សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ឱ្យជាប់គុក១៨ខែដដែលក្នុងសំណុំរឿងចេញសែកអត់ប្រាក់

0:00 / 0:00

សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​អនុប្រធាន​​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋាឱ្យ​ជាប់​គុក១៨ខែ​ដដែល​ក្នុង​សំណុំ​រឿង​ចេញ​សែក​អត់​ប្រាក់​នៅ​ល្ងាច​ថ្ងៃទី២២ ខែ​មករា​។គ្រួសារ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

សាលាឧទ្ធរណ៍​ភ្នំពេញ បាន​បើក​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​ទី​១​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ទី ២២ ខែ​មករា ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន ឬ​ការ​ចេញ​សែក​អត់​ប្រាក់។

សវនាការ​នេះ បាន​សួរដេញដោល​លើ​សែក​ថត​ចម្លង​ចំនួន​ប្រាំ​សន្លឹក ដែល​មេធាវី​ដើម​បណ្ដឹង និង​ចៅក្រម​យក​មក​ដាក់​បន្ទុក ហើយ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក លី សុខលេងបាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ទុក​​ជា​បាន​ការ​ដដែល បើ​ទោះបី​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ចោទ រួម​ទាំង​លោក ថាច់ សេដ្ឋា បាន​បដិសេធ​ដោយ​លើកឡើង​ពី​អង្គហេតុ អង្គច្បាប់ និង​ទាមទារ​ឱ្យ​ភាគី​ដើម​បណ្ដឹង​បង្ហាញ​សែក​ច្បាប់​ដើម​ដើម្បី​ដាក់​បន្ទុក ឬ​ស្នើ​ឱ្យ​លើកលែង​ការ​ចោទប្រកាន់​យ៉ាង​ណា​ក្តី។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក សឺន ជុំជួនប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​បាន​តម្កល់​សំណុំ​រឿង​នេះ គឺ​អយុត្តិធម៌​សម្រាប់​កូន​ក្ដី​របស់​លោក ពីព្រោះ​លោក ថាច់ សេដ្ឋា បាន​ប្រាប់​តុលាការ​ថា គាត់​មិន​បាន​ចេញ​សែក​ឱ្យ​ក្រុមហ៊ុន​ រិនឆាយ ផនសប តាំង​ពី​មុន​ឆ្នាំ ២០១៦ មក​។ លោក សឺន ជុំជួន ប្រាប់​ថា នីតិ​វិធី​បន្ត លោក​នឹង​ជជែក​ជាមួយ​កូន​ក្ដី​ដើម្បី​ដាក់​​ប្ដឹង​ជំទាស់​សាល​ដីកា​នេះ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។

លោក សឺន ជុំជួន​៖ «​ យើង​សហ​មេធាវី បាន​លើក​ឡើង​នូវ​ទាក់ទង​ច្បាប់ នីតិ​វិធី ការ​វិនិច្ឆយ​ទៅ​លើ​ភស្តុតាង ទាក់ទង​ច្បាប់​​សិទ្ធិ​មនុស្ស​អន្តរជាតិ ពាក់ព័ន្ធ​សិទ្ធិ​ទទួល​ភស្តុតាង​សុក្រឹត​អី​ជាដើម ជន​ជាប់ចោទ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ជាដើម​។ យើង​សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​បទ​ចោទ និង​បដិសេធ​សាល​ក្រម​របស់​សាលា​ដំបូង ប៉ុន្តែ​លទ្ធផល​យើង​សោកស្ដាយ​មែនទែន ដែល​សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សេចក្ដី​​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ អ៊ីចឹង! មាន​ការ​ខក​ចិត្ត​ដែរ​ណា៎​»។

សវនាការ​នេះ​ដែរ មន្ត្រី​អង្គទូត មន្ត្រី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​គ្រួសារ​ជន​ជាប់​ឃុំ​ក៏​ចូល​ឃ្លាំ​មើល និង​ចូល​ស្ដាប់​នៅ​ក្នុង​សវនាការ​។ ចំណែក​នៅ​ក្រៅ​តុលាការ​វិញ​មាន​អ្នក​គាំទ្រ​ប្រមាណ ១០ នាក់​លើក​ទឹកចិត្ត​ទៅ​ដល់​លោក ថាច់ សេដ្ឋា ផង​ដែរ។

