លោក ហ៊ុន សែន ខឹងមន្ត្រីបក្សប្រឆាំងមិនសុំសិទ្ធិធ្វើនយោបាយតាមការណែនាំរបស់លោក
2019.03.04

មេដឹកនាំរបបក្រុងភ្នំពេញ ប្រកាសមិនដោះលែងលោក កឹម សុខា និងប្រកាសឈប់ផ្ដល់សិទ្ធិធ្វើនយោបាយដល់មន្ត្រីប្រឆាំង នៅមុន ឬក្រោយចូលឆ្នាំខ្មែរ ប្រសិនបើពួកគេ មិនប្រញាប់សុំសិទ្ធិធ្វើនយោបាយតាមការណែនាំរបស់លោក។
អ្នកវិភាគ និងមន្ត្រីបកប្រឆាំង យល់ថា ការប្រកាសរបស់លោក ហ៊ុន សែន នេះ គឺបង្ហាញថា លោកកំពុងយកតុលាការ និងច្បាប់ ធ្វើជាឧបករណ៍នយោបាយ។
លោក ហ៊ុន សែន បានខឹងសម្បារយ៉ាងខ្លាំង ចំពោះមន្ត្រីបក្សប្រឆាំង ដែលជាប់បម្រាមធ្វើនយោបាយ ប៉ុន្តែមិនព្រមសរសេរលិខិតសុំសិទ្ធិធ្វើនយោបាយ ឡើងវិញតាមការណែនាំ និងការចង្អុលបង្ហាញរបស់លោក។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមីនា លោក ហ៊ុន សែន ប្រកាសថា លោក សម្រេចចិត្តរួចហើយថា លោក មិនដោះលែងលោក កឹម សុខា នោះទេ។ លោកបន្តថា ចំពោះទ្វារសម្រាប់ឲ្យមន្ត្រីបក្សប្រឆាំងចូលធ្វើនយោបាយ ក៏អាចត្រូវបិទទៅវិញដែរ នៅមុនឬក្រោយចូលឆ្នាំខ្មែរ ប្រសិនបើពួកគេ ព្រងើយកន្តើយ ឬក៏បន្តធ្វើទង្វើណាគប្បី និងគិតតែពីទាមទារលក្ខខណ្ឌនេះលក្ខខណ្ឌនោះ៖ «រាជរដ្ឋាភិបាលបានខិតខំបើកទ្វារសម្រាប់អស់លោកអ្នក ប៉ុន្តែ រឿងអស់លោកអ្នកចូល ឬមិនចូល គឺជារឿងរបស់អស់លោកអ្នក ហើយអស់លោកកុំសង្ឃឹមថា នឹងមានការលើកលែងទោស ឬលើកលែងការចោទប្រកាន់ចំពោះអ្នកណានោះទេ»។
ការលើកឡើងនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍ អំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់សម្ពាធបន្ថែមលើរបបលោក ហ៊ុន សែន ឱ្យដោះលែងលោក កឹម សុខា ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។
សេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី៣ មីនានោះ រម្លឹករបបលោក ហ៊ុន សែន ថា គិតមកត្រឹមថ្ងៃនេះ គឺមានរយៈពេល ១៨ខែ ហើយ ដែលលោក កឹម សុខា ត្រូវអាជ្ញាធរនៃរបបក្រុងភ្នំពេញចាប់ និងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង និងនៅគេហដ្ឋានរបស់លោក ដោយអយុត្តិធម៌។ គណបក្ស សង្គ្រោះជាតិ ចាត់ទុកចំណាត់ការលើលោក កឹម សុខា នេះធ្វើទាំងបំពាន និងកម្រោល ដែលរំលោភច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា និងមានចេតនានយោបាយសុទ្ធ សាធ ក្នុងការកម្ចាត់គូប្រកួតប្រជែងនយោបាយដ៏មានសក្ដានុពល និងជាការបំបាក់ស្មារតីអ្នកប្រជាធិបតេយ្យ។
តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ និងធ្លាប់ជាអ្នកទោសនយោបាយ លោក អ៊ុំ សំអាន មានប្រសាសន៍ថា ប្រសិនបើតុលាការមិនដោះលែង លោក កឹម សុខា តាមបញ្ជាលោក ហ៊ុន សែន នោះ គឺមានន័យថា ជាតុលាការតេឡេ ហើយលោក ហ៊ុន សែន កំពុងតែរំលោភបំពានច្បាប់ធ្ងន់ធ្ងរ។ លោកបន្តថា ចំពោះការព្រមានឈប់ផ្តល់សិទ្ធិធ្វើនយោបាយនោះ គឺដោយសារលោក ហ៊ុន សែន បរាជ័យក្នុងការអូសទាញមន្ត្រីបក្សប្រឆាំងឲ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ៖ «គឺជាបរាជ័យមួយរបស់លោក ហ៊ុន សែន។ អ៊ីចឹងហើយទើបលោក ហ៊ុន សែន ខឹង។ កន្លងមក លោក ហ៊ុន សែន ធ្វើវិសោធនកម្មច្បាប់ ដើម្បីឲ្យមន្ត្រីគណបក្ស សង្គ្រោះជាតិ មួយចំនួនធ្វើនយោបាយឡើងវិញនេះ គឺថា តាមគំនាបរបស់សហគមន៍អឺរ៉ុប ដែលចង់ផ្ដាច់ប្រពន្ធអនុគ្រោះព័ន្ធ EBA។ ប៉ុន្តែធ្វើវិសោធនកម្មហើយ អត់មានអ្នកដាក់ពាក្យសុំធ្វើនយោបាយវិញ គឺគាត់បរាជ័យ ហើយខឹង។ មួយវិញ ទៀតលោក ហ៊ុន សែន ធ្វើនេះ គឺជាល្បិចបំបែកបំបាក់គណបក្ស សង្គ្រោះជាតិ រវាងលោក កឹម សុខា និងលោក សម រង្ស៊ី។ តាមពិត ត្រូវដោះលែងលោក កឹម សុខា ជាមុនសិន ដើម្បីបើកផ្លូវចរចា បើកផ្លូវឲ្យគណបក្ស សង្គ្រោះជាតិ រស់ឡើងវិញ និងដើម្បីឲ្យមន្ត្រីបក្សប្រឆាំងទាំងអស់ មានសិទ្ធិធ្វើនយោបាយឡើងវិញ»។
លោក អ៊ុំ សំអាន បន្តថា ទោះបីជាលោក ហ៊ុន សែន ព្រមានអ្វីក៏ដោយចុះ ក៏មន្ត្រីបក្សប្រឆាំងនៅតែរឹងមាំ និងមិនសុំអង្វរឲ្យលោក ហ៊ុន សែន ផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញនោះទេ ប្រសិនបើមិនមានដំណោះស្រាយរួម ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា ការប្រកាសរបស់លោក ហ៊ុន សែន នេះ គឺកាន់តែបង្ហាញថា កម្ពុជាមិនមែនជាប្រទេសប្រកាន់នីតិរដ្ឋ ឬយកច្បាប់ជាធំនោះទេ ព្រោះអ្វីៗ អាស្រ័យលើការសម្រេចចិត្តរបស់លោក ហ៊ុន សែន។ កញ្ញាបន្តថាតាមច្បាប់ គឺមិនបាន កំណត់កាលបរិច្ឆេទថា ត្រូវបិទទ្វា ឬបើកទ្វាពេលណាសម្រាប់ឲ្យមន្ត្រីបក្សប្រឆាំងចូលធ្វើនយោបាយឡើយ៖ «អ៊ីចឹងការលើកឡើងបែបនេះ បើយើងមើលទៅ វាហាក់ដូចជាបង្ហាញថា បុគ្គលម្នាក់ ដែលជាមេដឹកនាំ គាត់មានអំណាចដឹកមុខច្បាប់ដែលបានចែងហើយ»។
អ្នកវិភាគវ័យក្មេងរូបនេះយល់ថា មូលហេតុដែលលោក ហ៊ុន សែន ខំប្រឹងលួងលោមផង ណែនាំផង និងព្រមានផងឲ្យមន្ត្រីបក្សប្រឆាំងប្រញាប់ដាក់ លិខិតសុំសិទ្ធិធ្វើនយោបាយពីលោកវិញនោះ គឺព្រោះលោក ហ៊ុន សែន ចង់ យកករណីទាំងនេះទៅប្រាប់សហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប ថា ស្ថានភាពនយោបាយបានធូរស្រាលឡើងវិញ មិនចាំបាច់ឲ្យគណបក្ស សង្គ្រោះជាតិ រស់ឡើងវិញនោះទេ។
ក្រោយមានសម្ពាធពីអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប ឲ្យរបបលោក ហ៊ុន សែន ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ របបក្រុងភ្នំពេញ បានប្រញាប់ប្រញាល់ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា ៤៥ ថ្មី (ស្ទួនមួយ) កាលពីចុងឆ្នាំ២០១៨ ដើម្បីបើកផ្លូវឲ្យមានការលើកលែងទោសមន្ត្រីបក្សប្រឆាំង ដែលរងការហាមឃាត់សិទ្ធិនយោបាយ។ ប៉ុន្តែក្នុងចំណោមមន្ត្រីបក្សប្រឆាំងទាំង ១១៨រួប គឺមាន ៣នាក់ បានយល់ព្រមសុំសិទ្ធិនយោបាយពីរបបក្រុងភ្នំពេញវិញ។ អ្នកទាំងនោះ គឺលោក គង់ គាំ លោក គង់ បូរ៉ា និងលោក ស៊ឹម សុវណ្ណឌី។
សហភាពអឺរ៉ុប កំពុងដាក់សម្ពាធលើរបបលោក ហ៊ុន សែន ឲ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដែលទាមទារឲ្យដោះលែងប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់នីតិសម្បទាដល់មន្ត្រីជាប់ឆ្នោតរបស់គណបក្សប្រឆាំងទាំងអស់ឡើងវិញ និងរៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើមិនដូច្នេះទេ ប្រទេសទាំងនេះ នឹងដកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។