តុលាការសម្រេចឱ្យមេបក្សភ្លើងទៀនសងជំងឺចិត្ត ១លាន ៥សែនដុល្លារ ដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពីបទបរិហារកេរ្តិ៍ជាសាធារណៈ
2024.07.25
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល សងជំងឺចិត្តដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជាដើមបណ្ដឹង ក្នុងបទបរិហារកេរ្តិ៍ជាសាធារណៈចំនួន ៦.០០០លានរៀល ឬប្រហាក់ប្រហែល ១លាន ៥សែន ដុល្លារអាមេរិក។ សង្គមស៊ីវិលចាត់ទុកការសម្រេចនេះ ជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក ហុក ពៅ នៅថ្ងៃទី២៥ ខែកក្កដា បានប្រកាសសាលក្រមសម្រេចឱ្យប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ចាញ់ក្ដីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្ដឹងដោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការផ្ដល់បទសម្ភាសន៍របស់លោក ទាវ វណ្ណុល ឱ្យសារព័ត៌មានជប៉ុន (Nikkei Asia) អំពីការធ្វើទុក្ខបុកម្នេញរបស់បក្សកាន់អំណាចលើបក្សប្រឆាំង និងការធ្លាក់ចុះប្រជាធិបតេយ្យ ក្រោមអំណាចដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។
លោក ទាវ វណ្ណុល បានប្រាប់សារព័ត៌មាន នីកេ អេស៊ា កាលថ្ងៃទី៥ កុម្ភៈ ថា គ្មានប្រជាធិបតេយ្យទេនៅកម្ពុជា។ ប្រធានគណបក្សភ្លើងទៀនថា រូបលោកនិងថ្នាក់ដឹកនាំបក្សប្រឆាំងជាច្រើននាក់ ក៏ត្រូវបានគេតាមដានដោយកាមេរ៉ា ២៤ម៉ោង ហើយលោកថា ការកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត រឹតបន្តឹងលើគូប្រជែងកាន់តែខ្លាំង ដូចលោក ហ៊ុន សែន ជាឪពុកដែរ ព្រមទាំងគំរាមកំហែង និងចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំងជាបន្តបន្ទាប់។
មេធាវីការពារក្ដីឱ្យលោក ទាវ វណ្ណុល គឺលោក ជូង ជូងី ប្រាប់អ្នកសារព័ត៌មាន នៅខាងមុខអាគារតុលាការថា ការសម្រេចសេចក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញនេះ មិនយុត្តិធម៌សម្រាប់កូនក្ដីរបស់លោកទេ ពីព្រោះការលើកឡើងរបស់លោក ទាវ វណ្ណុល គ្រាន់តែសម្ដែងមតិ និងបង្ហាញការពិត។
លោក ជូង ជូងី៖ «ពីព្រោះខ្ញុំជាមេធាវីយល់ឃើញថា អ្វីដែលគាត់និយាយនោះ គឺជាការពិតម្យ៉ាង ហើយម្យ៉ាងទៀតគឺជាការបង្ហាញទស្សនៈយល់ឃើញរបស់គាត់»។
ការប្រកាសសាលក្រមនេះ មានការចូលរួមស្ដាប់ពីមន្ត្រីស្ថានទូតអាមេរិក ស្ថានទូត អឺរ៉ុប សមាគមអាដហុក អង្គការលីកាដូ អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលផ្សេងៗ ទៀត ប៉ុន្តែធ្វើឡើងនៅក្រោមទិដ្ឋភាព នៃការដាក់ពង្រាយកម្លាំងនិងរនាំងក្រាស នៅខាងមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ និងពុំមានវត្តមាន របស់លោក ទាវ វណ្ណុល នៅក្នុងបន្ទប់សវនាការឡើយ។ លោក ជូង ជូងី ឱ្យដឹងថា លោក ទាវ វណ្ណុល ជាប់ការងារនយោបាយទៅក្រៅប្រទេស។
