ម៉ាឡេស៊ី​ធ្វើ​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ដើម្បី​បង្ការ​កុំ​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​និង​ពុករលួយ

0:00 / 0:00

ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​(ASEAN) ទោះបីជា​ចិន​កំពុងតែ​វាយលុក​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះ​ក្ដី ក៏​ប្រទេស​មួយ​ចំនួន​ហាក់​កំពុង​រំដោះខ្លួន​ចេញពី​ចិន ពិសេស​ចេញពី​ការដឹកនាំ​បែប​កុម្មុយនិស្ត ឬ​ផ្ដាច់ការ។

ប្រទេស​ម៉ាឡេស៊ី (Malaysia) ដែល​គេ​មើលឃើញ​ថា ជា​ប្រទេស​គំរូ​ទៅ​ក្នុង​តំបន់ ដែល​ដឹកនាំ​តាម​គន្លង​ប្រជាធិបតេយ្យ​នោះ ឥឡូវ​ប្រទេស​នេះ កំពុងតែ​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ ដើម្បី​ធ្វើ​វិសោធនកម្ម​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​មេដឹកនាំ​ផ្ដាច់ការ និង​អំពើពុករលួយ។

ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) កាល​ពី​ពេល​ថ្មីៗ​ នេះ គឺជា​បរិបទ​មួយ​ថ្មី​ទៀត ដែល​អ្នកឃ្លាំមើល​ស្ថានការណ៍​​នយោបាយ​លើកឡើង​ថា ម៉ាឡេស៊ី​កំពុងតែ​បោះជំហាន​ទៅមុខ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ។

លោក មហាធៀ មហាម៉ាត់ បាន​ដាក់​សេចក្ដី​ស្នើ​ច្បាប់ ដើម្បី​កំណត់​នាយករដ្ឋមន្ត្រី​មក​ត្រឹម​ពីរ​ណាត់ ដែល​ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល ​៥​ឆ្នាំ​។ ការ​ស្នើសុំ​នេះ គឺ​លោក​ចង់​បង្ហាញ​ទៅដល់​អ្នក​គាំទ្រ​​របស់​លោក​ថា លោក​បាន​ធ្វើ​នូវ​អ្វី​ដែល​លោក​បាន​សន្យា​នៅ​ក្នុង​ការឃោសនាបោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដែល​លោក​អះអាង​ថា បើ​លោក​ឈ្នះ​ឆ្នោត​គឺ​លោក​នឹង​កែប្រែ​រដ្ឋធម្មនុញ្ញ​ឱ្យ​នាយក​រដ្ឋមន្ត្រី​​ដឹក​នាំ​​ប្រទេស​​បាន​តែ​​ពីរ​​អាណត្តិ។

ការ​ប្រកាស​ប្ដេជ្ញា​ចិត្ត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​លោក មហាធៀ នៅ​ពេល​នោះ គឺជា​ការ​ទាក់ទាញ​មួយ​ពី​ពលរដ្ឋ​ម៉ាឡេស៊ី នៅ​ខណៈ​ពលរដ្ឋ​ម៉ាឡេស៊ី​កំពុងតែ​មិន​ពេញចិត្ត​និង​ទង្វើ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ណាជីព រ៉ាហ្សាក់ (Najib Razak) ដែល​ប្រព្រឹត្តិ​អំពើពុករលួយ បក្ខពួក​និយម នឹង​បើក​ឱ្យ​ឈ្នួ​ញ​ចិន​ច្រើន​លើសលប់​ចូល​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ ដែល​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​ក្រុម​អ្នកវិនិយោគ​ចិន មិន​ខុស​ពី​អ្វីដែល​ចិន​កំពុងតែ​វាយលុក​នៅ​កម្ពុជា​បច្ចុប្បន្ន​ឡើយ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នាយករដ្ឋមន្ត្រី​ថ្មី លោក មហាធៀ មហាំម៉ាត់ ក្រោយពី​ជាប់ឆ្នោត​នោះ លោក​បាន​ចាប់​អតីត​នាយករដ្ឋមន្ត្រី លោក ណាជីព រ៉ាហ្សាក់ និង​ភរិយា ដាក់​ពន្ធនាគារ ដែល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក ដែល​មេដឹកនាំ​ប្រព្រឹត្តិ​អំពើពុករលួយ​ត្រូវ​បាន​ផ្ដន្ទាទោស ពី​បទ​ប្រព្រឹត្តិ​អំពើពុករលួយ​តាមរយៈ​ការ​កិបកេង​ក្នុង​គម្រោង​មួយ ដែល​លោក ណាជីព រ៉ាហ្សាក់ បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៩ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឈ្មោះថា គម្រោង​អភិវឌ្ឍន៍​ម៉ាឡេស៊ី បារហាដ (1 Malaysia Development Berhad Scandal or 1MDB scandal) ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៤​ពាន់​​លាន​ដុល្លារ។

នៅ​ក្នុង​របប​ដឹកនាំ​ដោយ អតីត​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ នេះ គណៈកម្មការ​សភា​បាន​រកឃើញ​ថា ក្រុម​គ្រួសារ​របស់​លោក ពិសេស​ភរិយា​របស់​លោក​បាន​ប្រើប្រាស់​សម្ភារៈ​​ទំនើបៗ ​រួម​មាន គ្រឿង​អលង្ការ លុយ​សុទ្ធ កាបូប និង​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃៗ ស្រដៀង​គ្នា​នឹង ក្រុម​គ្រួសារ​មេដឹកនាំ​កម្ពុជា​សព្វ​នេះ​ដែរ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍ថា មេដឹកនាំ​ដែល​ដឹកនាំ​ប្រទេស​យូរ​គឺ​មាន​ឱកាស​ដើម្បី​បង្កើត​ក្រុម​បក្ខពួក និង​ប្រព្រឹត្តិ​អំពើពុករលួយ​។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ក៏​ជា​រនាំង​មួយ​សម្រាប់​ទប់ស្កាត់​មេដឹកនាំ​មិន​ឱ្យ​ហ៊ាន​បង្កើត​ក្រុម​បក្ខពួក និង​ប្រព្រឹត្តិ​អំពើពុករលួយ ពីព្រោះ​ថា បើសិនជា​មេដឹកនាំ​នោះ​ដឹង​ច្បាស់​ថា ការ​ដឹក​នាំ​​របស់​​ខ្លួន​​មិន​មាន​ពេល​យួរ​នោះ​ទេ​។ លោក​​ថា ការកំណត់ អាណត្តិ​នេះ ក៏​ជំរុញ​ឱ្យ​មេដឹកនាំ​ខំ​ប្រឹងប្រែង​ធ្វើការ​កសាង​ស្នាដៃ​របស់​ខ្លួន ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​ដែរ​៖ «ការ​កំណត់​ឱ្យ​មាន​អាណត្តិ​នេះ ជួយ​ទប់ស្កាត់​មេដឹកនាំ​ដឹកនាំ​ផ្ដាច់ការ ដឹកនាំ​មិន​ខ្វល់​ពី​ពលរដ្ឋ​របស់​ខ្លួន ហើយ​ដឹកនាំ​កាន់តែ​អាក្រក់​ទៅ»។

លោក​គល់ បញ្ញា​បន្ថែម​ថា ប្រទេស​មិន​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី គឺ​ធ្វើ​ឱ្យ​មេដឹកនាំ​ញៀន​និង​អំណាច មិន​ចង់​ចុះចេញ ហើយ​ការដឹកនាំ​យួរ​ៗ​ទៅ ក្លាយទៅជា​មេដឹកនាំ​ផ្ដាច់ការ ដែល​មិន​ចង់​ផ្ទេរ​អំណាច​ឱ្យ​អ្នក​ដទៃ​ទៀត ក៏ប៉ុន្តែ​មេដឹកនាំ​ទាំងនេះ ទោះជា​ក្រាញ​និង​អំណាច​យ៉ាងណាក៏ដោយ ក៏​ទីបំផុត​ទៅ​មេដឹកនាំ​ទាំងនោះ​នៅតែ​មិន​អាច​រក្សា​អំណាច​បាន​គង់វង្ស​ឡើយ ដូចជា អតីត​មេដឹកនាំ​ឥណ្ឌូនេស៊ី ស៊ូហាតូ អតីត​មេដឹកនាំ​ហ្វីលីពីន និង​មេដឹកនាំ​ផ្ដាច់ការ​ដទៃ​ទៀត លើ​ពិភពលោក នៅ​ទីបំផុត ត្រូវ​បាន​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច​ដដែល​៖ «ប្រទេស​ច្រើន​ណាស់ ដែល​ដឹកនាំ​ផ្ដាច់ការ​ហើយ​ចុងក្រោយ​ពលរដ្ឋ​បះបោរ​ផ្ដួល​រំលំ ដូចជា​ប្រទេស​សូដង់ អេហ្សីប ហ្សាំបាវេ ជាដើម ហើយ​ការ​ផ្ដួល​រលំ​នេះ ក្រុម​នៅ​ក្នុង​អំណាច​នេះ​ក៏​មិន​ពេញចិត្ត​និង​មេដឹកនាំ​ដែរ ចុង​បញ្ចប់​ក៏​រួមគ្នា​និង​ពលរដ្ឋ​ផ្ដួល​រលំ​មេដឹកនាំ​តែម្ដង»។

របប​ដឹកនាំ​នៃ​មេដឹកនាំ ដែល​ក្រាញ​អំណាច​យូរ​ឆ្នាំ ទាំង​លោក ម៉ាកូស អតីត​ប្រធានាធិបតី​ហ្វីលីពីន​ចំ​រយៈពេល ២១​ឆ្នាំ និង​លោក ស៊ូហាតូ អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រយៈពេល​ជាង ៣០​ឆ្នាំ​។​

​ការដឹកនាំ​របស់​លោក​សូហាតូ (Suharto Sukarno) មិន​ខុស​ពី ម៉ាកូស ដែរ ទោះបីជា​ប្រើ​អំណាច​ផ្ដាច់ការ និង​ប្រើ​កងកម្លាំង​យោធា ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​យ៉ាងណាក៏ដោយ ក៏ ដោយសារ​កម្លាំង​មហាជន​ពុះកញ្ជ្រោល​ចង់​ផ្លាស់ប្ដូរ ព្រោះតែ​រង​ការឈឺចាប់ អត់ទ្រាំ និង​ការគាបសង្កត់ និង​អំពើពុករលួយ​ជា​ប្រព័ន្ធ ក្រោម​ការដឹកនាំ​របស់ សូហាតូ មិន​បាន​នោះ ពលរដ្ឋ​ឥណ្ឌូនេស៊ី បាន​ធ្វើ​បដិវត្តន៍​ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ សូហាតូ​។ នៅ​ទីបំផុត លោក សូហា​តូ បាន​បង្ខំចិត្ត​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​១៩៩៨។

​ហ្វីលីពីន គិត​ចាប់ពី​ឆ្នាំ​១៩៨៣ ពលរដ្ឋ​ហ្វីលីពីន (Philippine) នាំគ្នា​ងើប​បះបោរ​តវ៉ា​ប្រឆាំង និង​ការដឹកនាំ​របស់ ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos)​។ នៅ​ពេល​នោះ ម៉ាកូស បាន​ប្រើ​កងកម្លាំង​ទ័ព និង​បញ្ជា​ឱ្យ​បង្ក្រាប​ទៅ​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ការដឹកនាំ​របស់ ម៉ាកូស នេះ គឺជា​របប​ដឹកនាំ​ផ្ដាច់ការ និង​គ្រួសារនិយម ខណៈ​ប្រទេស​នេះ មិន​មាន​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី។ តែ​ទោះជា​បែបនេះ​ក្ដី​មហាជន បាន​នាំគ្នា​ងើប​ប្រឆាំង ទម្លាក់​មេដឹកនាំ​រួប​នេះ​ទាល់តែ​បាន។

​សម្រាប់​នៅ​កម្ពុជា​វិញ នៅ​ស្រប​ពេល​កម្ពុជា​គ្មាន​ច្បាប់​កំណត់​នាយករដ្ឋមន្ត្រី​ផង​នោះ លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ប្រមាណ​៤០​ឆ្នាំ​មកនេះ បង្កើត​ឱ្យ​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ និង​បក្ខពួក​និយម និង​រឹតត្បិត​សិទ្ធិ​សេរីភាព​។ របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ឱ្យ​ដឹង​ថា កម្ពុជា​មាន​អំពើពុករលួយ​កម្រិត​ខ្ពស់​។ បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​តែង​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ មាន​ប្រសាសន៍​ថា បើសិនជា​របប​លោក ហ៊ុន សែន​នៅតែ​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់​ខ្លាំង​ថែមទៀត​នោះ ពលរដ្ឋ​កម្ពុជា​ក៏​នឹង​ងើប​បះបោរ​នៅ​ពេល​ខាងមុខ​ជាមិនខាន​៖ «លោក ហ៊ុន សែន ខ្លាច​ពលរដ្ឋ​ដឹង​ការពិត ការពិត​ថា លោក​ហ៊ុន សែន កំពុង​ដឹកនាំ​បំផ្លាញ​ប្រជាពលរដ្ឋ​ខ្លួនឯង ហើយ​នៅ​ពេល​នោះ ពលរដ្ឋ​នឹង​ងើប​បះបោរ​ប្រឆាំង​នឹង​លោក ហ៊ុន សែន»។

​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា ការ​បង្កើត​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​ ២​អាណត្តិ ឬ​ ១០​ឆ្នាំ គឺជា​ព្រំដែន​មួយ​ជួយ​ទប់ស្កាត់​មេដឹកនាំ​មិន​ឱ្យ​ប​ប្រព្រឹត្ត​អំពើ​អាក្រក់ និង​ជួយ​លំ​បំបាត់ ឬ​កាត់បន្ថយ​អំពើ​កិបកេង​ពុករលួយ។ សេចក្តី​ព្រាង​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​របស់​លោក មហាធៀ មហាម៉ាត់ នៃ​ប្រទេស​ម៉ាឡេស៊ី​នេះ អាច​នឹង​សភា​យក​មក​ប្រជុំ​ដើម្បី​អនុម័ត​នៅ​ខែ​មីនា​ឆ្នាំ​២០២០​ ខាងមុខ ដែល​ត្រូវការ​សំឡេង​គាំទ្រ​ពីរ​ភាគ​បី នៃ​សមាជិកសភា ២២២​នាក់ ដើម្បី​អាច​អនុម័ត​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។