អ្នកឃ្លាំមើល និងយុវជនបារម្ភពីបញ្ហាអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សបន្តកើនឡើងដោយសារការធ្លាក់ចុះនៃការដឹកនាំតាមបែបអភិបាលកិច្ចប្រជាធិបតេយ្យ។ ការបារម្ភនេះ ខណៈអំពើពុករលួយនៅតែជាជំងឺរ៉ាំរ៉ៃញាំញីនៅក្នុងសង្គមខ្មែរ ហើយការរំលោភសិទ្ធិមនុស្សទៀតសោតក៏នៅតែមានសភាពធ្ងន់ធ្ងរ។
អ្នកធ្វើការផ្នែកលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា លើកឡើងថា បញ្ហាអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា កាន់តែអាក្រក់ ដែលជាក្ដីបារម្ភមួយរបស់ពលរដ្ឋ ហើយបញ្ហានេះ ហាក់ពុំទាន់មានដំណោះស្រាយឱ្យមានប្រសិទ្ធភាពនៅឡើយ។
កញ្ញា ទស់ សុបាន មកពីខេត្តបាត់ដំបង លើកឡើងថា បញ្ហាសិទ្ធិមនុស្ស និងការធ្លាក់ចុះ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ពុំផ្ដល់ផលវិជ្ជមានដល់ការអភិវឌ្ឍប្រទេសជាតិនោះទេ ប៉ុន្តែវានឹងបង្កើតឱ្យមាន បញ្ហាអំពើពុករលួយ ជាប្រព័ន្ធធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេស។
កញ្ញា ទស់ សុបាន៖ «នៅពេលដែលអភិបាលកិច្ចប្រជាធិបតេយ្យយើងអត់មានពេញលេញដូចគោលការណ៍ដែលយើងមាន អ៊ីចឹងទៅធ្វើឱ្យយុវជនរបស់យើងគាត់អត់មានឱកាស គាត់អត់ហ៊ាន ហើយអត់ចង់ចូលរួមវា។ អ៊ីចឹង លទ្ធផលមួយហ្នឹង ដែលធ្វើឱ្យកាន់តែអាក្រក់ទៅៗ ឬក៏កាន់តែពិបាកទៅៗ បើសិននៅតែបន្តបែបនឹងទៀត។ ប៉ុន្តែសម្រាប់ខ្ញុំនៅថ្ងៃមុខទៀត សង្ឃឹមថាយុវជនរបស់យើង រៀនសូត្របានហើយ យើងយកទៅអនុវត្តវាកាន់តែមានប្រសិទ្ធភាព»។
ការលើកឡើងនេះ នៅក្នុងកម្មវិធីបោះជំរំយុវជនស្ដីពី «ការចូលរួមរបស់យុវជនក្នុងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ» រៀបចំដោយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) កាលពីថ្ងៃទី២០ ដល់ទី២៤ ខែតុលា នៅខេត្តកំពង់ស្ពឺ ដែលមានយុវជន មកពីបណ្ដាខេត្តផ្សេងៗចំនួន៨០នាក់ចូលរួម។
កម្មវិធីបោះជំរំនេះមានគោលបំណង ផ្តល់វេទិកាបើកទូលាយសម្រាប់ស្ត្រីនិងយុវជនដើម្បីសិក្សានិងពិភាក្សាអំពីដំណើរការអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ បង្កើនចំណេះដឹងរបស់ស្ត្រី និងយុវជនលើការដឹកនាំប្រកបដោយសុចរិត គណនេយ្យភាព និងតម្លាភាព និងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ពលរដ្ឋនៅក្នុងដំណើរការអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។
យុវជនម្នាក់ទៀត លោក ឌីណា ចាន់ថន លើកឡើងថា បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ជាពិសេសសកម្មជនបរិស្ថាន ដីធ្លី នយោបាយ និង យុវជននៅតែបន្តរឹតត្បិត ពីសំណាក់អាជ្ញាធររដ្ឋាភិបាល លោកស្នើឱ្យរដ្ឋាភិបាល បើកលំហឱ្យយុវជនចូលរួមក្នុងសកម្មភាព សេដ្ឋកិច្ច សង្គម និងនយោបាយឱ្យបានពេញលេញ ដើម្បីទប់ស្កាត់អំពើអយុត្តិធម៌ផ្សេងៗនៅក្នុងសង្គម។
