មតិ​យល់​ឃើញ​របស់​ពលរដ្ឋ​នៅ​ខេត្ត​ចំនួន​បី​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី

ដោយ សូត សុខប្រាថ្នា
2016-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាកសព​របស់​លោក កែម ឡី តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
សាកសព​របស់​លោក កែម ឡី តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ធំ សម្ដែង​ការ​សោកស្ដាយ​ព្រមៗ​គ្នា​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក​បណ្ឌិត កែម ឡី។ ការ​សោកស្ដាយ​នេះ​ក្រោយ​ពេល​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា។ ប្រជាពលរដ្ឋ​ចង់​ឃើញ​ពន្លឺ​យុត្តិធម៌​ពិត​ប្រាកដ មិន​មែន​ជា​ការ​ប្រឌិត​យុត្តិធម៌​ឡើង​នោះ​ទេ។

«សំឡេង​ពលរដ្ឋ​យំ»

នេះ​ជា​សំឡេង​ទួញ​យំ​របស់​យុវជន​ម្នាក់​នៅ​ខេត្ត​កំពង់ចាម ក្រោយ​ពេល​ទទួល​ដំណឹង​ថា លោក​បណ្ឌិត កែម ឡី ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​នៅ​រាជធានី​ភ្នំពេញ។ យុវជន​រូប​នេះ​និយាយ​ស្ទើរ​តែ​មិន​រួច ចំពោះ​ដំណឹង​ដ៏​សោកសៅ​មួយ​នេះ។

លោក កែម ឡី ស្លាប់​ភ្លាមៗ​ក្រោយ​ពេល​ឃាតក​ចូល​ទៅ​បាញ់​ប្រហារ​លើ​រូប​លោក​នៅ​កន្លែង​លក់​ទំនិញ​មួយ ឬ​ហៅ​ថា​ស្ដារ​ម៉ាត ជាប់​ស្តុប​បូកគោ។ ក្រោយ​បន្តិច សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ម្នាក់ ដោយ​អះអាង​ថា​ឈ្មោះ ជួប សម្លាប់ ព្រម​ទាំង​បាន​សារភាព​ថា ខ្លួន​បាន​សម្លាប់​លោក កែម ឡី ព្រោះ​តែ​រឿង​ជំពាក់​ប្រាក់។

ដ្បិតតែ​មិន​បាន​ស្គាល់​មុខ​លោក​បណ្ឌិត កែម ឡី ច្បាស់​ក៏ដោយ ប៉ុន្តែ​យុវជន និង​ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ខេត្ត​កំពង់ចាម លោក កែម គឹមស្រ៊ាន់ រៀបរាប់​ដោយ​ទឹក​ភ្នែក​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​សោកស្ដាយ​ពេល​នេះ គឺ​ស្ដាយ​វីរបុរស​ស្នេហា​ជាតិ​ម្នាក់ និង​ជា​ធនធាន​មនុស្ស​ដ៏​កម្រ​ដែល​ហ៊ាន​និយាយ​រិះគន់​រាជ​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន៖ «ខ្ញុំ​ចង់​ឲ្យ​ស្វែងរក​យុត្តិធម៌​ឲ្យ​គាត់ ហើយ​ស្វែងរក​ឃាតក​ពិត​ប្រាកដ កុំ​ជឿ​ថា​គាត់​ជំពាក់​លុយ ខ្ញុំ​មិន​ជឿ​ទេ»

មិន​ថា​តែ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ទេ​ដែល​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ដ៏​មាន​ថ្វី​មាត់​រូប​នេះ។

ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អ្នកស្រី រស់ សុផល មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ទទួល​ដំណឹង​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​ដឹង​រឿង នាំ​គ្នា​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​វីរភាព​របស់​លោក កែម ឡី ព្រោះ​គាត់​បាន​បំពេញ​កិច្ចការ​សង្គម​យ៉ាង​ច្រើន​ចំពោះ​មាតុប្រទេស​របស់​ខ្លួន៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មិន​មែន​ជា​អ្នក​ចេះ​ដឹង មិន​មែន​ជា​អ្នក​វិភាគ​អ៊ីចឹង​ទៅ។ តែ​បាន​គាត់​ជា​អ្នក​វិភាគ​ឃើញ​ស​ថា​ស ឃើញ​ខ្មៅ​ថា​ខ្មៅ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ខ្ញុំ​បាន​ភ្លឺ»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ឈាន ស្រីពៅ យល់​ថា អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ដោយសារ​រឿង​ជំពាក់​លុយ​នោះ គឺ​ជា​ចម្លើយ​សារភាព​ដែល​មិន​អាច​ទទួល​យក​បាន៖ «ខ្ញុំ​គិត​ថា មិន​មែន​រឿង​ជំពាក់​លុយ​បី​ពាន់​ទៅ​សម្លាប់​ទេ ព្រោះ​ខ្មែរ​គោរព​ព្រះពុទ្ធ​សាសនា។ អ៊ីចឹង​ត្រឹម​លុយ ៣​ពាន់​មិន​អាច​សម្លាប់​មនុស្ស​ទេ»

ប្រភព​ដដែល​និយាយ​ថា ការ​បាត់បង់​លោក កែម ឡី ប្រៀប​បាន​ទៅ​នឹង​ការ​បាត់បង់​នូវ​ពន្លឺ​ព្រះចន្ទ ដើម្បី​បំភ្លឺ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ដឹង​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​មួយ​នេះ។

ក្រោយ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ភ្លាម មន្ត្រី​រាជ​រដ្ឋាភិបាល មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រី​គណបក្ស​ប្រឆាំង ព្រម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ផង បាន​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​នេះ ព្រម​ទាំង​បង្ហាញ​ភាព​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​អ្នក​វិភាគ​ឯករាជ្យ​រូប​នេះ។

ចំណែក​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​តាំងគោក ខេត្ត​កំពង់ធំ ស្នើ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា អំពើ​ឃាតកម្ម​នេះ​ជា​ការ​គ្រោង​ទុក​ជា​មុន មិន​មែន​ជា​រឿង​ជំពាក់​ប្រាក់​នោះ​ឡើយ ពិសេស​គឺ​ដោយសារ​ការ​និយាយ​ចំៗ​របស់​លោក កែម ឡី កាល​ពី​ពេល​កន្លង​មក។ អ្នកស្រី​យល់​ថា ពន្លឺ​យុត្តិធម៌​ពិត​ប្រាកដ គឺ​សង្ឃឹម​តិចតួច​ណាស់​សម្រាប់​អ្នក​វិភាគ និង​អ្នក​សិក្សា​សង្គម​រូប​នេះ ប្រសិន​បើ​ពឹង​ផ្អែក​លើ​ការ​ផ្តល់​ជូន​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។ ស្រប​គ្នា​នេះ អ្នកស្រី​ចង់​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​នេះ ទើប​ធានា​បាន​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ក្រុម​គ្រួសារ​សព។

មិន​ខុស​គ្នា​នេះ សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ជុំ យីន សោកស្ដាយ​ចំពោះ​វីរជន​រូប​នេះ​ដែល​តែង​តែ​ឈឺ​ឆ្អាល​រឿង​ព្រៃ​ឡង់​យ៉ាង​សកម្ម កាល​ពី​ពេល​កន្លង​មក​នោះ៖ «ជា​សកម្មជន​ដ៏​ឆ្នើម​ដែល​ទាក់ទង​កិច្ច​ការពារ​ព្រៃ​ឡង់ ជាពិសេស​លោក កែម ឡី គាត់​ធ្លាប់​ធ្វើ​កិច្ច​ការពារ​ព្រៃ​ឡង់​ជុំវិញ ៤​ខេត្ត»

ដំណឹង​ស្ដីពី​ការ​ស្លាប់​របស់​លោក កែម ឡី បាន​ល្បី​យ៉ាង​លឿង​បំផុត​ដល់​តាម​ទី​ជនបទ និង​ល្បី​ដល់​ក្រៅ​ប្រទេស​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម។ ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ជាច្រើន បាន​នាំ​គ្នា​ចែក​រំលែក​ក្តី​សោកសៅ​នេះ ព្រម​ទាំង​បាន​ប្ដូរ​រូបថត​ពួក​គេ​ចេញ ហើយ​ដាក់​ជំនួស​ដោយ​រូប​លោក កែម ឡី វិញ។

