គ.ជ.ប​ថា​ស្ថានភាព​ជំនន់​ទឹកភ្លៀង​មិន​ទាន់​គំរាមកំហែង​ដល់​ការិយាល័យ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) មាន​ផែនការ​ពីរ​សម្រាប់​ទប់ទល់​នឹង​ស្ថានភាព​ទឹកជំនន់ នៅ​ថ្ងៃ​បោះឆ្នោត។ ទោះ​យ៉ាងណា អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ​អាស៊ីសេរី​ដឹង​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង មិន​ទាន់​មាន​ការ​គំរាមកំហែង​ដល់​ការិយាល័យ​បោះឆ្នោត​នៅឡើយ​ទេ។ សង្គម​ស៊ីវិល ថា អាច​នឹង​មាន​ការ​ធ្លាក់​ចុះ​ចំនួន​អ្នកបោះឆ្នោត ប្រសិនបើ​មាន​ការិយាល័យ​បោះឆ្នោត​ណា​រង​ជំនន់​ទឹកភ្លៀង។

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៤ កក្កដា គ.ជ.ប មិន​ទាន់​មាន​គម្រោង​ជម្លៀស​ការិយាល័យ​បោះឆ្នោត​នៅឡើយ​ទេ ព្រោះ​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង​២​ម៉ឺន ការិយាល័យ​នៅ​ទូទាំង​ប្រទេស មិន​ទាន់​មាន​ស្ថានភាព​គំរាមកំហែង ពី​ជំនន់​ទឹកភ្លៀង​ទេ។ លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ផែ​ការ "​ក​" របស់​គ.ជ.ប គឺ​ជ្រើសរើស​ទីតាំង​ការិយាល័យ​ណា​ខ្ពស់ ដែល​ទឹក​មិន​លិច ហើយ​ប្រសិនបើ​មាន​ករណី​ទឹក​លិច គ.ជ.ប មាន​ផែនការ "​ខ​" គឺ រើ​ការិយាល័យ​បោះឆ្នោត​ទៅ​ទីតាំង​ថ្មី។ «»

គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​ក្នុង​របាយការណ៍​ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៩ កក្កដា បង្ហាញ​ថា ជំនន់​ទឹកភ្លៀង​នេះ បង្ក​ឡើង​ដោយ​ឥទ្ធិពល​ព្យុះ​ទី​៩ ឈ្មោះ សុន ទីញ កំពុង​រំកិល​ទៅ​ក្បែរ​ដីគោក​ក្រុង​ហាណូយ ស្រប​ពេល​ដែល​ព្យុះ​ទី​១០ កំពុង​វិវត្ដ​កើត​ឡើង ហើយ​ខេត្ត​ចំនួន​៧​របស់​កម្ពុជា​បាន​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង រួម​មាន ខេត្ត​កំពង់ស្ពឺ កោះកុង ប៉ៃលិន បាត់ដំបង កំពត កែប និង ខេត្ត​ព្រះសីហនុ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​វិញ ក៏​បាន​ជូនដំណឹង​ថា ទឹកទន្លេ​មេគង្គ​នៅ​ប៉ែក​ខាងលើ​របស់​កម្ពុជា នឹង​ហក់​ឡើង​ខ្ពស់ ហើយ​ទឹកនឹង​ហូរ​ចូល​តាម​ព្រែក និង​នៅ​តំបន់​ទំនាប​នានា ជាប់​នឹង​ដង​ទន្លេ​មេគង្គ ហើយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ដែល​ជា​ខេត្ត​ជាប់​ដង​ទន្លេ​មេគង្គ នឹង​អាច​រងគ្រោះ​ពី​ទឹកជំនន់​នេះ។

