អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​ចង់​ឃើញ​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ទាមទារ​យក​កោះ​គុត​ពី​ថៃ​មក​វិញ

ដោយ មាន ឫទ្ធិ
2024.11.05
អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​ចង់​ឃើញ​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ទាមទារ​យក​កោះ​គុត​ពី​ថៃ​មក​វិញ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត(ស្ដាំ) ជួបនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ តុលា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ទាមទារ​យក​កោះគុត (Koh Kut) និង​សមុទ្រ​ខ្មែរ​ដែល​ថៃ​អះអាង​ថា​ជា «តំបន់​ត្រួតស៊ីគ្នា» ពី​ថៃ​មក​វិញ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​រិះគន់​បញ្ហា​ព្រំដែន លោក អ៊ុំ សំអាន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ថា កម្ពុជា​ត្រូវ​ប្តឹង​ទៅ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ (Permanent Court of Arbitration 'PCA') នៅ​ទីក្រុង​ឡាអេ (The Hague) ដើម្បី​ទាមទារ​យក​កោះគុត សមុទ្រ និង​ដែន​សមុទ្រ​ខ្មែរ​​ដែល​ភាគី​ថៃ​អះអាង​ថា​ជា «តំបន់​ត្រួត​ស៊ីគ្នា» មកវិញ។ លោក​ផ្តល់​អំណះអំណាង​ថា ផ្អែក​តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ តំបន់​ដែល​ភាគី​ថៃ អះអាង​ថា «ត្រួត​ស៊ីគ្នា» ក្នុង​ឈូង​សមុទ្រ​ថៃ ចំនួន ២ម៉ឺន ៦ពាន់​គីឡូ​ម៉ែត្រ​ការ៉េ ហើយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​យក​ទៅ​ដាក់​ទុន​រកស៊ី​រួមគ្នា​លើ​ប្រេង​និង​ឧស្ម័ន​ជាមួយ​ថៃ និង​ដែន​សមុទ្រ​ខ្មែរ​ទំហំ ៤ពាន់​គីឡូម៉ែត្រ​ការ៉េ ដែល​ថៃ​កំពុង​កាន់កាប់​នោះ គឺ​ស្ថិត​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា ១០០%

លោក អ៊ុំ សំអាន លើក​ឡើង​យ៉ាង​ដូច្នេះ គឺ​ស្រប​ពេល​ដែល​បក្ស​ប្រឆាំង​ថៃ​អះអាង​ថា កោះគុត និង តំបន់​ដែល​អះអាង​ថា «ត្រួត​ស៊ីគ្នា» ជា​របស់​ថៃ។ កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) រាយការណ៍​កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ដោយ​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ លោក អានុទីន ឆាន់វិរៈគល់ (Anutin Charnvirakul) ថា «កោះគុត គឺ​ជា​របស់​កម្មសិទ្ធិ​ទាំងស្រុង​របស់​ប្រទេស​ថៃ​ដោយ​គ្មាន​មន្ទិល​សង្ស័យ​ឡើយ»។ រដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ​រូប​នេះ ថ្លែង​យ៉ាង​ដូច្នេះ ស្របពេល​ដែល​គណបក្ស​ប្រឆាំង​ថៃ គឺ​គណបក្ស ផាលាង ប្រាឆារ៉ាត់ (Palang Pracharath Party) និង​ក្រុម​អ្នក​សិក្សា​ថៃ កំពុង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​លុបចោល​កិច្ចព្រមព្រៀង ឬ MoU កាលពី​ឆ្នាំ២០០១ ស្តី​ពី​ការ​អភិវឌ្ឍ​រួមគ្នា​នៃ​ធនធាន​ប្រេង និង​ឧស្ម័ន​ជាមួយ​កម្ពុជា។ ការ​ទាមទារ​នេះ​ក៏​ដោយសារ​តែ​ពួកគេ ព្រួយ​បារម្ភ​ខ្លាច​កិច្ចព្រមព្រៀង​នេះ ធ្វើ​ឱ្យ​ថៃ​បាត់បង់​អធិបតេយ្យ​លើ​កោះគុត​មក​កម្ពុជា។ ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ​រូប​នេះ ថ្លែង​ទៅ​ក្រុម​ប្រឆាំង​ថៃ​វិញ​ថា កិច្ច​ព្រមព្រៀង ឬ MoU ឆ្នាំ២០០១ ជាមួយ​កម្ពុជា​នេះ ថៃ​មិន​អាច​លុបចោល​ជា​ឯកតោ​ភាគី​បាន​ទេ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ឡាំ ជា បាន​នៅឡើយ​ទេ កាលពី​យប់​ថ្ងៃទី៤ ខែ​វិច្ឆិកា។

លោក អ៊ុំ សំអាន ចោទ​ថា រដ្ឋាភិបាល​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យ​របស់​កម្ពុជា​លើ​កោះគុត និង​សមុទ្រ​ខ្មែរ​ទាំង​នេះ ដោយសារ​តែ​លោក ហ៊ុន សែន បាន​ចុះ​កិច្ចព្រមព្រៀងតំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ជាមួយ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។