អ្នកឃ្លាំមើល និងបក្សប្រឆាំងថា គម្រោងព្រែកជីកហ្វូណនជារូបភាពអ្នកកាន់អំណាចកេងចំណេញនយោបាយ
2024.08.05
អ្នកឃ្លាំមើល និងមន្ត្រីគណបក្សប្រឆាំងលើកឡើងថា ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនមិនខុសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីកេងចំណេញនយោបាយក្នុងទិសដៅឱ្យពលរដ្ឋដឹងគុណគ្រួសារត្រកូល ហ៊ុន នោះឡើយ។ ក្រៅពីនេះ ពួកគាត់នៅតែសង្ស័យថាការអនុវត្តគម្រោងព្រែកជីកហ្វូណនគ្មានតម្លាភាព និងអាចបម្រើនយោបាយវាទទីឱ្យយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ។
ស្របពេលរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នៅថ្ងៃទី៥ ខែសីហា ដោយអះអាងថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ និងជាម្ចាស់ក្នុងការសាងសង់ព្រែកជីកហ្វូណនដោយមិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពជាតិនោះទេ។
លោក ហ៊ុន ម៉ាណែត៖ «រដ្ឋធម្មនុញ្ញយើងគ្មានឱ្យកន្លែងណា ដីណាបាត់អធិបតេយ្យភាពកម្ពុជានោះទេ អ៊ីចឹងក្រុមហ៊ុនវិនិយោគទាំងអស់ សូមបងប្អូនកុំព្រួយ។ បងប្អូនដែលព្រួយបារម្ភថាគម្រោងនេះហើយថាយើងនឹងបាត់អធិបតេយ្យភាពនៃការប្រើប្រាស់ សូមច្បាស់ឡើងវិញ គម្រោងនេះមិនបាត់ទេ តែផ្ទុយទៅវិញគម្រោងនេះ បើយើងនិយាយគឺថាគម្រោងរបស់ខ្មែរជាអ្នកធ្វើ ហើយមានការចូលរួមមួយភាគពីក្រុមហ៊ុនបរទេស នេះគឺយើងសូមបញ្ជាក់បែបនេះបាទ អ៊ីចឹងកុំព្រួយពីរឿងបាត់អធិបតេយ្យភាពថាធ្វើហើយគេមិនឱ្យប្រើ ប្រើសម្រាប់យោធា សម្រាប់អ្វីនោះ សូមកុំព្រួយបារម្ភឱ្យសោះ យើងធ្លាប់បញ្ជាក់ហើយ»។
ទោះជាយ៉ាងណាក្ដី អ្នកតាមដានស្ថានការណ៍សង្គម និងមន្ត្រីបក្សប្រឆាំងនៅតែមើលឃើញថា ព្រែកជីកហ្វូណនជាល្បែងនយោបាយរបស់ត្រកូលហ៊ុនកេងចំណេញនយោបាយក្នុងប្រទេសផង និងបម្រើប្រយោជន៍ភូមិសាស្ត្រនយោបាយឱ្យមិត្តដែកថែបចិនកុម្មុយនិស្តដែលនឹងធ្វើឱ្យប៉ះពាល់ដល់ដែនអធិបតេយ្យជាតិថែមទៀត។
គំនូរប្លង់បង្ហាញអំពីទ្វារបិទបើកទឹកនៅព្រែកជីកហ្វូណន ដែលបង្ហាញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ រូប៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែសីហាថា មកដល់ពេលនេះ រដ្ឋាភិបាលនៅលាក់កំបាំងរឿងជាច្រើនពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណន ដូចជាតម្លាភាពនៃការអនុវត្តគម្រោង ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើគម្រោង និងភូមិសាស្ត្រនយោបាយបរទេសនៅក្នុងតំបន់ ខណៈប្រជាពលរដ្ឋដែលប្រឈមផលប៉ះពាល់ពីគម្រោងនេះកំពុងព្រួយបារម្ភបាត់បង់ជម្រក និងដីស្រែចម្ការជាដើម។ លោក ម៉ែន ណាត មិនជឿលើការបកស្រាយថាកម្ពុជានឹងមានឯករាជភាព ឬមិនលម្អៀងទៅរកបរទេសណាមួយនោះទេ ពីព្រោះនយោបាយរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កន្លងមកទៅក្រសោបចិនដើម្បីមហិច្ឆតារក្សាអំណាចជាជាងគិតគូរ ឬការពារផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ។
លោក ម៉ែន ណាត៖ «ទោះបី ហ៊ុន ម៉ាណែត បកស្រាយពន្យល់បែបសព្វថ្ងៃហ្នឹង ក៏គេមិនជឿដែរ វាទល់តែ ហ៊ុន ម៉ាណែត ធ្វើឱ្យឃើញ ទល់តែកម្ពុជាធ្វើជាម្ចាស់ការដោយមិនខ្ចីលុយពីចិនទេ ម្ចាស់ការសាងសង់មិនជំពាក់លុយក្រុមហ៊ុនណាទេ តែកម្ពុជាអាចឱ្យគេចូលទុនជាមួយរដ្ឋាភិបាលទៅ ហើយកម្ពុជាខ្ចីលុយពីអេឌីប៊ី (ADB) ខ្ចីលុយពីធនាគារពិភពលោក (World Bank) ខ្ចីលុយពីអាយអ៊ឹមអេហ្វអ៊ីហ្នឹង ឬក៏ប្រទេសលោកសេរីខ្លះ ឬចិនខ្លះទៅដើម្បីយកមកអនុវត្តគម្រោង អាហ្នឹងបានវាតម្លាភាព សម្រេចចិត្តត្រឹមត្រូវ វាអត់ជំពាក់ទៅនឹងរដ្ឋណាផ្សេង ដែលគេមកជួយសម្រេចចិត្ត»។
