លោក ហ៊ុន សែន បន្ត​ឃោសនា​ដាក់​សម្ពាធ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា

0:00 / 0:00

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ឃោសនា​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​បក្ស​កាន់អំណាច​ដដែល ទោះបី​លោក​ទទួល​ស្គាល់​ថា សារ​អំពាវនាវ​រក​សំឡេងឆ្នោត​មុន​រដូវ​កាល​របស់ គ​.​ជ​.​ប នោះ​រង​ការ​រិះគន់ និង​ផ្ទុយ​ពី​ច្បាប់​ក៏ដោយ​។ លើស​ពី​នេះ លោក ហ៊ុន សែន បាន​ចោទ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅមុខ​ពលរដ្ឋ​ថែមទៀត​ថា ពួកគេ​មិនបាន​ជួយ​អ្វី​សោះ​ដល់​ពលរដ្ឋ​។ ប៉ុន្តែ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដោយ​ចាត់ទុក​សារ​នោះ គឺជា​ការ​ដាក់​សម្ពាធ​ផ្លូវចិត្ត​ចំពោះ​ការសម្រេចចិត្ត​របស់​ពលរដ្ឋ ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ​មុន​​ពេល​បោះឆ្នោត។

ថ្លែង​ក្នុង​ពិធី​ចែក​ស្រូវពូជ និង​ស្បៀង​ជូន​ប្រជាពលរដ្ឋ​ជិត ៧​ពាន់​គ្រួសារ​នៅ​ខេត្តកំពង់ធំ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែតុលា អំពាវនាវ​ដល់​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ ទោះបី​លោក​ដឹង​ថា​សារ​ឃោសនា​រក​សំឡេងឆ្នោត​មុន​រដូវ​កាលនោះ​ទទួលរង​ការរិះគន់​យ៉ាងណាក៏ដោយ​។ ទន្ទឹម​នឹង​នេះ មេដឹកនាំ​បក្ស​កាន់អំណាច​រូប​នេះ សង្ឃឹមថា​ពលរដ្ឋ នឹង​មិន​ទៅ​បោះឆ្នោត​ឱ្យ​បក្ស​ដទៃទៀត​នោះ​ទេ ពីព្រោះ​លោក​អះអាង​ថា កន្លងទៅ​ពេល​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​មាន​តែ​គណបក្ស​ប្រជាជន​។ លោក ហ៊ុន សែន ថែមទាំង​យក​វេទិកា​នោះ​ចោទប្រកាន់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ថា ក្រៅពី​រិះគន់​ការដឹកនាំ​របស់​លោក​នោះ​ពួកគេ​មិន​បាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ​ទេ។

លោក ហ៊ុន សែន៖«គេ​ថា​ខ្ញុំ​ឃោសនាបោះឆ្នោត​ក៏​ថា​ទៅ​ចុះ និយាយ​ឱ្យ​ពិត​ទៅ​ខំ​ចង់​ងាប់​ជាមួយ​ប្រជាពលរដ្ឋ ដល់ពេល​ទៅ​បោះឆ្នោត​ទៅ​បោះ​ឱ្យ​អ្នកដទៃ ពេល​មាន​ទុក្ខ​លំបាក​ឃើញ​តែ​អា​ពួក​ហ្នឹង​មក​ដោះស្រាយ​បញ្ហា​ឱ្យ​ដល់​ពេល​បោះឆ្នោត​ឱ្យ​គេ​ឯណា​នោះ​ដែល​គេ​អត់​បាន​ជួយ​ធ្វើ​អ្វី​សោះ​ក្រៅពី​ជេរ»។

ការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ខុស​រដូវ​កាល និង​បំពាន​គោលការណ៍​បោះឆ្នោត​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនមែន​ជា​លើកទីមួយ​នោះ​ទេ​។ លោក ហ៊ុន សែន តែងតែ​យក​ជំនួប​ចែក​អំណោយ​ជា​ស្បៀង និង​ថវិកាជាតិ ជា​ថ្នូរ​នឹង​ការ​អង្គុយ​ស្តាប់​លោក​អួតអាង​ពី​ស្នាដៃ និង​ប្រើ​ពាក្យ​សម្តី​អសុរស​លើ​គូរ​ប្រកួត​ប្រជែង​នយោបាយ និង​ការ​កេង​យក​ផល​ប្រយោន៍​នយោបាយ​សម្រាប់​ការ​កាន់អំណាច​ត​ដល់​កូន​។ ទោះជា​យ៉ាងណា ក្នុង​វេទិកា​នោះ លោក ហ៊ុន សែន ក៏​មិនបាន​បង្ហាញ​ពី​គោលនយោបាយ​ដើម្បី​ជួយ​ដល់​កសិករ​ឲ្យ​មាន​ជីវភាព​ធូរធារ​ឡើយ​។ ផ្ទុយទៅវិញ លោក បែរ​ជា​ចំណាយ​ពេល​ជាច្រើន និយាយ​អួតអាង​ស្នាដៃ​ខ្លួនឯង បន្ទាប់​មក​ជេរប្រមាថ​មេ​បក្ស​ប្រឆាំង និង​ការប្រើ​ពាក្យ​លេប​ខាយ និង​សួរនាំ​ពលរដ្ឋ​អំពី​បញ្ហា​រឿង​លើ​គ្រែ​ហើយ​សើច​សប្បាយ​ទៅវិញ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ស្ថាប័ន​របស់​លោក​ពុំ​មាន​ភារកិច្ច​ដោះស្រាយ​រឿង​ការឃោសនា​របស់​គណបក្ស​នយោបាយ​មុន​កាលកំណត់ គ​.​ជ​.​ប នោះ​ទេ​។ លោក​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​អំឡុង​ពេលនេះ គឺជា​ការទទួលខុសត្រូវ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច។

លោក ហង្ស ពុទ្ធា៖«អំឡុង​ពេល​ឃោសនា​នៃ​ប្រតិទិន​ដែល​ផ្សព្វផ្សាយ​ដោយ គ​.​ជ​.​ប នោះ ប្តឹង​មក គ​.​ជ​.​ប នឹង​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​ខុសពី​ប្រតិទិន​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ សកម្មភាព​ពាក់ព័ន្ធ​រឿង​នយោបាយ និង​ការងារ​គណបក្ស​នយោបាយ​ជាដើម គឺ​ប្តឹង​ទៅ​អាជ្ញាធរ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័ក ដើម្បី​បញ្ជាក់​ពី​ចំណាត់ការ​របស់​អាជ្ញាធរ​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៩ ខែតុលា​។​

ច្បាប់បោះឆ្នោត បាន​ហាមឃាត់ មិន​ឲ្យ​មន្ត្រី​សាធារណៈ ដូចជា​នាយករដ្ឋមន្ត្រី​ជាដើម ប្រើប្រាស់​តួនាទី​របស់​រដ្ឋ ដើម្បី​កេង​ចំណេញ​ប្រយោជន៍​បក្ស​របស់​ខ្លួន​នោះ​ឡើយ​។ ចំណែក​មាត្រា ៨០ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​វិញ បាន​ហាម​ប្រើប្រាស់​ថវិកា សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន ដែល​ជា​សម្បត្តិ​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត ឲ្យ​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់។

ទោះបី​លោក ហ៊ុន សែន រង​ការរិះគន់​ពី​សំណាក់​គណបក្សនយោបាយ អ្នកជំនាញ​បោះឆ្នោត និង​មហាជន​មួយចំនួន​ពី​ការ​រំលោភច្បាប់​ទាក់ទង​នឹង​ការប្រើប្រាស់​តួនាទី និង​ធនធាន​រដ្ឋ​បម្រើ​ប្រយោជន៍​នយោបាយ ដែល​រំលោភបំពាន​គោលការណ៍​បោះឆ្នោត​ដោយ​ស្មើភាព​ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​ចាត់​វិធាន​ទប់ស្កាត់​សកម្មភាព​ទាំងនោះ​នៅ​ឡើយ​ទេ។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ យល់​ឃើញ​ថា ការដែល​លោក ហ៊ុន សែន យក​តួនាទី​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ផ្ញើ​សារ​បង្ហាញ​ពី​សមិទ្ធផល​អាណត្តិ​ដឹកនាំ​ប្រទេស​ទៅកាន់​ពលរដ្ឋ​មិន​ខុស​នោះ​ទេ​។ ប៉ុន្តែ​លោក សោកស្តាយ​ចំពោះ​លោក ហ៊ុន សែន បន្ត​យក​តួនាទី និង​ធនធាន​រដ្ឋ​ឃោសនា​រក​សំឡេងឆ្នោត ព្រមទាំង​ផ្ញើ​សារ​នយោបាយ​វាយប្រហារ​គូប្រជែង​នយោបាយ​របស់​ខ្លួន​ដែល​អាច​នាំ​ឱ្យ​ពលរដ្ឋ​យល់​ច្រឡំ​ខុស​ថា​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ពុំបាន​ជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​ពួកគេ​កន្លងទៅ​។ លោក​បញ្ជាក់​ថា សង្គម​ប្រជាធិបតេយ្យ គឺ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​មាន​សិទ្ធិអំណាច​ប្រើប្រាស់​ថវិកា និង​ធនធាន​រដ្ឋ​សម្រាប់​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន ចំណែក​បក្ស​ផ្សេង​វិញ​លោក​ថា ពួកគេ​មាន​តួនាទី​រិះគន់​ស្ថាបនា ឬ​ចង្អុលបង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ដើម្បី​ប្រកួតប្រជែង និង​ជំរុញ​ឱ្យ​ការដឹកនាំ​ប្រទេស​ឲ្យ​ប្រសើរ​ឡើង។

លោក យ៉ង សាំងកុមារ៖«យើង​យក​រឿង​ហ្នឹង​ទៅ​ឃោសនា​រឿង​បក្ស​ធ្វើ​ឱ្យ​បាត់បង់​ភាពជា​តំណាង​របស់​ប្រជាពលរដ្ឋ​ទាំងមូល អ៊ីចឹង​ខ្ញុំ​គិតថា​វា​គួរតែ​កុំឱ្យ​រឿង​ហ្នឹង​កើតឡើង​ក្នុង​សង្គម​យើង ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ភាគី​ទាំងអស់ យើង​ត្រូវ​រួមចំណែក​អប់រំ​ប្រជាពលរដ្ឋ​អំពី​តួនាទី​តួនាទី​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល តួនាទី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដោយ​យើង​ត្រូវ​ចែក​គ្នា​បំពេញ​តួនាទី​ឱ្យ​បាន​ល្អ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ»។

លោក យ៉ង សាំងកុមារ ចាត់ទុក​ថា សារ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នេះ ​គឺ​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលការណ៍​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ និង​ហាក់​ដាក់​សម្ពាធ​ផ្លូវចិត្ត បំភិតបំភ័យ​ដល់​ពលរដ្ឋ​មុន​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខ។

ចំណែក នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មើលឃើញ​ថា សារ​ឃោសនា​រក​សំឡេងឆ្នោត​មុន​រដូវ​កាល​របស់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ពុំ​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​ពល​រដ្ឋ​សម្រាប់​ការបោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុន​នេះ​ទេ​។ លោក​បញ្ជាក់​ថា ផ្អែក​តាមច្បាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ ឬ​គណបក្ស និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ​ដែល​ពួកគេ​ពេញ​ចិត្ត​។ លោក អំ សំអាត គូស​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​បរិយាកាស​នយោបាយ​អំឡុង​ពេល​បោះឆ្នោត​ល្អ​ប្រព្រឹត្ត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​លទ្ធផល​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ទទួល​យក​បាន​ពី​គ្រប់​ភាគី។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) បាន​កំណត់​យក​ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ។ បច្ចុប្បន្ន គ​.​ជ​.​ប កំពុង​ដំណើរការ​នីតិវិធី​ឱ្យ​ពលរដ្ឋ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា រហូតដល់​ថ្ងៃទី៨ ខែ​ធ្នូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។