លោក ហ៊ុន សែន ចោទសកម្មជនសង្គមស៊ីវិលថា ជាក្រុមបដិវត្តពណ៌មានបរទេសនៅពីក្រោយ
2023.05.06
ក្រុមយុវជន និងមន្ត្រីសិទ្ធិមនុស្សបានបដិសេធជាថ្មីចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន ដែលថា ក្រុមយុវជនឬក្រុមអង្គការសង្គមស៊ីវិល ជាក្រុមធ្វើបដិវត្តន៍ពណ៌បម្រើឱ្យបរទេស។ ពួកគេលើកឡើងថា ពួកគេគ្រាន់តែចង់ឱ្យសង្គមមានការគោរពសិទ្ធិមនុស្ស និងមានយុត្តិធម៌ប៉ុណ្ណោះ ហើយអ្វីដែលពួកគេលើកឡើងពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល គឺជារឿងពិត មិនមែនជារឿងប្រឌិត ដើម្បីមូលបង្កាច់រដ្ឋាភិបាលឡើយ។
យុវជនចាត់ទុកការចោទប្រកាន់ជាថ្មីរបស់លោក ហ៊ុន សែន មកលើពួកគេថាជាក្រុមបដិវត្តន៍ពណ៌ គឺមិនខុសគ្នាទៅនឹងការលើកឡើងបែបរើសអើងរបស់ក្រសួងស្ថាប័នមួយចំនួន ដូចជាក្រសួងបរិស្ថានជាដើម។
សកម្មជនចលនាមាតាធម្មជាតិកញ្ញា មាន លីសា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ឧសភា ថា វាជារឿងដ៏អភ័ព្វមួយ និងមិនអាចទទួលយកបានទេ សម្រាប់ក្រុមយុវជនធ្វើការងារបរិស្ថាន ដែលតែងត្រូវរងការចោទប្រកាន់ទាំងអយុត្តិធម៌ជារឿយៗថា ជាក្រុមបម្រើនយោបាយទុច្ចរិតឱ្យបរទេស ដោយគ្រាន់តែធ្វើកិច្ចការងារសង្គម និងលើកឡើងពីភាពមិនប្រក្រតី ឬភាពខ្វះចន្លោះ ឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវថែមទៀត ក្នុងកិច្ចការពារធនធានជាតិ។
កញ្ញាបន្តថា កិច្ចការងាររបស់ក្រុមយុវជន គ្រាន់តែចង់ឱ្យសង្គមមានយុត្តិធម៌ មានការគោរពសិទ្ធិមនុស្ស និងមានការអភិវឌ្ឍសម្រាប់ប្រជាជនដោយស្មើភាពគ្នា ដូច្នេះ ទង្វើទាំងនោះ ជាកិច្ចការចូលរួមការពារសង្គមជាតិ ហើយមិនមែនជាទង្វើបំផ្លាញជាតិ ឬញុះញង់ដើម្បីផ្ដួលរលំរដ្ឋាភិបាល ដូចការចោទប្រកាន់កន្លងទៅ ពីរដ្ឋាភិបាល ឬពីតុលាការឡើយ។
កញ្ញា មាន លីសា៖ «សកម្មជនបរិស្ថាន គឺយើងផ្ដោតលើបរិស្ថាន ដើម្បីទទួលបានយុត្តិធម៌បរិស្ថាន បើកាលណា មានយុត្តិធម៌បរិស្ថាន វាមានយុត្តិធម៌សម្រាប់មនុស្ស មានការគោរពសិទ្ធិមនុស្សច្រើនជាងមុន មានការទទួលខុសត្រូវពីក្រសួងផ្សេងៗ។ នៅក្នុងខួរក្បាលពួកយើង ក្នុងនាមជាសកម្មជនបរិស្ថាន អត់មានអីក្រៅពីយុត្តិធម៌ទេ។ ក្រៅពីរឿងបរិស្ថាន ក៏យើងផ្ដោតទៅលើរឿងសិទ្ធិមនុស្សផ្សេងៗ ទៀតដែរ ប្រសិនបើឃើញអត់ប្រក្រតី យើងនឹងធ្វើការគាំទ្រទៅសហជីពអីផ្សេងៗ»។
ប្រតិកម្មរបស់យុវជននេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន បានលើកឡើងថា លោកកាន់តែច្បាស់ថែមទៀត ក្រោយពីក្រុមយុវជនដែលបានចុះចូលរដ្ឋាភិបាល បានសារភាពថា ពួកគេបានធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ដោយសារការចាញ់ល្បិចកលរបស់ជនបរទេស ឬគណបក្សប្រឆាំង។
