អ្នកវិភាគជំរុញទៅអ្នកនយោបាយ ជាពិសេស គណបក្សកាន់អំណាចគួរយកគំរូ និងអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក សម្រាប់ដឹកនាំប្រទេស និងរៀបចំការប្រកួតប្រជែងដណ្ដើមអំណាចដោយយុត្តិធម៌។ ទោះជាយ៉ាងណាក្ដី មន្ត្រីបក្សកាន់អំណាច ឆ្លើយតបថា គណបក្សកាន់អំណាចមានរបៀបដឹកនាំប្រទេសរបស់ខ្លួនរួចហើយ និងអួតអាងថា ប្រទេសកម្ពុជា អាចរៀបចំព្រះរាជពិធីបុណ្យអុំទូក បាននៅពេលនេះ ព្រោះប្រទេសមានសុខសន្តិភាព។
អ្នកវិភាគនយោបាយ ថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក ដែលពលរដ្ឋខ្មែរកំពុងអបអរនៅពេលនេះ បានបង្កប់គំរូល្អសំខាន់ពីរយ៉ាងដល់អ្នកនយោបាយ ដែលគួរអនុវត្តតាមគឺ សាមគ្គីជាកម្លាំង មានសាមគ្គី ទើបមានជ័យជម្នះ និងចំណុចសំខាន់មួយទៀតគឺ ការប្រកួតដោយយុត្តិធម៌ ហើយចប់ការប្រកួតអ្នកឈ្នះ និងអ្នកចាញ់ នៅតែរាប់អានគ្នា និងមិនយកគ្នាធ្វើជាសត្រូវ។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា អ្នកប្រណាំងទូក ប្រឹងប្រែងប្រកួតប្រជែង ដើម្បីទទួលជ័យជំនះ ចំណែកអ្នកនយោបាយ ក៏ប្រឹងប្រើគំនិត និងយុទ្ធសាស្ត្រ យកមកប្រកួតប្រជែង ដើម្បីឈ្នះការបោះឆ្នោតដឹកនាំប្រទេសដែរ។ លោកបន្តថា ការប្រកួតប្រជែងរបស់អ្នកនយោបាយ ហាក់មិនបានធ្វើឡើងដោយយុត្តិធម៌ ដូចការប្រណាំងទូកនោះឡើយ។ អ្នកវិភាគនយោបាយ ជើងចាស់រូបនេះ ជំរុញអ្នកនយោបាយ ជាពិសេស គណបក្សកាន់អំណាចគួររៀបចំការបោះឆ្នោតដោយ រក្សាគុណតម្លៃយុត្តិធម៌។
បណ្ឌិត ឡៅ ម៉ុងហៃ៖«ទូកគេប្រណាំងហ្នឹងប្រណាំងគឺ ដោយយុត្តិធម៌។ មានន័យថា ទៅតាមកម្លាំងទៅតាមការរៀបចំរបស់គេ ទូកមួយៗ ហ្នឹង សូម្បីគូប្រកួតប្រជែងពីរ ទូកពីរ ក៏គេអត់ឱ្យប៉ះទង្គិចគ្នា ឬមួយទៅខាខាំងមួយទៀតទេ»។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយមួយរូបទៀត លោក គឹម សុខ លើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក មានតម្លៃមហាសាល ដែលបង្ហាញអំពីគំរូសាមគ្គី និងការប្រកួតប្រកបដោយយុត្តិធម៌នៃកីឡាប្រពៃណីនេះ។ លោកបន្តថា ប្រសិនបើអ្នកនយោបាយ យកគុណតម្លៃនៃពិធីបុណ្យអុំទូកធ្វើជាគំរូអនុវត្តន៍ នឹងធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនរុងរឿង។ ទោះយ៉ាងណាក្ដី លោក គឹម សុខា សោកស្ដាយ ព្រោះលោកថា គណបក្សកាន់អំណាចមិនបានយកពិធីបុណ្យនេះធ្វើជាគំរូ ដើម្បីរៀបចំការប្រកួតប្រជែងដោយយុត្តិធម៌នោះទេ ប៉ុន្តែគណបក្សនេះ គ្រាន់តែយកពិធីបុណ្យប្រពៃណីមួយនេះ ដើម្បីកេងចំណេញនយោបាយទៅវិញ។
