ពលរដ្ឋ​មួយ​ចំនួន​នៅ​ព្រំដែន​ថៃ​ថា ខ្លួន​តាម​ដាន​ព័ត៌មាន​ពី​គម្រោង​វិល​មក​កម្ពុជា​របស់​លោក សម រង្ស៊ី យ៉ាង​ដិតដល់

ដោយ ខែ សុណង
2019.10.20
សម រង្ស៊ី ចូល​ស្រុក ៦២២ ២០១៤ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិភាគ​ពាយ័ព្យ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នាំគ្នា​តាមដាន​ព័ត៌មាន​អំពី​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​យ៉ាង​ដិតដល់​។ ពួកគាត់​អះអាង​ថា មូលហេតុ​ដែល​តាមដាន​ព័ត៌មាន ដោយសារ​ចង់​ដឹង​ពី​ស្ថានការណ៍​នយោបាយ​ថ្មីៗ របស់​ស្រុកទេស ដើម្បី​ត្រៀមខ្លួន​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ស្របតាម​សភាពការណ៍​បច្ចុប្បន្ន។

ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ លើកឡើង​ស្រដៀង​គ្នា​ថា សព្វថ្ងៃ​ពួកគាត់​តាមដាន​ព័ត៌មាន​លាក់​ទុក​ក្នុង​ចិត្ត​ទាំង​ភ័យខ្លាច និង​មិន​ហ៊ាន​និយាយ​ចេញទៅ​ខាងក្រៅ​ឱ្យ​គេ​ឯង​ដឹង​ឡើយ ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពួកគាត់។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​តំបន់​ព្រំដែន​ស្រុក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ លោកស្រី ញ៉ែម សារុំ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ តុលា ថា លោកស្រី និង​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ថៃ​ស្រុក​នេះ​តាមដាន​ព័ត៌មាន​ស្ទើរ​គ្រប់គ្នា ជាពិសេស​គឺ​មើល​ក្នុង​ហ្វេសប៊ុក (Facebook) និង​តាម​យូធូប (Youtube)​។ លោកស្រី​បន្ត​ថា អ្នក​នៅ​ព្រំដែន​ក្នុង​តំបន់​លោកស្រី​ភាគ​ច្រើន​ស្រលាញ់​ជាតិ​មាតុភូមិ និង​ចង់​ឱ្យ​ប្រទេស​មានការ​រីក​ចំរើន​ដូច​ប្រទេស​ជឿនលឿន​លោក​ខាង​លិច​។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ទៀត​ថា ពួកគាត់​នៅ​ព្រំដែន​ដឹង​ច្បាស់​ពី​ស្ថានការណ៍​នយោបាយ​របស់​ស្រុកទេស និង​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ជាតិ​មាន​ប្រជាធិបតេយ្យ​ពេញលេញ​នោះ ក៏ប៉ុន្តែ​លោកស្រី​មិន​ហ៊ាន​និយាយ​ចំណុច​សំខាន់ៗ ទាំងនោះ​ចេញ​មក​ខាងក្រៅ​នោះ​ទេ ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន៖ «ដូច​ថា​យើង​មិន​ដឹង​មិន​ឮ​អី​ទេ គ្រាន់តែ​ថា ដឹង​ដំណឹង​លោក សម រង្ស៊ី មក​អីចេះ​មួយ​អ៊ីចុះ​មួយ អ្នកខ្លះ​ថា ឯង​ខំ​និយាយ​ទៅ​ប្រយ័ត្ន​គេ​ចាប់។ អ្នកខ្លះ​មិន​ហ៊ាន​ចែករំលែក​បន្ត​ទេ គ្រាន់តែ​ស្ដាប់ គឺថា​ភាគច្រើន​ខ្លាច ហើយ​អ្នកខ្លះ​ក៏​ហ៊ាន​ដែរ គឺ​ម្នាក់ៗ​រំជើបរំជួល​ក្នុង​ចិត្ត​ទាំងអស់​គ្នា»

រីឯ​ប្រជាពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ទៀត ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​នេះ​ភាគច្រើន ចាប់​អារម្មណ៍​ព័ត៌មាន​ពី​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ លោកស្រី​បន្ត​ថា ពួកគាត់​ស្ដាប់​ព័ត៌មាន​ទាំងនេះ​តាម​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វី​.​អូ​.​អេ​(VOA) នៅ​ក្នុង​ហ្វេសប៊ុក ជា​រៀងរាល់ថ្ងៃ៖ «យើង​គ្រាន់តែ​ទុក​ក្នុង​ចិត្ត​យើង​ដឹង​តែ​យើង​មិន​អាច​និយាយ​បាន យើង​ចេះតែ​ស្ដាប់ៗ​ទៅ ដូច​ថា​ថ្ងៃ​ណា​គេ​ប្រទេស​សម្បូរ​សប្បាយ​គឺ​តាម​ស្ថានភាព​នោះ​ទៅ។ ប្រជាពលរដ្ឋ​ភ័យខ្លាច​ណាស់​ចុះ​ស្រុកទេស​ល្បី​ចាប់ខ្លួន​ពលរដ្ឋ​ដល់ពេល​អីចឹង​ទៅ​មិន​ហ៊ាន​បញ្ចេញ​មតិ​ទេ ដូច្នេះ​នាំគ្នា​នៅ​ស្ងៀម​ទៅ»

