អាជ្ញាធររបបក្រុងភ្នំពេញបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាបណ្ដោះអាសន្ន ដើម្បីរាំងខ្ទប់អ្នកគាំទ្រគណបក្សប្រឆាំងមិនឱ្យឆ្លងដែនចូលទៅកម្ពុជានៅព្រឹកថ្ងៃទី៩ វិច្ឆិកា។ ស្របគ្នានេះដែរ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ពាន់នាក់បានទៅដល់តំបន់ព្រំដែនប្រទេសថៃហើយ ដើម្បីរង់ចាំទទួលលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សនេះវិលចូលស្រុកវិញជាមួយពួកគាត់។
សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលទៅព្រំដែនថៃជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លើកឡើងថា គិតត្រឹមម៉ោង ៣រសៀល នៃថ្ងៃទី៩ វិច្ឆិកាថា ពួកគាត់មិនទាន់ឆ្លងដែនចូលទៅកម្ពុជាតាមច្រកព្រំដែននេះនៅឡើយទេ ដោយរង់ចាំបញ្ជាពីថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សពួកគាត់ជាមុនសិន។
ប្រធានផ្នែកព័ត៌មានគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសថៃ លោក សន សុវណ្ណថេត ប្រាប់អាស៊ីសេរីថា អ្នកគាំទ្រគណបក្សប្រឆាំងភាគច្រើនបានទៅដល់ព្រំដែនថៃហើយ ប៉ុន្តែមិនទាន់បានប្រមូលផ្ដុំគ្នានៅចំណុចណាមួយនៅឡើយទេ ព្រោះខ្លាចបែកការដល់អាជ្ញាធរថៃ ធ្វើឱ្យទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ (ប្រហែលជាបាត់ពាក្យ "មិនអាច")។ លោកបញ្ជាក់ថា អាជ្ញាធរកម្ពុជា និងថៃ បានបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាបណ្ដោះអាសន្នតាំងពីម៉ោង ៩កន្លះព្រឹក ថ្ងៃទី៩ វិច្ឆិការហូតដល់ម៉ោង ២រសៀលមិនទាន់បើកច្រកឡើងវិញទេ៖ «យើងដើរបំបែកគ្នាតែម្ដងដោយសារតែនៅព្រំដែននេះគឺក្ដៅមែនទែន ខ្ញុំមកដល់ទីនេះព្រឹកព្រលឹមឮតែសំឡេងពលរដ្ឋខ្មែរត្អូញត្អែរថាគ្មានបង់បន្ទប់ទេ មិនអាចបានទៅលេងផ្ទះហើយអ្នកខ្លះថាប្រពន្ធដេកពេទ្យនៅមន្ទីរពេទ្យនៅប៉ោយប៉ែតមិនបាន អ្នកគាត់ថាត្រូវឡើងមកចាក់សោឱ្យកម្មករនៅផ្សេររ៉ុងក្លឿចូលធ្វើក៏មិនអាចចូលមកបាន»។
លោកបន្តថា ក្រៅពីអាជ្ញាធរកម្ពុជាថៃរឹតបន្តឹងនៅច្រកទ្វារព្រំដែនប៉ោយប៉ែត ហើយអាជ្ញាធរថៃបានដាក់ពង្រាយកងកម្លាំងជាច្រើននាក់ ត្រួតពិនិត្យអ្នកធ្វើដំណើរតាមដងផ្លូវយ៉ាងតឹងតែងខុសពីពេលមុនៗ ជាពិសេសនៅតំបន់ព្រំដែនផ្សាររ៉ុងក្លឿរបស់ថៃតែម្ដង។
រីឯអ្នកអ្នកគាំទ្រគណបក្សប្រឆាំងមកពីសហរដ្ឋអាមេរិកឯណោះវិញ ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ឱ្យដឹងថា ពួកលោកមានគ្នាប្រមាណ ១០នាក់ បានទៅដល់ព្រំដែនថៃនៅម៉ោង ៨ព្រឹក ថ្ងៃទី៩ វិច្ឆិកា។ លោកបន្តថា នៅផ្សាររ៉ុងក្លឿរបស់ថៃ ដែលភាគច្រើនជារបស់ពលរដ្ឋខ្មែរលក់ដូរនោះ បានបិទតូបស្ងាត់ជ្រងំខុសប្រក្រតី។ លោកបញ្ជាក់ថា មូលហេតុដែលស្ងាត់ដោយសារអាជ្ញាធរកម្ពុជាបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលធ្វើឱ្យពួកគាត់មិនអាចចូលមកលក់ដូរបានដូចពេលមុនៗ។ លោកបន្ថែមថា បើទោះបីជានៅព្រំដែនកម្ពុជាថៃមានយាមកាមតឹងតែងយ៉ាងនេះក្ដីក៏ពួកគេនៅតែរង់ចាំធ្វើមាតុភូមិនិវត្តន៍ជាមួយថ្នាក់ដឹកគណបក្សប្រឆាំងដដែល៖ «ហើយក្រុងផ្សេងៗមកជួបគ្នានៅច្រើនទៀត។តាមខ្ញុំគឺមកស្ដាប់សភាពការណ៍មើលតើអាចចេញចូលបានឬក៏មិនពិបាកយ៉ាងម៉េច ។ខ្ញុំដាច់ខាតមកនេះគឺត្រូវតែចូលទៅកម្ពុជា ព្រោះយើងជាជនជាតិខ្មែរ ហើយយើងស្រលាញ់ប្រជាធិបតេយ្យ ដូច្នេះខ្ញុំត្រូវតែចូលដើម្បីឱ្យលោក ហ៊ុន សែន រកផ្លូវចរចាបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា » ។