ចំណែកប្រធានចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន លោក ហៃ វណ្ណា លើកឡើងថាការបំផុសឱ្យពលរដ្ឋគាំទ្ររឿងព្រែកជីកហ្វូណនគគ្រឹកគគ្រេងគឺជាមនោគមវិជ្ជាទាញយកចំណាប់អារម្មណ៍ អួតពីស្នាដៃដែលមេដឹកនាំផ្ដាច់ការនៅលើពិភពលោកចូលចិត្តធ្វើ ដើម្បីប្រជាភិថុតិក្នុងការកេងចំណេញនយោបាយ។ លោក ហៃ វណ្ណា សង្កេតឃើញថាគម្រោងព្រែកជីកហ្វូណនអាចជួបគ្រោះច្រើនជាងលាភដែលលោកប្រៀបធៀបនឹងការឃោសនាអំពីក្ដីសង្ឃឹមនៃតំណក់ប្រេងដំបូង និងគម្រោងរបស់ចិនជាច្រើនទៀតនៅកម្ពុជា ដែលផ្តល់ប្រយោជន៍ដល់កម្ពុជាតិចតួច តែក្រុមហ៊ុនចិន និងបក្ខពួកអ្នកកាន់អំណាចចំណេញកប់ក្ដោងពីគម្រោងទាំងនោះ។
លោក ហៃ វណ្ណា៖ «វាអត់ទាន់ដល់ពេលវេលាដែលយើងត្រូវជីកព្រែកហ្នឹងផង វាអត់សមទាល់តែសោះ បើសិនយើងចង់ប្រើប្រាស់សាច់រឿងហ្នឹងឱ្យស៊ីជម្រៅល្អ គឺតាំងពីសម័យសម្ដេចតាមកម្ល៉េះ។ យើងមានផ្លូវដែកពីរខ្សែ យើងជួសជុលផ្លូវដែកហ្នឹងទៅ ដឹកជញ្ជូនទំនិញតាមហ្នឹងទៅ ក៏វាមិនខុសឆ្គងអ្វីដែរ ខ្ញុំជឿជាក់ថាវាអត់មានផលចំណេញអ្វីសម្រាប់ខ្មែរទេ វាសុទ្ធតែជាភូមិសាស្ត្រនយោបាយប្រទេសចិន ហើយលើសពីនេះវាមានសាច់រឿងពាក់ព័ន្ធនឹងប្រទេសវៀតណាមដែរ»។
រដ្ឋាភិបាលកម្ពុជាគ្រោងចាយដើមទុនប្រមាណ ១ពាន់ ៧រយលានដុល្លារលើគម្រោងព្រែកជីកហ្វូណន និងគ្រោងបញ្ចប់គម្រោងនេះនៅឆ្នាំ២០២៨។ ដំបូងឡើយរដ្ឋាភិបាលកម្ពុជារំពឹងលុយភាគច្រើន ដើម្បីអនុវត្តគម្រោងពីភាគីចិន ប៉ុន្តែនៅពេលមានការរិះគន់ និងចោទប្រកាន់ពីភាគីវៀតណាមថា គម្រោងព្រែកជីកហ្វូណន អាចជួយសម្រួលឱ្យយោធាចិនចូលកម្ពុជាកាន់តែជ្រៅនោះ រដ្ឋាភិបាល បានកៀរគរឱ្យក្រុមឧកញ៉ា និងអ្នកជំនួញដែលស្និទ្ធនឹងខ្លួនឱ្យមកចូលរួមវិនិយោគគម្រោងនេះ។
ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនថាក្រុមហ៊ុនដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធិសាងសង់ព្រែកជីកនេះបានបែងចែកជាពីរដំណាក់កាល។ ដំណាក់ទី១ ចម្ងាយ ២៦គីឡូម៉ែត្រពីទន្លេមេគង្គដល់ព្រែកពោធិ៍នៃទន្លេបាសាក់ សាងសង់ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក ចំណែកដំណាក់កាលទី២ ដែលមានចម្ងាយ ១៥៩គីឡូម៉ែត្រពីទន្លេបាសាក់ខេត្តតាកែវរហូតដល់សមុទ្រខេត្តកែបនឹងត្រូវវិនិយោគរួមគ្នារវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ China Road and Bridge Corporation (CRBC) ក្រោមកិច្ចព្រមព្រៀងសាងសង់ ប្រតិបត្តិ និងផ្ទេរ ឬ BOT។
ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើល និងមន្ត្រីបក្សជំទាស់ដាស់តឿនដល់រដ្ឋាភិបាលកម្ពុជាកុំយកអំណាចគ្រួសារមកប្ដូរនឹងអធិបតេយ្យភាពជាតិ។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវដោះស្រាយផលប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវប្រយ័ត្នប្រយែងរឿងអន្ទាក់បំណុលពាក់ព័ន្ធគម្រោងអភិវឌ្ឍ ដែលនាំឱ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឈ្នាន់ ដើម្បីពង្រីកនយោបាយវាតទីក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។