លោកថាច់ សេដ្ឋា វ័យ​៧០ឆ្នាំ មាន​ដើម​កំណើត​ខ្មែរ​ក្រោម ហើយ​លោក​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន​។ លោក​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ២០២៣ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន រិនឆាយ ផនសប ដែល​បាន​ចោទ​លោក ថាច់ សេដ្ឋា ថា​បាន​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​មួយ​នេះ​ចំនួន ២ ម៉ឺន​ដុល្លារ​កាល​ពី​អំឡុង​ឆ្នាំ​២០១១ និង ឆ្នាំ​២០១២ ខណៈ​ម្ចាស់​ក្រុមហ៊ុនលោកហៃ វ៉ាន់រិនវិញ​ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជានិង​គ្រួសារ​លោក ហ៊ុន សែន​។

កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២៣ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ​១៨​ខែ ក្នុង​សំណុំ​រឿង​ទី១ ​ទាក់ទង​ការ​ចេញ​សែក​ស្អុយ ឬ​សែក​អត់​ប្រាក់ទោះបី​​ជា​លោក ថាច់ សេដ្ឋា បាន​អះអាង​នៅ​ចំពោះ​មុខ​តុលាការ​ថា​លោក​មិន​បាន​ចេញ​សែក​អត់​ប្រាក់​ដូច​ការ​ចោទ​ប្រកាន់​ក៏​ដោយ។

បន្ថែម​ពី​លើ​នេះ មួយ​ខែ​បន្ទាប់​មក ​តុលាការ​ដដែល​បាន​ផ្ដន្ទាទោស លោក ថាច់ សេដ្ឋា ដាក់​ពន្ធនាគារ​បី​ឆ្នាំ​ថែម​ទៀត ​ក្នុង​សំណុំ​រឿង​ថ្មី​ពីរ​ផ្សេង​គ្នា គឺ​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​មាន​ការរើសអើង​ពូជសាសន៍» ទាក់ទង​លោក​និយាយ​ពី​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម និង​ប្រវត្តិ​ ៧មករា ​នៅ​ក្នុង​វេទិកា​ជាមួយ​អ្នក​គាំទ្រ​ក្រៅ​ប្រទេស​កាល ខែមករា ឆ្នាំ២០២៣។

វិទ្យុ​អាស៊ីសេរី​មិន​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក ឃុន លាងម៉េង ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី ២២ ខែ​មករា​។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (​Adhoc​) លោក យី សុខសាន្ត ដែល​ចូល​ស្ដាប់​សវនាការ​ដែរ​នោះ កត់សម្គាល់​ដោយ​លោក​ចំ​ឡែក​តាំង​ពី​ដំបូង​ដែល​ដើម​បណ្ដឹង​មិន​ព្រម​ដោះស្រាយ​ក្រៅប្រ​ព័ន្ធ​តុលាការ ខណៈ​លោក ថាច់ សេដ្ឋា មិន​បាន​គេចវេះ​សង​បំណុល​កន្លង​មក​នោះ​។ លោក​បន្ត​ថា ដំណើរការ​ក្ដីក្ដាំ​នេះ​វិញ មាន​វិមតិ​សង្ស័យ​ជាច្រើន​ជុំវិញ​ភស្តុតាង​មិន​ច្បាស់លាស់​ដែល​តុលាការ​យក​មក​ដាក់​បន្ទុក ហើយ​បញ្ហា​នេះ នាំ​ឱ្យ​សហគមន៍​ជាតិ ​អន្តរជាតិ​សង្ស័យ​ថា​​ករណី​នេះ​ជា​រឿង​នយោបាយ។

លោក យី សុខសាន្ត​៖ «​ ខ្ញុំ​ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​សូម​វិនិច្ឆយ​ដោយ​ឈរ​លើ​យុត្តិធម៌​​ដល់​ភាគី​ទាំង​សង​ខាង បើ​សិន​ជា​យក​រឿង (​ចេញ​សែក)​នេះ​ដោយ​ភាគី​ម្ខាង​​ថា​​ មិនមែន​​ជា​​របស់​​ខ្លួន​​ហើយ​​យើង​​បង្ខំ​ឱ្យ​គាត់ ​(ថាច់ សេដ្ឋា)​ទទួល​ស្គាល់​ថា​ ជា​សែក​ចុះ​ហត្ថលេខា​ដែល​គាត់​មិន​ធ្វើ​ដោយ​ដៃ​របស់​គាត់ អាហ្នឹង​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នក​រង​គ្រោះ ​»​។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា ព្រមទាំង​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងទៀត​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។