នៅសល់តែ ៤ថ្ងៃទៀត ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅទូទាំងប្រទេសកម្ពុជា នឹងត្រូវបិទបញ្ចប់ត្រឹមរាត្រីថ្ងៃទី២៧ ខែកក្កដា។
ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមដងវិថីក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៧ កក្កដា ដែលជាថ្ងៃចុងក្រោយនៃការដង្ហែក្បួនឃោសនាបោះឆ្នោត សាលារាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៣ ខែកក្កថា ដោយកំណត់ទីតាំងធំ២កន្លែងដែលជាជួបជុំអ្នកគាំទ្រគណបក្សនយោបាយ និងផ្លូវ ១៦ខ្សែ សម្រាប់ការហែក្បួនរបស់បក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨។
ទីតាំងធំទាំងពីរនោះ មានមជ្ឈមណ្ឌលសន្និបាត និងពិព័រកោះពេជ្រ ដែលមានការជួបជុំសមាជិកបក្សនយោបាយប្រមាណ ២៥០.០០០នាក់ និងនៅទីលានប្រជាធិបតេយ្យ មានមនុស្សប្រមាណ ២០.០០០នាក់ រួមទាំងការជួបជុំនៅតាមទីស្នាក់គណបក្សនយោបាយ។
ចំណែកផ្លូវនិងមហាវិថី ដែលសាលាក្រុងភ្នំពេញឲ្យដឹងតាមសេចក្ដីជូនដំណឹងនោះ មានមហាវិថីកម្ពុជាក្រោម មហាវិថីសម្តេចមុនីរ៉េត កំណាត់វិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីព្រះសីហនុ តីរវិថីព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៦ ផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ២ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវណតប្រ៊ីត ផ្លូវចោមចៅ ផ្លូវលេខ ២៧១ ផ្លូវលេខ ៧០ និងផ្លូវសំខាន់ៗ មួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ។
ក្នុងរយៈពេលឃោសានាបោះឆ្នោតជាច្រើនថ្ងៃមកនេះ លោកហ៊ុន សែន សរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក ជាច្រើនលើកច្រើនសាថា មានតែគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលមានមនុស្សចូលរួមហែក្បួនឃោសនាច្រើនជាងគេ ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលក្រោមអំណាចលោក ហ៊ុន សែន រំលាយចោល និងហាមឃាត់មន្រ្តីបក្សប្រឆាំងដ៏ធំនេះ ១១៨ មិនឲ្យធ្វើនយោបាយ ៥ឆ្នាំ ក្រោមបទចោទថា មេបក្សប្រឆាំងលោក កឹម សុខា ក្បត់ជាតិដែលលួចទំនាក់ទំនងសម្ងាត់នឹងរដ្ឋបរទេស មានសហរដ្ឋអាមេរិកជាដើម ។
ទោះបីជាយ៉ាងណា សហគមអន្តរជាតិ នៅតែទទួលឲ្យរបបលោកហ៊ុន សែន ស្ដារវិបត្តិនយោបាយឲ្យវិលមករកភាពប្រក្រតីវិញ ដោយបើកផ្លូវឲ្យគណបក្ស សង្រ្គោះជាតិ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ទើបហៅការបោះឆ្នោតនោះថា ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចជឿទុកចិត្តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។