មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគព្រួយបារម្ភថា ការធ្វើសមយុទ្ធយោធារួមគ្នាតែជាមួយចិននៅពេលនេះ នឹងអាចធ្វើឱ្យសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក កាន់តែមានការសង្ស័យខ្លាំងឡើងពីវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។ ការព្រួយបារម្ភនេះធ្វើឡើង ខណៈយោធាកម្ពុជា-ចិនជិត ៩រយនាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធនាគមាសប្រចាំឆ្នាំ២០២៣ ជាផ្លូវការរួមគ្នារយៈពេលជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី២៣ មីនានេះទៅ។

កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលទើបពាក់ផ្កាយបួនលើស្មាថ្មីៗ នេះ បានជំនួសមុខឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ធ្វើជាអធិបតីប្រកាសបើកការធ្វើសមយុទ្ធយោធានាគមាសឆ្នាំ២០២៣។ ការចេញមុខមាត់របស់លោក ហ៊ុន ម៉ាណែត នាពេលនេះ ធ្វើឡើងក្នុងពេលដែលលោក ទៀ បាញ់ ហាក់ត្រូវបានគេផាត់ចោល និងបន្ថយឥទ្ធិពលគួរឱ្យកត់សម្គាល់។ លោកបានត្រឹមតែទៅចូលរួមកម្មវិធីបែបពិធីការតូចតាចមួយដែលគេមិនសូវចាប់អារម្មណ៍នៅឯខេត្តកោះកុងឯណោះទៅវិញ។
សមយុទ្ធនេះ ចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនាទៅដល់ថ្ងៃទី៨ ខែមេសា មានកងទ័ពកម្ពុជាចូលរួមចំនួន ៥៨៣នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ២៥៧នាក់។ សមយុទ្ធយោធារួមគ្នាជាមួយមហាអំណាចកុម្មុយនិស្តចិន បានធ្វើឡើងស្របពេលប្រទេសលោកខាងលិច ពិសេសសហរដ្ឋអាមេរិក កំពុងបន្តមានការសង្ស័យថាកម្ពុជាអាចអនុញ្ញាតឱ្យមានវត្តមានយោធាចិនឈរជើងនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ មីនាថា វាមិនមែនជារឿងល្អឡើយ ដែលកម្ពុជាសម្រេចចិត្តធ្វើសមយុទ្ធយោធាដើម្បីពង្រឹងសមត្ថភាពកងទ័ពតែជាមួយប្រទេសចិន ហើយមិនបានចាប់ផ្ដើមឡើងវិញឬធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសលោកខាងលិចមួយចំនួនទៀត ដូចជាសហរដ្ឋអាមេរិក អូស្រ្ដាលី និងប្រទេសបារាំងជាដើម។ លោកយល់ថា បើកម្ពុជាធ្វើសមយុទ្ធយោធាជាមួយចិន គឺទាល់តែធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសលោកខាងលិចដែរ ដើម្បីកុំឱ្យមានការសង្ស័យកាន់តែខ្លាំងណាមួយមកលើកម្ពុជា។
លោក អ៊ំ សំអាន៖«ធ្លាប់ធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែត្រូវលុបចោល ត្រូវធ្វើតែជាមួយចិន។ អ៊ីចឹង!បង្ហាញទៅដល់ពិភពលោកថា កម្ពុជា គឺធ្វើសមយុទ្ធតែជាមួយចិន មានន័យថា គឺពឹងផ្អែកទាំងផ្នែកយោធា និងសេដ្ឋកិច្ចទៅលើចិន។ ដូច្នេះ!ធ្វើឱ្យប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក កាន់តែមានការសង្ស័យបន្ថែមទៀត ពីការដាក់មូលដ្ឋានយោធារបស់ចិន នៅសមុទ្រ(មូលដ្ឋានទ័ព)រាម និងខេត្តកោះកុងជាដើម។ ជារឿងមួយមិនល្អនោះទេ»។
មន្ត្រីគណបក្សប្រឆាំងកំពុងភៀសខ្លួននៅក្រៅប្រទេសរូបនេះបន្តថា នៅពេលកម្ពុជាស្ថិតក្រោមការសង្ស័យកាន់តែខ្លាំងពីសហរដ្ឋអាមេរិក ជុំវិញបញ្ហាអាចអនុញ្ញាតឱ្យមានវត្តមានយោធាចិនឈរជើងនៅទឹកដីរបស់ខ្លួន ដែលខុសនឹងរដ្ឋធម្មនុញ្ញ និងអាចធ្វើឱ្យប៉ះពាល់សន្តិសុខនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹងអាចដាក់ទណ្ឌកម្មលើកម្ពុជា បន្ថែមពីការមិនបន្តប្រពន្ធអនុគ្រោះពន្ធ GSP