មន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋលើកឡើងថាសារនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចង់ឱ្យកម្ពុជាមានឯកភាពផ្ទៃក្នុងជាតិជាបន្តបន្ទាប់មកនេះ មិនឆ្លុះបញ្ចាំងនឹងទង្វើជាក់ស្ដែងរបស់លោក និងឪពុកគឺលោក ហ៊ុន សែន ដែលបានគំរាមកំហែង និងធ្វើបាបអ្នកមាននិន្នាការផ្ទុយ។ ពួកគាត់យល់ថា មេដឹកនាំកម្ពុជាអាចជួបវាសនាដូចមេដឹកនាំផ្ដាច់ការនៅប្រទេសបង់ក្លាដេស្ហដែរ បើសិនមេដឹកនាំសព្វថ្ងៃមិនងាកទៅដោះស្រាយបញ្ហានយោបាយ ប្រជាធិបតេយ្យ និងជីវភាពពលរដ្ឋឱ្យទាន់ពេលនោះទេ។
មន្ត្រីគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួនលើកឡើងថា ខ្មែរអាចឯកភាព និងរស់នៅសុខដុមរមនាជាមួយគ្នាបាន លុះណាមេដឹកនាំក្រុងភ្នំពេញ គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត លុបបំបាត់ចោលនយោបាយគំរាមកំហែង ចាត់ទុកខ្មែរធ្វើជាសត្រូវ។ ពួកគាត់ក៏ចង់ឃើញរដ្ឋាភិបាលត្រូវស្ដារប្រជាធិបតេយ្យ បើកលំហសេរីភាពពលរដ្ឋ នយោបាយ ឱ្យប្រសើរឡើងវិញ ដើម្បីផលចំណេញទាំងសេដ្ឋកិច្ច និងការរីកចម្រើនសម្រាប់ប្រទេស ជាជាងគិតគូរប្រយោជន៍គ្រួសារ បក្ខពួកក្នុងការរក្សាអំណាចនាំឱ្យជាតិកាន់តែអាប់ឱនថែមទៀត។
មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ លោក ម៉ន ផល្លា ប្រាប់វិទ្យុអាស៊ីសេរីថា ការណ៍ ដែលលោក ហ៊ុន ម៉ាណែត លើកឡើងសារនយោបាយផ្សះផ្សា និងការបង្រួបបង្រួមជាតិ ទំនងបង្កប់កលល្បិចក្នុងចេតនាចង់ស្អំចិត្តមហាជន កុំផ្ទុះកំហឹងចេញតវ៉ាប្រឆាំងតាមដងផ្លូវ ពាក់ព័ន្ធបញ្ហាតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV) រួមជាមួយរឿងអយុត្តិធម៌ជាច្រើនទៀត នៅក្នុងសង្គម ដើម្បីបញ្ចៀសហានិភ័យដល់អំណាចត្រកូល ហ៊ុន ស្របពេលពលរដ្ឋនៅប្រទេសបង់ក្លាដេស្ហ ផ្ដួលមេដឹកនាំផ្ដាច់ការដោយជោគជ័យ។ លោក ម៉ន ផល្លា ថា វាមិនហួសពេលទេសម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កែលម្អវិបត្តិនយោបាយ និងសង្គមដើម្បីជាតិខ្មែរ។
លោក ម៉ន ផល្លា៖«លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាសូមឱ្យមានជាតិនិយម សូមឱ្យមានការឯកភាពជាតិ មែនទែនទៅខ្ញុំថាការយល់បែបនេះជារឿងល្អ ដើម្បីឱ្យជាតិរឹងមាំ កុំឱ្យនិយាយផ្សេងតែការអនុវត្តន៍ផ្សឹង ដូច្នេះខ្ញុំយល់ថាលោក ហ៊ុន ម៉ាណែត លើកឡើងគ្រាន់តែជាការសម្ដែងលួងចិត្តមហាជនដែលមិនសប្បាយចិត្តពាក់ព័ន្ធនឹងអាយុជីវិតប្រទេសជាតិ ជាពិសេស ខេត្ត៤ ដែលដាក់ទៅអភិវឌ្ឍនៃប្រទេសទាំងបីនោះ បាទ!»។
ចំណែកយុវជនសង្គម កញ្ញា រៀម ស្រីពេជ្ររតនា ប្រាប់ថា កញ្ញាទើសចិត្តនៅពេលស្ដាប់មេដឹកនាំ និយាយអួតថាប្រទេសមានសន្តិភាព និងការផ្សះផ្សាជាតិ ពីព្រោះយុវជន និងពលរដ្ឋដែលអនុវត្តសិទ្ធិសេរីភាព និងឈឺឆ្អាលរឿងសង្គមត្រូវអាជ្ញាធររដ្ឋាភិបាលលាបពណ៌ តាមដាន និងចោទប្រកាន់ដាក់ពន្ធនាគារឥតឈប់ឈរ ចំណែកពលរដ្ឋរងគ្រោះដីធ្លីរងទឹកភ្នែករាល់ថ្ងៃ។
កញ្ញា រៀម ស្រីពេជ្ររតនា៖«នៅពេលសង្គមមួយចង់បានឯកភាព ទាមទារឱ្យមានការចូលរួមរបស់ពលរដ្ឋ ឬការយល់ពីគ្នា ដោយកុំឱ្យមានបក្ខពួក ប៉ុន្តែខ្ញុំអត់ទាន់មើលឃើញផ្លូវប្រទេសរបស់យើងអាចឯកភាពជាតិបានទេ ដោយសារទង្វើអាជ្ញាធរប្រឆាំងរាល់ថ្ងៃ នៅពេលប្រជាជន យុវជនព្យាយាមអនុវត្តសិទ្ធិរបស់ខ្លួន ស្វែងយល់ពីសង្គមជាតិ គ្រាន់តែដាក់ជាសំនួរ ឆ្ងល់ ព្រួយបារម្ភពីសង្គមខ្លួនឯង តែពួកគាត់បែរជាមានឈ្មោះជាជនប្រឆាំង ហើយទទួលរងការគាបសង្កត់ច្រើន»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានឯកភាពជាតិក្នុងស្មារតីជាតិនិយម និងដើម្បីឧត្ដមប្រយោជន៍ជាតិខ្មែរ ដោយលោកថា ការបែកបាក់ក្នុងប្រវត្តិសាស្ត្រកន្លងមកមិនផ្ដល់ផលចំណេញដល់ប្រទេសជាតិទេ។
លោក ហ៊ុន ម៉ាណែត៖«ឈាម និងទឹកភ្នែករាប់មិនអស់ទៅហើយ បានស្រក់លើទឹកដីដ៏កម្សត់មួយនេះ ដូច្នេះយើងគប្បីចងចាំមេរៀនប្រវត្តិសាស្ត្រនេះថា កាលណាខ្មែរបាត់បង់សាមគ្គីភាព និងការឯកភាពជាតិ ហើយខ្វះស្មារតីជាតិនិយម និងមិនតម្កល់ឧត្ដមប្រយោជន៍ជាតិជាធំ ខ្មែរតែងតែរងគ្រោះ និងអន្តរាយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងបែបនេះហាក់មិនឆ្លុះបញ្ចាំងនឹងទង្វើរបស់លោក និងឪពុកគឺលោក ហ៊ុន សែន កំពុងក្ដោបក្ដាប់អំណាចពេញដៃ ទាំងផ្ទៃក្នុងបក្សកាន់អំណាច និងស្ថាប័នជាតិ បានប្រើអំណាចធ្វើទុក្ខបុកម្នេញ បំបិទសំឡេងរិះគន់ឥតស្រាកស្រាន្ត។
ជាឧទាហរណ៍ លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២ ខែសីហា បានព្រមានបើពលរដ្ឋខ្មែរណាហ៊ានចេញធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ ប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម នោះនឹងប្រឈមបាត់បង់ជីវិតច្រើនដូចនៅប្រទេសបង់ក្លាដេស្ហ (Bangladesh)។
មិនខុសគ្នានោះទេ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា លោកបានឆ្លើយតបក្នុងវីឌីអូ ទៅនឹងការរិះគន់របស់ពលរដ្ឋ ជុំវិញគម្រោងអភិវឌ្ឍន៍រួមគ្នាលើតំបន់ត្រីកោណពិសេស ថា លោកត្រូវតែតាមកម្ទេច និងធ្វើទុក្ខបុកម្នេញ ចាប់ដាក់គុកដល់បុគ្គលទាំងឡាយណា ដែលរិះគន់រដ្ឋាភិបាល ជុំវិញគម្រោងអភិវឌ្ឍន៍រួមគ្នាលើតំបន់ត្រីកោណពិសេស។ ករណីនេះ ធ្វើឱ្យពលរដ្ឋភាគច្រើន យល់ឃើញថាកម្ពុជាដឹកនាំបែបផ្ដាច់ការកាន់តែខ្លាំង ដែលធ្វើឱ្យពួកគាត់ពុំហ៊ានបញ្ចេញមតិលើបញ្ហាសង្គមជាតិ។
ប្រពន្ធមន្ត្រីបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារព្រៃសលោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចាន់ថា រៀបរាប់ថារដ្ឋាភិបាលចោទប្រកាន់ប្ដីលោកស្រីថា ជាជនក្បត់ជាតិ ហើយបានចាប់ប្ដីលោកស្រីដាក់ពន្ធនាគារជាង ៤ឆ្នាំដោយអយុត្តិធម៌។ លោកស្រីយល់ថា ការធ្វើទុក្ខបុកម្នេញ ការចោទប្រកាន់ និងបន្តឃុំខ្លួនអ្នកនយោបាយនៅក្នុងគុកធ្វើឱ្យព្រាត់ពីគ្រួសារ ជារឿងអាក្រក់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបញ្ហានេះកំពុងទាញឱ្យជាតិកាន់តែបែកបាក់គ្មានទីបញ្ចប់ឡើយ។
