លោក សម រង្ស៊ី អំពាវនាវ​​​​​​​​​​​​​ឲ្យ​ពលរដ្ឋ​​​​​​​បង្កើត​រដ្ឋាភិបាល​​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​របប​ផ្ដាច់​ការ​ ដូច​នៅ​ប្រទេស​ភូមា​​​

ដោយ ជាតិ ចំណាន
2021.07.18
លោក សម រង្ស៊ី អំពាវនាវ​​​​​​​​​​​​​ឲ្យ​ពលរដ្ឋ​​​​​​​បង្កើត​រដ្ឋាភិបាល​​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​របប​ផ្ដាច់​ការ​ ដូច​នៅ​ប្រទេស​ភូមា​​​ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុក Sam Rainsy

ដោយ​មើល​ឃើញ​ថា ពលរដ្ឋភូមា ឬមីយ៉ាន់ម៉ា កំពុង​តវ៉ា​គ្រប់​ទីកន្លែង និង​ស្ថិតនៅ​លើ​ផ្លូវ​ជោគជ័យក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញលោក សម រង្ស៊ី ក៏បាន​ផ្ញើរ​សារឲ្យ​ពលរដ្ឋកម្ពុជា​ ចាប់​ផ្តើម​គិត​គូរបង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នៅ​កម្ពុជា​​ ដោយយក​តាម​គំរូ​ប្រទេស​ភូមាដែរ ដើម្បី​ទាមទារ​ឲ្យ​របបលោក ហ៊ុន សែន ​​ប្រគល់​អំណាច​ជូន​ពលរដ្ឋ​វិញ។​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិលោក សម រង្ស៊ី​​ បង្ហោះ​សារ​នៅលើ​ទំព័រហ្វេសប៊ុក​ (Facebook)​ របស់​​លោក​​នៅ​​ថ្ងៃ​ទី​១៧ ខែកក្កដាថា​​ សហគមន៍​អន្តរជាតិ និង​កង​​ទ័ព​​កម្ពុជា​​​ នឹង​គាំទ្រ​​ដល់​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​​ ដែល​បង្កើត​ដោយ​ពលរដ្ឋ​ ​និង​ដឹកនាំ​ដោយ​អ្នក​ប្រជាធិបតេយ្យ​ ដូច​ករណី​​ នៅ​ប្រទេស​ភូមា​ដែរ៖ «យើង​​នៅ​​ប្រទេស​​កម្ពុជា​​ក៏​ត្រូវ​ដើរ​តាម​(ភូមា)​ដែរ គឺ​អាច​​មាន​រដ្ឋាភិបាល​មួយ​បង្រួប​បង្រួម​ជាតិ​ ដែល​មាន​កម្លាំង​ប្រជារាស្ត្រ​គាំទ្រ​ពេញទំហឹង​​ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ឈរ​ខាង​ប្រជារាស្ត្រ​​ អត់​ឈរ​ខាង ​ហ៊ុន សែន ​ទៀត​ទេ ឈរ​ខាង​ប្រជារាស្ត្រ​។ ដូច្នេះ​រដ្ឋាភិបាល​បែប​ហ្នឹង​ខ្ញុំ​ជឿ​ថា ​នឹង​មាន​ការ​គាំទ្រ​យ៉ាង​ធំធេង​ពី​ប្រជារាស្ត្រ​ខ្មែរ​ផង ពី​សហគមន៍​អន្តរជាតិ​ផង។ បន្ទាប់​ពី​មាន​ការ​វិវត្តន៍​យ៉ាង​ធំធេង​នៅ​ប្រទេស​ភូមា»។

​​​​​​ប៉ុន្តែ​ផ្ទុយ​ពី​ការ​​លើក​ឡើង​នេះ តំណាង​បក្ស​កាន់​អំណាច​ជឿជាក់​ថា ​ពលរដ្ឋ​ និង​កង​ទ័ព ​មិន​ធ្វើ​តាម​ការ​អំពាវនាវ​​​លោក សម រង្ស៊ី ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន អះអាង​ថា​ ស្ថានភាព​​កម្ពុជា និង​ភូមា ខុស​គ្នា​ ​ដូច្នេះ​ពលរដ្ឋ​​​​​​មិន​​​ត្រូវ​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​​អ្វី​ឡើយ។ ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា​ ​​អាជ្ញាធរ​នឹង​អនុវត្ត​ច្បាប់ ប្រសិន​បើ​មាន​ករណី​បង្កើត​រដ្ឋាភិបាល​ខុស​ច្បាប់​នៅ​កម្ពុជា​​៖ «ទណ្ឌិត​ងាប់​ទៅ​ទៀត ក៏​អត់​ទាន់​មាន​អាណា​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​អ្វី​ដូច​ភូមា​ដែរ​។ រឿង​ភូមា និង​រឿង​កម្ពុជា វា​ខុស​គ្នា​ដូច​មេឃ​និង​ដី​។ គ្មាន​អាណា​ទៅ​ដើរ​តាម​ទណ្ឌិត​រត់​ចោល​ស្រុក​ហ្នឹង​ទេ។ វា​ងាប់​ក្រឡា​ទៅ​ហើយ បើ​លេង​អុក​វា​អាប់​ក្រឡា​រក​​កន្លែង​ដើរ​មិន​បាន​​ទេ បាន​បំផុស​អា​ហ្នឹង។ វា​មាន​ន័យ​ថា ​បំផុស​ញុះញង់​»។

