ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ដែល​នឹង​ចូលរួម​វេទិកា​នៅ​កូរ៉េ

ដោយ ច័ន្ទ ដារ៉ូ
2024.09.09
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ដែល​នឹង​ចូលរួម​វេទិកា​នៅ​កូរ៉េ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា (រូបកណ្ដាល) ធ្វើដំណើរដល់ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃទី៩ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន នឹង​ដឹកនាំ​មន្ត្រី​កម្ពុជា​ជាច្រើន​នាក់​ទៅ​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​រយៈពេល​៥​ថ្ងៃ ជា​លើកដំបូង​នៅ​ប្រទេស​កូរ៉េខាងត្បូង ចាប់តាំង​ពី​លោក​ផ្ទេរ​អំណាច​នាយករដ្ឋមន្ត្រី​ឱ្យ​កូនប្រុស​គឺ​លោក ហ៊ុន ម៉ាណែត មក។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ដែល​ពួកគាត់​មើល​ឃើញ​ថា កម្ពុជា​កំពុង​តែ​មាន​វិបត្តិ​នយោបាយ​និង​វិបត្តិ​ផ្សេងៗ​ទៀត ចាក់​ស្រេះ​នៅក្នុង​សង្គម​នោះ ហើយ​លោក ហ៊ុន សែន មិនអាច​ធ្វើជា​គំរូ​នៃ​មេដឹកនាំ​ដោះស្រាយ វិបត្តិ​នយោបាយ ផ្សះផ្សា​ផ្លូវចិត្ត​សម្រាប់​ពិភពលោក​បាន​ឡើយ។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក ម៉ាត់ វណ្ណី កត់​សម្គាល់​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​លើក​នេះ​មាន​សភាព​ស្ងប់ស្ងាត់ ចំណែក​ការប្រកាស​ព័ត៌មាន​វិញ​ធ្វើឡើង​តក់ក្រហល់ គឺ​មួយថ្ងៃ​មុន​ពេល​ធ្វើដំណើរ​ចេញទៅ​ប្រទេស​កូរ៉េ។ លោក​យល់​ថា​នេះ​ទំនង​លោក ហ៊ុន សែន ខ្លាច​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ប្រមូលគ្នា ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បកអាក្រាត​ចំពោះ​លោក​ដឹកនាំ​ប្រទេស​ផ្ដាច់ការ ជាពិសេស​ស្ថានការណ៍​ចុងក្រោយ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​មិន​ស្តាប់​ក្តី​កង្វល់​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​(CLV-DTA)

តែ​យ៉ាងណា លោក ម៉ាត់ វណ្ណី ឱ្យ​ដឹង​ថា ក្រុម​យុវជន​នៅ​តាម​តំបន់​នីមួយៗ​កំពុង​រៀបចំ​ឱ្យ​មាន​ការ​សម្ដែង​មតិ និង​ប្រមូល​ហត្ថលេខា​ពី​ពលរដ្ឋ​ខ្មែរ​រស់នៅ​និង​ធ្វើការ​នៅ​កូរ៉េ​ដើម្បី​រៀបចំ​ញត្តិ​ដាក់​ទៅ​លោក ហ៊ុន សែន ក្នុង​គោល​បំណង​ទាមទារ​ឱ្យ​ដក​កម្ពុជា​ចេញពី​កិច្ច​សហប្រតិបត្តិការ CLV ជាមួយ​ឡាវ និង​វៀតណាម ព្រមទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ ហើយ​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក ម៉ាត់ វណ្ណី៖ «គាត់​គួរតែ​បើកភ្នែក​មួយ​ចំហៀង​ដែល​គាត់​មើលឃើញ​ឱ្យ​ដឹង​សុខទុក្ខ​ប្រជារាស្ត្រ ការឈឺចាប់​របស់​ប្រជារាស្ត្រ ជាពិសេស​ជនរងគ្រោះ​ដីធ្លី ជនរងគ្រោះ​ព្រាត់ប្រាស​ឪពុកម្ដាយ​ដោយសារ​រឿង​នយោបាយ យុវជន​អត់​ដឹង​អ្វី​សោះ​គ្រាន់តែ​ព្រួយបារម្ភ​ទៅ​ចាប់​គ្នា​ដាក់​គុន គាត់​គួរតែ​មើលឃើញ​សេចក្តី​ឈឺចាប់ ហើយ​គាត់​គួរតែ​ដោះស្រាយ ដោះលែង​អ្នក​ទាំងអស់​ឱ្យ​មាន​សេរីភាព បើក​លំហ​សេរីភាព ប្រជាធិបតេយ្យ​ឡើងវិញ ទើប​គាត់​អាច​យកពាក្យ​ពេចន៍​សន្ទរកថា​របស់​គាត់​ថ្លែង​ទៅ​អន្តរជាតិ​ឱ្យ​គេ​ស្តាប់​គាត់​បាន»