ទាក់ទងនឹងការបិទច្រកព្រំដែននេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា មិនមានការបិទច្រកព្រំដែននោះទេ៖ «ខ្ញុំកំពុងនៅហូបអំបុកជាមួយពលរដ្ឋខ្ញុំមិនទាន់បានព័ត៌មានច្បាស់ទេ ប៉ុន្តែតាមដឹងច្រកនេះអត់មានបិទទេ ដំណើរការធម្មតាអត់មានបិទទេបាទ !» ។
រីឯស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បន្តជួបជាមួយភាគីថៃនៅព្រំដែនខាងទឹកដីថៃ ដើម្បីសុំសហការចាប់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះវិលចូលស្រុកវិញថ្ងៃថ្ងៃទី៩ វិច្ឆិកា។ គេហទំព័រស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ក្រុមបក្សប្រឆាំងប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
អាជ្ញាធរខេត្តបន្ទាយមានជ័យមានជ័យ បានបើឱ្យរថយន្តដឹកទំនិញធំៗ ចំនួន ៤០គ្រឿងឆ្លងដែននៅរសៀលថ្ងៃដដែល ដោយមិនទាន់បើកច្រកឱ្យអ្នកធ្វើដំណើរចេញចូលប្រទេសទាំង២ បាននៅឡើយទេ គិតត្រឹមម៉ោង ៤រសៀលថ្ងៃដដែល។
មន្ត្រីអង្គការសង្គមស៊ីវិលដែលតាមដានមើលស្ថានការណ៍នៅតំបន់ព្រំដែននោះ យល់ថា អាជ្ញាធរបិទច្រកព្រំដែននេះដោយសារព្រួយបារម្ភខ្លាចអ្នកគាំទ្រគណបក្សប្រឆាំងធ្វើមាតុភូមិនិវត្តន៍តាមច្រកព្រំដែនប៉ោយប៉ែត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ដែលកំពុងឃ្លាំមើលនៅព្រំដែនក្រុងប៉ោយប៉ែតមានប្រសាសន៍ថា អាជ្ញាធរបានដាក់រនាំនិងមានកម្លាំងចម្រុះយាមការពារ ៣កន្លែង ចាប់ពីគល់ស្ពានច្រកព្រំដែនរហូតដល់មុខស្នាក់ការគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត។ លោកបន្តថា ការបិទច្រកព្រំដែន ធ្វើឱ្យប្រជាពលរដ្ឋរាប់រយនាក់មិនបានចូលទៅប្រកបរបរក្នុងទឹកដីថៃបានទេ ហើយពួកគាត់ឈរកកកុញតាមផ្លូវជាតិលេខ៥ ចម្ងាយប្រមាណ ៤០០ម៉ែត្រពីច្រកព្រំដែនថៃ។ លោកបន្ថែមថា អំឡុងពេលបិទច្រកព្រំដែននេះ សមត្ថកិច្ចអនុញ្ញាតឱ្យតែអ្នកទេសចរអន្តរជាតិអាចឆ្លងដែនចេញចូលកម្ពុជា-ថៃបាន។ លោកថាពលរដ្ឋរអ៊ូរទាំខឹងអាជ្ញាធរមិនបានជូនដំណឹងដល់ពួកគាត់ឱ្យបានដឹងជាមុន ព្រោះការធ្វើបែបនេះធ្វើឱ្យពួកគាត់បង់ប្រាក់ចំណូលដោយសារមិនបានទៅលក់ដូរនៅក្នុងទឹកដីថៃ៖«រូបភាពទាំងនេះអត់មានអីល្អទេសម្រាប់កម្ពុជា គឺជាការខាតបង់សម្រាប់ពលរដ្ឋ ព្រោះគាត់មិនបានប្រកបមុខរបរ។មួយវិញទៀត រដ្ឋាភិបាលចំណាយកម្លាំងទ័ពដាក់តាម ព្រំដែនហ្នឹងក៏ចំណាយថវិកាច្រើនដែរ ។អ្វីដែលសំខាន់ខ្ញុំគិតថាអ្នកនយោបាយគួរតែរកវិធីដោះស្រាយគ្នាដើម្បីបញ្ចប់វិបត្តិនយោបាយ ហើយរួមគ្នាក្នុងការកសាងជាតិមាតុភូមិឱ្យកាន់តែរីកចំរើនជាជាងផលប្រយោជន៍និងអំណាចបាទ !» ។
មន្ត្រីគណបក្សប្រឆាំងមួយចំនួននៅតែបន្តចេញដំណើរពីទីក្រុងបាងកកទៅតំបន់ព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់នៅឡើយ ដើម្បីទៅរង់ចាំធ្វើមាតុភូមិនិវត្តន៍ជាមួយថ្នាក់ដឹកនាំគណបក្សនេះ។ ពួកគាត់នៅតែមានសង្ឃឹមថា លោក សម រង្ស៊ី នឹងវិលចូលស្រុកវិញតាមច្រកព្រំដែនថៃជាមួយពួកគាត់ ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។