គ.ជ.ប ​ប្រកាស​លទ្ធផល​ចាប់ឆ្នោត​លេខ​រៀង​​សម្រាប់​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត

0:00 / 0:00

លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃ​២៩ ខែ​កក្កដា​ខាងមុខ បាន​ចេញ​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​សម្តេច​ព្រះសង្ឃរាជ​ទាំង ២​គណៈ បាន​ចាប់ឆ្នោត​កំណត់​លេខ​រៀង​នៅ​ថ្ងៃទី២៩ ឧសភា នេះ។ អ្នកវិភាគ​នយោបាយ និង​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត យល់ឃើញ​ស្របគ្នា​ថា ការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ​នេះ គ្រាន់តែ​ជា​ការ​អនុវត្ត​នីតិវិធី​របស់​គ.ជ.ប ប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​អវត្តមាន​បក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​អ្នកបោះឆ្នោត​ជាច្រើន ដែល​ធ្លាប់​គាំទ្រ​បក្ស មួយ​នេះ។

គណបក្ស​ដែល​ទទួល​បាន​លេខ​រៀង​ទី១ នៅ​លើ​សន្លឹកឆ្នោត​នោះ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច ទទួល​បាន​លេខ​រៀង​ទី២០ គឺជា​លេខ​រៀង​ចុងក្រោយ​គេ​បង្អស់​នៃ​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត។ គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​របស់​ទ្រង់ រណឫទ្ធិ ទទួល​បាន​លេខ​រៀង​ទី១៣ នៅ​លើ​សន្លឹកឆ្នោត។ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ទទួលបា​ន​លេខ​រៀង​ទី៦ ចំណែក​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹម វាសនា ដែល​ជា​អ្នកនយោបាយ​និយាយ​ឥត​សំចៃ​មាត់​វិញ ទទួល​បាន​លេខ​រៀង​ទី១០។ ដោយឡែក បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក យេង វីរៈ និង​ក្រុម​បញ្ញវ័ន្ត​មួយ​ចំនួន​ទៀត​នោះ ទទួល​បាន​លេខ​រៀង​ទី​៧ ដែល​ជា​លេខ​រៀង​ចាស់​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​អំឡុង​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ កន្លង​ទៅ ខណៈ​បក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នោះ គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​របស់​គ.ជ.ប ឡើយ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ សរសេរ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លេខ​រៀង​ទី​២០ គឺជា​លេខ​រៀង​ល្អ​សម្រាប់​គណបក្ស​របស់​លោក ព្រោះ​ពលរដ្ឋ​ងាយស្រួល​ចាំ ហើយ​បុរស​ខ្លាំង​រូប​នេះ​ជឿជាក់​ថា ពលរដ្ឋ​នឹង​បន្ត​បោះឆ្នោត​ឱ្យ​បក្ស​លោក​តទៅទៀត។ ចំណែក លោក សាម អ៊ីន ដែល​ជា​អគ្គលេខាធិការ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ទទួល​បាន​លេខ ៧ នោះ សរសេរ​ថា ស្មារតី​លេខ​៧ រស់​ឡើងវិញ ដែល​ទំនងជា​លោក​ចង់​សំដៅ​ថា បក្ស​របស់​លោក​នឹង​ដើរតួ​ជំនួស​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រំលាយ​ចោល​នោះ។

ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក ថ្លែង​ថា លំដាប់​លេខ​រៀង​នេះ នឹង​ជួយ​ឱ្យ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ងាយស្រួល​ក្នុង​ការ​ឃោសនា​រក​សំឡេងឆ្នោត និង​ជួយ​ឱ្យ​អ្នកបោះឆ្នោត​សម្គាល់​បាន​នូវ​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​លោក​មិនបាន​និយាយ​ដល់​អវត្តមាន​បក្ស​សង្គ្រោះជាតិ​ដែល​ពលរដ្ឋ​ធ្លាប់​បោះឆ្នោត​គាំទ្រ​ជិត ៣​លាន​នាក់ នោះ​ទេ៖ «ការ​​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នីមួយៗ​លើ​សន្លឹក​ឆ្នោត នឹង​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​ក្នុង​ការ​ឃោសនា​បោះឆ្នោត ការ​បោះឆ្នោត និង​ជួយ​ឱ្យ​អ្នក​បោះឆ្នោត​អាច​ស្គាល់​បាន​ដោយ​ងាយ​ស្រួល​នូវ​គណបក្ស​នយោបាយ​ដែល​គាត់​ស្រឡាញ់​ពេញ​ចិត្ត»។

