មន្ត្រី​សង្គម​ស៊ីវិល​មិន​ទាន់​ជឿជាក់​លើ​ការ​អះអាង​របស់​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី

0:00 / 0:00

អភិបាលខេត្ត​ព្រះសីហនុ​ថ្មី ដែល​ទើប​ប្រកាស ចូលកាន់​តំណែង​ជា​ផ្លូវការ​ថ្មីៗ​នេះ គឺ​លោក គួច ចំរើន បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ដឹកនាំ​ខេត្ត​នេះ​ឱ្យ​បាន​ល្អ និង​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន​សព្វថ្ងៃ​ឱ្យ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​មហាជន​ទូទៅ និង​មន្ត្រី​សង្គម​ស៊ីវិល​មិនទាន់​ជឿជាក់​លើ​ការ​អះអាង​នេះ​នៅឡើយ​ទេ និង​ស្នើ​ឱ្យ​លោក​អភិបាលខេត្ត​ថ្មី ស្ដាប់​មតិ​រិះគន់ ជាជាង​ស្ដាប់​ការ​និយាយ​ភូតភរ និង​ព័ត៌មាន​ផ្សាយ​មិន​ពិត ដើម្បី​លើកជើង​របស់​មន្ត្រី​ថ្នាក់ក្រោម​មួយ​ចំនួន។

អភិបាលខេត្ត​ព្រះសីហនុ​ថ្មី គឺ​លោក គួច ចំរើន បាន​ប្រកាស​ដាក់​ចេញ​ផែនការ​១៣​ចំណុច ដើម្បី​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ឱ្យ​បាន​ល្អ​។ ផែនការ​ទាំងនោះ សំដៅ​លើ​ការ អនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់។

ថ្លែង​ក្នុង​ពេល​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា លោក គួច ចំរើន ក៏​ប្រកាស​ពង្រឹង​លើ​ការ​អនុវត្ត​ច្បាប់ ដោយ​គ្មាន​ការលើកលែង​។ លោក​ក៏​អះអាង​ដែរ​ថា នឹង​ពង្រឹង​គ្រប់គ្រង​ស្ថិតិ​ពលរដ្ឋ ស្ថិតិ​ជនអន្តោប្រវេសន៍ និង​កម្មករ​ចំណាកស្រុក​ឱ្យ​បាន​ច្បាស់លាស់​។ លោក គួច ចំរើន ដែល​ត្រូវ​របប​លោក ហ៊ុន សែន ផ្ទេរ​ការងារ​ពី​អភិបាល​ខេត្ត​កំពង់ចាម​មក​ខេត្ត​សីហនុ ក្រោយ​ព្រឹត្តិការណ៍​បាក់​រលំ​អាគារ​៧​ជាន់​របស់​ចិន​នោះ ក៏​មិន​ភ្លេច​បញ្ជាក់​ថា លោក​នឹង​ធ្វើការ​យ៉ាង​ពេញទំហឹង​លើ​ការ​ពង្រឹង​គុណភាព​សំណង់៖ «ចូលរួម​សហប្រតិបត្តិ​ការណ៍​អនុវត្ត​សេចក្តី​សម្រេច​ស្ដីពី​ការ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​នៃ​ខេត្ត​ព្រះសីហនុ​សំដៅ​ត្រួត​ពិត​និត្យ​បទដ្ឋាន​បច្ចេកទេស​បទដ្ឋាន​គតិ​យុទ្ធ​ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​សំណង់​ព្រមទាំង​ត្រួត​លក្ខណសម្បត្តិ​របស់​ក្រុម​ទទួល​ការ​ម៉ៅការ​សាងសង់»។

ការផ្លាស់ប្ដូរ​អភិបាលខេត្ត​ព្រះសីហនុ​នេះ បាន​ធ្វើ​ឡើង​ភ្លាមៗ ដំណាលគ្នា​នឹង​ហេតុការណ៍​រលំ​បាក់​អគារ​កម្ពស់ ៧​ជាន់ បណ្ដាល​ឱ្យ​មាន​មនុស្ស​ចំនួន ២៨​នាក់​ស្លាប់ និង​រង​របួស ២៦​នាក់ កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា​កន្លងទៅ​។

