បក្សប្រឆាំង និងអ្នកឃ្លាំមើលរិះគន់ថា ទំនាក់ទំនងជាប្រពៃណីរវាងលោក ហ៊ុន សែន និងមេដឹកនាំវៀតណាមនឹងជះឥទ្ធិពលមិនល្អដល់ជោគវាសនា និងផលប្រយោជន៍កម្ពុជានៅថ្ងៃខាងមុខ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជួបប្រជុំជាមួយមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរ។
អ្នកវិភាគនយោបាយនិងមន្រ្តីគណបក្សប្រឆាំងព្រួយបារម្ភថាបើគណបក្សប្រជាជនកម្ពុជាបន្តដឹងគុណវៀតណាមមិនចេះចប់នឹងធ្វើឱ្យកម្ពុជាបាត់ដីនៅតាមព្រំដែនតទៅទៀត ហើយជនអន្តោប្រវេសន៍វៀតណាមក៏បន្តចូលមកដីកម្ពុជាកាន់តែច្រើនថែមទៀតដែលបញ្ហានេះគឺជាគ្រោះថ្នាក់របស់ជាតិនាពេលខាងមុខ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ថ្លែងថា បក្សកុម្មុយនីស្តវៀតណាមកំពុងពង្រីកយុទ្ធសាស្រ្តដំណើរឆ្ពោះទៅទិសខាងលិចរបស់លោក ហូ ជីមិញ ដែលជាអ្នកបង្កើតគណបក្សកុម្មុយនីស្តនៅឥណ្ឌូចិនដើម្បីគ្រប់គ្រងកម្ពុជានិងឡាវទាំងមូល។ លោកមើលឃើញថា បច្ចុប្បន្នវៀតណាមនៅតែបន្តមហិច្ឆតាឱបក្រសោបកម្ពុជាយកទៅត្រួតត្រាដដែលតាមរយៈគណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងដោយមេដឹកនាំវៀតណាមកាលពីអតីតកាល។ទន្ទឹមនឹងនេះលោករំឮកថា វៀតណាមបានជួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដឹកនាំប្រទេសដែលធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវដឹងគុណវៀតណាម។ លោកកត់សម្គាល់ថា ទំនាក់ទំនងក្នុងឋានៈជាចៅហ្វាយនាយនិងកូនចៅនេះមិនបានផ្តល់ផលចំណេញកម្ពុជានោះទេ។ លោក អ៊ំ សំអាន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតនៅខែកក្កដា ខាងមុខនេះដើម្បី ផ្លាស់ប្តូរគណបក្សប្រជាជនកម្ពុជាទើបកម្ពុជារួចផុតពីគ្រោះថ្នាក់៖
«លោក ហ៊ុន សែនទោះបីចាប់យកចិនក៏មិនចោលវៀតណាមដែរពីព្រោះវៀតណាមក៏ជាអតីតចៅហ្វាយរបស់គាត់ហើយគាត់បានអំណាចដោយសារវៀតណាមលើកបន្តុបដូច្នេះគាត់ត្រូវផ្តល់ផលប្រយោជន៍ដល់វៀតណាមវិញដើម្បីស្អំចិត្តវៀតណាមនៅពេលគាត់ស្និទ្ធស្នាលជាមួយចិនដែលជារឿងលោកហ៊ុន សែនទៅយកចិត្តវៀតណាមនិងដឹងគុណវៀតណាមមិនចេះចប់ហ្នឹងគឺកម្ពុជាកាន់តែបាត់បង់ទឹកដីហើយជនអន្តោប្រវេសន៍នៅកម្ពុជាកាន់តែកើនឡើង»។
ប្រតិកម្មរបស់មន្រ្តីគណបក្សប្រឆាំងបន្ទាប់ពីលោក ហ៊ុន សែន ដឹកនាំថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជួបប្រជុំជាមួយមេដឹកនាំបក្សកុម្មុនីស្តវៀតណាមកាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុងហាណូយ។ គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថាកិច្ចប្រជុំកំពូលនេះបានបង្កើននូវទំនាក់ទំនងភាពជាដៃគូ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សរដ្ឋនិងប្រជាជនទាំងពីរថែមទៀត។ប្រភពដដែលថា មេដឹកនាំគណបក្សនៃប្រទេសទាំងពីរបានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងនយោបាយ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លើសពីនេះមេដឹកនាំគណបក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តវៀតណាមក៏បានឯកភាពក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋសភា ក្រសួងស្ថាប័នអង្គការមហាជននិងអាជ្ញធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ជំនួបមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាមួយមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមនិងឡាវតែងតែធ្វើឡើងតាមកាលកំណត់ដើម្បីរាយការណ៍អំពីស្ថានការណ៍គណបក្សនិងកិច្ចសហប្រតិបត្តិការល្អរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរ។ លោកអះអាងថា ជំនួបទាំងនោះគឺធ្វើឡើងដោយស្មើភាពនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយមិនមែនធ្វើឡើងក្នុងនាមកូនចៅនិងចៅហ្វាយដូចការលើកឡើងនោះទេ៖
«យើងជួបនេះមិនមែនក្នុងនាមកូនជឹងនិងចៅហ្វាយនាយទេគឺយើងជួបក្នុងនាមប្រទេសនឹងប្រទេសក្នុងនាមគណបក្សមួយនឹងគណបក្សមួយដោយស្មើភាពគ្នាស្មើសិទ្ធិគ្នាអ៊ីចឹងគ្មានរឿងអ្វីត្រូវថាខាងនេះខាតខាងនោះចំណេញទេគឺថាសុទ្ធតែចំណេញមានផលចំណេញរវាងប្រទេសទាំងពីរបាទ»។
ជុំវិញរឿងនេះដែរអ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា គណបក្សប្រជាជនកម្ពុជាបង្កើតឡើងដោយសារមេដឹកនាំវៀតណាមហើយលោក ហ៊ុន សែន អាចគ្រប់គ្រងអំណាចក្នុងរយៈពេលជិត៤០ឆ្នាំមកនេះក៏ដោយសារវៀតណាមជួយជ្រោមជ្រែង។ លោកមើលឃើញថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលអនុវត្តផែនការឈ្លានពានរបស់បក្សកុម្មុយនីស្តវៀតណាមទទួលបានជោគជ័យច្រើនជាងគេ កន្លងមកទាក់ទងផែនការ «ក៥» ដែលបានសម្លាប់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ការចុះសន្ធិសញ្ញាធ្វើឲ្យកម្ពុជាបាត់កោះ និងទឹកដីរាប់ម៉ឺនគីឡូម៉ែត្រទៅឱ្យវៀតណាមជាដើម។ លោកបន្ថែមថា រឿងទាំងនេះបើអ្នកណាហ៊ាននិយាយប៉ះពាល់ដល់វៀតណាមវិញពួកគេតែងតែជាប់គុកជាបន្តបន្ទាប់៖
«ទំនាក់ទំនងប្រពៃណីគឺមានន័យច្បាស់ណាស់ថា ប្រពៃណីដែលវៀតណាមនៅតែត្រួតត្រាលើបក្សកុម្មុយនីស្តឡាវនិងបក្សកុម្មុយនីស្តកម្ពុជាគឺគណបក្សប្រជាជនកម្ពុជាដដែលហើយនេះជាអាថ៌កំបាំងដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនកំចាត់អ្នណាក៏ដោយដែលហ៊ាននិយាយស៊ីជម្រៅទៅដល់ទំនាក់ទំនងរបស់គាត់ជាមួយបក្សកុម្មុយនីស្តវៀតណាមព្រោះបើបែកខ្ញែកសាច់រឿងទាំងអស់ហ្នឹងគាត់ត្រូវប្រឈមមុខនឹងឧក្រិដ្ឋកម្មធំណាស់»។
គណបក្សប្រឆាំង អ្នកវិភាគ និងយុវជនសង្គមលើកឡើងថា វៀតណាមគឺជាប្រជាជាតិដែលកម្ពុជាគួរប្រុងប្រយ័ត្នចំពោះការធ្វើចំណងមិត្តភាពនិងទំនាក់ទំនងផ្សេងៗពីព្រោះតាមប្រវត្តិសាស្រ្តរហូតដល់បច្ចុប្បន្ន វៀតណាមមិនដែលបោះបង់ចោលមហិច្ឆតាឈ្លានពានកម្ពុជាឡើយ។ ជាឧទាហរណ៍ការបាត់បង់ធនធាន ទឹកដី ទ្រព្យសម្បត្តិជាតិជាច្រើនដូចជា កម្ពុជាក្រោមនិងកោះត្រល់រួមទាំងការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរមិនស្មើភាពគ្នាជាដើម។ ពួកគេក៏ព្រួយបារម្ភពីរបៀបគ្រប់គ្រងដោយមនោគមន៍វិជ្ជានិងចិត្តសាស្រ្តដោយប្រយោលមកលើកម្ពុជា ដូចជា ការផ្តល់ដី៤០ហិកតារឱ្យជនជាតិវៀតណាមសង់លំនៅដ្ឋានស្របពេលពលរដ្ឋខ្មែរម្ចាស់ស្រុកទទួលរងនូវវិបត្តិដីធ្លីព្រមទាំងការផ្តល់ដីសម្បទាននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងការបង្កើតតំបន់ត្រីកោណ(ឡាវ កម្ពុជា វៀតណាម) ដោយវៀតណាមជាអ្នកទទួលគ្រប់គ្រង និងទទួលផលប្រយោជន៍ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។