មន្ត្រីសង្ឃខេត្តសៀមរាបបណ្ដេញព្រះសង្ឃមួយអង្គចេញពីវត្តដោយចោទព្រះអង្គថា គាំទ្រគណបក្សភ្លើងទៀន
2022.05.30
ព្រះចៅអធិការ ព្រះនាម ឡុក ឆាន វត្តប្រាសាទរង្ស៊ី ភូមិដំណាក់ស្លាញ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បានបណ្ដេញព្រះសង្ឃ ហេង គឹមឡាយ ចេញពីវត្តដោយចោទថា សង្ឃអង្គនេះបានឃោសនារកបច្ច័យមកគាំទ្រយុវជនគណបក្សភ្លើងទៀន។ មកដល់ពេលនេះព្រះសង្ឃ ហេង គឹមឡាយ បាននិមន្តទៅសុំវត្តដទៃទៀតគង់នៅ តែមិនមានព្រះចៅអធិការវត្តណាមួយទទួលឲ្យគង់នៅឡើយ ដោយសារវត្តទាំងនោះខ្លាចប៉ះពាល់ដល់គណបក្សកាន់អំណាច។
ព្រះសង្ឃ ហេង គឹមឡាយ បានចាកចេញពីវត្តប្រាសាទរង្ស៊ី អស់រយៈពេលពីរថ្ងៃហើយគិតមកត្រឹមពេលនេះ។ ព្រះអង្គនិមន្តដោយថ្មើរជើងស្វែងរកវត្តគង់នៅពីវត្តមួយទៅវត្តមួយ។ ដំបូងឡើយ វត្តខ្លះសន្យាថាឲ្យគង់នៅ ប៉ុន្តែក្រោយដឹងរឿងរ៉ាវថា ព្រះអង្គគាំទ្របក្សភ្លើងទៀន វត្តទាំងនោះមិនអនុញ្ញាត។ ព្រះសង្ឃ ហេង គឹមឡាយ តែងតែឈឺឆ្អាលរឿងសង្គម លះបង់ទាំងកម្លាំងកាយទាំងបច្ច័យ ដើម្បីចូលរួមធ្វើឲ្យមានការរីកចម្រើនដល់សង្គម និងជាតិ។ ព្រះអង្គមិននឹកស្មានថា ទង្វើរបស់ព្រះអង្គបែរជានាំគ្រោះដល់ខ្លួន ធ្វើឲ្យព្រះចៅអធិការក្នុងវត្តប្រកាន់បក្សពួក នាំឲ្យព្រះអង្គគ្មានទីសេនាសនៈគង់អាស្រ័យនៅដូច្នេះសោះ។
ព្រះសង្ឃ ហេង គឹមឡាយ ដែលត្រូវបានមន្ត្រីសង្ឃខេត្តសៀមរាប បណ្ដេញចេញពីវត្តប្រាសាទរង្ស៊ី មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែឧសភាថា មូលហេតុដែលគណៈកម្មការ និងព្រះចៅអធិការបណ្ដេញព្រះអង្គចេញមិនឲ្យគង់នៅវត្តនេះតទៅទៀត ដោយសារព្រះអង្គចេញមុខគាំទ្រគណបក្សភ្លើងទៀន។ ព្រះអង្គមានថេរដីកាបន្ថែមថា ក្នុងការបណ្ដេញចេញនេះ ព្រះចៅអធិការមានចំណែកតិចទេ ប៉ុន្តែអ្នកដែលមានចំណែកធំគឺ ក្រុមគណៈកម្មការវត្តនោះតែម្ដង។ ព្រះអង្គបានសន្និដ្ឋានថា បុគ្គលដែលឃុបឃិតគ្នាបណ្ដេញព្រះអង្គនោះ អាចមាននិន្នាការទៅរកគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គមានថេរដីកាថា ក្នុងវត្តអារាមមិនគួរមានការបែងចែកក្រុមបែបនេះទេ បើគ្រាន់តែបញ្ចេញមតិរិះគន់ ឬគាំទ្រអ្នកណាក៏ដោយ ព្រោះនេះជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ក្នុងការចង់កែលម្អសង្គមឲ្យមានភាពថ្លៃថ្នូរប៉ុណ្ណោះ៖ «វាមិនដែលសុខៗ លេងមកដេញយើងចេញសុទ្ធៗ ដោយគ្មានខ្លាចអនុគណ មិនខ្លាចមេគណខេត្តអ៊ីចឹង។ អ៊ីចឹងបានអាត្មាម៉ៃ តាមអាត្មាគិត គំនិតគិតខ្លួនឯងណាញោម។ អាត្មាមិនទាន់បានចោទ អាត្មាគិតថា អារឿងនេះបែបគេគប់គិតគ្នា ភាសាយើងហៅឃុបឃិត ភាសានិយាយឲ្យពិតទៅវាគប់គិត តែបើភាសាខ្មែរយើងនិយាយសាមញ្ញថា ឃុបឃិតគ្នាទៅ បែបគេឃុបឃិតគ្នាទៅលាំងអាត្មាបណ្ដោយ ឲ្យជ្រះស្រឡះបណ្ដោយ។ បានជាអនុគណ បានជាមេគណគ្មានប្រតិកម្មអ៊ីចឹង។ ល្បីប៉ុណ្ណឹងហើយអនុគណអីអត់មានប្រតិកម្មជួយកូនចៅអ៊ីចឹង ពិបាកណាស់ណា៎អ៊ីចឹង។ អាត្មាកម្សត់ខ្លួនណាស់ដល់អ៊ីចឹង»។
