អាជ្ញាធរ​​មូលដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន​កាប់​បំផ្លាញ​ស្លាក​គណបក្ស​ភ្លើង​ទៀន​ជា​ច្រើន​កន្លែង

0:00 / 0:00

អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន លួច​កាត់​បំផ្លាញ​ស្លាក​គណបក្ស​ភ្លើង​ទៀន​ជា​ច្រើន​កន្លែង​ជា​បន្តបន្ទាប់។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​នេះ​ថា ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ ដែល​ជា​ដៃ​គួរ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​​​ ដោយសារ​ព្រួយបារម្ភ​ខ្លាច​ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បំពេញ​ការងារ​ឱ្យ​បាន​ស្មើភាព​គ្នា​គ្រប់​និន្នាការ​គណបក្ស​នយោបាយ។

ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ​ថា ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​​មក​នេះ​​​អាជ្ញាធរ​​បាន​បំផ្លាញ​ស្លាក​គណបក្ស​របស់​លោក​ចំនួន ៣​កន្លែង​ផ្សេង​គ្នា។​ លោក​​ថា កាល​ពី​ថ្ងៃ​ទី​​៩ កុម្ភៈ​​ មេឃុំ​សាលា​ក្រៅ​បាន​ដឹក​នាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​កាត់​បំផ្លាញ​ស្លាក​គណបក្ស​លោក​​មួយ​ផ្ទាំង​ នៅ​ភូមិ​កំពង់​ចម្លង​ក្រោម​ ឃុំ​សាលា​ក្រៅ​ ហើយ​ថ្ងៃ​ទី​១០ ​កុម្ភៈ​​មេឃុំ​ស្ទឹង​កាច់​ ក៏​បាន​នាំ​មេភូមិ​ និង​អាជ្ញាធរ​ក្រោម​ឱវាទ​​​​​លួច​កាត់​បំផ្លាញ​ស្លាក​គណបក្ស​​លោក​ចំនួន​ ២កន្លែង​បន្ថែម​ទៀត ​​ដែល​​ដាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ភូមិ​ផ្សារ​ព្រំជើង​ ឃុំ​ស្ទឹងកាច់។ ​លោក​ចាត់​ទុក​ទង្វើ​​របស់​អាជ្ញាធរ​​នេះ​ថា ​ជា​ការ​ព្រួយបារម្ភ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។​

លោក ខឹម មុនីកុសល៖ «អាជ្ញាធរ​ហ្នឹង​មាន​ការ​លំអៀង​ទៅ​រក​​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​តែ​ម្ដង​ ពីព្រោះ​គណបក្ស​ប្រជាជន​ដើរ​ដាក់​ស្លាក​គ្រប់​ទី​កន្លែង​ គឺ​មិន​មាន​អ្នក​ណា​គេ​​រក​​រឿង​​អី​ទេ​ មិន​ថា​ឡើយ​ទី​សាធារណៈ​ ឬ​ក៏​មុខ​ផ្ទះ​​ប្រជាពលរដ្ឋ​ ឬ​កន្លែង​ណា​សំខាន់ៗ​ គឺ​គណបក្ស​ប្រជាជន​ដាក់​​បាន​ទាំង​អស់។ហើយ​ស្លាក​ហ្នឹង​គឺ ដាក់​ដូច​ម្រាម​ដៃ។​ ប៉ុន្តែ​ ចំណែក​ឯ​គណបក្ស​ភ្លើង​ទៀន​ យើង​សុំ​ច្បាប់​សុំ​អី​ត្រឹមត្រូវ​ហើយ​ហ្នឹង​ ក៏​​តឹង​តែង​ ទម្រាំ​តែ​អនុញ្ញាត​ឱ្យ​យើង​ហ្នឹង​ គឺ​ពិបាក​ណាស់»។

ក្នុង​វីដេអូ​ឃ្លីប​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​បង្ហាញ​ថា ​ក្រុម​អាជ្ញាធរ​​ទាំង​នោះ​មាន​គ្នា​​ជិត១០ បាន​កាត់​ផ្ដួល​ស្លាក​គណបក្ស​ភ្លើង​ទៀន​ទាំង​កណ្ដាល​ថ្ងៃ រួច​​សែង​​ដាក់​លើ​ឡាន​​ដឹក​យក​ទៅ​បាត់​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ហាមឃាត់​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ​មេឃុំ​ស្ទឹង​កាច់ លោក ហ៊ុន ប៊ិន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​មូលហេតុ​ ដែល​លោក​កាត់​ស្លាក​គណ​បក្ស​ភ្លើង​ទៀន គឺ​ដោយ​សារ​មន្ត្រី​គណ​បក្ស​នេះ​លើក​ស្លាក​​តាម​ចិញ្ចើម​ផ្លូវ​ ដោយ​មិន​​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​នោះ​ទេ។​ តែ​យ៉ាង​នេះ​ក្ដី ​លោក​ថា ​ស្លាក​គណបក្ស​​ទាំង​នោះ ​​ត្រូវ​អាជ្ញាធរ​រក្សា​នៅ​សាលា​ឃុំ​នៅ​ឡើយ។

លោក ហ៊ុន ប៊ិន៖ «បាទ​អត់​មាន​រើសអើង​ទេ​ ព្រោះ​ជា​សិទ្ធិ​នយោបាយ​បាន​ ក្រសួង​មហាផ្ទៃ​ បាន​ណែនាំ​ឱ្យ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ធ្វើ​​សកម្មភាព​ស្មើ​មុខ​គ្នា អត់​រើស​អើង​ទេ​។ គេ​បន់​ឱ្យ​​តែ​បាន​បក្ស​ច្រើន​ ដើម្បី​បង្ហាញ​អំពី​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ថា​ ហ្នឹង​ហើយ​មាន​គណបក្ស​ច្រើន​​ពហុបក្ស​ សេរី អ៊ីចឹង​ ឱ្យ​តែ​គាត់​​ដាក់​ពាក្យ​​ស្នើ​សុំ​​មក​ តែ​មាន​អី​គាត់​អត់​ដាក់​ផង»។

ទោះ​ជា​យ៉ាង​ណាក្ដី ​​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​​ លោក ខឹម មុនីកុសល អះអាង​ថា ​លោក​​បាន​សុំ​ច្បាប់​​ពី​អាជ្ញាធរ​​រួច​អស់​ហើយ​ ប៉ុន្តែ​មេឃុំ​សាលា​ក្រៅ ​និង​មេឃុំ​ស្ទឹង​កាច់​មិន​​ឱ្យ​ពួក​គេ​លើក​ស្លាក​ក្រោម​ហេតុ​ថា​ទីតាំង​ទាំង​នោះ មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​សុំ​ច្បាប់​​លើក​ស្លាក​គណ​បក្ស​មុន​ហើយ។

ជុំវិញ​រឿង​នេះ​​ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន​ លោក​ យិន ម៉េងលី ដែល​បាន​ចុះ​អង្កេត​ដល់​កន្លែង​កើត​ហេតុ​មាន​ប្រសាសន៍​ថា ​ទីតាំង​ដែល​អាជ្ញាធរ​​បំផ្លាញ​ស្លាក​គណបក្ស​ភ្លើង​ទៀន​នោះ មាន​ទីធ្លា​ធំ​ទូលាយ​អាច​លើក​ស្លាក​​គណបក្ស​បាន​ជា​ច្រើន​ផ្ទាំង​ ដោយ​គ្មាន​ប៉ះពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ​ឡើយ។ លោក​ចាត់​ទុក​​សកម្មភាព​របស់​អាជ្ញាធរ​បំផ្លាញ​ស្លាក​គណបក្ស​ភ្លើង​ទៀន​នេះ​ថា ​ជា​ការ​​គំរាមកំហែង ​និង​តាម​យាយី​រំខាន​ដៃគួ​ប្រកួត​ប្រជែង​នៅ​មុន​ការ​បោះឆ្នោត។

លោក យិន ម៉េងលី៖ «ដល់​ពេល​យើង​បំផ្លិចបំផ្លាញ​ អីចឹង​មាន​ន័យ​ថា​ ព្រួយបារម្ភ​ខ្លាច​ចាញ់​​ឆ្នោត ឬ​ក៏​យ៉ាង​ម៉េច​?​ខ្ញុំ​គិត​ថា ​គណបក្ស​​ប្រជាជន ​លោក​មាន​លទ្ធភាព​ច្រើន​ហើយ។​ អ៊ីចឹង​ គប្បី​តែ​​បើក​​លំហ​បញ្ហា​នេះ​ឱ្យ​មើល​មក​ល្អ​ផង។ អ៊ីចឹង​ ខ្ញុំ​ចង់​ឱ្យ​ឃើញ​មាន​ស្លាក​​ចម្រុះ​នៅ​តាម​ទី​សាធារណៈ មិន​មែន​នៅ​តែ​ទី​ឯកជន​ទេ ព្រោះ​គណបក្ស​ប្រជាជន​លោក​មាន​ស្លាក​ច្រើន​ហើយ​ ព្រោះ​លោក​មាន​លទ្ធភាព​​គ្រប់​បែប​យ៉ាង​ ព្រោះ​លោក​កាន់​អំណាច​យូរ​ហើយ​ ប៉ុន្តែ​ធ្វើ​ម៉េច​ឱ្យ​គណបក្ស​ដែល​គាត់​មាន​​លទ្ធភាព​តិច​ឱ្យ​បង្ក​លក្ខណៈ​ឱ្យ​គាត់​ផង»។

ការ​បំផ្លាញ​ស្លាក​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​តែង​កើត​មាន​ជា​ហូរហែ​។ ឧទាហរណ៍​ កាល​ពី​បោះ​ឆ្នោត​ឃុំ​សង្កាត់​​ឆ្នាំ​២០២២​ កន្លង​ទៅ ជន​មិន​ស្គាល់​មុខ​​លួច​ផ្ដួល​ស្លាក​គណបក្ស​នេះ​ចំនួន​ ២ផ្ទាំង។ ជាង​នេះ​ទៅ​ទៀត ​​អាជ្ញាធរ​តែង​រារាំង​ដល់​សកម្មជន​គណបក្ស​ភ្លើង​​​លើក​ស្លាក​ម្ដង​ហើយ​ម្ដង​ទៀត​។ រហូត​មក​ទល់​ពេល​នេះ​ យ៉ាង​ហោច​ណាស់​មាន​ស្លាក​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​ចំនួន ៥​ផ្ទាំង​ហើយ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​និង​អាជ្ញាធរ​ឃុំ​លួច​បំផ្លាញ​ចោល។ ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​មាត្រា៤ ចែង​ថា គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ស្មើៗ ​គ្នា ក្នុង​ការ​ទទួល​បាន​បុព្វសិទ្ធិ និង​ការ​យក​ចិត្ត​ទុក​ដាក់ ដោយ​ស្មើភាព​គ្នា​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់។

ចំណែក​ច្បាប់​ស្ដី​ពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ មាត្រា​៦៩ ​ចែង​ថា ស្លាក​គណបក្ស​នយោបាយ​អាច​លើក​នៅ​ទី​សាធារណៈ ​ដោយ​មាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​ឃុំ​សង្កាត់ ផ្អែក​លើ​គោល​ការណ៍​ស្មើភាព សន្តិសុខ សណ្ដាប់​សាធារណៈ​ និង​សោភ័ណ​ភាព​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។