ចំណែក​អ្នក​វិភាគ​នយោបាយក៏​យល់​ថា​ ​​​ពលរដ្ឋ​នៅ​កម្ពុជា​មិន​​មាន​លទ្ធភាព​អាច​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ឬ​ធ្វើ​សកម្មភាព​តវ៉ា​ខ្លាំង​ក្លា ​ដូច​នៅ​ប្រទេស​ភូមា​បាន​ទេ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា ពន្យល់​ថា​ ពលរដ្ឋ​កម្ពុជា​​ធ្លាប់​បាក់ស្បាត ​​ដូច្នេះ​មិន​​​​​​ហ៊ាន​ធ្វើ​សកម្ម​ភាព​​​តវ៉ា​ខ្លាំង​ក្លា​ដូច​ពលរដ្ឋ​ភូមា​​ឡើយ​​។​​​​​​​ ម្យ៉ាង​ទៀត​​ សហគមន៍​អន្តរជាតិ​​ ក៏​មិន​បាន​ដាក់​សម្ពាធ​ខ្លាំង​ក្លា​លើ​រដ្ឋាភិបាល​កម្ពុជា​ដូច​នៅ​ភូមា​ដែរ​​ បើ​ទោះ​​ជាការ​បោះឆ្នោត​រង​ភាព​ចម្រូង​ចម្រាស់​ក៏​ដោយ។

លោក​ ឯម សុវណ្ណារ៉ា យល់ថា លុះត្រា​​គណបក្ស​ប្រឆាំង​​ ធ្វើ​សកម្មភាព​យ៉ាង​ណា​​​​ឲ្យ​សហគមន៍​អន្តរជាតិ​ឈប់​ទទួល​ស្គាល់​រដ្ឋាភិបាល​បច្ចុប្បន្ន​​សិន​ ​​​ទើប​ការ​បង្កើត​​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ថ្មី​មួយ​នៅ​កម្ពុជា​​​​ អាច​ធ្វើ​ទៅ​រួច និង​​​ទទួល​បាន​​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរ​ជាតិ៖ «គណបក្ស​ប្រឆាំង​មិន​ទាន់​ដើរ​តួ​ឬ​ក៏​ប្រើ​គោល​នយោបាយ​​ការបរទេស​របស់​ខ្លួន​ហ្នឹង​ឲ្យ​អន្តរជាតិ​ហ្នឹង​ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដូច​នៅ​ភូមា​ទេ​។ អ៊ីចឹង​យន្តការ​អ្វី​ដែល​លោក សម រង្ស៊ី ​លើក​ឡើង​ហ្នឹង ខ្ញុំ​គិត​ថា ​​ពុំ​មាន​កម្លាំង ឬ​ក៏​អំណាច​ទាក់ទាញ​ពលរដ្ឋ​ឲ្យ​គាំទ្រ​ដូច​នៅ​ភូមា​ទេ»។

​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា (Myanmar) បាន​​ធ្លាក់​ក្នុង​ស្ថានភាព​តានតឹង​​​ក្រោយ​កម្ពុជា​ គឺ​ចាប់​ពី​​ថ្ងៃ​ទី​១​ ខែកុម្ភៈ​​មក​ ដោយសារ​​ក្រុម​យោធា​​​​ធ្វើ​រដ្ឋ​ប្រហារ​ និង​​ចាប់​ខ្លួន​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​​ ក្រោម​ហេតុផល​​​​ថា គៃបន្លំ​សន្លឹក​ឆ្នោត​។ ក្រោយ​មក​ពលរដ្ឋភូមាបានងើបឡើងតវ៉ាគ្រប់ទីកន្លែង ទោះបី​ជា​របបយោធា​​​​បាន​​ប្រើ​​​ហិង្សា​ និង​បាញ់​បង្ក្រាប​ក្រុម​​​​​​​បាតុករ​ភូមា​​​ឲ្យ​របួស​ និង​ស្លាប់​ជាច្រើនក្តី។ ​ពលរដ្ឋ​ភូមា​ខ្លះ​ នាំ​គ្នា​​បង្ក​​ទ័ព ឬចូលរួម​ជាមួយ​ក្រុម​កង​កម្លាំង​​ប្រដាប់​អាវុធ​​ទប់ទល់​ជាមួយ​ក្រុម​យោធា​វិញ ​ខណៈ​សហគមន៍​អន្តរជាតិ​ខ្លះ​​បង្ហាញ​ជំហរ​គាំទ្រ​ពលរដ្ឋ​ភូមា ហើយ​ទាមទារ​ឲ្យ​យោធា​ប្រគល់​​អំណាច​ជូន​​ពលរដ្ឋ​វិញ​​។ ឯ​​​អ្នក​តាម​ដាន​នយោបាយ​មួយ​ចំនួន ​ចាត់​ទុក​សកម្ម​ភាព​​តវ៉ា​​របស់​​ពលរដ្ឋ​ភូមា​ ថា​​ជា​គំរូ​​​ល្អ​​សម្រាប់​​​ពលរដ្ឋ​​នៅ​ក្នុង​តំបន់​អាស៊ាន​​ឲ្យ​អនុវត្ត​តាម ជា​ពិសេស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។