ព័ត៌មាន​សំខាន់​ចំនួន ៨ ដែល​លោក​អ្នកគួរ​អាន​នៅថ្ងៃសៅរ៍​នេះ

លោក កឹម សុខា ស្នើ​ឱ្យ​អ្នកនយោបាយ​បញ្ឈប់​វប្បធម៌​មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង និង​ការ​លាប​ពណ៌​គ្នា

ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា បាន​ចេញ​សារ​អបអរសាទរ​ទិវា​ឆ្លង​ឆ្នាំ​សកល​ចូលឆ្នាំថ្មី​២០២៣ រួម​នឹង​សារ​អំពាវនាវ​ដល់​អ្នកនយោបាយ​ឱ្យ​បញ្ឈប់​វប្បធម៌​លាប​ពណ៌​គ្នា និង​ការ​បើ​ប្រាស់​សារ​នយោបាយ​កន្លង​ដែល​ថា «​មាន​អញ​អត់​ឯង មាន​ឯង​អត់​អញ​»។

អាន​ព័ត៌មាន​ពិស្ដារ ...

ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​អាគារ​កាស៊ីណូ កើនឡើង​ដល់ ២៥​នាក់

ចំនួន​អ្នក​ស្លាប់​នៅក្នុង​ហេតុការណ៍​ឆេះ​អគារ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) នៅ​ទីក្រុង​ប៉ោយប៉ែត បន្ត​កើន​ឡើង​ដល់​ចំនួន​២៥​នាក់ និង​ជនរងគ្រោះ​ជិត​១​រយ​(១០០)​នាក់ គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ខណៈ​ក្រុម​ជួយសង្គ្រោះ​កម្ពុជា​-​ថៃ កំពុង​បន្ត​រុករក​ជនរងគ្រោះ​។ ទន្ទឹមគ្នា​នេះ ពលរដ្ឋ​ជាច្រើន​នាក់ កំពុង​ស្រែក​ទ្រហោយំ និង​កាន់​រូបថត​សាច់​ញាតិ​ដែល​បាត់​ខ្លួន​។ បុគ្គលិក​កាស៊ីណូ​ដែល​រួច​ជីវិត​ពី​ភ្នក់ភ្លើង អះអាង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​អគ្គីភ័យ​ឆេះ​លឿន បណ្ដាល​មកពី​កង្វះខាត​ឧបករណ៍​សង្គ្រោះ​បឋម​នៅក្នុង​អគារ និង​ការ​ជួយ​សង្គ្រោះ​មាន​ភាព​យឺតយ៉ាវ។ ​

អាន​ព័ត៌មាន​ពិស្ដារ ...

អ្នកវិភាគ​នយោបាយ​ថា កម្ចី​ដែល​គ្មាន​លក្ខខណ្ឌ​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រ

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ប្រាក់កម្ចី​របស់​ចិន​ដែល​គ្មាន​លក្ខខណ្ឌ​ឱ្យ​លើកកម្ពស់​ការ​គោរ​សិទ្ធិមនុស្ស មិន​ត្រឹមតែ​មិនបាន​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​នាំ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ធ្លាក់ខ្លួន​ក្រីក្រ​បន្ថែម​ទៀត​ដែរ​។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ជាថ្មី​ទៀត​ថា កម្ចី​របស់​ប្រទេស​ចិន​មាន​ភាព​ងាយស្រួល​ដើម្បី​ទទួលយក ព្រោះ​ចិន​បាន​ផ្ដល់​ប្រាក់កម្ចី​ទៅតាម​ផែន​ការដែល​រដ្ឋាភិបាល​ចង់បាន។

អាន​ព័ត៌មាន​ពិស្ដារ ...

ក្រសួងយុត្តិធម៌ ស្នើ​លើកលែង​និង​បន្ថយទោស​ដល់​អ្នក​ជាប់​ឃុំ​ជិត​បី​រយ​នាក់​ក្នុង​ថ្ងៃ​៧ មករា

ក្រសួង​យុត្តិធម៌​ស្នើ​ឲ្យ​រដ្ឋាភិបាល​លើកលែងទោស​អ្នកទោស​ស្ត្រី​ម្នាក់ និង​បន្ធូរ​បន្ថយទោស​ដល់​អ្នក​ជាប់ឃុំ​ជិត​បី​រយ​នាក់​(២៨២) ក្នុង​នោះ​មាន​ស្រី​២៧​នាក់ ក្នុង​ទិវា​រម្លឹក​ខួប​ថ្ងៃ​៧​មករា ដែល​នឹង​ប្រារព្ធ​ឡើង​មួយ​សប្ដាហ៍​ទៀត​នេះ។

អាន​ព័ត៌មាន​ពិស្ដារ ...

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សកម្មជន​សង្គម​ដើរ​ហែ​ក្បួន​ទាមទារ​ដោះលែង​គ្រូបង្រៀន​និង​អ្នកទោស​មនសិការ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អតីត​អ្នកទោស​មនសិការ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា វើលដ៍ (Naga World) ប្រមាណ​១០០​នាក់ កាលពី​ថ្ងៃទី៣០ ធ្នូ បាន​ចេញ​តវ៉ា​ដាក់​ញត្តិ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​គ្រូបង្រៀន និង​អ្នក​មនសិការ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​។ ទោះ​យ៉ាងណា​ក្រុម​សមត្ថកិច្ច មិន​បានឱ្យ​ក្រុម​អ្នកតស៊ូ​មតិ​ដើរ​ក្បូន​ចប់​ចុង​ចប់​ដើម​ទេ ដោយ​តម្រូវ​ក្រុម​អ្នក​ទាមទារ​បញ្ឈប់​ដំណើរ​ត្រឹម​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​តំណាង​មន្ត្រី​ចេញ​មក​ទទួល​ញត្តិ។

អាន​ព័ត៌មាន​ពិស្ដារ ...

អាជ្ញាធរ​ថៃ​នៅ​មិនទាន់​ដោះលែង​ខ្មែរក្រោម​បួន​នាក់

អាជ្ញាធរ​ថៃ នៅ​មិនទាន់​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ភៀសខ្លួន​ចំនួន​បួន​នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ទេ បន្ទាប់ពី​ជាប់ពន្ធនាគារ​ជាង​ពីរ​ខែ​មក​ហើយ​។ អាជ្ញាធរ​ថៃ បាន​ចាប់​ពួកគាត់ នៅ​ពេល​ដែល​ពួកគាត់​កំពុងធ្វើការ​នៅ​ផ្សារ​បន្លែ​មួយ ក្នុង​ខេត្ត​ប៉ាថុមថានី (Pathum Thani) ជាយក្រុង​បាងកក ដោយ​ចោទ​ពី​បទ​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ការងារ កាល​ពី​ថ្ងៃ​១៤ ខែ​តុលា។

អាន​ព័ត៌មាន​ពិស្ដារ ...

ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ចង់បាន​សុខ​សន្តិភាព​និង​ការ​រីក​ចំរើន​សំរាប់​ពលរដ្ឋ​នៅ​កម្ពុជា

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស ទោះបីជា​ឃ្លាតឆ្ងាយ​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ក៏ដោយ ក៏​ពួកគេ​នៅតែ​គិតគូរ​ដល់​ប្រទេសជាតិ និង​ចង់បាន​ការអភិវឌ្ឍន៍​ជាតិ​ពិតប្រាកដ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ ពួកគេ​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ដទៃ​ទៀត អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខ ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

អាន​ព័ត៌មាន​ពិស្ដារ ...

តើ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​រំពឹង​យ៉ាងណា​ពី​ការបោះឆ្នោត​ឆ្នាំ​២០២៣ ?

ពេញ​មួយឆ្នាំ​២០២២ ដែល​ជិត​នឹង​ឆ្លង​ផុត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​មេដឹកនាំ ដែល​បាន គាស់​រំលើង​ប្រជាធិបតេយ្យ និង​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​។ ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅតែ​មិនអាច​វិល​ទៅ រក​ស្ថានភាព​ប្រសើរ​បាន បើទោះបី​ជា​បណ្ដា​សហគមន៍​អន្តរជាតិ និង​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​ចំពោះមុខ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​អនាគតកាល​របស់​បក្ស​កាន់អំណាច ឬ​នៅ​ចំពោះមុខ លោក ហ៊ុន សែន ក្ដី។

តើ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ប្រែប្រួល​យ៉ាងណា​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ នៅពេល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នីតិកាល​ទី​៧? តើ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​រំពឹង​យ៉ាងណា​ពី​ការបោះឆ្នោត​នេះ​?

អាន​ព័ត៌មាន​ពិស្ដារ ...