ចំណែក​អ្នក​រត់​តាក់ស៊ី ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ទៅ​ព្រំដែន​ថៃ​ក្រុង​ប៉ោយប៉ែត ឈ្មោះ ទង ថ្លែង​ថា អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​មិន​ហ៊ាន​និយាយ​រឿង​នយោបាយ​ដូច​ពេល​មុនៗ នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់គុក​ដូច​សកម្មជន​គណបក្ស​ប្រឆាំង។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាង​នេះ​ក្ដី គឺ​ពួកគាត់​ភាគច្រើន​តាមដាន​ព័ត៌មាន​យ៉ាង​ដិតដល់ ហើយ​មាន​អ្នកដំណើរ​ខ្លះ​លួច​បើក​វិទ្យុ​អាស៊ីសេរី​ស្ដាប់​តាម​ហ្វេសប៊ុក​ក៏​មាន​ដែរ៖ «ខ្ញុំ​តាមដាន​រហូត​រាល់ថ្ងៃ​យប់​ឡើង​ខ្ញុំ​បើក​ស្ដាប់​រហូត ប៉ុន្តែ​មាន​មនុស្ស​មក​ច្រើន​ខ្ញុំ​អត់​ហ៊ាន​ស្ដាប់​ទេ។ ខ្ញុំ​ចង់​ឱ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​ខ្មែរ​ឱ្យ​ក្លាយ​ជា​ការ​ពិត ហើយ​អ្នក​នៅ​ខាងក្នុង​ភាគច្រើន​សប្បាយចិត្ត តែ​គេ​មិន​ហ៊ាន​និយាយ​ទេ»

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ប្រកាស​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ថា កម្លាំង​អ្នកគាំទ្រ​គណបក្ស​លោក​នឹង​ធ្វើ​ដំណើរ​ថ្មើរជើង​ចូល​ប្រទេស​កម្ពុជា តាម​ព្រំដែន​ប្រទេសជិតខាង។ ទោះបីជា​លោក សម រង្ស៊ី នៅតែ​អះអាង​ថា លោក​មិនទាន់​ចង់​ប្រកាស​ឱ្យ​ដឹង​មុន អំពី​មធ្យោបាយ និង​តម្រាយ​ផ្លូវ​ធ្វើដំណើរ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​ក៏ដោយ ក៏​លោក​បាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នកចូលរួម​អម​ដំណើ​រ នឹង​ត្រូវ​ឆ្លង​ចូល​ទឹកដី​ខ្មែរ តាម​ច្រក​ព្រំដែន​ដែល​អាច​ដើរចូល​ទៅ​បាន។

រីឯ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា នៅ​ពេល​នេះ​កង​កម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចាត់វិធានការ​លើ​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ចូល​កម្ពុជា​របស់​លោក សម រង្ស៊ី នៅ​ពេល​ខាងមុខ៖ «វា​ទៅ​ជា​ស្ថិត​ក្នុង​រង្វង់​អ្នកចូលរួម​ធ្វើ​រដ្ឋប្រហារ ដូច្នេះ​មិនមែន​ជា​សិទ្ធិ​នយោបាយ​មិនមែន​ជា​សិទ្ធិ​ការសម្ដែង​មតិ​អី​ទៀត​ទេ គឺ​រាល់​សកម្មភាព​ត្រូវ​នៅ​ក្នុង​ការ​គ្រប់គ្រង និង​ការ​ចង្អុល​បង្ហាញ​របស់​តុលាការ រដ្ឋាភិបាល​មិន​ញញើត​នឹង​បង្ក្រាប​ទេ»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា កត់សំគាល់​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​អាក្រក់​ទៅ ហើយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការសម្ដែង​មតិ​របស់​ពលរដ្ឋ​។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​មិន​ហ៊ាន​ជួប​ប្រជុំ​គ្នា​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នោះ​ទេ ពីព្រោះ​ពួកគេ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់គុក ហើយ​ចោទ​ប្រកាន់​ថា ជា​ជន​ក្បត់ជាតិ ដូច​ការ​ចាប់​សកម្មជន​គណបក្សប្រឆាំង​កន្លង​មក៖ «ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ត្រូវ​មាន​ការចូលរួម​តាមដាន​ព័ត៌មាន​ពាក់ព័ន្ធ​សកម្មភាព​ស្រុកទេស គឺ​ជា​រឿង​ដែល​ល្អ​ប្រសើរ​បំផុត​ហើយ ជៀសវាង​មិន​ដឹង​បញ្ហា​សង្គម​ខ្លួនឯង ហើយ​នាំ​ឱ្យ​ពិបាក​ចូលរួម​ឬក៏​រៀបចំ​នូវ​ស្ថានភាព​របស់​ខ្លួន​ហ្នឹង​ឱ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​នយោបាយ​គឺ​អត់​ដឹង ហើយ​មិន​អាច​ដឹង​ថា ស្ថានការណ៍​នៅ​ពេល​ខាងមុខ​ហ្នឹង​កើត​អ្វី​ឡើយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​តាមដាន​ព័ត៌មាន​នៅ​ពេល​នេះ ដោយសារ​ថ្ងៃ​កំណត់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​អះអាង​អំពី​ការ​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នោះ កាន់តែ​ខិត​ជិត​ចូល​មក​ដល់​។ ដូច្នេះ​ហើយ​បាន​ជា​ពលរដ្ឋ​ចាប់អារម្មណ៍​ច្រើន ពីព្រោះ​ជា​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​កាន់តែ​ឡើង​កម្ដៅ។ ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា វិបត្តិ​នយោបាយ​របស់​កម្ពុជា​នឹង​បាន​ប្រសើរ​ឡើងវិញ នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។