លោកមេធាវី ជូង ជូងី ថា លោកនឹងផ្ដល់ប្រឹក្សាច្បាប់ និងចាត់ចែងរៀបចំប្ដឹងឧទ្ធរណ៍ទៀត បើលោក ទាវ វណ្ណុល សម្រេចបន្តប្ដឹងទៅសាលាឧទ្ធរណ៍។
មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក គឹម ពិសិដ្ឋ ដែលតាមដានការប្រកាសសាលក្រមនេះ លើកឡើងថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ ដូច្នេះ លោកថា បើការបញ្ចេញមតិណាមួយ បែរជាត្រូវបានទម្លាក់កំហុស និងចោទប្រកាន់ នោះនឹងធ្វើឱ្យពលរដ្ឋលែងហ៊ានសម្ដែងមតិ និងនិយាយអំពីបញ្ហាប្រឈមរបស់ពួកគាត់។
ម្យ៉ាងទៀតលោក គឹម ពិសិដ្ឋ ថា បើជារឿង ដែលមានការពាក់ព័ន្ធនឹងនយោបាយ គឺគួរតែដោះស្រាយ ដោយការជជែកនយោបាយ។
លោក គឹម ពិសិដ្ឋ៖ «ប្រសិនបើជាករណីណាមួយ ដែលវាមានទំនាក់ទំនងទៅនឹងកត្តានយោបាយ វាគួរណាស់តែអ្នកនយោបាយជជែកគ្នាដោះស្រាយ នៅក្នុងកម្រិតណាមួយលក្ខណៈបច្ចេកទេសឱ្យបានជាក់លាក់ ហើយបើកឱកាសសម្រាប់ពលរដ្ឋ ក៏ដូចជា បណ្ដាជនទាំងឡាយនៅក្នុងសង្គម បានជជែក បានបញ្ចេញមតិ ពីស្ថានភាពសង្គមរបស់ខ្លួននូវចំណាប់អារម្មណ៍របស់ខ្លួនដែរ»។
លោក ទាវ វណ្ណុល ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្ដឹងទៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីលោកបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានជប៉ុន នីកេ អេស៊ា ដែលនិយាយអំពីស្ថានភាពគ្មានប្រជាធិបតេយ្យ និងការគំរាមកំហែងសេរីភាពអ្នកនយោបាយបក្សប្រឆាំងនៅប្រទេសកម្ពុជា និងក្រោយពីលោកត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីខែកុម្ភៈ ឆ្នាំ២០២៤។
ក្រៅពីលោក ទាវ វណ្ណុល អ្នកនយោបាយជាន់ខ្ពស់ នៃគណបក្សប្រឆាំង ដែលត្រូវ បានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្ដឹងទៅតុលាការដោយសារការបញ្ចេញមតិរិះគន់បក្សកាន់អំណាច និងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ពេលបំពេញទស្សនកិច្ចទៅក្រៅប្រទេស ក៏មានអនុប្រធានបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា និងប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី។
អ្នកឃ្លាំមើលលើកឡើងថា ការសម្ដែងមតិរិះគន់របស់មនុស្សគ្រប់ឋានៈក្នុងសង្គម គឺជាកត្តាគន្លឹះ ដែលមិនអាចខ្វះបាន ក្នុងរបបគ្រប់គ្រងបែបប្រជាធិបតេយ្យ ដើម្បីរួមចំណែកផ្ដល់យោបល់ឱ្យអ្នកដឹកនាំស្ថាប័នរដ្ឋ យកទៅពិចារណា កែទម្រង់របៀបដឹកនាំឱ្យប្រសើរ និងកែលំអសង្គមឱ្យមានប្រយោជន៍ គឺមិនមែនសម្រាប់អ្នកមាន អំណាចចាំចាប់កំហុស និងមួលបង្កាច់ប្ដឹងផ្ដល់ចាប់ដាក់គុកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។