អ្នក​វិភាគ​ថា វិបត្តិ​នយោបាយ​នៅ​ភូមា ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ទាំង​មូល​រង្គោះរង្គើ

ដោយ ទីន ហ្សាការីយ៉ា
2021-03-09
Share
អ្នក​វិភាគ​ថា វិបត្តិ​នយោបាយ​នៅ​ភូមា ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ទាំង​មូល​រង្គោះរង្គើ (ឆ្វេង) បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ (កណ្ដាល) លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) និងលោក គឹម សុខ អ្នក​វិភាគ​នយោបាយ។ ខាងក្រោម៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា​ និង​ (ខាងស្ដាំ) យោធា​កំពុង​វាយ​ទាត់​ធាក់​ធ្វើបាប​ក្រុម​គ្រូពេទ្យ​អ្នក​ជួយ​សង្គ្រោះ​បឋម​នៅ​កន្លែង​បាតុកម្ម។
រូប៖ RFA និងហ្វេសប៊ុក​លោក គឹម សុខ

អ្នក​វិភាគ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​នយោបាយ​នៅ​ប្រទេស​ភូមា ឬ មីយ៉ាន់ម៉ា (Myanmar) បាន​គំរាម​កំហែង​ដល់​ប្រទេស​នៅ​ក្នុង​តំបន់ ជា​ពិសេស កម្ពុជា​នឹង​ឈាន​ទៅ​រក​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​កាន់​តែ​ខ្លាំង។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​យោធា​ប្រទេស​ភូមា​ បាន​បង្ក្រាប​លើ​ក្រុម​បាតុករ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​សិប​នាក់ ហើយ​សហគមន៍​អន្តរជាតិ មិន​ទាន់​អន្តរាគមន៍​បាន​នៅ​ឡើយ។

ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​វិភាគ​ថា ពលរដ្ឋ​ភូមា​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​របប​ផ្ដាច់​ការ​យ៉ាង​មោះមុត និង​ស្វាហាប់ ទោះ​បី​ជា​ត្រូវ​ពលី​ជីវិត ដែល​នេះ​ជា​គំរូ​ដ៏​ល្អ​សំរាប់​ពលរដ្ឋ​នៅ​ក្នុង​តំបន់ ពិសេស កម្ពុជា ដើម្បី​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ការពារ​របប​ប្រជាធិបតេយ្យ។

វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា ឬ មីយ៉ាន់ម៉ា (Myanmar) កាន់តែ​ធ្លាក់​ក្នុង​ស្ថានភាព​តានតឹង ដោយសារ​តែ​ក្រុម​យោធា បង្ក្រាប និង​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​ក្រុម​បាតុករ​រាប់​លាន​នាក់ ដែល​កំពុង​ទាមទារ​ឱ្យ​មេ​រដ្ឋ​ប្រហារ​ដោះ​លែង មេ​ដឹក​នាំ​រដ្ឋាភិបាល​ស៊ីវិល គឺ​អ្នកស្រី អ៊ុង សាន ស៊ូជី និង​ប្រគល់​ប្រជាធិបតេយ្យ​ជូន​ប្រជាពលរដ្ឋ​ភូមា​វិញ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ាន​កំពុង​តែ​រង្គោះរង្គើ​ខ្លាំង ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​នៅ​ភូមា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា ក្រុម​ដឹក​នាំ​យោធា មិន​ថា​នៅ​ភូមា ថៃ ឬ​កម្ពុជា​ទេ មិន​ប្រាកដ​ថា ទទួល​ជោគជ័យ​លើ​ផែនការ​អំណាច​របស់​ខ្លួន​ឡើយ។ លោក​បន្ថែម​ថា ពលរដ្ឋ​ភូមា​ងើប​តតាំង​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​នេះ ជា​គំរូ​ដ៏​ល្អ​មួយ​សំរាប់​ឲ្យ​ពលរដ្ឋ​នៅ​អាស៊ាន​អនុវត្ត​តាម ជា​ពិសេស នៅ​កម្ពុជា៖ «ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​រស់​ឡើង​វិញ ទាល់​តែ​ប្រជាពលរដ្ឋ​នៅ​អាស៊ាន​នាំ​គ្នា​ស្រុះ​គ្នា​ទាំង​នៅ​កម្ពុជា ឡាវ និង​ថៃ ងើប​ឡើង​ដូច​ប្រជាពលរដ្ឋ​នៅ​ភូមា​កំពុង​តែ​ប្រឆាំង​នឹង​មេ​ដឹក​នាំ​យោធា ទោះ​បី​ជា​ត្រូវ​អស់​ជីវិត​ក្ដី»

