អ្នកស្រី ម៉ែន សំអន បាន​ងារ​ជា «​សម្ដេច» ក្នុង​ពេល​លោក ហ៊ុន សែន កំពុង​ចែក​តួនាទី

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ទៀត គឺ​អ្នកស្រី ម៉ែន សំអន ទទួល​បាន​គោរមងារ​ជា «សម្ដេច» ហើយ​តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី៨ មេសា។

អ្នកស្រី​ជា​ស្ត្រី​ទី​ពីរ​ដែល​ទទួល​បាន​គោរមងារ​ជា «​សម្ដេច​» បន្ទាប់ពី​អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ បើ​គិត​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​មាន​ជីវិត​វិញ អ្នកស្រី ម៉ែន សំអន ជា​មនុស្ស​ទី៧ ហើយ ដែល​ទទួល​បាន​គោរមងារ​ដ៏​ខ្ពង់ខ្ពស់​មួយ​នេះ បន្ទាប់ពី​លោក ហ៊ុន សែន លោក ហេង សំរិន លោក គង់ សំអុល លោក ស ខេង លោក សាយ ឈុំ និង​លោក ទៀ បាញ់។

បើ​តាម​ព្រះរាជក្រឹត្យ ការ​ផ្ដល់​គោរមងារ «​សម្ដេច​» ដល់​អ្នកស្រី ម៉ែន សំអន នៅ​ពេល​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា អ្នកស្រី​ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ស្មោះត្រង់​នឹង​រាជបល្ល័ង្ក និង​មានគុណ​សម្បត្តិ​ជូន​ជាតិ។

អ្នកស្រី ម៉ែន សំអន មាន​អាយុ ៧០​ឆ្នាំ ជា​មន្ត្រីជាន់ខ្ពស់​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ ទាំង​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល។ អ្នកស្រី​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។

ការ​ផ្ដល់​គោរមងារ «​សម្ដេច​» ដល់​អ្នកស្រី ម៉ែន សំអន នេះ ធ្វើឡើង​ចំ​ពេល​លោក ហ៊ុន សែន កំពុង​បើក​យុទ្ធនាការ​ផ្ដល់​តួនាទី បុណ្យ​សក្ដិ និង​លាភសក្ការៈ​ដល់​មន្ត្រី និង​អ្នក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​លោក​សម្រេច​បាន​ជោគជ័យ​នូវ​ការ​លើក​បន្តុប​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ត្រកូល កាត់មុខ​កាត់​មាត់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ដទៃទៀត​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។