គណបក្ស​ភ្លើងទៀន​ផ្ញើ​សារ​​រំលែកទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន ​ទោះ​រង​​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់​អំណាច

ដោយ ទីន ហ្សាការីយ៉ា
2023.02.06
Share on WhatsApp
Share on WhatsApp
គណបក្ស​ភ្លើងទៀន​ផ្ញើ​សារ​​រំលែកទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន ​ទោះ​រង​​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់​អំណាច ​អ្នកស្រី ប៊ុន សុថា ប្អូនថ្លៃលោក ហ៊ុន សែន ស្លាប់កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក SPM

មន្ត្រី​គណបក្ស​ភ្លើងទៀន​បង្ហាញ​ពី​ការ​ផ្សះផ្សា​នយោបាយ និង​គោល​ជំហរ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​ចូលរួម​រំលែក​ទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ។ អ្នក​តាមដាន​ស្ថាន​ការណ៍​សង្គម យល់​ឃើញ​ថា​ ការ​បន្ទន់​ឥរិយាបថ​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​ ជា​រឿង​ល្អ​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នៅ​មុន​ពេល​បោះឆ្នោត។

ទោះបី​ជា​គណបក្ស​ភ្លើង​ទៀន​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​គំរាមកំហែង ប្ដឹង​រឹប​អូស​ផ្ទះសម្បែង ពី​មន្ត្រី​គណបក្ស​កាន់​អំណាច​យ៉ាង​ក៏​ដោយ​ ក៏មន្ត្រី​គណបក្ស​នេះ​នៅ​តែ​បង្ហាញ​ការ​សោកស្ដាយ ចំពោះ​មរណភាព​ប្អូន​ថ្លៃ​លោក​នាយក​រដ្ឋមន្ត្រី​ដែរ។

អ្នកនាំ​ពាក្យ​គណបក្ស​ភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ​ការ​ឈ្លោះ​ប្រកែក​ការ​គ្នា ការ​គំរាម​កំហែង​គ្នា​វា​មិន​ចំណេញ​នោះ​ទេ។ លោក​បញ្ជាក់​ថា ​មាន​សាមគ្គី​ជាតិ​គ្នា​ប៉ុណ្ណោះ​ទើប​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន ហើយ​លោក​ចូលរួម​រំលែកទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី។

ក្រោយ​ពី​ប្អូន​ថ្លៃ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​មរណភាព​មួយ​ថ្ងៃ គណបក្ស​ភ្លើងទៀន បាន​ចេញ​លិខិត​ចូលរួម​រំលែកទុក្ខ​នៅថ្ងៃទី៤ ខែកុម្ភៈ។ លិខិត​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​នេះ​មាន លោក ទាវ វណ្ណុល លោក ចាន់ ចេង លោក ចេប គឹមអ៊ាង អ្នកស្រី ឡាយ បូនី និង អ្នកស្រី ពត ពៅ ដើម្បី​ចូល​រួម​រំលែកទុក្ខ ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ឆ្លើយ​តប​រឿង​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ចូល​រួម​រំលែក​ទុក្ខ​របស់​គណបក្ស​ភ្លើងទៀន​ គឺជា​រឿង​សុជីវធម៌ និង​សីលធម៌ ដែល​មនុស្ស​នៅ​ក្នុង​សង្គម​តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បន្ត​ថា ​ការ​ចូល​រួម​នេះ​មិន​ពាក់ព័ន្ធ​រឿង​នឹង​នយោបាយ​ទេ គឺ​ជា​បុគ្គល។ ចំណែក​រឿង​នយោបាយ លោកអះអាង​ថា ​ត្រូវ​អនុវត្តន៍​ផ្សេង​​​​​​​​​​​​​​គ្នា៖

«លើក​ឡើង​ពី​បញ្ហា​ថា ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​ប្រជាជន ​គឺ​មិន​មាន​ទេ​ករណី​ហ្នឹង ​ពីព្រោះ​អឺ​ឥស្សរជន​នៅ​ក្នុង​គណបក្ស​ភ្លើងទៀន​គាត់​ប្រព្រឹត្តល្មើស​ច្បាប់​ដោយ​ខ្លួន​ឯង​បាទ»