ការ​លើកឡើង​នេះ បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪ​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន រួម​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា និង​មន្ត្រី​រដ្ឋា​បាល​មួយចំនួន​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​វេទិកា “​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥” (World Knowledge Forum) នៅ​ប្រទេស​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ក្រោម​ប្រធានបទ “​មាគ៌ា​ឆ្ពោះ​ទៅ​រក​សហត្ថិភាព​” (Journey Towards Coexistence) ឬ​ហៅថា​ដំណើរ​ទៅ​រក​ការ​រួមរស់​ជាមួយគ្នា និង​អត់ឱន​ឱ្យ​គ្នា។

សេចក្តី​ប្រកាស​ព័ត៌មាន​អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា​ចុះ​ថ្ងៃទី​៦ ខែ​កញ្ញា ដែល​លោក ហ៊ុន សែន ទើប​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៨ ខែកញ្ញា បាន​ឱ្យ​ដឹង​ថា​លោក ហ៊ុន សែន នឹង​ថ្លែង​សន្ទរកថា​ពិសេស​ទាក់ទង “​មាគ៌ា​ឆ្ពោះ​ទៅកាន់​សហត្ថិភាព និង​វិបុលភាព​ក្នុង​អាស៊ាន” ។ ហើយ​អ្នកចូលរួម​ក្នុង​វេទិកា​នោះ​មកពី​មជ្ឈដ្ឋាន​រដ្ឋាភិបាល អ្នកនយោបាយ អ្នក​សិក្សា​អប់រំ​ជាដើម ជុំវិញ​ពិភពលោក​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​សកល​ប្រកបដោយ​តុល្យភាព។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ថា អំឡុង​ពេល​ស្នាក់នៅ​ទីក្រុង​អ៊ីនឆន់ (Incheon City) លោក ហ៊ុន សែន នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង រួមមាន​ប្រធានាធិបតី ប្រធាន​សភា និង​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​របស់​កូរ៉េ។ បន្ទាប់​មក​លោក ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច នៅ​ខេត្ត​ឃ្យុងសាងបុកដូ (Gyeongsangbuk-Do) ដើម្បី​ទទួល​សញ្ញាបត្រ​កិត្តិយស “​ភាពជា​មេដឹកនាំ និង​ការ​កសាង​សន្តិភាព​” រៀបចំ​ដោយ​សាកលវិទ្យាល័យ​ដុងហ្គុក (Dongguk University) ហើយ​លោក​ក៏​នឹង​ថ្លែង​បាឋកថា​ស្ដីពី “​បទពិសោធន៍​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​រំដោះជាតិ ការ​កសាង​សន្តិភាព ការផ្សះផ្សា និង​ការ​កសាង​ជាតិ​ឡើងវិញ​” ពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម និង​វាល​ពិឃាត​មក​ជា​ប្រទេស​មាន​សន្តិភាព ការ​រួមរស់​ជាមួយគ្នា និង​ការ​អត់ឱន។

