ពលរដ្ឋ​ចំនួន​ជាង​២សែននាក់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​រយៈពេល១៨ថ្ងៃ​នៃ​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះនិងចុះឈ្មោះ​បោះ​ឆ្នោតសម្រាប់​ឆ្នាំ២០២១

0:00 / 0:00

ពលរដ្ឋ​ចំនួន​ជាង​២សែននាក់ បាន​ទៅចុះឈ្មោះបោះឆ្នោត​ក្នុង​រយៈពេល១៨​ថ្ងៃ ដែល គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បើក​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ និងចុះឈ្មោះ​បោះ​ឆ្នោត សម្រាប់​ឆ្នាំ២០២១។

របាយការណ៍​របស់ គ.ជ.ប ឱ្យដឹងថា គិត​ចាប់​ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែតុលា ពលរដ្ឋ​ចុះ​ឈ្មោះ​ថ្មី មាន​ចំនួន​ជាង ២សែន ៣ពាន់​នាក់ (២០៣.៧១៩នាក់)។ ចំណែក​អ្នក ដែល គ.ជ.ប នឹង​លុប​ឈ្មោះ​ចេញ​ពីបញ្ជី​បោះឆ្នោត​សរុប​ជាង ១សែន ៧ពាន់ នាក់ (១០៧.៤៣០នាក់)។

ទីប្រឹក្សា និងជាអគ្គលេខធិការរង គ.ជ.ប លោក សោម សូរីដា បញ្ជាក់​ថា​ ចំនួន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅមាន​​តិច​នៅ​ឡើយ។ លោក​ថា​ ហេតុផល​សំខាន់​គឺ​​កម្ពុជា​​កំពុង​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩៖ «បីកុំ​បីការពារ​នេះ​ គឺជា​ចំណុច​សំខាន់ នៅក្នុង​ការកាពារ​ជំងឺកូវីដ- ១៩ ហើយ​វាក៏ធ្វើ​ឱ្យ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​កំណើន​ពលរដ្ឋ​មកចុះ​ឈ្មោះ​បោះឆ្នោត​ផងដែរ។ ចំណុចមួយ​ទៀត​ទាក់ទង​នឹង​ពលរដ្ឋ​ចំណាកស្រុក​ក្រៅប្រទេស ដែល​ពួកគាត់​អាច​មិន​មាន​ពេល​មក​ចុះឈ្មោះ។ ចំណុច​ទី៣ ការពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​ស្ថិត​នៅ​ក្នុង​រដូវ​វស្សា​មាន​ភ្លៀងធ្លាក់​ច្រើន ហើយ​កន្លែង​ខ្លះ​ក៏​ទទួល​រង​នូវ​ទឹកជំនន់។ ការកត់​សម្គាល់​ទី៤​ គឺ​ការបោះឆ្នោត​ជា​សិទ្ធិ​របស់​ពលរដ្ឋ​តាម​មាត្រា​ ៣៤​ នៃ​រដ្ឋធម្មនុញ្ញ គឺជា​សិទ្ធិ​មិនត្រូវ​បាន​ដាក់​កំហិត​ទេ ពលរដ្ឋ​មានសិទ្ធិចូលរួម និងមិនចូលរួម»។

គ.ជ.ប បើក​ដំណើរការ​ការពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ២០២១ នៅ​ទូទាំង​ប្រទេស រយៈពេល ៥០ថ្ងៃ ដោយគ្រោង​បិទបញ្ចប់​នៅ​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា។ ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត អាច​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ សង្កាត់ ជា​រៀងរាល់​ថ្ងៃ រួមទាំង​ថ្ងៃ សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង។

គ.ជ.ប ប៉ាន់ស្មាន​ថា អ្នកចុះឈ្មោះ​បោះឆ្នោតថ្មី​សម្រាប់ឆ្នាំ២០២១ មានចំនួន​ជាង ១លាន៦សែន​នាក់ (១.៦៣៥.៩៩០)។

កម្ពុជា​ត្រៀមរៀបចំបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និង​ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣។ សហគមន៍ជាតិ​ និង​អន្តរជាតិ នៅតែបន្ត​ជំរុញ​ឱ្យ​កម្ពុជា​បើកលំហសិទិ្ធពលរដ្ឋ និងសិទ្ធិនយោបាយឡើងវិញ កែប្រែ​ច្បាប់នានា​ ពាក់ព័ន្ធនឹងការបោះឆ្នោត កែទម្រង់ និង​ធានាឯករាជ្យ​របស់​ស្ថាប័នជាតិ​រៀបចំ​ការបោះឆ្នោតនេះឱ្យបាន​នៅមុន​ការបោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។