ដោយ​ឡែក​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វិញ ក៏​មើល​ឃើញ​ពី​គំរូ​អាក្រក់​នៅ​ភូមា ដែល​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​នៅ​អាស៊ាន​ទាំង​មូល​ដែរ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ព្រួយ​បារម្ភ​ថា ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​អាស៊ាន​អាច​នឹង​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​​ការ​បង្ក្រាប​បង្ហូរ​ឈាម​នៅ​ប្រទេស​ភូមា (Burma)។ លោក​ជឿ​ថា រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់​ ដូច​ជា​ប្រទេស​កម្ពុជា ​និង​ថៃ​ជាដើម អាច​នឹង​យក​គំរូ​តាម​ប្រទេស​ភូមា មក​គាប​សង្កត់​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​បន្ថែម​ទៀត៖ «ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​សិទ្ធិ​សេរីភាព របស់​ពលរដ្ឋ​ត្រូវ​បាន​គោរព​ការពារ​និង​បំពេញ​បន្ថែម ដើម្បី​ជួយ​ដល់​ពលរដ្ឋ​មាន​សេចក្ដី​សុខ និង​សុវត្ថិភាព​ពេញលេញ។ ប៉ុន្តែ​បើ​សិន​ជា​មិន​មាន​ទេ គឺ​ផល​ប៉ះពាល់​មុន​គេ គឺ​ប្រជាពលរដ្ឋ​ ក្នុង​ប្រទេស​ហ្នឹង​ហើយ ហើយ​អ្នក​ដែល​ទាញ​បាន​ផល​ប្រយោជន៍​ពី​ប្រទេស​ហ្នឹង​ ហើយ​គ្រប់​ប្រទេស​ដោយ​ប្រើ​អំណាច​ហ្នឹង គឺ​អ្នក​ដែល​ជា​ជន​ផ្ដាច់​ការ​ទាំង​អស់​ហ្នឹង​ឯង​ ដែល​ជា​អ្នក​ក្ដោប​ក្ដាប់​អំណាច​ ហើយ​អ្នក​រង​ទុក្ខ​គឺ​ពលរដ្ឋ»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​បន្ទាប់​ពី​កង​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ (Myanmar)​ បាន​ធ្វើ​រដ្ឋប្រហារ​យោធា ក្រសោប​យក​អំណាច ​កាល​ពី​ថ្ងៃ១ ខែកុម្ភៈ ដោយ​ចោទ​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ទើប​ធ្វើឲ្យ​គណបក្ស​របស់​ពួកគេ​ចាញ់​ឆ្នោត។ ពួក​យោធា បាន​បាញ់​រះ​បង្ក្រាប​លើ​ក្រុម​បាតុករ​បណ្ដាល​ឱ្យ​មនុស្ស​ជាង ៦០នាក់​បាន​ស្លាប់ និង​ចាប់​ឃុំ​ខ្លួន​ក្រុម​អ្នក​តវ៉ា​ជិត ២.០០០នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី៨ មីនា។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ក្រុម​សហគមន៍​អន្តរជាតិ បាន​ត្រឹម​តែ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បង្កក​ទ្រព្យ​សម្បត្តិ​មេ​ដឹក​នាំ​យោធា ដូច​ជា នៅ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ជា​ដើម។