អ្នកជំ​នាញ​កិច្ចការ​បោះឆ្នោត លោក យឿង សុធា​រ៉ា ថ្លែង​ថា ការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ​នេះ គឺជា​ការអនុវត្ត​នីតិវិធី​របស់​គ.ជ.ប ប៉ុន្តែ​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ គឺ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​ធ្លាប់​គាំទ្រ​បក្ស​សង្គ្រោះជាតិ ត្រូវ​បាត់បង់​ជម្រើស​ដែល​ខ្លួន​ពេញចិត្ត។ លោក​បន្ត​ថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​អាណត្តិ​នេះ អាច​នឹង​តិច​ជាង​មុន ព្រោះ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ខ្លះ​អាច​នឹង​មិន​ទៅ​បោះឆ្នោត ដោយសារ​អាក់អន់ស្រពន់ចិត្ត នៅ​ពេល​ឃើញ​គណបក្ស​ដែល​ពួកគាត់​ធ្លាប់​គាំទ្រ​មិនបាន​ចូលរួម​ប្រកួតប្រជែង។ លោក​យល់ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុ​ជា​មាន​ភាគរយ​ខ្ពស់​ជាងគេ​ក្នុង​ការ​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​នេះ ព្រោះ​គណបក្ស​ដទៃ​មិន​មាន​កម្លាំង​គ្រប់គ្រាន់ ឬ​សំឡេង​គាំទ្រ​ប្រហាក់ប្រហែល​គ្នា​នឹង​បក្ស​កាន់អំណាច​ឡើយ៖ «គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច ប្រាកដ​ហើយ​គាត់​នឹង​ប្រមូល​បាន​សំឡេង​គាំ​ទ្រ​ច្រើន​ដាច់​លើសលប់​តែម្តង​ដោយសារ​តែ​គណបក្ស​ ១៩ ផ្សេង​ទៀត បើ​ធៀប​នឹង​គណបក្ស​កាន់​អំណាច និយាយ​ពី​គីឡូ គឺ​ពួក​គាត់​ស្រាល​ខ្លាំង​មែន​ទែន​ មិន​អាច​ទៅ​ជា​ដៃ​គូ​សក្ដិសម​ជាមួយ​បក្ស​កាន់​អំណាច​ទេ។ តែ​យ៉ាង​ណា វា​ជា​សិទ្ធិ​ចូល​រួម​របស់​ពួក​គាត់។ ពួក​គាត់​សម្រេច​ថា ចូល​រួម ប្រហែល​ជា​គាត់​មាន​អ្វី​ដែល​ល្អ​សម្រាប់​​​អ្នក​បោះឆ្នោត​​ គោល​នយោបាយ​ល្អ​សម្រាប់​ជា​ជម្រើស​ដល់​អ្នក​បោះឆ្នោត»។