ទាក់ទង​ការ​សោកស្ដាយ​ជុំវិញ​ការ​ស្លាប់​របស់​អ្នក​វិភាគ​សង្គម មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នាង សុវ៉ាត មើល​ឃើញ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាជន​សោកស្ដាយ និង​ចងចាំ​លោក កែម ឡី ខ្លាំង​នោះ ពីព្រោះ​លោក​ជា​បុគ្គល​ដែល​មាន​ចំណេះ​ដឹង​ទូលំទូលាយ និង​ស្ដាយ​ចំពោះ​ភាព​ក្លាហាន​របស់​លោក៖ «ការ​វិភាគ​របស់​គាត់ គឺ​ឯករាជ្យ។ គាត់​ទទួល​យក​គ្រប់​ទាំងអស់ មិន​ថា​មក​ពី​មជ្ឈដ្ឋាន​ណា។ យើង​មើល​ទៅ​ថា​ធនធាន​នេះ កម្រ​នឹង​រក​បាន​ធនធាន​នេះ​មិន​ងាយ​នឹង​រក​បាន​ទៀត​ទេ។ អា​ហ្នឹង​ហើយ​ដែល​គាត់​សោកស្ដាយ»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ថា ឃាតក​សម្លាប់​លោក កែម ឡី មិន​មែន​ដោយសារ​រឿង​ប្រាក់​ទេ ប៉ុន្តែ​អាច​ត្រូវ​បាន​គេ​ជួល​មក​សម្លាប់​តែ​ម្តង។ លោក​បន្ត​ថា ការ​ស្លាប់​អ្នក​វិភាគ​រូប​នេះ គឺ​ជា​ការ​ដាស់​ស្មារតី​ដល់​ជន​ផ្សេង​ទៀត​ឲ្យ​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ទិដ្ឋភាព​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ហើយ​លោក កែម ឡី ថ្មី​នឹង​កើត​មាន​ឡើង​មួយ​សែន​នាក់ មួយ​លាន​នាក់​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

យើងដែលឃើញទិដ្ឋភាពប្រល័យពូជសាសន៍ទេ? យើងទាំងអស់គ្នាដឹងច្បាស់ណាស់ថា ជាតិក្រោយយើងលែងបានកើតជាខ្មែរទៀតហើយ ព្រោះគ្មានសល់ខ្មែរមួយដែលយើងមករកចាប់កំណើតបានទេ៕

Jul 11, 2016 07:20 AM

M

ពី PP

THE ONLY ONE ANSWER IN HIS MEMORANDUM FOR LET MR. KEM' IDEA ALIVE IN OUR HART IS THAT WE HAVE TO WIN THE ELECTION IN 2018! WHAT HE WANT IS TO REPLACE THE KILLING PARTY OF ANIMAL LAW! AND TO STOP THE MESHWORK OF VIRUS IN OUR CAMBODIA'S BODY!

Jul 11, 2016 01:16 AM

អ្នក​អាន​អនាមិក

The gunman said Kem Ley owed him 3000 dollar. His claim may mean that 3000 dollars is from killing Kem Ley.

Jul 10, 2016 09:36 PM

អ្នក​អាន​អនាមិក

ខ្ញុំគិតថាកាមេរាអាចមានក្នុងstar mart នោះ
i think camera will be installed in that star mart. we may make used it for invesigation

Jul 10, 2016 10:11 AM

អ្នក​អាន​អនាមិក

If there a camera the police will take it. This is like Chea Vichea and Chut Vuthy murders, no one will be convicted because it's this corrupt government behind the killing. Change in 2017 and 2018 is a must if people to have justice.

Jul 10, 2016 01:10 PM

ហានិភ័យ

ពី តាកែវ

ប្រយ័ត្នគេសំលាប់ខ្មាន់កាំភ្លើងចោល ដើម្បីបំបិទភស្តុតាង! ប្រាក់៣០០០ដុល្លា គឺជាថ្នូររង្វាន់ដែលបានមកពីការប្រល័យជីវិតលោកកែមឡី។

Jul 10, 2016 10:06 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល