អាជ្ញាធរ​បន្ត​រារាំង​ក្រុម​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​មិន​ឱ្យ​ទៅ​ឃ្លាំមើល​សវនាការ​នៅ​ថ្ងៃ​ទី៤ កុម្ភៈ

ដោយ ខែ សុណង
2021.02.04
អាជ្ញាធរ​បន្ត​រារាំង​ក្រុម​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​មិន​ឱ្យ​ទៅ​ឃ្លាំមើល​សវនាការ​នៅ​ថ្ងៃ​ទី៤ កុម្ភៈ ប្រពន្ធ និង​សាច់ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កង​សន្តិសុខ​ខណ្ឌ ៧ មករា រារាំង​មិន​ឱ្យ​ទៅ​ឃ្លាំមើល​សវនាការ​សំណុំ​រឿង​ប្ដី​របស់​គាត់ និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ នៅ​ថ្ងៃ​ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​ដាក់​ពង្រាយ​កងកម្លាំង​ជា​ច្រើន​នាក់ ដើម្បី​ទប់ស្កាត់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​មិន​ឱ្យ​តាម​ដាន​ឃ្លាំមើល​សវនាការ​សំណុំ​រឿង​ប្ដី​របស់​គាត់ និង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី ៤កុម្ភៈ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។​

កង​សន្តិសុខ​ខណ្ឌ ៧មករា​ ប្រមាណ ២០នាក់​បាន​រុញ​ច្រាន និង​បណ្ដេញ​ក្រុម​ស្ត្រី មិន​ឱ្យ​​ទៅ​ឃ្លាំមើល​សវនាការ​សំណុំ​រឿង​ប្ដី​របស់​គាត់​ និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត នៅ​មុខ​សាលាដំបូង​រាជធានី​​​​ភ្នំពេញ​ឡើយ។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស ៥នាក់ អស់​ជា​ច្រើន​ម៉ោង មុន​នឹង​ដោះ​លែង​ពួក​គេ​វិញ​នៅ​ថ្ងៃ​ដដែល​នេះ។

ប្រពន្ធ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ លោក កាក់ កុម្ភារ គឺ​លោក​ស្រី ព្រុំ ចាន់ថា ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ធ្វើ​ឱ្យ​ពួក​គាត​ឈឺចាប់ និង​មាន​កំហឹង​កាន់​តែ​ខ្លាំង​ជា​មួយ​​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ៖ «យើង​ធ្វើ​ឱ្យ​រឹងមាំ​ដើម្បី​ក្រុម​គ្រួសារ​របស់​ពួក​យើង​ មិន​ទន់ជ្រាយ​ទេ ខ្ញុំ​ដើរ​ឆ្ពោះ​ទៅ​មុខ ខ្ញុំ​អត់​មាន​ចុះ​ញ៉ម​ទេ ហើយ​ខ្ញុំ​ក៏​មិន​លក់​ឧត្ដមគតិ​ខ្ញុំ​ដែរ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​គ្រួសារ​ខ្ញុំ​ដែល​បាន​ប្ដី​ជា​អ្នក​នយោបាយ។ ខ្ញុំ​ជា​ប្រពន្ធ​គាត់​ត្រូវ​ដើរ​តាម​ឆន្ទៈ​របស់​គាត់​​អត់​មាន​រា​ថយ​ទេ​ គឺ​ដើម្បី​ទាមទារ​ឱ្យ​ពិភពលោក​គេ​ដឹង​ថា វា​រង​អំពើ​អយុត្តិធម៌​សម្រាប់​ស្ត្រី​ពួក​ខ្ញុំ​ ពីព្រោះ​ធម្មតា​អត់​មាន​អ្នក​ណា​អន្តរាគមន៍​ឱ្យ​ខ្ញុំ​ហ្នឹង»

អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ចម្រុះ​ប្រមាណ ១០០នាក់ យាម​ការពារ​តឹងតែង​តាម​ផ្លូវ​​​ជុំ​វិញ​តុលាការ​ក្រុង​ភ្នំពេញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ ១៥នាក់ បាន​នាំ​គ្នា​ឈរ​ស្រែក​ តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី​របស់​ពួក​គាត់​នៅ​ម្ខាង​ផ្លូវ​ចម្ងាយ​ប្រមាណ ២០០ម៉ែត្រ​ពី​តុលាការ។

ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​តវ៉ា ៤នាក់ និង​បុរស​​​រត់រម៉ក​កង់​បី​ម្នាក់​ យក​ទៅ​សាកសួរ​​​​​​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា។ អាជ្ញាធរ​បាន​ដោះលែង​ពួកគាត់​ទាំង​៥នាក់​វិញ​នៅ​ថ្ងៃ​ដដែល​​ បន្ទាប់​​​ពីឱ្យ​​ពួកគាត់​ធ្វើ​កិច្ចសន្យា​ឈប់​ចូល​រួម​តវ៉ា​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​នៅ​ថ្ងៃ​ក្រោយ​ទៀត។

Protesters_4_arrested_020421.jpg

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសី​ហា ដើម្បី​ សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី៤ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ប៉ូលិស​ក្រុង​ភ្នំពេញ​រូប​នេះ​ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​កន្លង​ទៅ​នោះ គឺ​ដោយសារ​ពួក​គាត់​ប្រមូល​ផ្ដុំ​គ្នា​​ដោយ​ពុំ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​។ ​លោក​បន្ថែម​ថា អាជ្ញាធរ​ដាក់​កង​កម្លាំង​ការពារ​សណ្ដាប់ ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​ក្ដី​របស់​តុលាការ។