លោក គឹម សុខ ពន្យល់​ថា រដ្ឋ​ប្រហារ​នៅ​ប្រទេស​ភូមា​នេះ ស្រដៀង​គ្នា​នៅ​កម្ពុជា​ដែរ។ លោក​ថា មេ​ដឹក​នាំ​យោធា​ភូមា បាន​ធ្វើ​រដ្ឋ​ប្រហារ​ក្រោយ​ពី​ក្រុម​បក្ស​របស់​ពួក​គេ ចាញ់​ការ​បោះ​ឆ្នោត។ ក៏​ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា​វិញ ការ​រំលាយ​គណបក្ស​ប្រឆាំង​ចោល​នៅ​មុន​ពេល​បោះ​ឆ្នោត ក៏​ជា​រូបភាព​ធ្វើ​រដ្ឋ​ប្រហារ​ដូច​គ្នា ដោយ​សារ​តែ​លោក ហ៊ុន សែន ភ័យ​ខ្លាច​បាត់​បង់​អំណាច​តាម​រយៈ​ចាញ់​ការ​បោះ​ឆ្នោត៖ «ស្ថានភាព​ខុស​គ្នា​ត្រង់​ថា នៅ​ភូមា​ប្រជាពលរដ្ឋ​កំពុង​តែ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ ក៏​ប៉ុន្តែ​នៅ​កម្ពុជា​ប្រជាពលរដ្ឋ​មិន​ទាន់​នាំ​គ្នា​ងើប​ឈរ​ឡើង។ ស្ថានភាព​ដូច​គ្នា​នៅ​ត្រង់​ថា នៅ​ភូមា​មេ​ដឹក​នាំ​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល រីឯ​នៅ​កម្ពុជា​វិញ ក៏​ធ្វើ​រដ្ឋ​ប្រហារ​ដូច​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​លោក ហ៊ុន សែន បាន​ធ្វើ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មុន​ការ​ប្រកួត​ប្រជែង​មក​ដល់»

ឆ្លើយ​តប​នឹង​ករណី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រតិកម្ម​ថា មិន​អាច​យក​កម្ពុជា ទៅ​ប្រៀបធៀប​នឹង​ភូមា​បាន​ទេ។ លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ខ្ជាប់​គោលការណ៍​ប្រជាធិបតេយ្យ៖ «ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ងើប​ឡើង​ប្រឆាំង​រដ្ឋាភិបាល ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដើម្បី​បាន​អំណាច​យក​ទៅ​ឱ្យ​ក្រុម​ខ្លួន ដែល​កំពុង​ដេក​ស៊ី​ស្រួល​នៅ​ខាង​ក្រៅ​ ហ្នឹង បង្ក្រាប​ទេ អត់​មាន​អ្នក​ណា​ទុក​ទេ។ ការ​បង្ក្រាប​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ឬ​មួយ​អ្នក​ធ្វើ​សកម្មភាព​បម្រើ​ឱ្យ​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ក្រៅ មិន​មែន​មាន​ន័យ​ថា ជា​ការ​អនុវត្ត​អំពើ​ផ្ដាច់​ការ​នៅ​កម្ពុជា​ទេ»

Sok_Eisan_1.jpg
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ រូប៖ ព្រឹទ្ធសភា

នៅ​ទន្ទឹម​នឹង​នេះ លោក សុខ ឥសាន អះអាង​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​ភ្ជាប់​របប​ប្រជាធិបតេយ្យ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​ឯ​ណោះ​វិញ ក៏​ចេញ​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី៩ មីនា ប្រកាស​ថា នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ដ៏​ចម្រូងចម្រាស​នៅ​ភូមា​ដែរ។ ក្រសួង​ការ​បរទេស​កម្ពុជា​ បញ្ជាក់​ជំហរ​ចូលរួម​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត ដើម្បី ជួយ​ឲ្យ​ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា (Myanmar) វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ទោះ​ជា​តាម​រយៈ​តួនាទី និង​ទម្រង់​ណា​មួយ​ក្ដី ដែល​ស្រប​តាម​គោល​ការណ៍​អាស៊ាន។

ក្រសួង​ការ​បរទេស​កម្ពុជា អះអាង​ថា ​កម្ពុជា​ មិន​ខុស​ពី​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​នោះ​ទេ គឺ​កំពុង​តាម​ដាន​យ៉ាង​ជិតដិត​នៅ​ស្ថានការណ៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង សោកសៅ​ដោយ​បាន​ឃើញ​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស។

