័ពឧត្ដមសេនីយ៍ លោក ប្រាយុទ្ធ ចាន់អូឆា (Prayuth Chan-ocha ) ទម្លាក់នាយករដ្ឋមន្ត្រីជាប់ឆ្នោតអ្នកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា (Yingluck Shinawatra)។
នៅប្រទេសភូមាវិញ ក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុង សានសូជី (Aung Sann Sukyi) កាលពីឆ្នាំ២០២១។ គិតចាប់ពីឆ្នាំ១៩៤៨មកក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលចំនួន២លើក ដោយលើកទី១ នៅឆ្នាំ១៩៦២ និងលើកទី២ នៅខែកុម្ភៈឆ្នាំ២០២១។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី មានប្រសាសន៍ថា ប្រទេសនៅក្នុងតំបន់អាស៊ាន ដែលអនុវត្តតាមប្រជាធិបតេយ្យ បានល្អជាងគេ មានឥណ្ឌូណេស៊ី (Indonesia) ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ ប្រទេសសិង្ហបុរីទើបមានមេដឹកនាំថ្មីគឺ លោក ឡារិន វង់ (Lawrence Wong) ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយគណបក្សសកម្មភាពប្រជាជន (People's Action Party) ដើម្បីឱ្យកាន់អំណាចបន្តពីត្រកូល លី សៀនឡុង (Lee Hsien Loong) ដែលបានដឹកនាំប្រទេស ២០ឆ្នាំ មកកន្លងមក។
លោក សេង វណ្ណលី៖ «ប៉ុន្តែមើលកម្ពុជាវិញផ្ដល់ទំនាក់ទំនងខ្លាំងជាមួយចិនដែលធ្វើឱ្យអនាគតរបស់កម្ពុជាកាន់តែពិបាក បើសិនជាការប្រកួតប្រជែងភូមិសាស្ត្រនៅក្នុងតំបន់រវាងចិន និងអាមេរិកកាន់តែខ្លាំងឡើង។ បើសិនជាចិនមានកំណើនសេដ្ឋកិច្ចខ្លាំងមិនអីទេ តែបើសេដ្ឋកិច្ចចិនធ្លាក់ចុះវិញធ្វើឱ្យកម្ពុជាប៉ះពាល់ធ្ងន់»។
ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសនៅក្នុងតំបន់ដែលដឹកនាំតាមបែបអាជ្ញានិយមផ្ដាច់ការ ដូចជាកម្ពុជានិងភូមា ជាដើមនេះដោយសារតែចិនមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់អាស៊ាន ពិសេសមកលើកម្ពុជា។ រីឯថៃវិញមិនទោរទន់ទៅចិនទាំងស្រុងឡើយ។ ប្រទេសថៃជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាយូរមកហើយ និងចាប់យកអាមេរិកជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ដែរ។ ទោះជាក្រុមយោធាថៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលញឹកញាប់ក្ដី ក៏ក្រុមយោធាងាកមករៀបចំការបោះឆ្នោតវិញ។ ក្រុមយោធាបានប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញក្រោយពីចាញ់ការបោះឆ្នោត។
រីឯវៀតណាមវិញដ្បិតតែប្រកាន់របបកុម្មុយនិស្ត ក៏វៀតណាមចាប់យកអាមេរិកជាសម្ព័ន្ធមិត្តពាណិជ្ជកម្មដែរ។ ម្យ៉ាងទៀត បើទោះជាប្រកាន់លទ្ធិកុម្មុយនិស្តក្ដី វៀតណាមបានផ្លាស់ប្ដូរមេដឹកនាំជាច្រើននាក់ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ខុសពីកម្ពុជាដែលក្នុងរយៈពេលជិត ៤០មកនេះលោក ហ៊ុន សែន បន្តប្ដេជ្ញាកាន់ក្ដាប់អំណាចតពូជ ហើយបង្កើតបក្ខពួកគ្រួសារនិយមជាប្រព័ន្ធពីលើដល់ក្រោមធ្វើបាបអ្នកប្រជាធិបតេយ្យ ដោយមិនខ្វល់ពីការបំពានច្បាប់ជាតិ ដើម្បីតែការពារអំណាចរបស់ខ្លួនទៅមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។