នៅក្នុងសារសំឡេងបង្ហោះតាមហ្វេសប៊ុក កាលពីយប់ថ្ងៃទី៤ ឧសភា លោក ហ៊ុន សែន បានលើកឡើងថា លោកមានការចេញចិត្តចំពោះក្រុមយុវជនធ្លាប់ធ្វើការងារខាងសង្គមស៊ីវិល ដែលលោកហៅថា ជាកូនៗនោះ បានជួយបំភ្លឺបន្ថែម និងបង្ហាញពីភាពត្រឹមត្រូវ នូវអ្វីដែលរដ្ឋាភិបាលប្រកាន់យកដើម្បីទប់ស្កាត់កុំឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរលំរដ្ឋាភិបាល តាមរយៈការកកូរកកាយពីជនបរទេស។
លោក ហ៊ុន សែន៖ «បរទេសបានខិតខំបំផ្លាញយើង តាមរយៈកូនៗ គឺជាសាក្សីរស់ មិនមែនជាបញ្ហាការមួលបង្កាច់ ពីសំណាក់គណបក្សកាន់អំណាច ឬពីរាជរដ្ឋាភិបាលទេ តែវាជារឿងពិត ហើយកូនជាសាក្សីរស់ពិតប្រាកដ ពុកអរគុណកូនៗ ដែលកូនៗ បានយល់សភាពការណ៍នេះ ហើយកូនៗនឹងក្លាយជាធនធានមនុស្ស ដើម្បីជួយទៅដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍជាតិនាពេលខាងមុខ»។
កន្លងទៅ លោក ហ៊ុន សែន តែងចោទប្រកាន់ក្រុមអង្គការសិទ្ធិមនុស្ស និងក្រុមយុវជនសង្គមស៊ីវិល ថា ជាក្រុមបដិវត្តន៍ពណ៌ និងបានព្រមានតាមកម្ទេចជារឿយៗ ដោយមិនអត់ឱនឡើយ។ នៅពេលមានការព្រមានពីលោក ហ៊ុន សែន បែបនេះ មានសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានជាបន្តបន្ទាប់ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ចងដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទញុះញង់ ឬរួមគំនិតក្បត់ ជាពិសេសមានសកម្មជន និងក្រុមកម្មករមួយចំនួនទៀត ត្រូវបានគេបាញ់សម្លាប់ ដូចជាសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី មេដឹកនាំកម្មករលោក ជា វិជ្ជា និងអ្នកវិភាគនយោបាយបណ្ឌិត កែម ឡី ដែលករណីឃាតកម្មទាំងនោះ មិនដែលរកឃើញអ្នកទទួលខុសត្រូវ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា អំពើហិង្សាជាច្រើន បានកើតឡើងលើអ្នកនយោបាយប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល នៅក្រោយពីមានការប្រើសារព្រមានហិង្សាពីលោក ហ៊ុន សែន ជាពិសេសការកើនឡើងនៃការលួចវាយប្រហារលើរាងកាយដោយដំបងនិងបំពង់ដែក លើសមាជិកគណបក្សប្រឆាំងនៅចុងក្រោយនេះ។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ លើកឡើងដែរថា ការចោទប្រកាន់ជាថ្មីរបស់លោក ហ៊ុន សែន ហាក់បង្ហាញថា ខ្មែរនៅមិនទាន់មានការផ្សះផ្សាជាតិ និងមានសន្តិភាពពេញលេញនៅឡើយ ប៉ុន្តែលោកសង្កេតឃើញថា មកដល់ពេលនេះ មិនមានជនជាតិខ្មែរណាម្នាក់ ធ្វើបដិវត្តន៍ពណ៌ដែលនាំឱ្យប៉ះពាល់ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងអធិបតេយ្យជាតិឡើយ។ លោកបន្តថា នៅពេលមានការចោទប្រកាន់គ្នារវាងខ្មែរ និងខ្មែរបែបនេះ នឹងធ្វើឱ្យមានការស្អប់ខ្ពើមគ្នាកាន់តែខ្លាំង។