លោក ឌីណា ចាន់ថន៖ «បើសិនជាមិនយើងមានលំហមួយសម្រាប់ពួកគាត់បានសិក្សាស្វែងយល់នោះទេអ៊ីចឹងគាត់រាងពិបាក។ មួយទៀត បើសិនជាមានការសិក្សាហើយ ប៉ុន្តែឱកាសផ្សេងៗដែលពួកគាត់អាចយកទៅអនុវត្តបានជាក់ស្ដែង។ ឧទាហរណ៍នៅក្នុងសហគមន៍របស់ពួកគាត់មានបញ្ហា ហើយពួកគាត់ឃើញបញ្ហាទាំងនោះ គាត់ដឹងថាអ្វីទៅជាមូលហេតុចម្បងដែលបញ្ហានោះកើតឡើង ហើយគាត់អាចធ្វើការតស៊ូមតិ ដើម្បីដោះស្រាយបញ្ហាទាំងនោះ»។
អ្នកឃ្លាំមើលលើកឡើងថា ការដឹកនាំតាមបែបអភិបាលកិច្ចប្រជាធិបតេយ្យ គឺជាការដឹកនាំប្រទេសឆ្ពោះទៅរកភាពរីកចម្រើន និងមានសន្តិភាពពិតប្រាកដ ដោយផ្ដោតទៅលើការគោរពនីតិរដ្ឋ ដើម្បីផ្ដល់យុត្តិធម៌ត្រឹមត្រូវជូនពលរដ្ឋ ប្រកាន់នូវគោលការណ៍តម្លាភាព កាត់បន្ថយអំពើពុករលួយជាប្រព័ន្ធ និងជំរុញឱ្យពលរដ្ឋ ចូលរួមធ្វើសេចក្ដីសម្រេចចិត្តលើគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន លើកឡើងថា បើសិនជារដ្ឋាភិបាលអាណត្តិថ្មីនេះ ពុំមានឆន្ទៈស្ដារ ប្រព័ន្ធយុត្តិធម៌ និងប្រជាធិបតេយ្យឱ្យបានល្អទេនោះ វានឹងជះឥទ្ធិពលមិនល្អដល់សិទ្ធិសេរីភាពយុវជន និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយសារតែការធ្លាក់ចុះនៃការវិនិយោគពីបណ្ដាប្រទេសដែលគាំទ្រសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
បណ្ឌិត ប៉ា ចន្ទរឿន៖ «រដ្ឋាភិបាល ក៏ដូចជាប្រទេសកម្ពុជាយើងអាចនឹងពិបាកសម្រេចគោលដៅ ឬក៏ក្ដីសុបិនទាំងនោះ។ ពីព្រោះថា បើយើងនិយាយភាសាសាមញ្ញ បើសិនជាក្បាលរទេះភ្លើងអូសទៅតែឯង ប៉ុន្តែ ប៉ារ៉ុង(កន្ទុយ)នៅខាងក្រោយនេះមិនបានចូលរួម ឬក៏មិនផ្ដល់ឱ្យកាសឱ្យចូលរួមទេ វាប្រៀបបានទៅនឹងខ្សែរទេះភ្លើងមួយដែលមានតែក្បាលដើរ ឬក្បាលអ្នកទាញ តែកន្ទុយមិនអាចចូលរួមបាន ឬក៏កន្ទុយខ្លះបែកកង់ទៅទៀត ដូច្នេះធ្វើឱ្យដំណើរដឹកនាំនោះ វាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍជាតិយឺតយ៉ាវ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២៦ ខែតុលា ដោយទូរស័ព្ទហៅចូលជាច្រើនដងតែពុំមានអ្នកទទួល។
របាយការណ៍ស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជា (TI) ចេញផ្សាយ កាលពីខែតុលា ឆ្នាំ២០២២ រកឃើញថា យុវជនកម្ពុជា ៨២ភាគរយ មិនសូវចាប់អារម្មណ៍រឿងនយោបាយ ដោយសារតែពួកគេព្រួយបារម្ភពីសុវត្ថិភាព និងយល់ថានយោបាយគឺជារឿងគ្រោះថ្នាក់។ ករណីនេះ អ្នកឃ្លាំមើលលើកឡើងថា ការមិនសូវខ្វល់ខ្វាយរបស់យុវជនរឿងសង្គម និងនយោបាយ ធ្វើឱ្យអ្នកនយោបាយមួយចំនួន ងាយប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។