និងការដាក់ទណ្ឌកម្មមួយចំនួនលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនាពេលកន្លងមក។ លោកព្រួយបារម្ភថា ប្រសិនបើបញ្ហានេះពិតជាកើតឡើងមែន នោះការណ៍នេះនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិមិនអាចរីកចម្រើនឡើយ ហើយនឹងធ្វើឱ្យពលរដ្ឋ ពិសេសកម្មករប្រឈមធ្លាក់ខ្លួនក្រីក្រ ដោយសារគ្មានការងារធ្វើ។ លើសពីនេះ វានឹងធ្វើឱ្យកម្ពុជាត្រូវដឹកនាំតាមបែបអំណាចផ្ដាច់ការតវង្សត្រកូល និងមានការជិះជាន់រំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ នៅពេលលោក ហ៊ុន សែន ត្រូវពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិនកុម្មុយនិស្ត។
ការលើកឡើងពីមន្ត្រីគណបក្សប្រឆាំងនេះ បានធ្វើឡើងខណៈលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោកបានប្រកាសថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមប្រធានបទ«ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន នឹងចូលរួមចំណែកយ៉ាងសំខាន់ គាំទ្រដំណើរការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗ បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានក្នុងស្រុកស្និទ្ធនឹងលោក ហ៊ុន សែន (Freshnews)។
ប្រភពដដែលនេះបន្តថា លោក ហ៊ុន ម៉ាណែត ក៏បានរំឭកពីគុណសម្បត្តិនៃការផ្ដើមចេញពីទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅទីក្រុងប៉េកាំងប្រទេសចិនកាលពីឆ្នាំ១៩៩៩ បានធ្វើឱ្យកម្ពុជាទទួលបានជំនួយផ្នែកយោធាជាបន្តបន្ទាប់ពីចិន និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការធ្វើសមយុទ្ធយោធារួមគ្នាដូចនៅពេលនេះជាដើម។
កម្ពុជាដែលកំពុងស្ថិតក្រោមការដឹកនាំតវង្សត្រកូលរបស់លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា បានលម្អៀងកាន់តែខ្លាំងទៅប្រទេសចិន នៅពេលលោកព្យាយាមលើកបន្តុបកូនឱ្យត្រៀមដឹកនាំបន្ត តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការបង្ក្រាបទៅលើអ្នកនយោបាយប្រឆាំងឱ្យជាប់ពន្ធនាគារ និងខ្លះត្រូវរស់ភៀសខ្លួនទៅក្រៅប្រទេស និងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើសកម្មជនបក្សនយោបាយប្រឆាំង អ្នកសារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិលជាដើម។
កម្ពុជាបានធ្វើឱ្យក្រុមប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក កាន់តែមានការសង្ស័យនិងមិនទុកចិត្តកាន់តែខ្លាំងឡើង បន្ទាប់ពីរដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន បានសម្រេចលុបចោលសមយុទ្ធយោធារួមគ្នា«ឆ្មាំអង្គរ»ជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៧ និងបន្ទាប់ពីសារព័ត៌មានឈ្មោះ ឌឹ វ៉រ ស្ទ្រីត ជូណល (The Wall Street Journal) ផ្សាយកាលពីឆ្នាំ២០១៩ ថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតឱ្យយោធាចិនប្រើប្រាស់មួយផ្នែកនៃមូលដ្ឋានទ័ពជើងទឹករាមសម្រាប់រយៈពេល ៣០ឆ្នាំ ហើយនឹងមានការបន្តដោយស្វ័យប្រវត្តិរៀងរាល់ ១០ឆ្នាំម្ដង។ ក្រៅពីនេះ ការវាយកម្ទេចអគារដែលសាងសង់ឡើងដោយជំនួយសហរដ្ឋអាមេរិក ដោយមិនជូនដំណឹងជាមុនកាលពីឆ្នាំ២០២០ ដើម្បីសាងសង់អគារថ្មីដែលជាជំនួយរបស់ចិន។
