អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត គួរ​ធ្វើបុណ្យ​តាម​ការ​អត់ឱន​នយោបាយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាល​បាន​ធ្វើ​បុណ្យ​ធំ​បំផុត តាមរយៈ​ការ​រំដោះ​ប្រជាពលរដ្ឋ​ពី​របប​ប្រល័យ​ពូជសាសន៍​។ លោក​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ដឹងគុណ​រដ្ឋាភិបាល​លោក​ថែម​ទៀត​ផង។ ប៉ុន្តែ​អ្នកឃ្លាំមើល​ថា ដរាបណា​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​មាន​និន្នាការ​ប្រឆាំង នៅតែ​បន្ត​រង​ការ​ធ្វើទុក្ខបុកម្នេញ នោះ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត អំពី​ការ​ធ្វើ​នយោបាយ​មានការ​យោគយល់​គ្នា ដោយ​គិត​ពី​បាប​បុណ្យ​នោះ គ្រាន់តែ​ជា​ការ​និយាយ​ឱ្យ​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​ថា ដរាប​ណា​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​មាន​និន្នាការ​ប្រឆាំង នៅតែ​បន្ត​រង​ការ​ធ្វើទុក្ខបុកម្នេញ នោះ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត អំពី​ការ​ធ្វើ​នយោបាយ​មានការ​យោគយល់​គ្នា ដោយ​គិត​ពី​បាប​បុណ្យ​នោះ គ្រាន់តែ​ជា​ការ​និយាយ​ឱ្យ​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ថា លោក ហ៊ុន ម៉ាណែត គួរតែ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​ការប្រកួតប្រជែង​នយោបាយ​ដោយ​ស្មើភាព​គ្នា ជាជាង​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើបាប​សកម្មជន​នយោបាយ ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​។ លោក​បន្ត​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ នៅតែ​បន្ត​រង​ការ​ឈឺ​ចាប់ពី​ការ​បណ្ដេញ​ចេញពី​ដីធ្លី​ដោយ​បង្ខំ ខណៈ​កសិករ​រាប់​លាន​នាក់​នៅតែ​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក បែកបាក់​ក្រុម​គ្រួសារ​ដើម្បី​រក​ប្រាក់​សង​ធនាគារ ដោយសារ​មន្ត្រី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នៅតែ​ប្រព្រឹត្តិ​អំពើពុករលួយ​ជា​ប្រព័ន្ធ​នោះ​លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​បាន​បុណ្យ​កុសល តាមរយៈ​ការដឹកនាំ​របស់​លោក​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «ពីព្រោះ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន របស់​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ហ្នឹង ក៏​វា​មិន​ខុស​ឆ្ងាយ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុន្មាន​ដែរ​។ វា​គ្រាន់តែ​ថា​របប​ខ្មែរក្រហម​ខ្មែរក្រហម​ហ្នឹង ឃើញ​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់ ដោយ​បង្អត់បាយ​ជាក់ស្ដែង​ជាង តែ​បច្ចុប្បន្ន​ហ្នឹង ការ​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ហ្នឹង ក៏​មិន​ជា​ជាង​របប​នោះ​ប៉ុន្មាន​ដែរ គឺ​ត្រកូល​ហ៊ុន និង​បក្ខពួក​របស់​ខ្លួន​ហ្នឹង​ការពារ ថែរក្សា​តែ​អំណាច​របស់​ខ្លួន​ទេ»។

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​បែបនេះ​ធ្វើឡើង​ក្រោយពី​លោក ហ៊ុន ម៉ាណែត ថ្លែង​អះអាង​ថា មូលដ្ឋាន​របស់​រដ្ឋាភិបាល​ធ្វើបុណ្យ​ដំបូង​គេ គឺ​ការ​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​របប​ប្រល័យពូជសាសន៍ និង​ការ​អនុវត្ត​គោល​នយោបាយ​ឈ្នះៗ​។ លោក​បាន​លើក​ឡើង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ចេតិយ​ទី​១ ដែល​តម្កល់​ព្រះ​ត្រៃបិដក​ពី​ថ្មម៉ាប ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​៣០ ខែ​ឧសភា។