លោក ហ៊ុន សែន បាន​សម្លឹង​ឃើញ​អតីត​អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន ថា ជា​មនុស្ស​ម្នាក់​អាច​ផ្ដល់​សេចក្ដីទុកចិត្ត និង​មាន​សមត្ថភាព​ធ្វើការ​ជំនួស លោក យន្ត មីន ជា​អភិបាលខេត្ត​ចាស់​បាន។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ថ្លែង​ក្នុង​ពេល​ផ្ទេរ​ភារកិច្ច​លោក គួច ចំរើន ជា​អភិបាលខេត្ត​ព្រះសីហនុ ថា លោក គួច ចំរើន មាន​សមត្ថភាព និង​លទ្ធភាព​អាច​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ដែល​ជា​ទីកន្លែង​ពោរពេញ​ដោយ​បញ្ហា​នេះ​បាន​។ ប៉ុន្តែ​លោក ស ខេង បញ្ជាក់​ថា លោក គួច ចំរើន តែ​ម្នាក់ឯង​ក៏​មិន​អាច​ធ្វើការ​ទាំងនេះ​បានទេ លោក​ទាមទារ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ រួមគ្នា​ធ្វើការ​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ៖ «ឯកឧត្តម គួច ចំរើន គាត់​មាន​បទពិសោធន៍​មាន​សមត្ថភាព​ប៉ុណ្ណឹង​ក្តី ប៉ុន្តែ​បើ​គ្មាន​ការ​គាំទ្រ​និង​ការចូលរួម​ពី​មន្ត្រី​របស់​យើង​គ្រប់​លំដាប់ថ្នាក់​ប្រជាពលរដ្ឋ ឬក៏​មជ្ឈដ្ឋាន​សង្គម​នានា​ផ្សេងទៀត ខ្ញុំ​គិត​ថា គាត់​ធ្វើ​មិន​បានទេ អ៊ីចឹង​ហើយ​ខ្ញុំ​អំពាវនាវ​ផង សង្ឃឹម​ផង​ថា សូម​ឱ្យ​ឯកឧត្ដម លោកជំទាវ​អស់លោក​លោកស្រី​ទាំងអស់​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​សូម​មេត្តា​គាំទ្រ និង​ចូលរួម​ដើម្បី​សម្រេច​ជោគជ័យ​ទាំងអស់​គ្នា»។

ទោះជា​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នាំគ្នា​លើក​សរសើរ​ពី​សមត្ថភាព​របស់​លោក គួច ចំរើន បែបនេះ​ក្តី ប៉ុន្តែ​មហាជន​ទូទៅ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​មិន​ទាន់​មាន​ជំនឿ​លើ​លោក គួច ចំរើន ពេក​នោះ​ទេ ពួកគេ​លើកឡើង​ថា ត្រូវ​រង់ចាំ​មើល​ការអនុវត្ត​ជាក់ស្ដែង​ជា​សិន។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើ​ទៅ​អភិបាលខេត្ត​ថ្មី​ស្ដាប់​មតិ​រិះគន់​ឱ្យ​បាន​ច្រើន និង​កុំ​ចាត់ទុក​អ្នក​រិះគន់​ថា ជា​អ្នកប្រឆាំង។ អ្នកស្រី​បន្ត​ថា ខេត្ត​ព្រះសីហនុ​សព្វថ្ងៃ​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​តែង​ធ្វើ​របាយការណ៍​ភូតភរ​ថ្នាក់លើ ដែល​បញ្ហា​នេះ​អ្នកស្រី​យល់ថា បាន​ធ្វើ​ឱ្យ​អតីត​អភិបាលខេត្ត គឺ​លោក យន្ត មីន រងគ្រោះ​រហូត​បាត់បង់​ដំណែង៖ «អត់​ស្រាវជ្រាវ​សាច់​ដែល​ស្អុយ​នៅ​ក្នុង​ហ្នឹង​ទេ ធ្វើ​អី​ក៏​មិនបាន​ជោគជ័យ​ដែរ​ព្រោះ​នៅ​ក្នុង​ហ្នឹង​មាន​មន្ត្រី​ល្អ និង​មន្ត្រី​អាក្រក់​ហើយ​បើ​យើង​ខំ​តែ​យើង អ្នកគាំទ្រ​មិន​គាំទ្រ គាត់​មិន​សហ​ការណ៍ ធ្វើ​របាយការណ៍​ភូត​កុហក ឬក៏​គាត់​កិបកេង គាត់​រាយការណ៍​មក​ថា​ល្អ​ថា​គាត់​បាន​ធ្វើ ប៉ុន្តែ​ជាក់ស្ដែង​គាត់​អត់​បាន​ធ្វើ​ទេ អ៊ីចឹង​ទេ​សំខាន់​អ្នកដឹកនាំ​អ្នកគ្រប់គ្រង​គឺ​ត្រូវ​ចុះទៅ​ផ្ទាល់​ហើយ​ស្ដាប់​មតិ​រិះគន់​ឱ្យ​បាន​ច្រើន»។

អ្នកស្រី ជៀប សុធារី យល់ថា ដើម្បី​ឱ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​អភិបាលខេត្ត​ថ្មី​បាន​ជោគជ័យ លុះ​ត្រា​ការ​អនុវត្ត​ការងារ​នោះ មាន​ផែនការ​ច្បាស់លាស់ មានការ​អង្កេត​ដល់​មូលដ្ឋាន និង​មាន​ការ​សហការ​ការងារ​ពី​មន្ត្រី​ថ្នាក់ក្រោម​ក្នុង​ខេត្ត​នេះ។

លោក គួច ចំរើន ធ្លាប់​ធ្វើជា​អភិបាលខណ្ឌ​មានជ័យ និង​អភិបាល​ខណ្ឌ​ដូនពេញ នៃ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជាង ១០​ឆ្នាំ និង​ត្រូវ​បំពេញការងារ​នៅ​ក្រសួងមហាផ្ទៃ​មួយរយៈ​ពេល​ខ្លី​ជា អគ្គនាយករង អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ ក្រោយ​មក​ទៀត​លោក​ក៏​ត្រូវ​ប្ដូរ​ទៅ​ធ្វើ​ជា​អភិបាលខេត្ត​កំពង់ចាម​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។