កាលពី​ថ្ងៃ​ទី១៩ កក្កដា លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា បើ​ទោះ​បី​ជា​កម្ពុជា កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​មួយ​ចំនួន​ក្តី ក៏​មិន​អាច​ពន្យារ​ពេល​បោះឆ្នោត​បាន​ទេ។ អ្នកនាំពាក្យ​គ.ជ.ប​រូប​នេះ បន្ត​ថា បើ​ទឹកជំនន់​ធ្វើ​ឲ្យ​លិច​ការិយាល័យ​រៀបចំ​ការបោះឆ្នោត គឺ​គ.ជ.ប នឹង​ផ្លាស់ប្ដូរ​ទីតាំង​បោះឆ្នោត​ថ្មី​ទៅកាន់​ទី​ទួល​ខ្ពស់ ធ្វើ​យ៉ាង​បង្ក​លក្ខណៈ​ងាយស្រួល​ពលរដ្ឋ​ទៅ​បោះឆ្នោត តែ​មិន​មាន​ការ​លើក​ថ្ងៃ​បោះឆ្នោត​ទេ។

ប្រធាន​អង្គការ​និចហ្វិច និង​ជា​អតីត​សមាជិក​ក្រុម​បន្ទប់​ស្ថានការណ៍​ឃ្លាំមើល​ការបោះឆ្នោត លោក សំ គន្ធាមី សង្កេត​ឃើញ​ថា ការបោះឆ្នោត​កន្លងមក មាន​ស្ថានភាព​ពលរដ្ឋ​រស់នៅ​តាម​ទំនាប​នៃ​មាត់ទន្លេ​មេគង្គ បាន​ប្រើប្រាស់​ទូក​សម្រាប់​ជិះ​ទៅ​បោះឆ្នោត។ ប៉ុន្តែ លោក សំ គន្ធាមី យល់ថា ប្រសិនបើ​ស្ថានភាព​ទឹកជំនន់ នៅ​ឆ្នាំនេះ នៅតែ​បន្ត​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ទៀត បើ​ទោះ​ជា​មាន​ការ​រើ​ការិយាល័យ​បោះឆ្នោត​មែន ពលរដ្ឋ​ខ្លះ អាច​មាន​ការ​ធុញទ្រាន់ លែង​ចង់​ទៅ​បោះឆ្នោត។ «»

នៅសល់​មិន​ដល់​មួយ​សប្ដាហ៍​ទៀត​ទេ គឺ​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខ គ.ជ.ប ដែល​រង​ការ​រិះគន់​ថា ជា​ឧបករណ៍​រៀបចំ​ការបោះឆ្នោត​បម្រើ​ឲ្យ​របប​ក្រុងភ្នំពេញ​បន្ត​កាន់អំណាច នឹង​រៀបចំ​ការបោះឆ្នោត​មួយ ប្រកបដោយ​ភាព​ចម្រូងចម្រាស។ ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ ហៅ​ការបោះឆ្នោត​នេះ ធ្វើ​ឡើង​ក្រោម​ស្លាក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក្លែងក្លាយ ដើម្បី​បង្គ្រប់​កិច្ច​ឲ្យ​របប​ក្រុងភ្នំពេញ អាច​បន្ត​កាន់អំណាច​បន្ត​ទៀត។

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ទៀត ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៦​នេះ គ.ជ.ប បាន​រៀបចំ​ការិយាល័យ​បោះឆ្នោត សរុប​ទាំងអស់ មាន​ចំនួន​២២.៩៦៧ ការិយាល័យ នៅ​ទូទាំង​ប្រទេស។ ចំណែក​សម្ភារៈ​បម្រើ​ឲ្យ​ការបោះឆ្នោត​នៅ​តាម​ការិយាល័យ​នីមួយៗ ត្រូវ​បាន គ.ជ.ប បញ្ជាក់​ថា ទៅដល់​គោលដៅ​ជាង​៩០​ភាគរយ​ហើយ។ លោក ហង្ស ពុទ្ធា ថា ការិយាល័យ​បោះឆ្នោត នឹង​បើកទ្វារ នៅ​មុន​ថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៨ កក្កដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។