អ្នកឃ្លាំមើល លើកឡើងថា ការតែងតាំងទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ច្រើនស្អេកស្កះនាពេលនេះ ពុំបានជួយឱ្យសេដ្ឋកិច្ចជាតិ និងបញ្ហាក្នុងសង្គមល្អប្រសើរនោះទេ។ ផ្ទុយទៅវិញ ពួកគាត់ថា ការតែងតាំងនេះ ធ្វើឱ្យខ្ជះខ្ជាយថវិកាជាតិ និងអាចបង្កើតទៅជាអំពើពុករលួយ ដោយសារបុគ្គលខ្លះយកតួនាទី ទៅប្រើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ក្រោយពីបានឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភាមក លោក ហ៊ុន សែន នៅតែបន្តតែងតាំងទីប្រឹក្សាឱ្យហែហមលោក ឥតឈប់ឈរ ដែលសឹងតែធ្វើឱ្យតួនាទីមួយនេះ កើតជាវិបត្តិអតិផរណាទីប្រឹក្សា ឬវិបត្តិទីប្រឹក្សាច្រើនហួសហេតុ ដោយមិនចាញ់កូនប្រុសរបស់លោក គឺនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះឡើយ។
ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ លោក ម៉ន ផល្លា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ឧសភា ថា លោកមើលមិនឃើញពីភាពសំខាន់របស់ទីប្រឹក្សាដ៏ច្រើនលើសលប់នេះទេ ក្រៅតែពីការបង្ហិនថវិកាជាតិ ខណៈប្រទេសអភិវឌ្ឍមួយចំនួនហាក់គ្មានការតែងតាំងទីប្រឹក្សាហូរហែដូចកម្ពុជាឡើយ។
លោក ម៉ន ផល្លា៖«មិនត្រឹមតែជាការខ្ជះខ្ជាយថវិកាជាតិប៉ុណ្ណោះទេ មនុស្សមួយចំនួនដែលមានមុខងារដែលមានតួនាទីឋានៈស្មើរដ្ឋលេខាធិការ ស្មើអនុរដ្ឋលេខាធិការ ស្មើរដ្ឋមន្រ្ដីអីទាំងអស់ហ្នឹង តែងតែយកតួនាទីនេះទៅធ្វើបាបប្រជាពលរដ្ឋតាមរយៈការគំរាមកំហែង បំភិតបំភ័យ ឬក៏ប្លន់ដីធ្លីប្រជាពលរដ្ឋទៅវិញនោះទេ មិនបានប្រើនូវតួនាទីនោះក្នុងក្របខ័ណ្ឌបម្រើឱ្យជាតិពិតប្រាកដទេ»។
ការរិះគន់នេះធ្វើឡើង គឺបន្ទាប់ពីបុគ្គល ២០រូបបន្ថែមទៀត ត្រូវបានតែងតាំងធ្វើជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ ក្នុងនោះ បុគ្គលដែលតែងតាំងមានឋានៈស្មើ រដ្ឋលេខាធិការចំនួន ៧រូប អនុរដ្ឋលេខាធិការ ៤រូប មិនមានឋានៈស្មើ និងពុំទទួលប្រាក់បំណាច់មុខងារ តែត្រូវបានហៅឋានៈជា ឯកឧត្ដម លោកជំទាវចំនួន ៨រូប និងម្នាក់ទៀតត្រូវបានហៅឋានៈជា លោកជំទាវ ដោយធ្វើជាទីប្រឹក្សារបស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា។
យ៉ាងណាក៏ដោយចុះ ការតែងតាំងក្រុមឈ្មួញអ្នករកស៊ី និងក្រុមមន្ត្រី ដែលស្និទ្ធនឹងគ្រួសាររបស់លោក ហ៊ុន សែន ឱ្យមានតួនាទីជាទីប្រឹក្សា នេះ បានក្លាយជាទម្លាប់ដ៏សាមញ្ញទៅហើយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយពីរនាក់ឪពុក និងកូនត្រកូលហ៊ុន នេះ។ ប៉ុន្តែ មនុស្សមួយចំនួន ដែលត្រូវបានតែងតាំងទាំងនោះ មិនមែនជាអ្នកមានសមត្ថភាព ឬមានស្នាដៃជួយជាតិនោះទេ ដោយពួកគេមួយចំនួន គឺជាអ្នកវិនិយោគទុច្ចរិត ដែលរកស៊ីបំផ្លាញធនធានធម្មជាតិ និងមិនលើកលែងសូម្បីឧក្រិដ្ឋជន។