ចំណែក​អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ យល់​ឃើញ​ថា ការ​ចាប់​ឆ្នោត​បាន​លេខ​រៀង​ណាមួយ​នោះ គឺជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ។ លោក​សង្កត់ធ្ងន់​ថា អ្វី​ដែល​សំខាន់​នោះ គឺ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​ទេ ព្រោះ​មានតែ​បក្ស​នេះ​ប៉ុណ្ណោះ​ទើប​ជា​ដៃគូ​ប្រកួត​ប្រជែង​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​បាន។ លោក​បន្ត​ថា ចំពោះ​គណបក្ស​ចំនួន​១៩ ផ្សេងទៀត គ្មាន​សង្ឃឹមថា អាច​តទល់​ឈ្នះ​បក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ ហើយ​បើ​ទោះ​ជា ១៩ គុណ​នឹង ២ ដង​ទៀត ក៏​មិន​អាច​ផ្តួល​បក្ស​កាន់អំណាច​បាន​ដែរ ដោយសារ​ពួកគេ​ជា​បក្ស​ទើប​បង្កើត​ថ្មី ឬ​ជា​បក្ស​ដែល​ពលរដ្ឋ​លែង​គាំទ្រ​រួច​ទៅ​ហើយ៖ «ប្រជា​ពលរដ្ឋ​ខ្លះ​គាត់​យល់ថា គណបក្ស​ផ្សេង​ៗ​ហ្នឹង មាន​ទាំង​គណបក្ស​កូន​ជឹង​ផង និង​គណបក្ស​ដែល​គេ​ប្រាកដ​ប្រជា​ផង ប៉ុន្តែ​ជា​រួម​ទោះ​បី​ជា​យ៉ាង​ម៉េច​ក៏​ដោយ​ ខ្ញុំ​យល់​ថា វា​អាច​ជា​សេណារីយ៉ូ​មួយ​របស់​គណបក្ស​កាន់​អំណាច​ដែល​គាត់​ធ្វើ​ឡើង​ដើម្បី​បាន​កាន់​អំណាច​តទៅ​ទៀតតែ​ប៉ុណ្ណឹង​ឯង។ ទោះបីជា​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គាត់ ( បក្ស​ប្រជាជន​កម្ពុជា ) ​ តិច​ជាង​មុន​ ប៉ុន្តែ​ភាគរយ​ដែល​តិច​នោះ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ឈ្នះ​ដែរ បើ​យើង​ធៀប​​ជាមួយ​គណបក្ស​ផ្សេងៗ​នោះ​។ គណបក្ស​ផ្សេង​ គាត់​មាន​ឈ្មោះ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​យើង​ធៀប​នឹង​ភាគ​រយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គឺ​ពួក​គាត់​នៅ​តិច​ណាស់។ ទីមួយ គឺ​តិច​សមត្ថភាព ទីពីរ​គឺ​ លទ្ធភាព និង​ទីបី​គឺ ធនធាន​មនុស្ស»។

អ្នកវិភាគ​រូប​នេះ ប៉ាន់​ស្មានថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​អាណត្តិ​នេះ នឹង​ថយ​ចុះ​ជាង​មុន ដោយសារតែ​អវត្តមាន​បក្ស​សង្គ្រោះជាតិ​ដែល​ពលរដ្ឋ​ធ្លាប់​បោះឆ្នោត​គាំទ្រ​កាល​ពី​ពេល​កន្លងទៅ​។ លោក​បន្ត​ថា ដោយសារតែ​មើល​ឃើញ​ពី​ជ័យជំនះ​ក្រោយ​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​រួច​នោះ​ហើយ ទើប​ធ្វើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើងជា​ញឹកញាប់​ថា លោក​នឹង​បន្ត​ដឹកនាំ​ប្រទេស​តទៅទៀត។

កាលពី​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៤ ក្នុងចំណោម​គណបក្ស​ប្រកួតប្រជែង​ទាំងអស់​ចំនួន ៨ គណបក្ស។ គណបក្ស​នេះ​បាន​បន្ត​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល តែ​បាន​បាត់បង់​អាសនៈ​ចំនួន ២២ ទៅ​ខាង​បក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន ៥៥ អាសនៈ ដែល​ឈរ​នៅ​លេខ​រៀង​ទី​៧ នៅ​ពេល​នោះ។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នេះ គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៩ កក្កដា ខាងមុខ ហើយ​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​គ.ជ.ប មាន​ជាង ៨​លាន​នាក់ (៨,៣៨០,២១៧)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។