មន្ត្រីសង្គមស៊ីវិលលើកឡើងថា មតិយោបល់របស់រដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រទេសដទៃដោះស្រាយជម្លោះដោយសន្តិវិធី គឺជារឿងល្អ ប៉ុន្តែរដ្ឋាភិបាលក៏គួរតែបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាធំៗក្នុងប្រទេសខ្លួនឯងដោយសន្តិវិធីដែរ ដើម្បីផលប្រយោជន៍ជាតិនិងពលរដ្ឋ។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន តែងផ្ញើសារឲ្យមានការចរចាដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះរវាងប្រទេសអ៊ុយក្រែន (Ukraine) និងរុស្ស៊ី (Russia) ព្រមទាំងវិបត្តិនៅក្នុងប្រទេសភូមា ឬ មីយ៉ាន់ម៉ា (Myanmar) ជាដើម។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ជារឿងល្អដែលរដ្ឋាភិបាលកម្ពុជា ដើរប្រាប់មេដឹកនាំប្រទេសដទៃឲ្យខិតខំកសាងសន្តិភាព និងដោះស្រាយជម្លោះដោយសន្តិវិធី ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនគួរមើលរំលងបញ្ហាធំៗជាច្រើនដែលកំពុងញាំញីនៅក្នុងប្រទេសនិងមិនទាន់មានដំណោះស្រាយនោះទេ។ ពួកគាត់ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែព្យាយាមដោះស្រាយបញ្ចប់ជម្លោះនយោបាយ បញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាអយុត្តិធម៌សង្គមផ្សេងៗ ដោយសន្តិវិធី ដើម្បីឲ្យមានការផ្សះផ្សារជាតិ ការអភិវឌ្ឈ និងមានសុខសន្តិភាពពិតប្រាកដ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ថ្លែងថា ការលើកឡើងរបស់រដ្ឋាភិបាលកន្លងមកនៅលើឆាកអន្តរជាតិដែលណែនាំឲ្យប្រទេសដទៃដោះស្រាយជម្លោះដោយសន្តិវិធីនោះ ហាក់ដូចជាមិនឆ្លុះបញ្ចាំងពីឆន្ទៈនិងការអនុវត្តជាក់ស្តែងរបស់រដ្ឋាភិបាលនៅក្នុងប្រទេសនោះទេ។ លោកលើកឧទាហរណ៍ថា ករណីវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world) និងបុគ្គលិកជាដើម រដ្ឋាភិបាលមិនបានផ្តល់ដំណោះស្រាយដោយសន្តិវិធីនោះទេ តែបែរជាលូកដៃ និងប្រើប្រាស់កងកម្លាំងសមត្ថកិច្ច ព្រមទាំងប្រព័ន្ធតុលាការ ដើម្បីបង្ក្រាបនិងចាប់ចងថ្នាក់ដឹកនាំសហជីព និងបុគ្គលិក ក្នុងបំណងបញ្ចប់កូដកម្មអហិង្សារបស់ពួកគាត់។
លើសពីនេះ លោកមើលឃើញថា អាជ្ញាធររដ្ឋាភិបាល ក៏តែងបង្ក្រាប និងធ្វើទុក្ខបុកម្នេញលើអ្នករិះគន់ និងអ្នកនយោបាយបក្សប្រឆាំងដោយសារតែអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដែរ៖ «ដើម្បីបង្ហាញឆន្ទៈឲ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលកម្ពុជា ពិតជារដ្ឋាភិបាលមានគោលបំណងនិងមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីដូចដែលបានលើកឡើងពីការដោះស្រាយរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន រវាងប្រទេសភូមាអីជាដើម គប្បីបង្ហាញឆន្ទៈដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជាដែរ ដូចជា ពាក់ព័ន្ធនឹងស្ថានភាពរំលោភសិទ្ធិមនុស្ស ពាក់ព័ន្ធការធ្លាក់ចុះស្ថានភាពនយោបាយដែលរងការរិះគន់ពីបណ្តាប្រទេសលោកសេរីរហូតដល់មានការដាក់សម្ពាធ ដាក់លក្ខខណ្ឌ និងមានការដក EBA អីកន្លងមកជាដើម។ ចំណុចទាំងអស់នេះ គួរគប្បីងាកមកគិតគូរ និងកែប្រែ ដើម្បីរកដំណោះស្រាយឡើងវិញ»។
មិនខុសគ្នាប៉ុន្មានទេ ប្រធានសហភាពសហជីពកម្ពុជា (CCU) និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន មានប្រសាសន៍ថា ការលើកឡើងរបស់លោក ហ៊ុន សែន ដែលថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ មិនអាចបញ្ចប់ជម្លោះបានទេ មានតែវិធីសន្ទនាដោយសន្តិវិធីនោះ គឺជារឿងតឹ្រមត្រូវ។ ទោះជាយ៉ាងណា លោកមើលឃើញថា នេះគ្រាន់តែជាទ្រឹស្ត្រីប៉ុណ្ណោះ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែងវិញ លោក ហ៊ុន សែន តែងតែប្រកាសបិទផ្លូវចរចាជាមួយបក្សប្រឆាំង និងប្រើវិធានការក្តៅជាបន្តបន្ទាប់លើដៃគូរប្រកួតប្រជែងនយោបាយ ដូចជាការរំលាយគណបក្សសង្គ្រោះជាតិ និងចាប់មេបក្សប្រឆាំង និងសកម្មជននយោបាយដាក់ពន្ធនាគារដោយគ្មានមូលដ្ឋានច្បាប់ជាដើម៖ «អ្វីដែលលោកបានអំពាវនាវទៅកាន់ប្រទេសភូមា ទៅកាន់ប្រទេសរុស្ស៊ីឈ្លានពានលើប្រទេសអ៊ុយក្រែននេះវាអត់ស៊ីសង្វាក់គ្នានឹងអ្វីដែលលោកបានអំពាវនាវ។ ថ្មីៗនេះបន្ទាប់ទៀត ចាប់សង្គមស៊ីវិល ចាប់សហជីព រួមទាំងខ្ញុំផងដែរ ហើយចាប់ប្អូនៗបុគ្គលិកណាហ្គាវើលដ៍ដែលគ្រាន់តែប្រើប្រាស់សិទ្ធិទាមទារលក្ខខណ្ឌការងារ និងរកដំណោះស្រាយ តែលោកបែរជាយកប្រព័ន្ធតុលាការ មករឹតត្បិតចាប់ចង ហើយមិនខំប្រឹងប្រែងស្វែករកដំណោះស្រាយជូនពលរដ្ឋខ្លួនឯង បែរប្រើវិធីបង្ក្រាប វិធីចាប់ចងទៅវិញ។ ទាំងនេះវាមិនមែនជារឿងល្អទេ » ។
ការបញ្ចេញប្រតិកម្មបែបនេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតាំងខ្លួនជាបិតាសន្តិភាពតែងចែករំលែកនូវទស្សនៈរបស់លោកដើម្បីបង្ហាញផ្លូវទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ នៅប្រទេសភូមា ព្រមទាំងនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ ថ្មីៗនេះ មេដឹកនាំដែលចូលចិត្តប្រើភាសាហិង្សានិងព្រមានបង្កសង្គ្រាមប្រសិនចាញ់ឆ្នោតរូបនេះ បានជំរុញឲ្យមានការចរចាគ្នាដោយសន្តិវិធីដើម្បីបញ្ចប់សង្គ្រាមបង្ហូរឈាមនៅក្នុងប្រទេសទាំងនោះ។ លោកបានសូត្រទ្រឹស្តីម្តងហើយម្តងទៀតថា យើងមិនអាចប្រើសង្គ្រាមបញ្ចប់សង្គ្រាមបានទេ គឺមានតែការសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះឈ្នះដើម្បីបញ្ចប់សង្គ្រាម។