ទាក់ទង​នឹង​បញ្ហា​នេះ លោក គឹម សុខ ឡើង​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​ប្រជាធិបតេយ្យ​សិប្បនិម្មិត​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ការ​ប្រកាស​ជំហរ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នេះ គ្មាន​តម្លៃ​អ្វី​ទេ។ លោក​អះអាង​ថា កម្ពុជា ក៏​មិន​ទាន់​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ល្អ​ប្រសើរ​នៅ​ឡើយ។ លោក គឹម សុខ សង្កត់​ធ្ងន់​ថា បក្ស​កាន់​អំណាច​កម្ពុជា ដឹក​នាំ​បែប​ប្រជាធិបតេយ្យ​តែ​សំបក​ក្រៅ តែ​ការ​ពិត​កម្ពុជា​កំពុង​តែ​ដឹក​នាំ​តាម​បែប​គាប​សង្កត់​លើ​អ្នក​មាន​សំឡេង​ផ្ទុយ​ពី​ខ្លួន និង​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ពលរដ្ឋ​ចេញ​មុខ​តវ៉ា​ដែរ៖ «វា​ជា​ភាសា​នយោបាយ​អត់​អ្វី​និយាយ​ឲ្យ​ប្រសើរ​ជាង​នេះ​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ស្ថានភាព​នៅ​ភូមា និង​កម្ពុជា​ស្ថានភាព​គាប​សង្កត់​ប្រជាពលរដ្ឋ​ដូច​គ្នា។ នៅ​ភូមា​ក៏​មេ​ដឹក​នាំ​យោធា នៅ​កម្ពុជា លោក ហ៊ុន សែន ក៏​ជា​មេ​ដឹក​នាំ​យោធា​ដែរ»

រីឯ​អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា​វិញ គឺ​បណ្ឌិត ​ឡៅ ម៉ុងហៃ ថ្លែង​ថា កម្ពុជា​ក៏​កំពុង​ដឹក​នាំ​ប្រទេស​បែប​ផ្ដាច់​ការ​ពឹងផ្អែក​ទៅ​លើ​កម្លាំង​យោធា​ដែរ។ ចំណែក​វិធានការ​របស់​សហគមន៍​អន្តរជាតិ​វិញ​ លោក​មាន​ប្រសាសន៍​ថា សហគមន៍​អន្តរជាតិ​នឹង​លូក​ដៃ​កាន់​តែ​ខ្លាំង ទាំង​នៅ​ភូមា និង​នៅ​កម្ពុជា ដោយ​សារ​តែ​ពលរដ្ឋ​ងើប​ឡើង​ខ្លាំង​ប្រឆាំង​នឹង​មេ​ដឹក​នាំ​ផ្ដាច់ការ​ដូច​នៅ​ភូមា​ជា​ដើម៖ «ហ្នឹង​ហើយ​ដូច​សព្វ​ថ្ងៃ​អីចឹង​គឺ​ចេះ​តែ​តវ៉ា​ទៅ​ សូម្បី​តែ​មាន​ការ​បាញ់​សម្លាប់​ក៏​ដោយ គឺ​ចេះ​តែ​ត​ទៅ​ទៀត​ទៅ។ ធម្មតា​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ការ​កែប្រែ​កម្ពុជា​យើង ក៏​គេ​មាន​ការ​ទាយ​ទុក​ដែរ គឺ​កែប្រែ​ដោយ​សន្តិវិធី​ហ្នឹង​គឺ​វា​មាន​ការ​លំបាក​ ដូច្នេះ​កែប្រែ​តាម​របៀប​ការ​ប្រឆាំង​តទល់​អីចឹង​បាន​ឈ្នះ​ ទោះ​ជា​ជួប​ប្រទះ​អំពើ​ហិង្សា​និង​ការ​បាត់បង់​ជីវិត​ក៏​ដោយ»

ទោះ​បី​ជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ទាំង​មូល​កំពុង​តែ​រង្គោះរង្គើ​បែប​នេះ​ក្ដី ក៏​អ្នក​វិភាគ និង​សង្គម​ស៊ីវិល មាន​សុទិដ្ឋិនិយម​ថា របប​ផ្ដាច់​ការ​នឹង​ដួល​រលំ​ទៅ​វិញ នៅ​ពេល​ខាង​មុខ បើ​សិន​ជា​ប្រជាពលរដ្ឋ​រួម​ដៃ​គ្នា​យ៉ាង​ស្វិតស្វាញ ដូច​ប្រជាពលរដ្ឋ​នៅ​ភូមា​តតាំង​នឹង​អំណាច​ផ្ដាច់ការ បើ​ទោះ​ជា​ប្រឈម​នឹង​ការ​ពលី​ជិត​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល