មន្ត្រី​បក្ស​ប្រឆាំង​លោក ចៅ វាសនា ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ

0:00 / 0:00

សាច់ញាតិ​អះអាង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត គឺ​លោក ចៅ វាសនា ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​លោក​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាប់​ឃុំ។

សាច់​ញាតិ​លោក​ចៅ​វាសនា ព្រួយ​បារម្ភ​ពី​សុខភាព របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ដែល​មាន​វ័យ​កាន់​តែ​ចាស់ កំពុង​ធ្លាក់​ខ្លួន​ឈឺ ក្នុង​ពន្ធនាគារ អាច​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រសិនបើ​មិន​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ទាន់​ពេល។

ចៅសង្កាត់រងទី២ នៃ​សង្កាត់​ប៉ោយប៉ែត ដែល​ត្រូវ​ជា កូន​បង្កើត​លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៣ តុលា​ថា ឪពុក​អ្នក​ស្រី​ មាន​ជំងឺ​ទល់​លាមក ជាច្រើន​ថ្ងៃ​មក​ហើយ ពិបាក​ទទួល​ទាន​អាហារ និង​គេង​មិន​លក់។ អ្នក​ស្រី​បន្ថែម​ថា លោក ចៅ វាសនា សាច់ញាតិ និង​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​សុំ​មន្ត្រី​ពន្ធនាគារ​ជា​ច្រើន​ដង​មក​ហើយ ដើម្បី​ឱ្យ​ឪពុក​អ្នកស្រី មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ ក៏ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​បដិសេធ។ អ្នកស្រី​បារម្ភ​អំពី​សុខភាព​ឪពុក​ ប្រសិនបើ​នៅតែ​ពន្យារ​ពេល ស្ថានភាព​ជំងឺ​នឹង​វិវត្ត​កាន់​តែ​ធ្ងន់ មិន​អាច​ព្យាបាល​បាន​ឡើយ។

អ្នកស្រី ចៅ រតនៈ៖ «គឺ​គាត់​ប្រឈម​នឹង​ជំងឺ​ច្រើន ប៉ះពាល់​ដល់​សុខភាព​គាត់។ អីចឹង ឧទាហរណ៍​ថា មាន​ការ​អី​ចាំបាច់​ភ្លាមៗ ខ្ញុំ​មិន​ប្រាកដ​ថា មន្ត្រី​ពន្ធនាគារ​នឹង​អាច​ទទួល​ខុស​ត្រូវ​លើ​សុខភាព​របស់​គាត់​ទេ។ ដោយសារ​តែ​មិន​ពន្លឿន​ការ​ព្យាបាល​ឱ្យ​គាត់​ភ្លាមៗ»។

ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា មាន​ដើម​កំណើត​​ខ្មែរ​ក្រោម ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា​កន្លង​ទៅ។

តុលាការ​បាន​ចោទ​ប្រកាន់​លោក ចៅ វាសនា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ពាក់ព័ន្ធ​នឹង​រឿង​ចូលរួម​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹក​ឆ្នោត តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០២៣។ ប៉ុន្តែ លោក ចៅ វាសនា បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ។

លោក ចៅ វាសនា ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​កាត់ទោស​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ អំពី​បទ​ញុះញង់ និង​បាន​ចេញ​ពី​ពន្ធនាគារ​វិញ កាល​ពី​ដើម​ឆ្នាំ២០២២ បន្ទាប់​ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​រយៈ​ពេល ៥ឆ្នាំ​ពេញ​នៅ​ក្នុង​ពន្ធនាគារ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន ដើម្បី​សុំ​ការ​ឆ្លើយ​តប ជុំវិញ​ការ​ស្នើសុំ​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៣ តុលា។

ក៏ប៉ុន្តែ​លោក​ស្រី ចៅ រតនៈ អះអាង​ថា មន្ត្រី​ពន្ធនាគារ បាន​លើក​ហេតុផល​ថា មូលហេតុ​ដែល​មិន​អនុញ្ញាត ដោយសារ​លោក ចៅ វាសនា មាន​សុខភាព​ល្អ​អាច​ដើរ​បាន។ លោកស្រី​ចាត់​ទុក​ទង្វើ​នេះ ជា​ការ​រើសអើង​នយោបាយ។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា មន្ត្រី​ពន្ធនាគារ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឱ្យ​សាធារណៈ​ជន​បន្ត​រិះគន់​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ។ លោក​សង្កេត​ឃើញ​ថា កាល​ពី​ពេល​កន្លង​ទៅ ក្រុម​ឧក្រិដ្ឋជន និង​អ្នក​មាន​លុយ​មាន​អំណាច ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ ដោយ​ងាយ​ស្រួល។

លោក ស៊ឹង សែនករុណា៖ «ជា​ចំណុច​មួយ ត្រូវ​មាន​ការ​ចក​ចិត្ត​ទុក​ដាក់ ពីព្រោះ​ពួក​គាត់​បាត់បង់​តែ​សេរីភាព​ទេ មិន​អាច​ដើរ​ហើរ​បាន ប៉ុន្តែ​បញ្ហា​សុខភាព​របស់​គាត់​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង ជា​ការ​ទទួល​ខុស​ត្រូវ​មន្ត្រី​ពន្ធនាគារ​នឹង​ហើយ។ អីចឹង បើ​សិន​ជា​ការ​លើក​ឡើង​អ៊ីចឹង​ហើយ ស្រាប់​តែ​ថ្ងៃ​ក្រោយ​ ស្រាប់​តែ​ខុស​ភាព​គាត់​ធ្ងន់ធ្ងរ ឬ​ក៏​មិន​អាច​ព្យាបាល​បាន ឬ​ប៉ះពាល់​ដល់​អាយុ​ជីវិត អា​ហ្នឹង​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ ហើយ​ការ​ទទួល​ខុស​ត្រូវ​បែប​ហ្នឹង​វា​ជា​រឿង​យឺត​ពេល»។

កន្លង​ទៅ​ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​រឿង​ក្ដី​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាល​ពី​ឆ្នាំ២០១៥ នោះ បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មិន​ដល់​មួយ​សប្ដាហ៍​ផង ក៏​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​បញ្ជូន​មក​ស្នាក់នៅ​បន្ទប់​វីអាយ​ភី (VIP) ក្នុង​មន្ទីរ​ពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ រហូត​ទាល់តែ​តុលាការ​ដោះលែង។

រីឯ​បង​ប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង គឺ​ឧកញ៉ា គិត ធាង វិញ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៤ឆ្នាំ រឿង​ជួញដូរ​គ្រឿងញៀន​ជិត ៥០គីឡូក្រាម ប៉ុន្តែ​លោក​ជាប់ឃុំ​ប្រមាណ​កន្លះ​ខែ ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​វីអាយ​ភី (VIP) ក្នុង​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ដែរ រហូត​ទាល់តែ​តុលាការ​ដោះ​លែង​កាល​ពី​ឆ្នាំ២០២១។

ករណី​ចុង​ក្រោយ​មួយ​ទៀត មន្ត្រី​ពន្ធនាគារ និង​តុលាការ​ខេត្ត​សៀមរាប​បាន​អនុញ្ញាត​ឱ្យ​អ្នកទោស​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់ (Taiwanese) ម្នាក់​ចេញ​ទៅ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ធ្មេញ​ឯកជន​មួយ​ក្នុង​ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី១៧ សីហា​កន្លងទៅ។ បើ​ទោះ​ជា​ឧក្រិដ្ឋជន​រូប​នេះ មាន​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ក្ដី តែ​មន្ត្រី​ពន្ធនាគារ​នៅតែ​មាន​ការ​អនុគ្រោះ។

គ្រួសារ​លោក ចៅ វាសនា និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​តុលាការ និង​ពន្ធនាគារ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង និង​ស្មើភាព​គ្នា​ចំពោះ​ជន​ជាប់​ឃុំ​ទាំង​ឡាយ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។