ទោះជាយ៉ាងណាកាលពីថ្ងៃទី១៦មីនា លោក ហ៊ុន សែន បានច្រានចោលការចោទប្រកាន់ថាកម្ពុជាអាចអនុញ្ញាតឱ្យមានវត្តមានយោធាចិនឈរនៅមូលដ្ឋានទ័ពជើងទឹករាម និងចាត់ទុកការចោទប្រកាន់នេះ ជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ លោកបន្តថា កម្ពុជាមានសិទ្ធិដើម្បីអភិវឌ្ឍ និងធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកការពារអធិបតេយ្យជាតិ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន ការនេសាទខុសច្បាប់ ឬឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងសមុទ្រ និងមិនមែនជាការគំរាមកំហែងទៅប្រទេសណាមួយឡើយ។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ យល់ឃើញថា វាជារឿងសំខាន់សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍ គួរតែមានទំនាក់ទំនងល្អខាងសេដ្ឋកិច្ចនិងយោធាជាមួយបណ្ដាប្រទេសទាំងអស់នៅក្នុងពិភពលោក។ លោកបន្តថា មេដឹកនាំកម្ពុជា គួរអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនឱ្យបានត្រឹមត្រូវ ចៀសវាងការបង្ហាញគោលជំហរណាមួយដែលមានភាពលម្អៀង ព្រោះវានឹងមិនផ្ដល់ប្រយោជន៍ច្រើនសម្រាប់កម្ពុជាឡើយ។
លោក កើត សារ៉ាយ៖«កម្ពុជាហាក់ដូចជាមានភាពស្និទ្ធស្នាលជាមួយភាគីចិន ខ្ញុំមិនបានបដិសេធថា វាមិនមានផលប្រយោជន៍អីសម្រាប់កម្ពុជាទេ។ ប៉ុន្តែ ផ្ទុយទៅវិញ វាមិនបាននាំមកនូវផលចំណេញច្រើន សម្រាប់កម្ពុជាទេ ហើយវាអាចធ្វើឱ្យមានការសង្ស័យ ឬធ្វើឱ្យមានការអាក់អន់ចិត្តពីប្រទេសបណ្ដាប្រទេសលោកសេរី»។
ចំណែកអ្នកវិភាគនយោបាយបណ្ឌិត សេង សារី លើកឡើងថា ការមិនព្រមបន្តឬពន្យារពេលដោយចេតនាក្នុងការធ្វើសមយុទ្ធយោធាជាមួយបណ្ដាប្រទេសផ្សេងទៀតក្រៅពីប្រទេសចិន នោះនឹងធ្វើឱ្យកម្ពុជាបន្តរងការរិះគន់បន្ថែមទៀត។ លោកបន្តថា នៅពេលនេះ វាអាស្រ័យនៅលើកម្ពុជា ថាតើត្រូវធ្វើនយោបាយការបរទេសបែបណា នៅពេលប្រឈមនឹងការប្រកួតប្រជែងឥទ្ធិពលនយោបាយរវាងប្រទេសមហាអំណាចទាំងពីរនៅក្នុងតំបន់អាស៊ាន។ លោកបន្ថែមថា ប្រសិនបើចិន ឬសហរដ្ឋអាមេរិក អាចចាប់យកកម្ពុជាបាន នោះស្មើនឹងការចាប់យកបានតំបន់អាស៊ានទាំងមូល ហើយវាជាគ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា។
បណ្ឌិត សេង សារី៖«កង់ប្រវត្តិសាស្ត្រហាក់ដូចជាត្រឡប់មកវិញ បើសិនដូចក្នុងករណី កម្ពុជាចាប់យកប្រទេសណាមួយដូចពីសម័យក្រោយសង្គមរាស្រ្ដនិយម គឺកម្ពុជានឹងប្រឈមក្លាយទៅជាសង្វៀននៃការប្រកួតប្រជែងអំណាចរបស់មហាអំណាចពិភពលោកម្ដងទៀត។ ហើយលើកនេះ កម្ពុជានឹងធ្លាក់ក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។ ដូច្នេះ សរុបមកវិញ ខ្ញុំយល់ថា ការធ្វើសមយុទ្ធយោធាជាមួយប្រទេសចិនមិនមែនជាកំហុសទេ ប៉ុន្តែការធ្វើតុល្យភាពនៃការធ្វើសមយុទ្ធយោធាទេ ដែលកម្ពុជាគួរតែពិចារណា»។
មន្ត្រីគណបក្សប្រឆាំងមើលឃើញថា មូលហេតុដែលលោក ហ៊ុន សែន បន្តវាយប្រហារកាន់តែខ្លាំងឡើងទៅលើសហរដ្ឋអាមេរិក ហើយបែរជាបង្កើនភាពកាន់តែជិតស្និទ្ធនឹងមិត្តដែកថែបចិន ដោយសារលោក ហ៊ុន សែន ដឹងថា មានតែចិនទេអាចជួយការពារអំណាច ផ្ដាច់ការតវង្សត្រកូលរបស់លោកបាន។ លោក អ៊ំ សំអាន បន្តថា លោក ហ៊ុន សែន ហាក់មិនចង់ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិ ដើម្បីឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយក្រុមប្រទេសលោកខាងលិចវិញឡើយ ដូច្នេះ! គឺលោក ហ៊ុន សែន នឹងសុខចិត្តឱ្យបាត់ការអនុគ្រោះពន្ធ EBA បន្ថែមទៀត ដែលនឹងឱ្យកម្មករកាន់តែប្រឈមគ្មានការងារធ្វើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។