នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​រំលឹក​លោក​ ហ៊ុន​ សែន​ ឲ្យ​ដោះស្រាយ​វិបត្តិនៅភូមា​តាម​កិច្ចព្រមព្រៀង​ ៥​ចំណុច​របស់​អាស៊ាន

0:00 / 0:00

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) ​ រំលឹក​ទៅ​លោក ហ៊ុន​ សែន​ ឲ្យ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឲ្យ​ល្អ​ និង​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ​​(Myanmar) តាម​កិច្ច​ព្រមព្រៀង​​ ៥ចំណុចរបស់​អាស៊ាន​។​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​​​លើកឡើង​បែប​នេះ​ ក្នុង​សន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ ដែលជាថ្ងៃចុងក្រោយនៃការ​បំពេញ​ទស្សនកិច្ចរបស់លោកនៅកម្ពុជា​។​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប ​(Ismail Sabri Yaakob) ថ្លែង​​ថា​ រដ្ឋាភិបាល​របស់​លោក​​​បន្ត​គាំទ្រ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ភូមា។ លោក​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ថា​ ​ លោក​​ចង់​ឃើញ​ភូមា​ត្រឡប់​ទៅ​ប្រក្រតីភាពឡើង​វិញ​ តាម​រយៈ​ការអនុវត្ត ​កិច្ច​ព្រមព្រៀង​​ ៥ចំណុច របស់​អាស៊ាន​​ ដែលជា​ទិសដៅ​ដើម្បី​ដោះស្រាយ​វិបត្តិនៅ​ភូមា «​ ខ្ញុំ​ជឿជាក់​ថា​ កម្ពុជា​​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ​​ជាមួយ​នឹង​​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ យើង​ចង់​ឃើញ​​ មីយ៉ាន់ម៉ា​ត្រឡប់​ទៅ​ប្រក្រតី​ភាព​វិញ​​​ យើង​ក៏​ចង់​ឃើញ​ មីយ៉ាន់ម៉ា​​ ​សម្រេច​បាន​នូវ​ការ​​អភិវឌ្ឍ​និង​វឌ្ឍនភាព​​ដើម្បី​​ប្រជាពលរដ្ឋ​ខ្លួន​ និង​​ដើម្បី​ប្រទេស​​ដែល​មាន​សន្តិភាព​ និង​វិបុល​ភាព​ កុងសង់ស៊ីស​ប្រាំ​ចំណុច​របស់​អាស៊ាន​ គឺ​មាន​សារៈសំខាន់​ណាស់ ​​ដែល​ជា​ទិសដៅ​​​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា​​ភាគី​ទាំង​អស់​ត្រូវ​ធ្វើ​ការ​រួម​»

នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី ដដែល​ក៏​បាន​លើកឡើង​អំពីបញ្ហា​រសើប​មួយ​ទៀត​របស់​អាស៊ាន (ASEAN) ​ដែរ​ គឺ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​។​ លោក​ថា​ សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​តែ​ជា​ច្រក​ដែល​មាន​សន្តិសុខ​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​គោរព​តាម​ច្បាប់​អន្តរជាតិ​។​

ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី (Malaysia) មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​រយៈពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃទី២៣ និង​ទី២៤ ខែកុម្ភៈ ​តាម​ការ​អញ្ជើញ​របស់​លោក​ ហ៊ុន សែន និង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្នាំ​​២០២២។

ក្នុង​សន្និសីទ​កាសែត​នោះ​ដែរ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​​មិន​បាន​លើកឡើង​ពី​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​មេ​​ដឹកនាំ​រដ្ឋប្រហារ​យោធាភូមា​លោក មីន អ៊ុងលាំង (Min Aung Hlaing) កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ​​ទេ​។​

លោក​ក៏​មិន​​បាន​បញ្ជាក់ជំហរ​ដាច់​ណាត់​របស់​លោក កាលពីមុន​​ ដែល​ថា​ អាស៊ាន​​ត្រូវ​មាន​តែ​ ១០​ប្រទេស​​នោះ​ដែរ​។ លោក​ ហ៊ុន​ សែន​ លើកឡើង​ពី​ការ​ជំរុញ​ការ​​អនុវត្ត​​​គោលការណ៍​ឯកភាព ​៥​ចំណុចរបស់​អាស៊ាន​ស្ដីពី​បញ្ហា​ភូមា​​ និង​បាន​អរគុណ​ម៉ាឡេស៊ី​ដែល​​គាំទ្រ​កម្ពុជា​​ជា​ប្រធាន​អាស៊ាន​​ឆ្នាំ​២០២២ « យើង​ទាំង​ពីរ​​ក៏​បាន​​ធ្វើ​ការ​ផ្លាស់ប្ដូរ​​ទស្សន​បញ្ហា​តំបន់​​និង​អន្តរ​ជាតិ​ ដែល​ជា​ផល​ប្រយោជន៍​និង​កង្វល់​រួម​ជាពិសេស​​ការ​ជំរុញ​អនុវត្ត​ការ​ព្រមព្រៀង​ជា​ឯក​ឆន្ទ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ ដើម្បី​ជួយ​រក​ដំណោះស្រាយ​បញ្ហា​​មីយ៉ាន់ម៉ា​»

ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន​ សែន ទៅ​ប្រទេស​ភូមា កាល​ពីខែមករា រង​ការ​រិះគន់ថា​ ជា​ការ​ទទួល​ស្គាល់​​ភាព​​ស្រប​ច្បាប់​របស់​មេដឹកនាំ​​រដ្ឋប្រហារ​​ លោក មីន អ៊ុងលាំង និង​ជា​ការប៉ុនប៉ង​របស់​លោក ហ៊ុន សែន ក្នុង​ការ​ទាញ​ក្រុម​មេដឹកនាំរដ្ឋ​ប្រហារ​ខុស​ច្បាប់​ភូមា ឱ្យ​ចូល​ក្នុង​វេទិកានានារបស់អាស៊ាន​។​ ​

រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាហ៍ ​(Saifuddin Abdullah) ​ដែល​អម​ដំណើរ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​មក​កាន់​កម្ពុជា​ក្នុងពេលនេះ ក៏​ធ្លាប់បាន​ចេញ​មុខ​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ ពេល​នោះ​ដែរ ថា​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត។ ​អ្នក​កាសែត​ក្នុងស្រុកបាន​ចោទ​សួរ​លោក​ ហ៊ុន​ សែន​ អំពីចំណុច​នេះដែរ​ ប៉ុន្តែ​ លោក​ ហ៊ុន​ សែន​ ​មិនបាន​ឆ្លើយ​តប​សំនួរ​នេះ​ទេ​។​

កង្វល់​​បែប​នេះ របស់​ក្រុម​ប្រទេស​សមាជិក​អាស៊ាន​ ខណៈ​ក្រុម​​យោធា​ភូមា ក្រោម​ការគ្រប់គ្រង​របស់​លោក មីន អ៊ុង​លាំង បាន​បន្ត​បង្ក្រាប​ដោយ​ហិង្សា និង​ក្នុង​ថ្លុកឈាម​លើ​ក្រុម​ពលរដ្ឋ​ភូមា​ ដែល​ទាមទារ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​របស់​ពួកគាត់​ដែល​ជា​ម្ចាស់​ឆ្នោត។

អ្នក​វិភាគ​នយោបាយ​ពី​ប្រទេស​ហ្វាំងឡង់ ​​(Finland) ​លោក គឹម សុខ​ យល់​ថា​ ប្រទេស​ម៉ាឡេស៊ី​ ដែល​ជា​​ប្រទេស​ស្ថាបនិក​អាស៊ាន​ មាន​ការ​បារម្ភ​អំពី​ទំនាក់ទំនង​អាស៊ាន​និង​សហរដ្ឋអាមេរិក​។​ លោក​បន្ត​ថា​ ប្រសិន​បើ​លោក​ ហ៊ុន សែន ​​បន្ត​ជំហរ​​ធ្វើ​ជា​បង​ប្អូន​ជាមួយមេ​​ដឹកនាំ​រដ្ឋប្រហារ​យោធា​លោក មីន អ៊ុងលាំង ទៀត​នោះនឹង​​អាច​ធ្វើ​ឲ្យអាក់ខាន​​ទៅ​ដល់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ ដែល​បញ្ហា​នេះ​អាច​ប៉ះពាល់​សន្តិសុខ​អាស៊ាន​ទាំង​មូល « ប្រសិន​បើ​លោក​ ហ៊ុន សែន​ មិន​ស្ដាប់​អាច​កិច្ចប្រជុំ​កំពូល​​រវាង​អាមេរិក​ អាស៊ាន​ បរាជ័យ​ បរាជ័យ​ដោយ​ការ​ពន្យារ​ ដោយ​មិន​មាន​ពេល​កំណត់​ ឬ​ផ្អាក​​ការ​ប្រជុំ​តែ​ម្ដង​ហើយ​នេះ​ជា​កំហុស​ដែល​បង្កើត​ឡើង​ដោយ​លោក​ ហ៊ុន សែន ផ្ទាល់​ ដែល​នៅតែ​រឹង​ត្បឹង​ មិន​ ព្រម​សម្របសម្រួល​ជាមួយ​ប្រទេស​អាស៊ាន​នានា​»

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​ជំនាញ​​កិច្ចការ​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា​ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ លោក​ ហ៊ុន​ សែន​ ព្យាយាម​ ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ តាម​យន្តការ​អាស៊ាន ​ព្រោះ​លោក​ ហ៊ុន​ សែន​ ខ្លាច​បាត់​ឱកាស​​​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ​ចូ បៃដិន (Joe Biden) ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-សហរដ្ឋអាមេរិក​។​

ចាប់តាំងពី​របប​យោធា​គ្រប់គ្រង​ប្រទេស​ភូមា​​​ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ភូមា​ជាង ១.៤០០នាក់ ក្នុង​នោះ​រួម​ទាំង​កុមារ​យ៉ាងហោចណាស់​ ១០០​នាក់​ផង​ដែរ​ ត្រូវ​បាន​គេ​សម្លាប់ ហើយ​មនុស្ស​ជាង ១​១ម៉ឺន​​នាក់​ទៀត (១១.៣០០) ត្រូវ​បាន​ចាប់ខ្លួន មួយ​ចំនួន​បាន​បាត់​រត់ចោល​ផ្ទះសម្បែង និង​មួយ​ចំនួន​ទៀត​ចាប់​កាន់​អាវុធ​ដើម្បី​តស៊ូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។