ពលករខ្មែរធ្វើការងារនៅប្រទេសថៃប្រមាណ ១០នាក់ ដែលអះអាងថា ពួកគេជាតំណាងឲ្យពលករជាង ១០ម៉ឺននាក់ នៅរសៀលថ្ងៃទី២៧ កក្កដា នាំញត្តិដាក់ទៅការិយាល័យអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក ស្នើសុំកុំឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា។ ពលករចាត់ទុកការបោះឆ្នោតនេះថា ជាការបោះឆ្នោតក្លែងក្លាយ ដើម្បីឲ្យលោក ហ៊ុន សែន និងបក្សពួកបានឡើងកាន់អំណាចទៅមុខទៀតប៉ុណ្ណោះ។
តំណាងពលករខ្មែរនៅប្រទេសថៃ លោក លី រតនៈរស្មី ឲ្យដឹងក្រោយចេញពីដាក់ញត្តិនៅរសៀលថ្ងៃទី២៧ កក្កដាថា នៅក្នុងញត្តិមានស្នាមមេដៃនិងហត្ថលេខារបស់ពលករជាង ១០ម៉ឺននាក់(១០០.០០០) ដើម្បីជំរុញឲ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា។
តំណាងពលកររូបនេះ អះអាងទៀតថា ការបោះឆ្នោតនេះ មិនមានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនោះទេ ដោយរបប លោក ហ៊ុន សែន រៀបចំការបោះឆ្នោតនេះឡើង ដើម្បីបង្គ្រប់កិច្ចឲ្យសហគមន៍អន្តរជាតិទទួល ស្គាល់ដើម្បីឲ្យលោកបានបន្តកាន់អំណាចទៅមុខទៀតប៉ុណ្ណោះ ហើយពួកគេជាពលករខ្មែរនៅក្រៅប្រទេសមិនចង់បានការបោះឆ្នោតក្លែងក្លាយបែបនេះទេ៖ «ហើយដៃគួរដែលគេដាក់ទាំង២០គណបក្សគឺជាគណបក្សដែលគេបង្កើតដើម្បីឲ្យចូលរួមប្រកួតសម្រាប់លំអបក្សកាន់អំណាច ដូច្នេះយើងខ្ញុំទាំងអស់គ្នា ការរៀបចំដោយមិនមានប្រជាធិបតេយ្យត្រឹមត្រូវនឹងយុត្តិធម៌បានជាពួកយើងទាំងអស់គ្នាត្រូវតែធ្វើការតស៊ូមតិ ដើម្បីបានមេដឹងនាំល្អ សម្រាប់ដឹកនាំកម្ពុជា » ។
លោក លី រតនៈ រស្មី បន្ថែមថាអង្គការសហប្រជាជាតិអនុញ្ញាតឲ្យពួកគាត់ចំនួន៣នាក់នាំញត្តិទៅដាក់ខាងក្នុងការិយាល័យ ហើយតំណាងអង្គការសហប្រជាជាតិចំនួន៤រូប បានចេញមកទទួលញត្តិពីពួកគាត់នៅរសៀលថ្ងៃដដែលនោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការដាក់ញត្តិនេះជារឿងធម្មតារបស់ក្រុមដែលប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្តែមិនបានជោគជ័យនោះទេ ព្រោះការបោះឆ្នោតនៅកម្ពុជាកំពុងតែដំណើរការទៅមុខដោយរលូន ហើយមានប្រជាពលរដ្ឋគាំទ្រគណបក្សរបស់លោកយ៉ាងច្រើនកុះករទៀតផង។ លោក សុខ ឥសាន អះអាងទៀតថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមិនមានអ្វីគួរឲ្យព្រួយបារម្ភដូចគណបក្សប្រឆាំងអះអាងកន្លងមកនោះទេ៖ «វាដូចទឹកបាក់ទំនប់អីចឹងមិនមែនបាក់ទំនប់វារីអគ្គិសនីនៅលាវទេ បាក់ទំនប់មនុស្សនៅភ្នំពេញ អីចឹងទេវា ខ្ញុំយល់ថាប្រជាធិបតេយ្យរីក ចំរើននេះវាជាកត្តាកំណត់អាស្រ័យមានការគាំទ្រពីប្រជាពលរដ្ឋ » ។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុង ហៃ ដែលជាអតីតទីប្រឹក្សាអនុប្រធានទី១ រដ្ឋសភា លោក កឹម សុខានោះ លើកឡើងថា ការបោះឆ្នោតនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋនោះទេ ដូច្នេះការដាក់ញាតិនេះអាចមានន័យថាជាសារៈសំខាន់ និងមានឥទ្ធិពលមួយកម្រិតដែរ ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីបញ្ជូនសារទៅឲ្យពិភពលោកបានដឹងពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ ព្រោះអ្នកមានសិទ្ធិបោះឆ្នោតរាប់លាននាក់ មិនមានសិទ្ធិសេរីភាពពេញលេញជាម្ចាស់អំណាចនោះទេ ដោយពួកគាត់ត្រូវទទួលរងការបង្ខិតបង្ខំពីរបបលោកហ៊ុន សែនឲ្យទៅបោះឆ្នោត៖ «ខ្ញុំថាបរិយាកាសក្នុងពេលធ្វើយុទ្ធនាការសុំសន្លឹកឆ្នោតពីប្រជាពលរដ្ឋនោះ ឃើញតែសកម្មជនគណបក្សហែអីចឹងទៅ ប៉ុន្តែនៅតាមផ្លូវអីគឺខុសពីពេលមុនៗ គឺប្រជាពលរដ្ឋហាក់សោះអង្គើយមិនចេញទៅឈរមើលទទួលឬអបអរសាទរ ឬទះដៃស្រែកហូរអីនោះទេ គឺប្រៀបដូចមានតែតួល្ខោនអីចឹងចេះតែលែងតែគ្មានអ្នកមើល » ។
ការដាក់ញត្តិរបស់ពលករខ្មែរនេះ ស្របពេលដែលថ្មីៗ នេះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអះអាងថា ពួកគេនឹងធ្វើ បាតុកម្មនៅតាមបណ្ដាប្រទេសរបស់ពួកគេរស់នៅផ្សេងៗគ្នា ប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយប្រទេសខ្លះនឹងធ្វើបាតុកម្មនៅថ្ងៃទី២៨ និងប្រទេសខ្លះទៀត ធ្វើនៅថ្ងៃទី២៩ ខែកក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។