ទោះជា​យ៉ាងណា​ពលរដ្ឋ ជាពិសេស​ក្រុម​យុវជន​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​លើកឡើង​ថា​លោក ហ៊ុន សែន មិន​សក្ដិសម​មានមុខ​នៅក្នុង​វេទិកា​ចែករំលែក​ចំណេះដឹង​នោះ​ទេ ហើយ​ពួកគាត់​នឹង​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន ដែល​ពួកគាត់​ចាត់ទុកថា​ជា​មេដឹកនាំ​ផ្ដាច់ការ រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​លោក មាន វិសាល ថ្លែង​ថា លោក​ចម្លែក​ដែល​លោក ហ៊ុន សែន ប្រកាស​គម្រោង​ទស្សនកិច្ច​នៅ​ថ្ងៃនេះ​ទៅ​ដល់​ប្រទេស​កូរ៉េ​នៅ​ថ្ងៃស្អែក​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ពិបាក​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​ដូច​លើក​មុនៗ​។ ទោះជា​យ៉ាងណា​លោក​កំពុង​រៀបចំ​ឯកសារ​ដាក់​ពាក្យ​ទៅ​អាជ្ញាធរ​កូរ៉េ​ស្នើសុំ​ធ្វើបាតុកម្ម និង​កៀរគរ​គ្នា​សម្ដែង​តាម​រូបភាព​ផ្សេងទៀត​ដើម្បី​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ដែល​នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែ​កញ្ញា​ខាងមុខ។ ពួកគេ​បញ្ជាក់​ថា​សំណើ​លើក​នេះ​មិន​ខុសពី​លើក​មុន​នោះ​ដែរ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ងាក​មក​ស្តាប់​កង្វល់​របស់​ពលរដ្ឋ​ទាក់ទង​បញ្ហា​គម្រោង CLV និង​ឈប់​តាម​យាយី​ដល់​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​បន្ត​ទៅ​ទៀត។

លោក មាន វិសាល៖ «គម្រោង​រៀបចំ​ដឹក​នាំ​ឱ្យ​បងប្អូន​បាន​ជួបជុំគ្នា​សម្ដែង​មតិ​ទាមទារ​ចំ​ពេល​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន មក​ប្រទេស​កូរ៉េ​តែម្តង ស្របពេល​ទាមទារ​ហ្នឹង​យើង​សង្ឃឹម​ថា គាត់​បាន​លឺ​ច្បាស់​នឹង​ត្រចៀក​តែម្តង តើ​បងប្អូន​ខ្មែរ​នៅ​កូរ៉េ​ចង់បាន​អ្វី គាត់​ទាមទារ​អ្វី អ៊ីចឹង​យើង​នឹង​រៀបចំ​ឱ្យ​មាន​ការ​សម្ដែង​មតិ»

ពលរដ្ឋ និង​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លើក​ឡើង​ថា លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​មិន​ញញើត​ក្នុង​ការ​ប្រកាស​បង្ក្រាប​បង្ហូរ​ឈាម​ពលរដ្ឋ​ខ្លួន​នោះ គឺ​គ្មាន​គុណ​តម្លៃ ឬ​ទស្សន​នយោបាយ​ពិសេស​សម្រាប់​ធ្វើ​ឱ្យ​ពិភពលោក​យក​គំរូ​កែប្រែ​មនុស្ស​ឱ្យ​រួមរស់​ជាមួយគ្នា​ប្រកបដោយ​សេចក្តី​សុខសាន្ត ដូច​គោលបំណង​នៅ​វេទិកា​រៀបចំ​ឡើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក ហ៊ុន សែន នឹង​យក​វេទិកា​នោះ​ថត​ដាក់​ទូរទស្សន៍​បង្អួត​អ្នកស្រុក​ខ្មែរ កេង​ចំណេញ​នយោបាយ ហើយ​ពលរដ្ឋ​ខ្មែរ​បន្ត​រងគ្រោះ​ក្រោម​អំណាច​របស់​លោក​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សារ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​កម្ទេច​​អ្នក​រិះគន់ «ជា​ភស្តុតាង​អាច​ប្តឹង​ទៅ​តុលាការ ICC»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។