អ្នកវិភាគ​និង​ពលរដ្ឋ​​ថា ការ​ប្រកាស​ការពារ​សន្តិភាព​របស់​លោក ហ៊ុន សែន ជា​ការ​​ការពារ​អំណាច​ខ្លួន

0:00 / 0:00

មន្ត្រី​នៃ​របប​ក្រុងភ្នំពេញ​អះអាង​ថា កម្ពុជា​មាន​សន្តិភាព​ពេញលេញ និង​មាន​ការ​អភិវឌ្ឍ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​៤១​ឆ្នាំ​មក​នេះ​។ ប៉ុន្តែ​ពលរដ្ឋ​និង​អ្នកវិភាគ​បាន​លើកឡើង​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​មាន​សន្តិភាព​ដូច​លោក ហ៊ុន សែន អះអាង​ឡើយ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​ឱកាស​មីទ្ទិញ ថ្ងៃ​ទី​៧ មករា​លើក​ទី​៤១ ថា របប​នេះ នឹង​ការពារ​សន្តិភាព​ឱ្យ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ក៏ប៉ុន្តែ​អ្នកវិភាគ លើកឡើង​ថា កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ ឬ​មិន​មាន​នោះ មិនមែន​អាស្រ័យ​លើ​ការ​អះអាង​របស់​មេដឹកនាំ​នោះ​ឡើយ អាស្រ័យ​លើ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​មាន​សេចក្ដី​សុខ​ពិត ឬ​យ៉ាងណា?។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែងតែ​ប្រកាស​ថា ក្រោម​ការដឹកនាំ​របស់​ខ្លួន​ជាង ៤០​ឆ្នាំ​មកនេះ គឺ​កម្ពុជា​មាន​សន្តិភាព ប៉ុន្តែ​ជាក់ស្ដែង​នោះ មិនមែន​ជា​សន្តិភាព​ពិតប្រាកដ ដែល​ពលរដ្ឋ​រស់នៅ​គ្មាន​ភាព​ភ័យខ្លាច​នៅ​ក្នុង​សង្គម​នោះ​ឡើយ៖ «អ្វី​ដែល​រដ្ឋាភិបាល​មើល​ឃើញ​ពី​សន្តិភាព ពី​ការ​គោរព​សិទ្ធិមនុស្ស​នេះ ខុស​ពី​ក្រុម​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មើល​ឃើញ ពី​ព្រោះ​ថា​អំពើ​អយុត្តិធម៌​សង្គម ការរំលោភ​សិទ្ធិមនុស្ស ហើយ​សន្តិភាព​នេះ គឺ​ពលរដ្ឋ​មើល​ឃើញ​ខុស​ពី​រដ្ឋាភិបាល»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ការដឹកនាំ​របស់​លោក​ជាង ៤០​ឆ្នាំ​មកនេះ គឺ​ធ្វើ​ឱ្យ​កម្ពុជា​មាន​សន្តិភាព និង​អភិវឌ្ឍន៍ ហើយ​លោក​ប្រកាស​ប្ដេជ្ញា​ថា ទោះបី​ស្ថិត​នៅ​ក្នុង​ល្គឹកណា​ក៏ដោយ លោក​ត្រូវតែ​ការពារ​សន្តិភាព​នេះ សម្រាប់​ភាព​សុខសាន្ត​របស់​ប្រទេសជាតិ៖ «ពី​ទឹកដី​ដែល​គ្មាន​សេរីភាព ការ​បែកបាក់​ជាតិ ដោយ​ផេះផង់ បាន​ប្រែក្លាយ​ទៅជា​ទឹកដី​មានការ​អភិវឌ្ឍន៍​និង​សន្តិភាព ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​យ៉ាង​សុខសាន្ត»។

ទោះបីជា​លោក ហ៊ុន សែន អះអាង​ពី​មោទនភាព​នៃ​ការដឹកនាំ​របស់​លោក​ធ្វើ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​បែបនេះ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកវិភាគ​អះអាង​ថា ការប្រកាស​របស់​លោក ហ៊ុន សែន នេះ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ឡើយ។ សន្តិភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺជា​សន្តិភាព​ក្លែងក្លាយ​ទៅវិញ​ទេ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច និង​គ្មាន​សិទ្ធិ​សេរីភាព។ ផ្ទុយទៅវិញ​ការប្រកាស​ការពារ​សន្តិ​ភាព​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​នៅ​ពេល​នេះ គ្រាន់តែ​ជា​ការ​ប្រកាស ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន ដោយ​បិទបាំង​នូវ​ពាក្យ​សន្តិភាព​ទៅវិញ​ទេ។

ពលរដ្ឋ​មួយ​រួប​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី៧ មករា លោក សុភាព បញ្ជាក់​ថា កម្ពុជា​មាន​សន្តិភាព​តែ​ចំពោះ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​មន្ត្រី​បក្ខពួក​របស់​អ្នក​មាន​អំណាច​ទេ ដែល​រស់នៅ​ក្នុង​ក្នុង​ភាព​សុខសាន្ត សំបូរ​សប្បាយ​ដើរ​ចាយវាយ​ហឺ​ហារ រស់​នៅ​លើ​វីឡា​ស្កឹមស្កៃ ដោយឡែក​សម្រាប់​ពលរដ្ឋ​វិញ​គ្មាន​ក្ដី​សុខ​នោះ​ទេ អ្នក​ខ្លះ​ទៀត​រស់នៅ​លើ​ដី​កេរ្តិ៍​ដូនតា​ក៏​ត្រូវ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ទៅ​បណ្ដេញ​ចេញពី​ដីធ្លី​ធ្វើ​ឱ្យ​គ្មាន​ទីជម្រក គ្មាន​ស្ថាប័នរដ្ឋ​ណា​ផ្ដល់​យុត្តិធម៌​ជូន​ជាដើម​៖ «ពាក្យ​សន្តិភាព​នេះ គឺ​សន្តិភាព​តែ​ក្រុម​បក្ខពួក​រដ្ឋាភិបាល​ទេ ព្រោះថា កាលពី​ថ្ងៃ​ទី​៦​មករា និង​ម្សិលមិញ​នេះ ការ​បណ្ដេញ​ចេញពី​ដីធ្លី នៅ​ឫស្សីកែវ នៅ​ខែត្រ​ព្រះសីហនុ ធ្វើ​ឱ្យ​ពលរដ្ឋ​យំ​ស្រែក នៅតែ​បន្ត​កើតមាន ហើយ​សន្តិភាព​ដែល​គេ​ជួបជុំគ្នា​គេ​រៀបចំ​យក​យុវជន​ស . . . ក មក​ចូលរួម​ពិធី​ជាដើម»។

ពាក្យ​សន្តិភាព​នេះ នៅមុន​ថ្ងៃ​៧ មករា​មកដល់ គឺ​មន្ត្រី​នៃ​របប​ឯក​បក្ស​បាន​ធ្វើ​បដា សរសេរ​ពាក្យ​ថា “ អរគុណ​សន្តិភាព​” អរគុណ សម្ដេច ហ៊ុន សែន​” នៅ​តាម​អគារ​ស្ថាប័នរដ្ឋ​នានា សាលារៀន និង​អគារ​ឯកជន​ផ្សេងៗ​ទៀត​នៅ​ពាសពេញ​ប្រទេស។

ពាក្យ​ថា “​សន្តិភាព​” មិនមែន​និយាយ​ផ្ចង់​ឆ្ពោះ​ទៅ​ត្រឹមតែ​ការ​ទម្លាក់​អាវុធ​តែ​ម្យ៉ាង​ទេ វា​មានន័យ​ជ្រាលជ្រៅ​ដល់ ការ​រក្សា​ក្ដី​ស្ងប់ សតិអារម្មណ៍ មិន​ក្ដៅ​ក្រហល់ក្រហាយ​របស់​ប្រជារាស្ត្រ​នៃ​សង្គមជាតិ​ថែមទៀត​ផង​។ ភាព​ស្ងប់​សុខ​ក្នុង​សង្គម​មួយ ដែល​អាច​កើតមានឡើង​បាន លុះត្រាតែ មេដឹកនាំ ឈប់​លោភលន់ ឈប់​ល្មោភ​អំណាច ឈប់​ដើរតួ​កាច​សាហាវ ហើយ​ងាក​មក​ប្រកាន់​នូវ​ទសពិធរាជធម៌ ដែល​ជា​ធម៌​ទាំង​១០ ក្នុង​គម្ពីរ​ភាព​ជា​អ្នកដឹកនាំ​។​ល​។ ម្យ៉ាងវិញទៀត ន័យ​សន្តិភាព តាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត វិញ គឺ​មានន័យថា សេចក្ដី​ស្ងប់ សេចក្ដី​សាន្តត្រាណ ដំណើរ​សះ​ជា​នឹង​គ្នា។

