មតិពលរដ្ឋជុំវិញការបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៥
2022.06.06
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា យល់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា/ឃុំសង្កាត់អាណត្តិទី៥ នេះថា មិនឆ្លុះបញ្ចាំង ពីឆន្ទៈនយោបាយរួម របស់ពលរដ្ឋនោះទេ។ ពលរដ្ឋមួយចំនួនបង្ខំចិត្តទៅបោះឆ្នោត ព្រោះខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងពលរដ្ឋខ្លះទៀត មិនបានទៅបោះឆ្នោត ដោយសារអត់មានវត្តមានគណបក្សសង្គ្រោះជាតិ។
ពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី បានហៅការបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៥ នេះថា ដើម្បីលម្អសួនប្រជាធិបតេយ្យ ដែលរៀបចំដោយអ្នកនយោបាយកាន់អំណាចតែប៉ុណ្ណោះ ព្រោះដំណើរការនៃការបោះឆ្នោត គឺចាញ់ប្រៀបគណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព។
ពលរដ្ឋរស់នៅស្រុកអង្គរធំ ខេត្តសៀមរាប លោក សឿន វ៉ាន់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ មិថុនាថា លោកខាំមាត់សង្កត់ចិត្តមិនទៅបោះឆ្នោតនៅអាណត្តិនេះ ព្រោះខ្វះវត្តមានគណបក្សសង្គ្រោះជាតិ។ លោកសង្កេតឃើញថា មុនពេលបោះឆ្នោត អាជ្ញាធរបក្សកាន់អំណាច បានដើរគំរាមកំហែងពលរដ្ឋតាមផ្ទះ បង្ខំឱ្យចូលសមាជិកបក្សរបស់គេ ប្រសិនបើពលរដ្ឋមិនអនុវត្តតាមទេ នឹងប្រឈមបញ្ហាផ្សេងៗ ហើយគេមិនដោះស្រាយឱ្យ។
លោកបញ្ជាក់ថា ពលរដ្ឋស្លូតត្រង់ បង្ខំចិត្តទៅបោះឆ្នោត ដើម្បីបង្គ្រប់កិច្ចផ្គាប់ចិត្តអាជ្ញាធរ ព្រោះអាជ្ញាធរបានកំណត់អត្តសញ្ញាណ ពលរដ្ឋណាគាំទ្របក្សកាន់អំណាច ឬមិនគាំទ្ររួចហើយ។ លោកសង្កត់ធ្ងន់ថា មូលហេតុដែលលោក មិនចូលរួមបោះឆ្នោត ដោយសារមិនទុកចិត្ត គ.ជ.ប និងខ្វះវត្តមានគណបក្សសង្គ្រោះជាតិ ដែលមានកម្លាំងនយោបាយ ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាច៖ «ពិបាកចិត្តណាស់ បោះឆ្នោតនេះ វាមិនទុកចិត្ត វាមិនទុកចិត្តខ្ញុំថា មិនបានចូលរួមបោះនេះ អត់មានច្បាប់ទម្លាប់ បើកសិទ្ធិសេរីភាពឱ្យប្រជាជនទូលំទូលាយ។ បើកតូចណាស់ បើកប៉ុនសំបកលៀស សឹងតែមិនហ៊ាននិយាយធ្វើអីទេ ខ្លាចគេ។ អត់មានគណបក្សសង្គ្រោះជាតិចូលរួម ខ្ញុំអត់បោះទេ អត់មានអន្តរជាតិទទួលស្គាល់»។
រីឯពលរដ្ឋរស់នៅរាជធានីភ្នំពេញ មើលឃើញថា គណបក្សប្រជាជនកម្ពុជា បានដឹងច្បាស់ថា គណបក្សភ្លើងទៀន ពុំមានកម្លាំងនយោបាយស្មើនឹងខ្លួននោះទេ ទើបបណ្ដោយឱ្យគណបក្សនេះធ្វើសកម្មភាពឃោសនា ដោយពុំសូវមានការរារាំង និងគំរាមកំហែង។ ពួកគេអះអាងថា ថ្វីបើសេណារីយោ គណបក្សភ្លើងទៀន បានស្រូបចំហាយពីគណបក្សសង្គ្រោះជាតិក្ដី ប៉ុន្តែក្បាលម៉ាស៊ីនគណបក្សនេះ មិនទាន់ធ្ងន់ ដើម្បីទប់ទល់នឹងគណបក្សកាន់អំណាចបានទេ។
យុវតីរស់នៅរាជធានីភ្នំពេញ កញ្ញា ខាត់ ឆវី មើលឃើញថា ការបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៥ នេះ មិនសូវខុសគ្នា នឹងការបោះឆ្នោតតំណាងរាស្ត្រ កាលពីឆ្នាំ២០១៨ នោះទេ។ កញ្ញាថា គណបក្សប្រជាជនកម្ពុជាបានដឹងមុនច្បាស់ថា ខ្លួនឈ្នះការបោះឆ្នោតនេះរួចហើយ ខណៈដែលពលរដ្ឋនៅតែស្ទាក់ស្ទើរមិនទាន់ទុកចិត្តគណបក្សភ្លើងទៀននៅឡើយ។ កញ្ញាសង្កត់ធ្ងន់ថា ប្រសិនបើកម្លាំងនយោបាយគណបក្សភ្លើងទៀន ខ្លាំងដូចគណបក្សសង្គ្រោះជាតិ គេនឹងមិនទុកឱ្យគណបក្សនេះ ធ្វើនយោបាយទេ ហើយអាចនឹងរកលេសរម្លាយចោលទៀតផង៖ «គេដឹងតែបក្សភ្លើងទៀន ខ្លាំងដូចគណបក្សសង្គ្រោះជាតិមែន គេអត់ទុកឱ្យនៅធ្វើអ៊ីចឹងទេ។ គេដឹងលទ្ធផលអស់ហើយ បើគេនេះ គេមិនហ៊ានឱ្យសាកកម្លាំងជាមួយគេទេ។ ប្រជាពលរដ្ឋភាគច្រើន គាត់ចេះតែបោះឆ្នោតទៅ»។
ចំណែកឯពលរដ្ឋនៅខេត្តមណ្ឌលគិរីឯណោះវិញ នៅក្នុងសង្កាត់ឡៅកា ក្រុងសែនមនោរម្យ អត់មានគណបក្សភ្លើងទៀនដាក់បេក្ខភាពប្រកួតប្រជែងការបោះឆ្នោតឃុំ/សង្កាត់នេះទេ។ ជនជាតិដើមភាគតិចព្នង ចាត់ទុកអវត្តមានគណបក្សប្រឆាំងនៅមូលដ្ឋាន នឹងបើកដៃឱ្យអាជ្ញាធរបក្សកាន់អំណាច ជិះសេះលែងដៃ មិនខ្វល់ពីទុក្ខវេទនា និងបញ្ហាប្រឈមរបស់ពលរដ្ឋ។
ពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ណាវី សង្កេតឃើញថា អាជ្ញាធរឃុំ សង្កាត់ស្ទើរតែទាំងអស់ សុទ្ធតែមន្ត្រីគណបក្សកាន់អំណាច គ្មានគណបក្សប្រឆាំងថ្នាក់មូលដ្ឋានទេ។ លោកស្រីថា ប្រការនេះនឹងបង្កការលំបាកដល់ពលរដ្ឋក្នុងការស្វែងរកយុត្តិធម៌។ លោកស្រីថា អាជ្ញាធរភូមិ/ឃុំ មកពីគណបក្សកាន់អំណាច មិនសូវខ្វល់ពីក្ដីកង្វល់របស់ពលរដ្ឋនោះទេ ពោលគឺ លម្អៀងទៅខាងក្រុមហ៊ុនឯកជន ក្នុងរឿងជម្លោះដីធ្លី។
លោកស្រីបារម្ភថា អាណត្តិទី៥ នេះ ខ្វះវត្តមានគណបក្សប្រឆាំង ពលរដ្ឋនឹងជួបការលំបាកកាន់តែខ្លាំងក្នុងរឿងដីធ្លី និងការបាត់បង់ព្រៃឈើ៖ «គេមិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋទេ គេថា នឹងធ្វើប្លង់ដី តាមពិតដល់ពេលយើងទាមទារ យើងមិនអាចទេ គេមិនធ្វើឱ្យយើងទេ។ គេដឹងថា គេឈ្នះ ១០០ភាគរយ គេឯករាជ្យ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បាននៅឡើយទេ នៅថ្ងៃទី៦ មិថុនា។ រីឯអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ប៉ុន្តែ លោក ហង្ស ពុទ្ធា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា គ.ជ.ប បានបំពេញតួនាទី និងភារកិច្ច ប្រកបដោយអព្យាក្រឹត្យ តម្លាភាព និងយុត្តិធម៌។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស ពន្យល់ថា ការសម្រេចចិត្តទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត ជាសិទ្ធិរបស់ពលរដ្ឋនៅប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ លោកថា ប្រសិនបើពលរដ្ឋទៅបោះឆ្នោត ដោយមានការបង្ខំ និងជំរុញដោយប្រការណាមួយ គឺជាទង្វើមិនត្រឹមត្រូវតាមច្បាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។