ព្រះអង្គបានបញ្ជាក់ទៀតថា មានពុទ្ធបរិស័ទណែនាំឲ្យព្រះអង្គរត់ភៀសព្រះកាយទៅប្រទេសថៃ តែព្រះអង្គបដិសេធមិនទៅ ព្រោះព្រះអង្គពុំបានធ្វើអ្វីឲ្យខុសច្បាប់រដ្ឋ និងច្បាប់ធម៌វិន័យឡើយ។ ព្រះអង្គនៅតែទទូចឲ្យមន្ត្រីសង្ឃពិចារណាឲ្យបានដិតដល់មុននឹងបណ្ដេញភិក្ខុសាមណេរ អង្គណាមួយចេញពីវត្ត។
វិទ្យុអាស៊ីសេរីមិនអាចសូមការបំភ្លឺពីព្រះចៅអធិការ ឡុក ឆាន និងគណៈកម្មការវត្តប្រាសាទនាងស្រីបានទេមកទល់នឹងពេលនេះ។ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងអនុរដ្ឋលេខាធិការ អ្នកនាំពាក្យផ្នែកព្រះពុទ្ធសាសនា លោក សេង សុមុនី សុំការអធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣០ ខែឧសភា ដោយសារទូរស័ព្ទហៅចូលមិនមានអ្នកទទួល។
ចំណែកឯ នាយកទទួលបន្ទុកទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃដដែលថា ចំពោះករណីបណ្ដេញព្រះសង្ឃចេញពីវត្ត ដោយសារព្រះសង្ឃគាំទ្រគណបក្សណាមួយនោះ ជាទង្វើខុសច្បាប់ព្រោះថា ព្រះសង្ឃក៏ជាផ្នែកមួយនៅក្នុងសង្គមដែរ ហើយអាចមានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិ។ លោកអំពាវនាវដល់មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ជួយមើលសុខទុក្ខព្រះសង្ឃ ហេង គឹមឡាយ ឲ្យមានទីសេនាសនៈស្នាក់អាស្រ័យព្រោះការបញ្ចេញមតិរបស់ព្រះអង្គមិនមានអ្វីខុសនឹងច្បាប់ពុទ្ធសាសនាទេ៖ «ព្រះសង្ឃលោកមានសិទ្ធិនៅក្នុងការស្រឡាញ់ ឬក៏គាំទ្រទៅលើគណបក្សនយោបាយមួយណា ដោយក្នុងចិត្ត អាហ្នឹងគ្មានអ្នកណាហាមឃាត់បានទេ នៅក្នុងការស្រឡាញ់ ឬក៏ចូលចិត្តទៅលើគណបក្សនយោបាយមួយណាហ្នឹងណា៎។ បាទអាហ្នឹងគឺជាសិទ្ធិរបស់ព្រះអង្គ ហើយការគាំទ្រឬការស្រឡាញ់នេះ វាអត់មានអីដែលខុសច្បាប់ទេ ពីព្រោះជាសិទ្ធិរបស់ប្រជាពលរដ្ឋណា៎។អ៊ីចឹង បើគ្រាន់តែថាស្រឡាញ់ ឬក៏គាំទ្រដោយមិនមានបញ្ចេញសកម្មភាពណាមួយ ដើម្បីធ្វើនយោបាយទេ អាហ្នឹងវាអត់មានអីរឿងខុសច្បាប់របស់ព្រះសង្ឃទេ ព្រោះចូលក៏មិនខុសដែរ»។
ទាំងច្បាប់អាណាចក្រ និងច្បាប់ពុទ្ធចក្រ មិនបានហាមប្រាមមិនឲ្យព្រះសង្ឃចូលរួមធ្វើនយោបាយឡើយ។ ជាក់ស្តែងក្រុមព្រះសង្ឃអ្នកស្នេហាជាតិ បានដឹកនាំទាមទារនូវសិទ្ធិសេរីភាពក្នុងការប្រើប្រាស់អក្សរសាស្ត្រខ្មែរ កាលពីពីអាណានិគមបារាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។