រីឯ ពាក្យ​អភិវឌ្ឍន៍​វិញ ក៏​មិនមែន​និយាយ​សំដៅ ត្រឹមតែ​ការ​បង្អួត​អគារ​ខ្ពស់​ស្កឹមស្កៃ ដែល​ជា​សមិទ្ធផល​ចេញ​មកពី ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ការ​កាប់​បំផ្លាញ​ព្រៃឈើ លុប​បឹង​បួរ ព្រែក ស្ទឹង ទន្លេ ដូច្នោះ​ដែរ​។ អភិវឌ្ឍន៍​ពិត គឺ​សំដៅ​ដល់ ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ផ្នត់គំនិត អត្តចរិត ឥរិយាបថ របស់​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​ផ្ដើម​ចេញពី​គំរូ​របស់​មេដឹកនាំ​ជា​មុន​សិន ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រួប​ទទួល​ផល​ពី​សង្គម​ដោយ​ស្មើភាព​គ្នា​ពី​សង្គម គ្មាន​ការរើសអើង ដោយ​តម្លាភាព សច្ចភាព និង​យុត្តិធម៌​។ បើសិនជា​ប្រទេសជាតិ​មួយ​មាន​សន្តិភាព និង​អភិវឌ្ឍន៍​ពិតប្រាកដ គឺ​មិន​ត្រឹមតែ​ការ​ទម្លាក់​អាវុធ​គ្រាប់​ផ្ទុះ ប៉ុន្តែ​ហូរហៀរ​ទៅ​ដោយ សម្រែក​ឈឺចាប់​នៃ​ជនរងគ្រោះ​ពី​អំពើ​អយុត្តិធម៌​សង្គម អំពើពុករលួយ ការបំផ្លាញ​ធម្មជាតិ ការ​ជាន់​ឈ្លី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង គម្លាត​អ្នកមាន​និង​អ្នកក្រ​កាន់តែ​ខ្លាំង​នោះ​ទេ។

ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រជាពលរដ្ឋ​រំពឹង​ថា មាន​សន្តិភាព នៅ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) អះអាង​កន្លងមក​ថា លោក ហ៊ុន សែន បាន​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង ដែល​មាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស ការបំផ្លាញ​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​បំបាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង ការ​ធ្វើទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ការ រំលាយ​គណបក្សប្រឆាំង ដែល​មិន​ធ្វើ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ​ឡើយ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ធ្លាប់​បាន​បញ្ចេញ​របាយ​ការណ៍​បង្ហាញ​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​អ្នកដឹកនាំ​កាន់​ដំណែង​យូរ​ជាងគេ​ក្នុង​ពិភពលោក​។ អង្គការ​នេះ​បាន​ចាត់ទុក​លោក​ថា ជា​មេដឹកនាំ​កាន់អំណាច​យូរ ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​ប្រើ​អំពើ​ហិង្សា ការគាបសង្កត់ និង​អំពើពុករលួយ ដើម្បី​កាន់អំណាច​បន្ត មិនមែន​បាន​អំណាច​ដោយ​ការបោះឆ្នោត​ត្រឹមត្រូវ ឬ​ដោយ​សន្តិវិធី​ឡើយ​។ របាយការណ៍​ដដែល​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់បញ្ចូល​ក្នុងចំណោម​អ្នកដឹកនាំ ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា នយោបាយ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​គៃបន្លំ​ការបោះឆ្នោត ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដឹកនាំ​ប្រទេស​ដល់​សព្វថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។