ប្រធានគណបក្សថ្មីមួយដែលមេដឹកនាំគណបក្សនេះជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន កំពុងស្វែងរកការគាំទ្រពីពលរដ្ឋ។ អ្នកវិភាគនយោបាយថា ប្រសិនបើ ការបង្កើតគណបក្សថ្មីរបស់អតីតមន្ត្រីគណបក្សភ្លើងទៀនឈរលើគោលការណ៍ផ្ដល់ជម្រកដល់អ្នកប្រជាធិបតេយ្យពិតប្រាកដមែននោះ នឹងទទួលបានការគាំទ្រពីពលរដ្ឋ។
គណបក្សនយោបាយថ្មីឈ្មោះកម្លាំងជាតិ ដែលបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន រំពឹងថា គណបក្សនេះនឹងក្លាយជាជម្រកថ្មីរបស់មន្ត្រី ឬអ្នកគាំទ្រគណបក្សភ្លើងទៀន ប្រសិនបើគណបក្សភ្លើងទៀន មិនអាចបន្តដំណើរទៅមុខទៀតបាន។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ឱ្យវិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែតុលាថា ពេលនេះលោកកំពុងចុះមូលដ្ឋាន ដើម្បីរៀបចំរចនាសម្ព័ន្ធគណបក្សថ្នាក់ជាតិ។ លោកបន្តថា ក្រោយរៀបចំរចនាសម្ព័ន្ធរួចហើយ គណបក្សរបស់លោក នឹងធ្វើសមាជដើម្បីជ្រើសរើសថ្នាក់ដឹកនាំគណបក្សទូទាំងប្រទេស។ អតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន រូបនេះ បញ្ជាក់ថា មូលហេតុដែលលោកចេញមកបង្កើតគណបក្សថ្មីនៅពេលនេះ ព្រោះលោកមើលឃើញថា គណបក្សភ្លើងទៀន មិនអាចចូលរួមការបោះឆ្នោតនៅពេលខាងមុខបានឡើយ ដូច្នេះលោករំពឹងថា គណបក្សរបស់លោកនឹងក្លាយជាម្លប់ដល់ក្រុមអ្នកប្រជាធិបតេយ្យអាចបន្តដំណើរទៅមុខទៀតបាន។ លោកអះអាងថា បើទោះជាគណបក្សរបស់លោកថ្មីក្ដី ប៉ុន្តែ ទទួលបានការចាប់អារម្មណ៍ច្រើនពីពលរដ្ឋ។
លោក ស៊ុន ចន្ធី៖ «ត្រូវតែបង្កើតគណបក្សប្រជាធិបតេយ្យថ្មីមួយដើម្បីឱ្យកម្លាំងអ្នកប្រជាធិបតេយ្យពិតប្រាកដ កម្លាំងអ្នកស្នេហាជាតិពិតប្រាកដកម្លាំងអ្នកដែលមានភាពក្លាហានហ៊ានតស៊ូលះបង់ឋានៈតួនាទីបានទៅចូលរួមដំណើរជាមួយគណបក្សកម្លាំងជាតិ ដែលជាគណបក្សថ្មីហ្នឹងដើម្បីស្ដារដំណើរលទ្ធិប្រជាធិបតេយ្យជំរុញឱ្យមានការគោរពសិទ្ធិមនុស្សឱ្យមានយុត្តិធម៌សង្គមពិតប្រាកដ»
លោក ស៊ុន ចន្ធី ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជាអគ្គលេខាធិការរងគណបក្សភ្លើងទៀន។ ក្រសួងមហាផ្ទៃបានទទួលស្គាល់គណបក្សរបស់ជាផ្លូវការ កាលពីថ្ងៃទី១២ ខែតុលា។ គណបក្សកម្លាំងជាតិ មានរូបសញ្ញាអំពូលភ្លើងមានពន្លឺ។ វត្តមានគណបក្សថ្មី នៃអតីតមន្ត្រីគណបក្សភ្លើងទៀននៅពេលនេះ កើតឡើងស្របពេលដែលគណបក្សភ្លើងទៀន បានចងសម្ព័ន្ធនយោបាយជាមួយគណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។ ជុំវិញការចងសម្ព័ន្ធភាពរបស់គណបក្សភ្លើងទៀននេះ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ថាលោកចូលរួមអបអរដែលគណបក្សភ្លើងទៀនទទួលបានសម្ព័ន្ធមិត្ត ប៉ុន្តែលោកថា ចំពោះរូបផ្ទាល់នៅពេលនេះ លោកមិនទាន់មានគម្រោងចូលរួមជាសម្ព័ន្ធមិត្តជាមួយគណបក្សភ្លើងទៀននៅឡើយទេ ព្រោះពេលវេលា នៅវែងឆ្ងាយតទៅទៀត សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។