លោក គឹម សុខ៖«ដោយមានរូបភាពបង្រួបបង្រួមផ្សះផ្សាគ្នាប្រកួតគ្នាដោយយុត្តិធម៌ ទើបថ្លៃថ្នូរទៅកើត។ ប៉ុន្តែ និយាយដដែលៗ ថា សោកស្ដាយណាស់ ដែលគណបក្សប្រជាជនកម្ពុជា និងពួកអ្នកមានអំណាច បែរជាយកពិធីហ្នឹង គ្រាន់តែជា ដើម្បីមុខមាត់ស្លៀកពាក់បង្ហាញប្រជាពលរដ្ឋ ហើយយកទៅថតដាក់ខ្សែវីដេអូរបស់ពួកគេ ផ្សាយបំភ័ន្តមហាជន»។
ពលរដ្ឋកម្ពុជា កំពុងអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រារព្ធនៅរាជធានីភ្នំពេញ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។ ពិធីនេះ ជាទំនៀមទម្លាប់របស់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃ ពិធីបុណ្យនេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ ជាច្រើនទៀត។
ទាក់ទងការលើកឡើងរបស់អ្នកវិភាគនៅពេលនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បកស្រាយដដែលៗ ថា ការបោះឆ្នោតកន្លងទៅនេះ ធ្វើឡើងដោយត្រឹមត្រូវសេរី និងយុត្តិធម៌។ លោកអះអាងទៀតថា គណបក្សរបស់លោក មិនបានយកពិធីបុណ្យនេះ ធ្វើជាគំរូនោះទេ ដោយលោកថ្លែងអួតអាងថា រដ្ឋាភិបាល អាចរៀបចំព្រះរាជពិធីនេះបាន ព្រោះតែប្រទេសកម្ពុជា មានសន្តិសុខពេញលេញ។
លោក សុខ ឥសាន៖«មហាជនប្រជាជនកម្ពុជាភាគច្រើនលើសលប់ ជាង ៨០ភាគរយជាង គេរួបរួមសាមគ្គីគ្នា មានតែក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចទេតើ ដែលមិនរួបរួម ហើយចេះឱ្យគំរូនេះគំរូនោះ។ ឥឡូវនេះ បើគាត់ថា អុំទូកជាគំរូល្អ ឱ្យគាត់យកគំរូហ្នឹងទៅ»។
ជុំវិញរឿងនេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន រិះគន់ថា ប្រទេសកម្ពុជា ថ្វីបើមើលតែសំបកក្រៅមានសន្តិភាពក្ដី តែសន្តិភាពនេះ មានតែសម្រាប់ក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ។ លោកបន្តថា សន្តិភាព ដែលពលរដ្ឋទូទៅចង់បានគឺ សន្តិភាពផ្លូវចិត្ត សន្តិភាពផ្លូវកាយ និងយុត្តិធម៌សង្គម។
លោក រ៉ុង ឈុន៖«បើយើងមិនទិដ្ឋភាពរូបភាពខាងក្រៅហាក់បីដូចជាសន្តិភាព តែបើយើងពិនិត្យមើលផ្លូវចិត្ត និងរាងកាយប្រជាពលរដ្ឋ មិនទាន់មានសន្តិភាពពេញលេញទេ ហើយមួយទៀត ទាក់ទងយុត្តិធម៌សង្គមដែរ សន្តិភាពទាល់តែមានយុត្តិធម៌សង្គម មានធាតុផ្សំច្រើនណាស់ ពាក្យថា សន្តិភាពហ្នឹងបាទ»។
គណបក្សប្រជាជនបានរៀបចំការបោះឆ្នោតពីរអាណត្តិជាប់គ្នា ដោយរារាំងមិនឱ្យគណបក្សប្រឆាំងចូលរួមប្រកួតប្រជែង គឺការរំលាយគណបក្សសង្គ្រោះជាតិមុនការបោះឆ្នោត ឆ្នាំ២០១៨ និងការហាមឃាត់គណបក្សភ្លើងទៀន មិនឱ្យចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ។ សព្វថ្ងៃរដ្ឋាភិបាលដឹកនាំដោយបក្សឈ្នះឆ្នោត ដោយគ្មានបក្សប្រឆាំងចូលរួមនេះ កំពុងជាប់ទណ្ឌកម្ម និងការរិះគន់ពីក្រុមប្រទេសលោកសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។