លោកស្រី ព្រំ ចាន់ថា៖«គាត់ធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង ប្រជាពលរដ្ឋខ្លួនឯងហើយ រួចមកគាត់ថាចង់បង្រួបបង្រួម ផ្សះផ្សាជាតិ តើផ្សះផ្សាហ្នឹងមានន័យថា ម៉េចហ្នឹង?គឺប្រទេសយើងត្រូវមានសន្តិភាព ពលរដ្ឋរស់នៅសុខដុមរមនា គោរពច្បាប់ គោរពសិទ្ធិមនុស្ស មានប្រជាធិបតេយ្យ នីតិរដ្ឋត្រឹមត្រូវ ប្រព័ន្ធតុលាការឯករាជ្យ អាហ្នឹងគេហៅថាប្រទេសដែលមានការផ្សះផ្សា និងគោរពសិទ្ធិមនុស្សពិតប្រាកដ តែនេះគឺអត់ផងហ្នឹង ធ្វើទុក្ខបុកម្នេញតែពលរដ្ឋខ្លួនឯងហ្នឹង»។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ឧបាយកលទុច្ចរិតដើរកម្ទេច បំបែកអ្នកដទៃ ដែលឈឺឆ្អាលរឿងជាតិ រឿងទឹកដី គឺជាមូលហេតុចម្បងនាំឱ្យបំបែកបំបាក់ជាតិ ដែលនេះបង្ហាញឱ្យឃើញរដ្ឋាភិបាលរបស់លោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត បានបរាជ័យក្នុងការធានាឱ្យបាននូវឯកភាពជាតិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកថា នៅពេលខ្មែរគ្មានឯកភាពជាតិបានធ្វើឱ្យកេរ្តិ៍ឈ្មោះជាតិចុះខ្សោយ ពលរដ្ឋបន្តរងអំពើអយុត្តិធម៌ ហើយអ្វីដែលលោកបារម្ភគឺបរទេសឆ្លៀតឱកាសកេងចំណេញអាចប្រឈមបាត់ទឹកដី បើសិនខ្មែរមិនរួមគ្នាដោះស្រាយឱ្យទាន់ពេលនោះទេ។
លោក គឹម សុខ៖«ការផ្សះផ្សា បង្រួបបង្រួមជាតិ គឺគេមិនប្រកាសកម្ទេចអ្នកដទៃទេ ដើម្បីការផ្សះផ្សា បង្រួបបង្រួមជាតិទៅបាន ទីមួយទាល់តែនិយាយគ្នានៅពេលមានបញ្ហា ទីពីរគោលការណ៍រដ្ឋធម្មនុញ្ញអំពីប្រជាធិបតេយ្យសេរី ពហុបក្សឆ្លងកាត់ការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ម្លោះហើយបើការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយ ហ៊ុន ម៉ាណែត ចេញមកការពារអំណាចក្រុមគ្រួសារគាត់ដោយគំរាមបង្ក្រាបប្រជាពលរដ្ឋដែលមានស្មារតីទាមទារយុត្តិធម៌ និងចង់ការពារទឹកដី ជាតិបែបនេះគឺលោក ហ៊ុន ម៉ាណែត ហ្នឹងឯងជាអ្នកធ្វើឱ្យបែកបាក់ជាតិ តើបង្រួបបង្រួមជាតិមិចបានទៅ»។
អ្នកជំនាញសិទ្ធិមនុស្ស និងក្រុមប្រទេសប្រជាធិបតេយ្យធំៗ តែងតែជំរុញដល់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បង្ហាញពីឆន្ទៈពិតប្រាកដក្នុងដោះស្រាយវិបត្តិនយោបាយ និងស្ដារប្រជាធិបតេយ្យក្នុងស្មារតីឯកភាពជាតិទាំងអស់គ្នា។ ប៉ុន្តែចាប់តាំងពីលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសជិត ១ឆ្នាំមក បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមិនមានការវិវត្តទៅរកចំណុចល្អនោះទេ ផ្ទុយទៅវិញអាក្រក់ជាងមុន។ មន្ត្រីបក្សប្រឆាំង និងពលរដ្ឋថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តរំលោភសិទ្ធិមនុស្ស មិនព្រមស្ដារប្រជាធិបតេយ្យឡើងវិញនោះទេ វាបង្ហាញឱ្យឃើញថាមេដឹកនាំក្រុងភ្នំពេញគិតគូររឿងក្រាញអំណាចជាជាងការផ្សះផ្សាជាតិ និងសុខទុក្ខរបស់ពលរដ្ឋដែលកំពុងរងគ្រោះ។ ពួកគាត់ទទូចដល់លោក ហ៊ុន ម៉ាណែត គួរតែផ្លាស់របៀបដឹកនាំឡើងវិញ ប្រសិនបើចង់ឱ្យពលរដ្ឋមានជំនឿចិត្តលើរដ្ឋាភិបាលតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។