លោក ហ៊ុន ម៉ានី៖ សន្តិភាព​និង​ប្រជាធិបតេយ្យ​ជួយ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​

ដោយ សាន សែល
2016-02-27
Share
ហ៊ុន ម៉ានី ៨៥៥ ២០១៦ តំណាងរាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​នៃ​វេទិកា​យុវជន​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
Photo: RFA

កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានី អះអាង​ថា សន្តិភាព និង​ប្រជាធិបតេយ្យ​នឹង​ជួយ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​របស់​អង្គការ​សហប្រជាជាតិ (SDGs)។ ទោះ​យ៉ាងណាក៏ដោយ អ្នក​ស្រាវជ្រាវ​យល់​ថា ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មិន​ទាន់​ដំណើរការ​ស្រប​តាម​ស្តង់ដារ​នោះ​ទេ។

លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​នៃ​វេទិកា​យុវជន​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា សន្តិភាព និង​ប្រជាធិបតេយ្យ ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា មិន​អាច​ខ្វះ​មួយ​ណា​បាន​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។

លោក ហ៊ុន ម៉ានី ត្រូវ​គេ​ជ្រើសរើស​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី។ លោក​អះអាង​ថា សន្តិភាព​មិន​គួរ​ត្រូវ​មើល​រំលង និង​មិន​យកចិត្តទុកដាក់​នោះ​ឡើយ។ លោក​ថា សង្គ្រាម​និង​វិវាទ​នឹង​មក​សម្លាប់​សន្តិភាព ប្រសិនបើ​យុវជន​ក្នុង​តំបន់​អាស៊ី មិន​បាន​ផ្ដល់​តម្លៃ និង​ថែរក្សា​សន្តិភាព​ឲ្យ​បាន​ដិតដល់​ទេ​នោះ៖ «ចំពោះ​ប្រធានបទ​នៅ​ថ្ងៃ​នេះ​វិញ យើង​ចោទ​សួរ​ថា តើ​សន្តិភាព និង​ប្រជាធិបតេយ្យ​ធ្វើ​ឲ្យ​អ្នក​ណា​ដើម្បី​អ្នក​ណា? មាន​ការ​កំណត់​សម្គាល់​ថា ប្រជាធិបតេយ្យ​ធ្វើ​ដើម្បី​ប្រជាធិបតេយ្យ។ អ៊ីចឹង​មិន​មែន​ថា សន្តិភាព ឬ​ប្រជាធិបតេយ្យ​មួយ​ណា​សំខាន់​ជាង​នោះ​ទេ»

លោក​លើក​ឡើង​បែប​នេះ ស្រដៀង​ទៅ​នឹង​ឪពុក​របស់​លោក ដែល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​បើក​វេទិកា​យុវជន​អាស៊ី ដែល​យុវជន ១១១​នាក់ មក​ពី ១៧​ប្រទេស​ក្នុង​ទ្វីប​អាស៊ី។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​យុវជន​អន្តរជាតិ​ទាំង​នោះ​ថា ប្រសិនបើ​តំបន់​អាស៊ី និង​ប្រទេស​នីមួយៗ​នៃ​ទ្វីប​នេះ​មាន​សង្គ្រាម នោះ​យុវជន​មិន​អាច​ជួបជុំគ្នា​ក្នុង​វេទិកា​យុវជន​អាស៊ី បាន​ឡើយ។

​លោក ហ៊ុន ម៉ានី បញ្ជាក់​ថា ការ​លើក​កម្ពស់​តួនាទី​សកម្ម​របស់​យុវជន​អាស៊ី ដើម្បី​ឲ្យ​ពួកគេ​ចែក​រំលែក​ការ​យល់​ឃើញ​ក្ដី​កង្វល់ និង​បទពិសោធន៍​ស្ដីពី​ការ​រក្សា​សន្តិភាព និង​ពង្រឹង​ប្រជាធិបតេយ្យ នឹង​ចូលរួម​ចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ស្រប​តាម​គោលដៅ​របស់​អង្គការ​សហប្រជាជាតិ។

ទោះជា​បែបនេះ​ក្ដី អ្នក​សិក្សា​ស្រាវជ្រាវ​ស្ដីពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី លើក​ឡើង​ថា កម្ពុជា នឹង​ពិបាក​សម្រេច​តាម​ការ​លើក​ឡើង​នេះ ខណៈ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​មាន​តុល្យភាព ដែល​ធ្វើ​ឲ្យ​ខ្វះ​សន្តិសុខ​មនុស្ស​ជាតិ៖ ​«បាន​ន័យ​ថា ពលរ​ដ្ឋ​ដែល​គ្មាន​អំណាច ក្រីក្រ តែ​រង​ការ​រំលោភ​បំពាន​ពី​អ្នក​មាន​អំណាច អ្នក​មាន​លុយ អ្នក​មាន​ខ្សែ។ សន្តិសុខ​មនុស្ស​ជាតិ គឺ​អត់​មាន។ បើ​យើ​ង​និយាយ​ពី​ប្រជាធិបតេយ្យ​ យើង​មាន​សេរីភាព​ការ​បញ្ចេញ​គំនិត។ តែ​នៅ​ស្រុក​ខ្មែរ បើ​ម្ខាង​ហ្នឹង​មាន​សេរីភាព​ហួស​ហេតុ រំលោភ​លើ​គេ។ តែម្ខាង​ទៀត ពេល​បញ្ចេញ​សេរីភាព​ត្រូវ​បាន​គេ​ទន្ទ្រាន ត្រូវ​បាន​វាយ​ប្រហារ ហើយ​ក្រុម​ម្ខាង​ទៀត​នោះ​បង្កើត​ក្រុម​ដើម្បី​រំលោភ​គេ»

លោក ហ៊ុន ម៉ានី បដិសេធ​សំណួរ​អ្នក​សារព័ត៌មាន​ដែល​ថា តើ​មាន​ការ​ពិភាក្សា​ពី​ស្ថានភាព​សន្តិភាព និង​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី ពិសេស​នៅ​កម្ពុជា ជាមួយ​យុវជន​ទាំង ១៧​ប្រទេស ឬ​ស្រប​ពេល​ដែល​វេទិកា​នេះ​ផ្ដោត​លើ​តួនាទី​សន្តិភាព និង​ប្រជាធិបតេយ្យ ឆ្ពោះ​ទៅ​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព៕

សូម​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក សាន សែល ជាមួយ លោក កែម ឡី អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល