មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ប្រកាសហៅព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីអាចត្រឡប់ចូលកម្ពុជាវិញដោយលោកធានាមិនឱ្យមានការចាប់ខ្លួននោះទេ ប៉ុន្តែ ត្រូវឈប់និយាយប៉ះពាល់ព្រះមហាក្សត្រ និងរិះគន់របបក្រុងភ្នំពេញតទៅទៀត។ លោក លឺ ឡាយស្រេង អរគុណលោក ហ៊ុន សែន និងសន្យាឈប់និយាយរឿងរ៉ាវទាំងប៉ុន្មាន ដែលលោក ហ៊ុន សែន មិនចង់ឱ្យនិយាយ។ រីអ្នកវិភាគនយោបាយយល់ថា ទង្វើរបស់លោក ហ៊ុន សែន នេះ កាន់តែបង្ហាញថា លោកកំពុងធ្វើឱ្យប្រព័ន្ធច្បាប់នៅកម្ពុជាក្រឡាប់ចាក់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។
អតីតឧបនាយករដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់គណៈបក្ស ហ៊្វុនស៊ិនប៉ិច ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលនិរទេសខ្លួនទៅនៅក្រៅប្រទេសអស់រយៈពេលជាង ១ឆ្នាំ ដើម្បីរត់គេចពីការចាប់ខ្លួន បន្ទាប់ពីរបបក្រុងភ្នំពេញប្តឹងពីបទប្រមាថព្រះមហាក្សត្រ និងបរិហារកេរ្តិ៍លោក ហ៊ុន សែន កាលពីឆ្នាំ២០១៧ នោះ ឥឡូវនេះ លោកអាចវិលចូលស្រុកវិញពេលណាក៏បាន ក្រោយពីលោក ហ៊ុន សែន ប្រកាសឈប់ខឹង និងលើកលែងទោស។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅព្រឹកថ្ងៃទី១ខែមេសាលោក ហ៊ុន សែនបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គវង្សវឌ្ឍានាជួយសម្រួលផ្លូវច្បាប់ដើម្បីស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោសឱ្យលោក លឺ ឡាយស្រេង។ លោកបញ្ជាក់ថា លោក លឺ ឡាយស្រេង អាចចូលកម្ពុជាវិញថ្ងៃណាក៏បាន ជាពិសេស នៅមុនថ្ងៃសែន ឆេងម៉េង ហើយនឹងរកឱកាសពិសាបាយជុំគ្នាមួយពេលទៀតផង។
ទោះបីជាមានការប្រកាសលើកលែងទោសក្តីលោក ហ៊ុន សែនក៏មិនភ្លេចព្រមានលោកលឺឡាយស្រេងឱ្យឈប់និយាយប៉ះពាល់ដល់ព្រះមហាក្សត្រនិងរបបក្រុងភ្នំពេញប្រសិនបើមិនចង់មានរឿងម្ដងទៀត៖ «ឥឡូវខ្ញុំបក់ដៃហៅមក។ អ៊ីចឹងចូលមក អត់មានអាណាចាប់ទេ។ កុំចាប់តាហ្នឹងឱ្យតាហ្នឹងមកស្រុកមក។ មកចូលឆ្នាំមក។ តិចថា ហៅប៉ុណ្ណឹងហើយនៅចាំស្អីទៀត ហើយជេរបញ្ចោរស្អីទៀត។ តែជេរបញ្ចោររឿងទៀត។ តាឯងកុំខូចៗ។ ឥឡូវតាំងខ្លួនជាអព្យាក្រឹត្យហើយ បើអព្យាក្រឹត្យឱ្យច្បាស់ជាអព្យាក្រឹត្យ»។
ក្នុងឱកាសនោះលោក ហ៊ុន សែន ក៏បាននិយាយបរិហារកេរ្តិ៍លោក លឺ ឡាយស្រេង ជាច្រើនករណីទុកជាការលេងសើចផងដែរ ដូចជា រឿងមានស្រីក្មេងច្រើននាក់ជាដើម។ បន្ថែមពីលើនេះ លោក ហ៊ុន សែន អះអាងថា លោកបានតាមដានដឹងទាំងអស់ពីរឿងជីវិតឯកជនរបស់លោក លឺ ឡាយស្រេង នាពេលកន្លងមក។ លោក ហ៊ុន សែន យករឿងឯកជនទាំងអស់នេះមកនិយាយជាសាធារណៈដោយមិនខ្វល់ពីផ្លូវច្បាប់បែបនេះត្រូវបានអ្នកវិភាគមើលឃើញថា ហាក់ដូចចង់ដាក់សម្ពាធបន្ថែមទៀតលើលោក លឺ ឡាយស្រេង ដើម្បីដោះដូរកុំឱ្យលោកនិយាយអ្វីមិនល្អពីរបបក្រុងភ្នំពេញ៖ «ខ្ញុំមិនដឹងអីតាឯងជូនលុយឱ្យស្រីណាទិញផ្ទះ ទិញដីទីណាទីណាស្មានថាខ្ញុំមិនដឹងអី។ តាឯងចង់ឱ្យខ្ញុំបាញ់អ្វីដែលជាសំឡេងតាឯងនិយាយមករាល់ថ្ងៃនេះ ត្រឡប់ទៅឱ្យតាឯងស្ដាប់វិញ ឬអី ? ខ្ញុំឱ្យច្បាស់ថា តាឯងនៅបាងកក ហើយតាឯងទៅប្រជុំជាមួយអ្នកណា អីអ្នកណា ស្មានថា ហ៊ុន សែន មិនដឹងអីតាឯងនោះ»។
កាលពីពេលថ្មីៗ នេះលោក លឺ ឡាយស្រេង បានប្រកាសចង់វិលចូលទៅរស់នៅកម្ពុជាវិញដោយសារមានក្តីនឹករលឹកមាតុភូមិ និងកាន់តែចាស់ជរាខ្លាំង ប៉ុន្តែលោកមិនហ៊ានចូលដោយសារខ្លាចអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងប្រមាថព្រះមហាក្សត្រ។
បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាង ១ឆ្នាំ លោក លឺ ឡាយស្រេង មានប្រសាសន៍ថា លោករីករាយហួសពីការស្មានដោយទទួលបានការលើកលែងទោសនេះ។ លោកនឹងវិលត្រឡប់ទៅកម្ពុជាឆាប់ៗ ក្រោយពិនិត្យសុខភាពរួចរាល់ ហើយលោកក៏សន្យាថា នឹងឈប់និយាយប៉ះពាល់ដល់ព្រះមហាក្សត្រ លោក ហ៊ុន សែន និងរឿងសង្គមនយោបាយតាមការណែនាំរបស់លោក ហ៊ុន សែន ដែរ ព្រោះពេលនេះលោកមានវ័យចាស់ជរា និងបាននិយាយអ្វីដែលលោកចង់និយាយរួចអស់ទៅហើយ។ លោកបញ្ជាក់ថា រឿងអវិជ្ជមានទាំងប៉ុន្មាន ទុកឱ្យអ្នកនយោបាយដោះស្រាយខ្លួនឯងទៀតចុះ៖ «ខ្ញុំមិនដែលជេរលោកទេ ហើយប្រឆាំងក៏អត់ដែល គ្រាន់តែប្រាប់ផ្លូវនេះផ្លូវនេះ។ មិនអីទេធ្វើបានតើ! ខ្ញុំនឹងតាំងចិត្តថាឈប់និយាយហើយ ព្រោះអ្វីដែលខ្ញុំចង់និយាយ គឺនិយាយហើយអស់ហើយ ដូច្នេះទុកឱ្យខ្លួនគេដោះស្រាយខ្លួនគេចុះ»។
លោក លឺ ឡាយស្រេង ក៏មិនតបត ឬបកស្រាយចំពោះការចោទប្រកាន់ផ្សេងៗ របស់លោក ហ៊ុន សែន ដែរ។
កាលពីខែតុលា ឆ្នាំ២០១៧ លោក លឺ ឡាយស្រេង បានបង្ខំចិត្តភៀសខ្លួនចេញពីកម្ពុជាចូលប្រទេសថៃ បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឱ្យមេធាវីរបស់ខ្លួនរួម ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍានា និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គង់ សំអុល ព្រមទាំងគណបក្ស ហ៊្វុនស៊ិនប៉ិច ប្ដឹងលោកទៅតុលាការ ដោយចោទថា លោកប្រមាថព្រះមហាក្សត្រ និងបរិហារកេរ្តិ៍បក្សកាន់អំណាច និងគណបក្ស ហ៊្វុនស៊ិនប៉ិច។ ការប្ដឹងនេះបន្ទាប់ពីគណនី ហ្វេសប៊ុក ឈ្មោះ "សីហា" ដែលស្និទ្ធនឹងរបបលោក ហ៊ុន សែន បានលួចបញ្ចេញសារសន្ទនាតាមទូរស័ព្ទរបស់លោក លឺ ឡាយស្រេង ជាមួយអតីតមន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច ដូចគ្នា គឺអ្នកស្រី គី លម្អង។ សារសន្ទនាតាមទូរស័ព្ទនោះលោកលឺ ឡាយស្រេង និយាយថា ប្រសិនបើព្រះមហាក្សត្រទ្រង់មិនអាចអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនេះបានទេ ទ្រង់គួរដាក់រាជ្យវិញទៅ និងនិយាយថា លោក ហ៊ុន សែន បានផ្ដល់លុយឱ្យគណបក្ស ហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមកម្ទេចបក្សប្រឆាំងជាដើម។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសលោក លឺ ឡាយស្រេង កំបាំងមុខដោយបង្គាប់ឱ្យសងជំងឺចិត្តលោក ហ៊ុន សែន ចំនួន ៥០០លានរៀល (ប្រហែល ១២៥.