"បក្ស​កាន់អំណាច​រំលោភ​លើ​ច្បាប់​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ស្ថាប័ន​និង​ធនធាន​រដ្ឋ​បម្រើ​ប្រយោជន៍​នយោបាយ"

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នៅតែ​រក​ឃើញ​ថា បក្ស​កាន់អំណាច​រំលោភ​លើ​ច្បាប់​ទាក់ទង​នឹង​ការប្រើប្រាស់​ស្ថាប័ន​និង​ធនធាន​រដ្ឋ​បម្រើ​ប្រយោជន៍​នយោបាយ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណើរ​ប្រកួតប្រជែង​ដោយ​ស្មើភាព​។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​អះអាង​ថា ការ​ចុះ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​មូលដ្ឋាន​របស់​សមាជិក​បក្ស​នេះ មិន​បាន​ប្រើប្រាស់​ធនធាន​រដ្ឋ​ដើម្បី​កេង​ចំណេញ​គូប្រកួត​ប្រជែង​នយោបាយ​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ចាត់​ទុក​ការ​យក​ធនធាន​ជាតិ​ទៅ​គាំទ្រ​សកម្មភាព​នយោបាយ​រំលោភបំពាន​លើ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវា​ង្ស ថ្លែង​ថា ច្បាប់​តម្រូវ​ឱ្យ​មន្ត្រីរាជការ​ស៊ីវិល​រក្សា​អព្យាក្រិត្យភាព និង​ឯករាជ្យ​របស់​ខ្លួន ប៉ុន្តែ​តាមរយៈ​វេទិកា​ថ្នាក់​ជាតិ​កន្លងទៅ អង្គការ​របស់​លោករ​ក​ឃើញថា​មន្ត្រីរាជការ​ស៊ីវិល​មួយចំនួន​បាន​យក​ម៉ោង​ការងារ ឈ្មោះ​ស្ថាប័ន និង​ធនធាន​រដ្ឋ ទៅ​បម្រើ​ផលប្រយោជន៍​គណបក្សកាន់អំណាច​ដែល​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់។ លោ​កថា​បញ្ហា​នេះ​នឹង​នាំ​​ឱ្យ​លម្អៀង​ផ្នែក​នយោបាយ ប៉ះពាល់​ការ​ផ្តល់​សេវា​សាធារណៈ​ដ​ល់​ពលរដ្ឋ និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​តម្លាភាព ។ លោក កន សាវាង្ស ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ និង​ពង្រឹង ការអនុវត្ត​ច្បាប់​ចំពោះ​សកម្មភាព​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ៖ «យើង​ឃើញ​ហើយ​កន្លងមក​មាន​ដល់​ទៅ​មន្ត្រី​លើកឡើង ដោយ​យក​ក្រសួង​ខ្លួនឯង​ទៅ​គាំទ្រ​គណបក្ស​នយោបាយ អាហ្នឹង​ជា​ចំណុច​គំរូ​មិនល្អ​នៅក្នុង​ការ​ប្រកួតប្រជែង​ហើយ ការប្រើប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹមត្រូវ ការប្រើប្រាស់​ធនធាន​រ​ដ្ឋ​មិន​ចាំបាច់​តែ​យើង​ប្រើ​ម៉ូតូ​រដ្ឋ​នោះ​ទេ កាលណា​យើង​ប្រើ​ឈ្មោះ​ស្ថាប័ន​ហ្នឹង​ក៏​ជា​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ហើយ ព្រោះ​ស្ថាប័ន​នោះ​មិនមែន​ជា​ស្ថាប័ន​របស់​គណបក្ស​នយោបាយ​ទេ គឺជា​ស្ថាប័ន​របស់​រដ្ឋ»។

ចំណែក​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល វិញ លោក​ថ្លែង​ថា គោលការណ៍​ច្បាប់ និង​ការបោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ការប្រកួតប្រជែង​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្មើភាព​និង​ស្របតាម​ច្បាប់ ដោយ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ប្រើប្រាស់​ធនធាន​របស់​ជាតិ​ក្នុង​គោលដៅ​បម្រើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​នោះ​ទេ​។ ផ្ទុយទៅវិញ លោក​មើលឃើញ​ថា គណបក្សកាន់អំណាច​តែងតែ​កៀងគរ​មធ្យោបាយ​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​របស់​ខ្លួន ដោយ​ញែក​មិន​ដាច់​រវាង​ការងារ​គណបក្ស​និង​កិច្ច​ការងារ​របស់​រដ្ឋ​។ លោក​ចាត់ទុក​សកម្មភាព​ទាំងនេះ គឺជា​ការ​យក​ប្រៀប​លើ​គូ​ប្រ​កូត​ប្រជែង​មុន​ការបោះឆ្នោត ដែល​មិនអាច​ទទួលយក​បាន​ឡើយ៖ «មិនមែន​តែ​គ្រឿង​សម្ភារ​ទេ សូម្បីតែ​បុគ្គលិក​ជា​មន្ត្រីរាជការ​ភាគច្រើន​ហ្នឹង តែងតែ​ប្រើប្រាស់​ពេលវេលា​ធ្វើការ​របស់​រដ្ឋ​យក​ទៅ​បម្រើ​កិច្ចការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។

ឆ្លើយតប​ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា គណបក្ស​ប្រជាជន​មិនបាន​យក​ធនធាន​រដ្ឋ និង​បង្ខិតបង្ខំ​មន្ត្រីរាជការ​សាធារណៈ​យក​ទៅ​ប្រើប្រាស់​ដើម្បី​កេង​ចំណេញ​នយោបាយ​ដូច​ការចោទប្រកាន់​នោះ​ទេ​។ លោក​បញ្ជាក់​ថា មន្ត្រីរាជការ​ដែល​ជា​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​បាន​យល់ដឹង​អំពី​តួនាទី​និង​ច្បាប់​បាន​ត្រឹមត្រូវ​៖ «គណបក្ស​ប្រជាជន​មាន​ក្រុមការងារ​ចុះ​មូលដ្ឋាន គឺ​ក្រុម​ការងារ​រដ្ឋាភិបាល​និង​ក្រុមការងារ​គណបក្ស​ប្រជាជន ហើយ​ក្រុម​ទាំងអស់​នេះ​បម្រើ​នយោបាយ​ឱ្យ​គណបក្ស ប៉ុន្តែ​គេ​មិន​ប្រើ​មធ្យោបាយ​របស់​រដ្ឋ​ទៅ​បម្រើ​នយោបាយ​របស់​គណបក្ស​ទេ គោលការណ៍​នេះ​ច្បាស់លាស់​ហើយ​មាន​ចែង​ក្នុង​ច្បាប់​ទៀត»។

កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ចេញ​លិខិត​ណែ​នាំ​ឱ្យ​មន្ត្រីរាជការ​ត្រូវ​មាន​អព្យាក្រិត្យ​ភាព​ក្នុង​សកម្មភាព​បំពេញការងារ​របស់​ខ្លួន ស្របតាម​ច្បាប់​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​។ លិខិត​ដដែល​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រីរាជការ​ស៊ីវិល​មិន​ត្រូវ​យក​ម៉ោង​ការងារ​រដ្ឋ ប្រើប្រាស់​ថវិកា សម្ភារៈ ទីកន្លែង និង​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​ឃាសនា​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

​ទោះជា​យ៉ាងណា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់ត្រា​ល់ (CENTRAL) លោក មឿន តុលា មើលឃើញ​ថា​បច្ចុប្បន្ន​ការអនុវត្ត​សិទ្ធិ​នយោបាយ​មាន​លក្ខណៈ​ស្តង់ដារ​ពីរ ដោយសារ​អ្នក​ដែល​គាំទ្រ​បក្ស​កាន់អំណាច​អាច​ធ្វើ​សកម្មភាព​នយោបាយ និង​ប្រើប្រាស់​ធនធាន​រដ្ឋ​តាម​ទំនើងចិត្ត​ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់​ជាតិ​។ លោ​កថា​ប្រសិនបើ​នៅ​តាម​ក្រសួង​ស្ថាន​រដ្ឋ មន្ត្រី​ដើរ​តួនាទី​លាយឡំ​ជាមួយ​បក្សនយោបាយ នោះ​កាន់តែ​រំលោភ​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ច្បាប់៖ «មាន​ស្តង់ដារ​ពីរ​ដែល​គណបក្សកាន់អំណាច​ធ្វើ​អ្វី​តាម​ទំនើងចិត្ត វា​អត់​មានទោស​វិន័យ អ៊ីចឹង​មន្ត្រី​រដ្ឋ​មួយចំនួន​ធ្វើ​អ្វី​តាមចិត្ត មិនមែន​តែ​មន្ត្រី​រដ្ឋ​ស៊ីវិល​ណា​រួមទាំង​មន្ត្រី​នគរបាល ទាហាន​ជាដើម គឺ​កំហុស​មួយ​ខុសឆ្គង​ណាស់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​ហួស​ពី​និយាយ​ថា រំលោភច្បាប់​ហើយ»។

រដ្ឋធម្មនុញ្ញ មាត្រា ៣៥ ពិត​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ​។ ប៉ុន្តែ ច្បាប់បោះឆ្នោត បាន​ហាមឃាត់ មិន​ឲ្យ​មន្ត្រី​សាធារណៈ ដូចជា​នាយករដ្ឋមន្ត្រី​ជាដើម ប្រើប្រាស់​តួនាទី​របស់​រដ្ឋ ដើម្បី​កេង​ចំណេញ​ប្រយោជន៍​បក្ស​របស់​ខ្លួន​នោះ​ឡើយ​។ មាត្រា ៨០ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ហាម​ប្រើប្រាស់​ថវិកា សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន ដែល​ជា​សម្បត្តិ​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត ឲ្យ​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។ ទោះជា​ច្បាប់​ចែង​បែបនេះ​ក៏ដោយ ក៏​ជា​ញឹកញាប់​គេ​សង្កេតឃើញ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​បាន​ប្រើប្រាស់​ធនធាន និង​ម៉ោង​ការងារ​រដ្ឋ ដើម្បី​ធ្វើ​នយោបាយ​ឱ្យ​គណបក្សកាន់អំណាច​។ ម្យ៉ាងវិញទៀត ស្ថាប័នរដ្ឋ​ភាគច្រើន​មានការ​បង្កើត​ជា​រចនា​សម្ព័ន្ធ​បក្ស​នៅក្នុង​នោះ ក្រោម​ឈ្មោះថា ជា​គណៈកម្មាធិការ ឬ​ក្រុមការងារ​បក្ស​នៃ​ស្ថាប័ន​ទាំងនោះ​ទៀត​ផង ដូចជា គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្រសួង​សេដ្ឋកិច្ច ក្រុម​ងារ​ងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាដើម។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា​ខាងមុខ​។​ការបោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ជាង ៤០​គណបក្ស ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​ប្រជាពលរដ្ឋ​ជាង​៩​លាន​២​សែន​នាក់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ខណៈ​អាសនៈ​សមាជិក ក្រុម​ប្រឹក្សាឃុំ​សង្កាត់ មាន​ចំនួន​ជាង ១​ម៉ឺន (១១.១២២) អាសនៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។