លោក កើត សារ៉ាយ៖ «សូម(លោក ហ៊ុន សែន) លើកឡើងឱ្យមានការច្បាស់លាស់ ព្រោះអាហ្នឹង វាជាការបង្ហាញមួយថា ប្រសិនបើមិនគូសវាសឱ្យច្បាស់លាស់ វានឹងធ្វើឱ្យមានការភ័ន្តច្រឡំគ្នា ហើយខ្ញុំជឿជាក់ថា វានឹងធ្វើឱ្យមតិសាធារណជន ដែលប្រកាន់និន្នាការ អាចចាប់ផ្ដើមឈានទៅដល់ការស្អប់ខ្ពើមរវាងខ្មែរនិងខ្មែរគ្នាឯង ដោយសារខ្លាចថា ក្រុមនេះ អាចជាបដិវត្តន៍ពណ៌ ក្រុមនេះបែបនេះបែបនោះ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយបន្ថែមពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី៥ ឧសភា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា លើកឡើងដែរថា អ្វីដែលខាងអង្គការសង្គមស៊ីវិល និងក្រុមយុវជនខាងបរិស្ថាន និងការពារព្រៃឈើបានលើកឡើងកន្លងទៅ គឺសុទ្ធតែទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គម និងមិនមែនជាការស៊ីឈ្នួលបរទេស ដើម្បីនិយាយរឿងមិនពិត បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលឡើយ។
លោកបន្តថា ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញព្រៃឈើ សូម្បីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា កាលពីពេលថ្មីៗនេះ ក៏ទទួលស្គាល់ថា ព្រៃឈើនៅកម្ពុជា កំពុងរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដែរ។
លោក នី សុខា៖ «បើនិយាយថា យើងទៅស៊ីឈ្នួលគេ យើងទៅធ្វើអ្វីដែលបំផ្លិចបំផ្លាញសង្គម វាទាល់តែរឿងទាំងអស់ហ្នឹង អត់កើតមាន រឿងព្រៃឈើអត់មានទេ រដ្ឋាភិបាលការពារបានល្អណាស់ ហើយយើងចេះតែទៅនិយាយបំផ្លើស ប៉ុន្តែបើយើងមើលពីទិដ្ឋភាពជាក់ស្ដែង វាជាការពិត។ បញ្ហាសិទ្ធិមនុស្ស ក៏វាមិនខុសគ្នាដែរ បញ្ហាយុត្តិធម៌នៅក្នុងសង្គម ក៏វាមិនខុសគ្នាដែរ យើងឃើញហើយ សង្គមយើងមានអយុត្តិធម៌ច្រើនណាស់ ដែលអ្នកក្រីក្រទទួលរងគ្រោះ ដោយសារតែបញ្ហាដីធ្លី បញ្ហាធនធានធម្មជាតិ បញ្ហារំលោភសិទ្ធិផ្សេងៗ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ឃើញថា នៅពេលខ្មែរចោទប្រកាន់គ្នា ថាជាក្រុមមួយស៊ីឈ្នួលបរទេស និងក្រុមបដិវត្តន៍ពណ៌ ដូច្នេះ! មិនអាចធ្វើឱ្យខ្មែរអង្គុយដោះស្រាយបញ្ហាប្រទេសជាតិជាមួយគ្នាបានឡើយ។ លោកបន្តថា ប្រមុខរដ្ឋាភិបាល គួរតែទទួលយកការរិះគន់ពីសង្គមស៊ីវិល ទៅឆ្លុះបញ្ចាំងជាក់ស្ដែងពីទិដ្ឋភាពសង្គម ដើម្បីដោះស្រាយ ជាជាងស្ដាប់តែក្រុមដែលចូលចិត្តនិយាយលើកជើងដូចនៅពេលនេះ ព្រោះវាមិនអាចជួយឱ្យសង្គមមួយមានយុត្តិធម៌ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។