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក​ ស៊ឹង សែន​ករុណា យល់​ថា វិធាន​ការ​របស់​អាជ្ញាធរ​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ចូល​រួម​សម្ដែង​មតិ​ និង​តាម​ដាន​ឃ្លាំ​មើល​សវនាការ​ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ៖ «ហើយ​បើ​សិន​ជា​នៅ​បន្ត​អនុវត្ត​បែប​នេះ​យើង​ឃើញ​ហើយ​មាន​ការ​លើក​ឡើង​ ជា​បន្ត​បន្ទាប់​មិន​មែន​តែ​ខាង​អង្គការ​ជាតិ​យើង​ទេ​ គឺ​សហគមន៍​អន្តរជាតិ​ក៏​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​មក​ហើយ​ស្នើ​ឱ្យ​មាន​​ការ​ដោះស្រាយ​ពី​វិបត្តិ​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ហ្នឹង​ឡើង​វិញ​។​បើ​សិន​ជា​នៅ​តែ​បន្ត​របៀប​នេះ​យើង​ឃើញ​ហើយ​ ផល​ប៉ះពាល់​ដូច​ជា​បញ្ហា​សេដ្ឋកិច្ច​ជាតិ សេដ្ឋកិច្ច​គ្រួសារ​ ជួប​ប្រទះ​ការ​លំបាក​ជា​ច្រើន»

ដោយ​ឡែក​នៅ​ក្នុង​បន្ទប់​សវនាការ​វិញ តុលាការ​ក្រុង​ភ្នំពេញ​បាន​សួរ​ដេញដោល​ជន​ជាប់​ចោទ ៣នាក់ គឺ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​ លោក កែវ ថៃ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​លោក ស៊ុន ធន់ និង​អនុប្រធាន​គណបក្ស​ប្រឆាំង​ខេត្ត​សៀមរាប​លោក​ ពៀត ម៉ាប់។ លោក ស៊ឹង សែន​ករុណា ដែល​បាន​ឃ្លាំមើល​សវនាការ​នេះ អះអាង​ថា ចៅក្រម​បាន​សួរ​ដេញដោល​អ្នក​ទាំង៣ ពី​ទំនាក់ទំនង​ជា​មួយ​ក្បាល​ម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែល​មាន​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូ សុខហួរ ដោយ​សំអាង​លើ​កំណត់​ហេតុ​របស់​ចៅក្រម​ស៊ើបសួរ​ថា មាន​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ជា​ភស្តុតាង​ដាក់​បន្ទុក។ ប៉ុន្តែ​អ្នក​ទាំង៣ បដិសេធ។

សវនាការ​លើក​ទី៣ នេះ មាន​មន្ត្រី​ស្ថានទូត​ប្រទេស​លោក​ខាង​លិច អង្គការ​សង្គម​ស៊ីវិល និង​សាច់ញាតិ​ជន​ជាប់​ឃុំ​​ជាង ១០នាក់ បាន​ចូល​ស្ដាប់​ការ​សួរដេញដោល។ តុលាការ​គ្រោង​ជំនុំជម្រះ​សំណុំ​រឿង​នេះ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី១៨​ មីនា​ខាង​មុខ។

សំណុំ​រឿង​មួយ​នេះ មាន​ជន​ជាប់​ចោទ​សរុប ២១នាក់ ក្នុង​នោះ​ក៏​រួម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូល​មួយ​ចំនួន ដូចជា លោក សម រង្ស៊ី និង​ភរិយា ​លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និង​អ្នក​ស្រី មូរ សុខហួរ ជាដើម។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ចំនួន ៣បទ​ល្មើស គឺ​បទ​រួមគំនិត​ក្បត់ បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់។

ក្រៅ​ពី​សំណុំ​រឿង​មួយ​នេះ ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ជាង​ ១០០នាក់​ទៀត ក៏​កំពុង​ជាប់​ក្តី​ក្ដាំង​នៅ​តុលាការ​ក្នុង​បទ​ចោទ​ដូចគ្នា​នេះ​ដែរ គឺ​បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់ ហើយ​មាន​ខ្លះ​ទៀត​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ឧបឃាត។ តុលាការ​គ្រោង​បើក​សវនាការ​សំណុំ​រឿង​ទាំងនេះ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ និង​ខែមីនា​ខាងមុខ។

ទោះ​ជា​យ៉ាង​ណា អ្នក​តាម​ដាន​ស្ថានការណ៍​កម្ពុជា​យល់​ថា ​ការ​កាត់​ក្ដី​មនុស្ស​ដ៏​សម្បើម​បែបនេះ របប​ក្រុង​ភ្នំពេញ​មាន​គោល​ដៅ​សំខាន់​តែ​មួយ​ប៉ុណ្ណោះ។ នោះ​គឺ​ការ​កម្ទេច​ចោល​ទាំង​ស្រុង​នូវ​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​សេសសល់​ចុងក្រោយ​​ និង​បំបិទមាត់​អ្នក​រិះគន់​ទាំងអស់ ដែល​នៅ​ក្លាហាន​ហ៊ាន​បញ្ចេញមតិ ប្រឆាំង​នឹង​ការដឹកនាំ​បែប​​ផ្ដាច់ការ​​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។