មន្ត្រីសិទ្ធិមនុស្សយល់ថា តុលាការបន្តពន្យារពេលជំនុំជម្រះសំណុំរឿងលោក កឹម សុខា ក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺជាហេតុផលមិនទាន់ពេញលេញនៅឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា សំណុំរឿងលោក កឹម សុខា មេបក្សប្រឆាំងគឺជាសំណុំរឿងប្រវត្តិសាស្ត្រមួយ ដែលត្រូវបានតុលាការចាប់ខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិ។
លោកសង្កេតឃើញថា បញ្ហានេះ គឺជាសំណុំរឿងមួយដែលទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិដែលគេយល់ថា មានជាប់ជំពាក់ជំពិនទៅនឹងរឿងនយោបាយ ច្រើនជាងរឿងអនុវត្តច្បាប់៖ « ការពន្យារពេលយូរគឺវាមិនជាការល្អទេ វាអាចប៉ះពាល់ទៅលើសិទ្ធិមួយចំនួន ដូចជា ឯកឧត្ដម កឹម សុខា ក៏តុលាការមានការហាមឃាត់សិទ្ធិមួយចំនួនដែរ គួរណាស់តែមានការជំនុំជម្រះឲ្យបានលឿនដែរតាមការគួរដែលអាចរកពេលវេលាសមស្របណាមួយ ដើម្បីធ្វើការកាត់ទៅ។ ទី២ជាប្រវត្តិសាស្ត្រខ្មែរដែរខ្ញុំឃើញតាំងពីឆ្នាំ១៩៩៣ មកភាគច្រើនអ្នកនយោបាយច្រើនតែដោះស្រាយគ្នាតាមបញ្ហារឿងទំនោរនយោបាយ នេះជាវប្បធម៌មួយល្អដែរ។ យើងសង្ឃឹមថា អ្នកនយោបាយទាំងអស់អាចពង្រីក រកច្រកណាមួយដើម្បីសន្ទនា ឬចរចាគ្នាដើម្បីធ្វើការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ដោយគិតពីឧត្ដមប្រយោជន៍ជាតិ និងឧត្ដមប្រយោជន៍ប្រជាពលរដ្ឋជាធំ » ។

តុលាការក្រុងភ្នំពេញបានផ្អាកសវនាការសំណុំរឿងលោក កឹម សុខា រយៈពេលជាងមួយឆ្នាំមកហើយ។ ក្រុមមេធាវីលោក កឹម សុខា បានដាក់ពាក្យស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញឲ្យបើកការជំនុំជម្រះជាបន្តបន្ទាប់ ប៉ុន្តែតុលាការតែងលើកហេតុផលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ តុលាការក៏លើកហេតុផលដែរថា សំណុំរឿងនេះ មិនមែនជារឿងក្តីអាទិភាព ព្រោះលោក កឹម សុខា កំពុងស្ថិតនៅក្រៅឃុំ។
ការដែលតុលាការផ្អឹបទុកសំណុំរឿងនេះ គឺស្របទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងក្នុងកិច្ចប្រជុំបិទទ្វារគណៈរដ្ឋមន្ត្រីកាលពីខែសីហា ឆ្នាំ២០២០ ថា លោកចង់ឱ្យសំណុំរឿងនេះ ដំណើរការនៅក្រោយការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខ។
កាលពីដើមខែឧសភានេះ លោក កឹម សុខា អះអាងថា លោកធ្វើអ្វីៗដើម្បីខ្មែរ ទាំងការងារការទូត ការទាក់ទងជាមួយមេដឹកនាំខ្មែរនៅក្នុងស្រុក និងការចុះសួរសុខទុក្ខពលរដ្ឋ។ មេបក្សប្រឆាំងដែលត្រូវរបបលោក ហ៊ុន សែន បិទសិទ្ធិធ្វើនយោបាយរូបនេះ មានជំនឿថា បើខ្មែរមានទុក្ខ ត្រូវតែខ្មែរជួយខ្មែរ ហើយបើមានបញ្ហាក៏ត្រូវតែមានដំណោះស្រាយរវាងខ្មែរ និងខ្មែរដែរ ទោះបីជាកន្លងទៅសហគមន៍អន្តរជាតិធ្លាប់ជួយដោះស្រាយយ៉ាងណាក៏ដោយ។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន ធ្លាប់បានប្រាប់អាស៊ីសេរីនៅពេលថ្មីៗនេះថា គណបក្សប្រជាជនកម្ពុជាមិនអាចជជែកជាមួយលោក កឹម សុខា បានទេ ព្រោះលោកកំពុងជាប់ក្តីក្តាំនៅតុលាការ។ លោក សុខ ឥសាន បន្ថែមថា ទាល់តែសំណុំរឿងដំណើរការចប់សព្វគ្រប់សិន ទើបអាចនិយាយគ្នាបាន។

តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវគ្នាជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាល ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទមេបក្សប្រឆាំងរូបនេះពេញៗមាត់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ។ ក៏ប៉ុន្តែរយៈពេលជាង ៣ ឆ្នាំ មកនេះ ទាំងលោក ហ៊ុន សែន និងតុលាការរបស់លោក មិនបានបង្ហាញភស្តុតាងរឹងមាំដែលគាំទ្រដល់ការចោទប្រកាន់លោក កឹម សុខា នោះឡើយ។ អាជ្ញាធរប្រើតែវីដេអូឃ្លីបមួយ ដែលលោក កឹម សុខា បានថ្លែងអំពីការតស៊ូរបស់លោកដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីដាក់បន្ទុកលោកតែប៉ុណ្ណោះ។
ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស នៅតែទទួលស្គាល់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ ពួកគេស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ដើម្បីឱ្យលោកអាចចាប់ផ្តើមជីវិតនយោបាយបានឡើងវិញដូចដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។