គ.ជ.ប​ទទួល​បាន​បណ្ដឹង​ជាង​១០០​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​១០​ថ្ងៃ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល ១០​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ គ.ជ.ប ទទួល​ពាក្យ​បណ្ដឹង​ពី​គណបក្ស​​នយោបាយ​ជាង ១០០​បណ្ដឹង។

0:00 / 0:00

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​កក្កដា គ.ជ.ប ទទួល​បាន​បណ្តឹង​ជាង ១០០​បណ្ដឹង នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា បណ្ដឹង​ទាំង​នោះ ភាគ​ច្រើន​ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា បណ្តឹង​ទាំង​នេះ​កើត​មាន​នៅ​រាជធានី ខេត្ត​ចំនួន ១៨ ក្នុង​ចំណោម ២៤​រាជធានី​ខេត្ត​ទូទាំង​ប្រទេស។

លោក ទេព នីថា បញ្ជាក់​ថា បណ្ដឹង​ជាង ១០០ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ពាក់ព័ន្ធ​ដោះស្រាយ ​បាន​ជាង​ពាក់​កណ្តាល​ហើយៗ ក្រៅ​ពី​នេះ​កំពុង​ដោះស្រាយ។

យ៉ាង​នេះ​ក្តី លោក ទេព នីថា អះអាង​ថា សភាពការណ៍​ឃោសនា​បោះ​ឆ្នោត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ដំណើរ​ការ​ទូទៅ​នៃ​យុទ្ធនា​ការ​ឃោសនា​នេះ ប្រព្រឹត្ត​ទៅ​ជា​ធម្មតា។ ប៉ុន្តែ​ទទួល​ស្គាល់​ថា មាន​ភាព​​អសកម្ម ឬ​ក៏​សកម្មភាព​អវិជ្ជមាន និង​អំពើ​ហិង្សា​តិចតួច​កើត​ឡើង ប៉ុន្តែ​មិន​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ឃោសនា​​​បោះ​ឆ្នោត​ទេ។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា យុទ្ធនាការ​ជាង ១០​ថ្ងៃ​មក​នេះ សកម្មភាព​ចុះ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន ពិសេស​នៅ​រាជធានី​ភ្នំពេញ ត្រូវ​​រំខាន​ដោយ​ក្បួន​ឃោសនា​របស់​គណបក្ស​កាន់​អំណាច។

បញ្ហា​នេះ លោក​​ស្នើ​ទៅ​ស្ថាប័ន គ.ជ.ប ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​រក្សា​ឯករាជភាព​របស់​ខ្លួន និង​ត្រូវ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​បក្ស​កាន់​អំណាច​ឲ្យ​ឈប់​តាម​រំខាន​សកម្មភាព​ឃោសនា​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ត​ទៅ​ទៀត។

កាល​ពី​ព្រលប់​ថ្ងៃ​សុក្រ ទី​៥ ខែ​កក្កដា មាន​ការ​ប៉ះ​ទង្គិច​គ្នា ដោយ​ពាក្យ​សម្ដី​ឈាន​ទៅ​ដល់​ការ​វាយ​តប់ និង​គប់​ដុំ​ថ្ម​ទៅ​លើ​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ និង​បាញ់​កាំភ្លើង​ឡើង​លើ​គំរាម​ទៅ​លើ​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន បណ្ដាល​ឲ្យ​យុវជន ៣​នាក់​រង​របួស។

ករណី​ប្រើ​ហិង្សា​នេះ នាំ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល និង​ស្ថានទូត​សហរដ្ឋអាមេរិក សម្ដែង​ក្ដី​បារម្ភ​ពី​បញ្ហា​សន្តិសុខ មុន​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ ចូល​មក​ដល់។

លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​​សេរី​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និចហ្វិក (NICFEC)។ លោក​ទទួល​ស្គាល់​ថា សកម្មភាព​រំខាន​ផ្ដើម​ដោយ​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​ក្នុង​ពេល​ឃោសនា​​បាន​បន្ត​កើត​មាន។

លោក​បន្ត​ថា ករណី​រំខាន​នេះ បើ​សមត្ថកិច្ច​ស្ថាប័ន​​​ពាក់ព័ន្ធ ឬ គ.ជ.ប មិន​ចាត់​វិធានការ​ទប់ស្កាត់​ទេ នឹង​អាច​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​នៅ​ពេល​អនាគត។

ចំណែក​លោក សន ម៉ាកគិនថូស (Sean McIntosh) មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​សំឡេង​អ្នក​បក​ប្រែ​ភាសា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា សហរដ្ឋ​អាមេរិក កំពុង​​​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជុំវិញ​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​រាល់​ថ្ងៃ​នេះ ហើយ​ថា លទ្ធផល​ដែល​អាច​ទទួល​យក​បាន​ទាល់តែ​ការ​បោះ​ឆ្នោត​នោះ​មាន​ដំណើរ​ការ​ល្អ មាន​លក្ខណៈ​សេរី យុត្តិធ៌ម ត្រឹមត្រូវ គ្មាន​អំពើ​ហិង្សា និង​ការ​គំរាម​កំហែង​ផ្សេងៗ​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​​គណបក្ស​មួយ​ទៀត។

កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រី​ឯ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា។

យ៉ាង​ណា​ក៏ដោយ ការ​បោះ​ឆ្នោត​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ស្នើ​ដល់​គ្រប់​គណបក្ស​នយោបាយ​ត្រូវ​ចូល​រួម​គោរព​បទបញ្ជា និង​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​កាត់​បន្ថយ​ជម្លោះ និង​​​​អំពើ​ហិង្សា​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។