ទាក់ទងរឿងនេះដែរ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា ការបង្កើតគណបក្សនយោបាយជាសិទ្ធិនយោបាយរបស់ពលរដ្ឋ។ ទោះយ៉ាងណា លោក រស់ សុដ្ឋា ចង់ឃើញមន្ត្រីគណបក្សភ្លើងទៀន គួររួមគ្នារកដំណោះស្រាយតាមផ្លូវច្បាប់ឱ្យអស់លទ្ធភាពជាសិនមុន ដើម្បីទាមទារឱ្យគណបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោត មុននឹងពួកគេចេញទៅបង្កើតបក្សថ្មី។
លោក រស់ សុដ្ឋា៖ «បើសិនជាខ្ញុំវិញ ខ្ញុំមិនសូវជាគិតរឿងអស់អ៊ីចឹងទេ គឺត្រូវគិតវិធីដែលថា នៅពេលដែលខ្លួនមិនត្រូវអនុញ្ញាតចូលរួមការបោះឆ្នោត ឬក៏ត្រូវរងការរឹតត្បិតក្នុងការចូលរួមក្នុងការចូលរួមការបោះឆ្នោតត្រូវធ្វើយ៉ាងម៉េចវិញជារឿងសំខាន់ដែលគណបក្សណាមួយដែលចង់ប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា គឺត្រូវគិតគូរ»។
ជុំវិញវត្តមានគណបក្សដែលកើតចេញពីអតីតមន្ត្រីគណបក្សភ្លើងទៀននេះដែរ អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា នេះអាចយុទ្ធសាស្ត្ររបស់គណបក្សភ្លើងទៀនដើម្បីអាចបានចូលរួមការបោះឆ្នោតខាងមុខ។ លោក គឹម សុខ យល់ថា ប្រសិនបើគណបក្សថ្មីនេះ កើតចេញពីយុទ្ធសាស្ត្ររួមរបស់អ្នកប្រជាធិបតេយ្យ ឬគណបក្សភ្លើងទៀនមែននោះ គណបក្សនេះនឹងទទួលទទួលបានគាំទ្រពីពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញ បើសិនជាការបង្កើតគណបក្សថ្មីនេះ គ្រាន់តែជាការស្វែងរកលាភសក្ការៈបុគ្គល គណបក្សនោះ នឹងពិបាកទទួលបានការគាំទ្រពីពលរដ្ឋណាស់។
លោក គឹម សុខ៖ «តាមខ្ញុំយល់ អ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀនមកដល់ពេលនេះទំនងជាមានយុទ្ធសាស្ត្រប្លែកៗនៅក្នុងការបើកឱកាសរបស់ខ្លួនប្រកួតប្រជែងទល់នឹងគណបក្សប្រជាជនកម្ពុជា ហើយរឿងទាំងនេះពិបាកនិយាយថា ខុសឬត្រូវណាស់នៅពេលហ្នឹងសំខាន់អ្នកនយោបាយទាំងអស់ហ្នឹងចេះរៀបប្រជាធិបតេយ្យក្នុងផ្ទៃក្នុងរបៀបណាក្នុងការរកឱកាសប្រកួតប្រជែងឱ្យបាន»។
គណបក្សភ្លើងទៀនដែលមានពលរដ្ឋបោះឆ្នោតគាំទ្រជិត២លាននាក់ និងមានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាងពីរពាន់ទូទាំងប្រទេស ក្នុងការបោះឆ្នោតកាលពី២០២២កន្លងទៅ ត្រូវបានគ.ជ.ប ហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា និងប្រឈមការមិនអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតនានានៅពេលខាងមុខទៀត ប្រសិនបើគណបក្សនេះ នៅតែមិនមានលិខិតចុះបញ្ជីច្បាប់ដើមដដែល។ ទោះយ៉ាងណា គណបក្សភ្លើងទៀនប្រកាសកាលពីថ្ងៃទី២០ ខែតុលាថា គណបក្សនេះនឹងជ្រើសរើសយកគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួនណាមួយដើម្បីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។