០០០ដុល្លារអាមេរិក) និងពិន័យ ៨លានរៀល (ប្រហែល២.០០០ដុល្លារអាមេរិក) ចូលរដ្ឋ។
សមាជិកអ្នកវិភាគនយោបាយវ័យក្មេងលោក បុង ដែត បញ្ចេញមតិថា ការប្រកាសលើកលែងទោសជូនព្រឹទ្ធាចារ្យ លឺ ឡាយស្រេង នេះ អាចដោយសារលោក ហ៊ុន សែន យល់ថា វាចំណេញ ចំពោះគាត់ គឺលើកលែងទោស ដើម្បីដោះដូរនឹងការឈប់និយាយរិះគន់រដ្ឋាភិបាលបន្តទៀត៖ «គ្មានអ្នកណាគេចង់និយាយពីតុលាការទៀតទេ ព្រោះតុលាការនេះហួសថ្លែងទៅហើយ។ តុលាការនេះ គឺធ្វើតាមបបូរមាត់របស់ប្រធានគណបក្ស ប្រជាជនកម្ពុជា។ រកឯករាជ្យមិនឃើញទេ»។
លោក លឺ ឡាយស្រេង អះអាងថា ការប្ដឹងលោកពីបទប្រមាថព្រះមហាក្សត្រ គឺជារឿងអយុត្តិធម៌ ព្រោះលោកគ្រាន់តែស្នើសុំឱ្យព្រះអង្គដោះស្រាយជម្លោះនយោបាយឱ្យបានឆាប់ៗ ប៉ុណ្ណោះ ដើម្បីជាតិ និងប្រជារាស្ត្រ។ ជាមួយគ្នានោះអ្វី ដែលលោកនិយាយ គឺជាលក្ខណៈឯកជន ប៉ុន្តែត្រូវគេលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទ និងយកមកផ្សព្វផ្សាយជាសាធារណៈ ដូច្នេះអ្នកលួចស្ដាប់ការសន្ទនានោះទៅវិញទេ ដែលខុសច្បាប់៖ « លែងនិយាយលែងអីហើយ ព្រោះនិយាយទៅ វាខ្លាចរត់ ចោលស្រុកទៀត។ ប៉ះពាល់ព្រះកិត្តិនាមព្រះមហាក្សត្រ។ ម្ដងទៀត សូមខមាទោសសូមព្រះរាជទានទោសដល់ព្រះទូលបង្គំដែលធ្លាប់តែបម្រើព្រះអង្គតាំងពីព្រះរាជបីតារហូតមកដល់ព្រះអង្គសព្វថ្ងៃនេះ»។
មជ្ឈដ្ឋានទូទៅមើលឃើញថា អ្នកដែលប្រមាថព្រះមហាក្សត្រពិតប្រាកដ និងច្រើនលើក គឺលោក ហ៊ុន សែន ទៅវិញទេ។ កាលពីចុងខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន បាននិយាយប្រមាថព្រះមហាក្សត្រ នៅក្នុងសារសំឡេងបែកធ្លាយមួយ នៅពេលលោក ហ៊ុន សែន ប្រើអំណាចរបស់ខ្លួនលូកដៃអន្តរាគមន៍ជម្លោះផ្ទៃក្នុងក្រុមហ៊ុនទូរទស្សន៍ ស៊ី.អិន.ស៊ី (CNC) របស់លោក គិត ម៉េង ថា ទោះបីមានម៉ែឪស្ដេច ក៏លោកមិនខ្លាចដែរ។ កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋប្រសិន បើព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហមុនី មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ស្ដីពីព្រំដែនកម្ពុជាវៀតណាម។
ទោះបីជាយ៉ាងណាក៏ដោយចុះ ថ្វីត្បិតតែព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មានឱកាសត្រឡប់ទៅកម្ពុជាវិញក្តី លោកហាក់មិនទាន់មានភាពកក់ក្ដៅ ចំពោះការវិវត្តន៍នៃស្ថានភាពនយោបាយដំណាក់កាលចុងក្រោយនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