ជាឧទាហរណ៍ មេឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើលោក ទ្រី ភាព និងឧក្រិដ្ឋជនចិនម្នាក់ ដែលជាប់ឈ្មោះថា ជាអ្នករកស៊ីបនល្បែងអនឡាញឆ្លងដែនខុសច្បាប់ គឺលោក ចេន ហ្ស៊ី (Chen Zhi) សុទ្ធតែជាទីប្រឹក្សារបស់លោក ហ៊ុន សែន។ មិនខុសគ្នានោះទេ ទណ្ឌិត ដែលជាអតីតអគ្គសេនាធិការរង នៃកងរាជអាវុធហត្ថផ្ទៃប្រទេស លោកស្រី ជា រដ្ឋា ដែលត្រូវសាលាឧទ្ធរណ៍កាត់ទោស ឱ្យជាប់ពន្ធនាគារចន្លោះពី ១៥ឆ្នាំ ទៅដល់ ១៨ឆ្នាំ ពាក់ព័ន្ធករណីវាយប្រហារទឹកអាស៊ីដក្នុងរឿងវិវាទស្នេហា ដែលប្រព្រឹត្តកាលពីខែឧសភា ឆ្នាំ២០០៨ កន្លងទៅ ត្រូវលោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោកដូចគ្នា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យ លោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២ ខែឧសភា។
ទាក់ទិនរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា គឺជារឿងធម្មតាទៅហើយ ដែលរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បង្កើនចំនួនកៅអី សម្រាប់ចែកឱ្យសមាជិក ឬអ្នកដែលស្មោះស្ម័គ្រជាមួយបក្សកាន់អំណាច។
លោក ប៉ែន បូណា៖«ខ្ញុំនៅតែយល់ថាការតែងតាំងទីប្រឹក្សានេះ ភាគច្រើនគឺជាការខាតបង់ គឺការចំណាយប្រាក់ខុសគោលដៅ ទីប្រឹក្សាច្រើនពេកតែទីប្រឹក្សាមួយចំនួនមិនមានសមត្ថភាពគ្រប់គ្រាន់អីអ៊ីចឹង គ្រាន់តែតែងតាំងដើម្បីបានតួនាទី និងផលប្រយោជន៍មួយចំនួនសម្រាប់តែពួកគាត់»។
កាលពីថ្ងៃទី៤ ខែមេសា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា សម្រាប់ប្រធានព្រឹទ្ធសភា ដែលទើបឡើងកាន់តំណែងចំនួន ៧៣នាក់ តាមការស្នើរបស់លោក ហ៊ុន សែន។
អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល បារម្ភថា ការតែងតាំងទីប្រឹក្សាថ្នាក់ដឹកនាំធំៗ ច្រើនស្អេកស្កះបែបនេះ គឺជាការបង្ហិនថវិកាជាតិ និងអាចធ្វើឱ្យសង្គមកាន់តែប្រឈមនឹងបញ្ហាអំពើពុករលួយ ដោយសារបុគ្គលខ្លះ យកតួនាទី ទៅប្រើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគាត់ថា ថ្នាក់ដឹកនាំ គួរចម្រាញ់យកមនុស្សដែលមានសមត្ថភាពពិតប្រាកដ និងគិតប្រយោជន៍ជាតិជាធំមកធ្វើជាទីប្រឹក្សា ទើបមានប្រយោជន៍ដល់សង្គមជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។