ទោះ​បី​ជា​យ៉ាង​ណា អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់​ឃើញ​ថា ​ការ​បន្ទន់​ឥរិយាបថ​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ដែល​ការ​ចូល​រួម​រំលែក​ទុក្ខ​ប្អូន​ថ្លៃ លោក ហ៊ុន សែន ជា​រឿង​ល្អ​ដើម្បី​បន្ធូរបន្ថយ​បរិយាកាស​នៅ​មុន​ពេល​បោះឆ្នោត។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រកប​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌៖

«ខ្ញុំ​គិត​ថា ​ប្រសិន​បើ​អឺ​គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រកាន់​ឥរិយាបថ​មួយ​ដែល​ថា ​មិន​អាច​ផ្សះផ្សា​ជាតិ​បង្រួបបង្រួម​ជាតិ​បាន​ ហើយ​នៅ​តែ​ចាត់​ទុក​គណបក្ស​ប្រឆាំង​ថា ​ជា​អ្នក​បង្ក​ចលាចល​នៅ​ក្នុង​សង្គម​នៅ​ពេល​នោះ ​គឺ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ២០២៣ ​គឺ​អន្តរជាតិ​ប្រាកដ​ជា​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ»

រីឯ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា​ វិញ ដែល​តែងតែ​ទៅ​ចូល​រួម​រំលែកទុក្ខ​គ្រួសារ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដូចជា​កន្លងមក លោក​ទៅ​ចូល​រួម​បុណ្យ សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន ទទួល​មរណភាព និងបង​ប្រុស​បង្កើតលោក ហ៊ុន ណេង​ នោះ លើក​នេះ​លោក កឹម សុខា មិន​បាន​ទៅ​ចូលរួម​រំលែកទុក្ខ​ដោយ​ផ្ទាល់​ឡើយ។ ប៉ុន្តែ​លោក កឹម សុខា បាន​ចាត់​តាំង​ភរិយា​របស់​លោក គឺអ្នកស្រី តែ ចន្ទមនោ ទៅ​ចូលរួម​រំលែកទុក្ខ ដល់​គេហដ្ឋាន​សព​លោកស្រី ប៊ុន សុថា ដែល​ទទួល​មរណភាព។ ប្អូនស្រីរបស់​អ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺ​អ្នកស្រី ប៊ុន សុថា អាយុ ៦៧ឆ្នាំបាន​ទទួល​មរណភាព ថ្ងៃទី៣ ខែកុម្ភៈ។

អ្នក​វិភាគ​មើល​ឃើញ​ថា អ្នក​នយោបាយ​នៅ​បក្ស​ផ្សេង​គ្នា ចូលរួម​រំលែកទុក្ខ​គ្នា​នេះ ជា​រឿង​ល្អ​មួយ​នៅ​ក្នុង​សង្គម ក៏ប៉ុន្តែ​ដោយ​ផ្អែក​លើ​ស្ថានភាព​នយោបាយ​ដូច​សព្វថ្ងៃ​នេះ គេ​មិន​រំពឹង​ថា ការ​ចូលរួម​រំលែកទុក្ខ​តាម​បែប​ប្រពៃណី​នេះ អ្នក​នយោបាយ​មិន​អាច​ឈាន​ទៅ​ផ្សះផ្សា​ជាតិ​បាន​ឡើយ។ កន្លង​មក​លោក កឹម សុខា ក៏​ធ្លាប់​ជួប​លោក ហ៊ុន សែន នា​ឱកាស​ពិធី​បុណ្យ​សព​ម្ដាយក្មេក​និង​បង​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​រយៈ​ពេល​ជា​ច្រើន​ម៉ោង តែ​មក​ទល់​ពេល​នេះ មិន​អាច​ផ្សះផ្សាជាតិ ឬ​ស្ដារ​ស្ថានភាព​នយោបាយ​ឲ្យ​ល្អ​ឡើង​វិញ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។