ទន្ទឹមនឹងការសូត្រទ្រឹស្តីដ៏ពិរោះនេះ អ្នកឃ្លាំមើលសង្កេតឃើញថា ការដឹកនាំរបស់លោក ហ៊ុន សែន ពោរពេញដោយអំពើហិង្សា អំពើពុករលួយ ការកាប់សម្លាប់ អំពើអយុតិ្តសង្គម ការរំលោភដីធ្លី ការបណ្តេញចេញដោយបង្ខំ និងបិទសេរីភាពប្រជាពលរដ្ឋរបស់ខ្លួនជាដើម។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ឆ្លើយតបថា ករណីនៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃមិនអាចប្រៀបធៀបគ្នាបានទេ ព្រោះកម្ពុជាគ្មានសង្គ្រាម។ លោកអះអាងថា ករណីណាហ្គាវើលដ៍និងករណីផ្សេងៗទៀត គឺជាការអនុវត្តច្បាប់ មិនដូចការចោទប្រកាន់ឡើយ៖ «ទី១យើងឃើញករណីកើតនៅប្រទេសក្រៅ សង្គ្រាមស៊ីវិល សង្គ្រាមឈ្លោះគ្នារវាងប្រទេសមួយនិងប្រទេសមួយហើយខុសគ្នាពីបញ្ហាកម្ពុជា។ កម្ពុជាអត់មានសង្គ្រាមណា ប៉ុន្តែកម្ពុជាមានករណីអនុវត្តច្បាប់ហើយយើងគោរពទៅតាមអ្វីទៅតាមនីតិរដ្ឋនោះ អាហ្នឹងប៉ុណ្ណឹងតើ ហើយករណីអនុវត្តច្បាប់នៃអ្វីយើងហៅថា នីតិរដ្ឋនោះ ភាគីទាំងឡាយទាំងពួង គឺប្រើប្រាស់ច្បាប់មួយរួមទាំងអស់គ្នាហើយមានសិទ្ធិប្រើប្រាស់មេធាវីតតាំង»។
ផ្ទុយពីការលើកឡើងនេះសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន យល់ថា ថ្វីដ្បិតតែកម្ពុជាគ្មានសង្គ្រាមប្រដាប់អាវុធ ប៉ុន្តែកម្ពុជា កំពុងមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកបន្តថា ការបកស្រាយរបស់តំណាងរដ្ឋាភិបាល គ្រាន់តែបិទបាំងការពិតប៉ុណ្ណោះ៖ «បញ្ហារំលោភសិទ្ធិមនុស្សនេះហើយ ដែលធ្វើឲ្យអារម្មណ៍ ប្រជាពលរដ្ឋអត់មានសន្តិភាពនៅក្នុងអារម្មណ៍។ អាហ្នឹងដូចគេថា សង្គ្រាមត្រជាក់ផងដែរ។ ការរំលោភបំពានសិទ្ធិពលរដ្ឋខ្លួនឯង គ្រាន់តែពលរដ្ឋខ្លួនឯង ប្រើប្រាស់សិទ្ធិមូលដ្ឋានក្នុងការទាមទារដើម្បីរស់ តែរដ្ឋាភិបាលបានប្រើប្រាស់កម្លាំងបង្ក្រាបប្រើប្រាស់ឥទ្ធិពលតុលាការមកបង្ក្រាបលើប្រជាពលរដ្ឋខ្លួនឯង យកមកបង្ក្រាបលើអ្នកនយោបាយដែលជាគូរប្រកួតខ្លួនឯង។ អាហ្នឹងវាជារឿងមួយវាមិនសមហេតុសមផលទេ » ។
ក្រុមអង្គការសង្គមស៊ីវិល និងមន្ត្រីសិទ្ធិមនុស្សសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងបង្ហាញឆន្ទៈពិតប្រាកដដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឲ្យល្អប្រសើរឡើងវិញ ដើម្បីបញ្ចៀសការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ជាពិសេសពួកគេ ទទូចឲ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់និងដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងក្រុមបុគ្គលិកណាហ្គាវើលដ៍ឱ្យមានសេរីភាពវិញ ព្រោះពួកគាត់ ពុំបានប្រព្រឹត្តអំពើខុសច្បាប់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។