លោក ហ៊ុន ម៉ាណែត៖ «អ្វី​ដែល​វា​កើតឡើង​ក្នុង​អតីតកាល​ឱ្យ​វា​បញ្ចប់​ចុះ ឥឡូវ​យើង​រួមគ្នា ដើម្បី​កសាង​ប្រទេស​រួមគ្នា ដោយ​សន្តិភាព នេះ​ហើយ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​។ អ៊ីចឹង​សន្តិភាព​យើង​មានឱកាស​ធ្វើបុណ្យ ប៉ុន្តែ​សន្តិភាព​ក៏​កើតឡើង​ដោយសារតែ​ការអនុវត្ត​គោលនយោបាយ​ដែល​មាន​បុណ្យ ដែល​នាំ​ឱ្យ​មានការ​យោគយល់​គ្នា ដែល​យើង​បន្ត​តទៅ​ទៀត»។

ទោះជា​យ៉ាងណាក្ដី អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ តែង​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ជាក់ស្ដែង ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា លោក ដូមីនីក វីល្លាម

(Dominic Williams) បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ការ​រីក​រាលដាល​បទល្មើស​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ និង​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា នៅពេល​លោក​ជួបពិភាក្សា​ជាមួយ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃទី​៣០ ខែឧសភា​។ លោក ដូ​មីនីក វីល្លាម (Dominic Williams) បាន​ក្រើន​រំឭក​ដល់​លោក ហ៊ុន សែន ថា ការធានា​ឱ្យ​មាន​លំហ​សម្រាប់​សង្គម​ស៊ីវិល និង​មតិ​ចម្រុះ​នៅក្នុង​កិច្ច​សន្ទនា​នយោបាយ គឺ​ជា​រឿង​ចាំបាច់។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ លើកឡើង​ថា ដោយសារតែ​គ្រួសារ​ត្រកូល​ហ៊ុន ដឹកនាំ​ប្រទេស​ដោយ​ការពារ​ក្រុម​ឧកញ៉ា​ហើយ​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​រាប់​ម៉ឺន​នាក់ រងគ្រោះ​ពី​ការ​អភិវឌ្ឍ តាមរយៈ​អាជីវកម្ម​ទុច្ចរិត​របស់​ពួកគេ​នោះ ដូច្នេះ​គ្រួសារ​ត្រកូល​ហ៊ុន នឹង​មិនអាច​ទទួល​បាន​បុណ្យ​កុសល​អ្វី​នោះ​ឡើយ ពោល​គឺ​ទទួល​បាន​បាបកម្ម​ទៅវិញ​ទេ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «គាត់​ដឹកនាំ​ហ្នឹង ដោយ​អំណាច​បក្ខពួក​របស់​គាត់ គាត់​ធ្វើបាប​ប្រជាពលរដ្ឋ​មែនទែន គាត់​គិតតែ​អ្នកមាន គិតតែ​ឧកញ៉ា​ធំៗ​មួយចំនួន​តូច ប៉ុន្តែ​ប្រជាពលរដ្ឋ ទាំង​គណបក្ស​ប្រជាជន​ខ្លួន​គាត់​ផ្ទាល់ ទាំង​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង សង្គម​ស៊ីវិល​អី​ទាំងអស់ គឺ​គាត់​ធ្វើបាប​គេ​ទាំងអស់ ឱ្យ​តែ​នរណា​និយាយ​ចាប់​គេ​ដាក់គុក​ទាំងអស់ អ៊ីចឹង​បាន​ខ្ញុំ​ថា​ឃើញ​លែង​ចាប់ លែង​អីហ្នឹង អាហ្នឹង​បាន​ជោគជ័យ​មែនទែន កិត្តិយស​គាត់​ល្អ​មែនទែន»។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ឃើញ​ថា អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​បាន​ដឹកនាំ​រដ្ឋាភិបាល​ប្រកប​ដោយ​គុណធម៌ ដើម្បី​បាន​ជា​បុណ្យ​កុសល​អ្វី​នោះ​ឡើយ​។ ពួកគេ​ថា​ការដឹកនាំ​រដ្ឋាភិបាល​របស់​ត្រកូល ហ៊ុន គឺ​ដើម្បី​តែ​ភាព​មាន​បាន និង​ក្រាញ​អំណាច​របស់​ខ្លួន​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។