មេ​ប៉ូលិស និង​ទាហាន​ប្រជុំ​ត្រៀម​កម្លាំង​តាម​ព្រំដែន​ចាំ​ចាប់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង​និង​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​ដោយ​ដែល​​ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​គំរាម​ចាប់​ខ្លួន​នោះ​ទេ។ ទន្ទឹមគ្នា​នេះ ​អគ្គស្នងការ​នគរបាល​ជាតិ​និង​មេបញ្ជាការ​កងទ័ព​របប​ក្រុង​ភ្នំពេញ ប្រជុំ​រួម​គ្នា​នៅ​ព្រឹកថ្ងៃទី៨​សីហា ដើម្បី​ត្រៀម​រៀប​ចំ​កម្លាំង​តាម​ព្រំដែន​ចាប់​លោក សម រង្ស៊ី វិល​ចូល​ស្រុក។

អគ្គស្នងការ​នគរ​បាល​ជាតិ​លោក​ នេត សាវឿន អគ្គ​មេបញ្ជាការ​កងទ័ព​ លោក​ វង្ស ពិសេន ​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ មេបញ្ជាការ​កងទ័ព និង​មេ​បញ្ជាការ​នគរបាល​តាម​ព្រំដែន​​មួយ​ចំនួន​ទៀត​ ប្រជុំ​រួមគ្នា កាល​ពី​ព្រឹក​ថ្ងៃ​ទី៨ ​សីហា ​ត្រៀម​រៀប​ចំ​កងកម្លាំង ដាក់​តាម​ព្រំដែន​ចាប់​លោក សម រង្ស៊ី និង ថ្នាក់​ដឹកនាំ​ប្រឆាំង​ដែល​អម​ដំណើរ​វិល​មក​កម្ពុជា។

អ្នកនាំ​ពាក្យ​​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ឆាយ គឹមខឿន ដែល​បាន​ចូល​ក្នុង​កិច្ច​ប្រជុំ​​នោះ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៨ សីហា​ថា​ ប៉ូលិស​និង​ទាហាន​ត្រៀម​ដាក់​ពង្រាយ​នៅ​គ្រប់​ច្រក​ព្រំដែន​ ដើម្បី​ចាប់​លោក​ សម រង្ស៊ី​ និង​អ្នក​អម​ដំណើរ​ ដែល​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​។ លោក បញ្ជាក់​ទៀត​ថា​ ក្រុម​មេ​ខ្លោង​បក្ស​ប្រឆាំង​ទាំង​នោះ​ ចូល​មក​ដល់​ដី​ខ្មែរ​ពេល​ណា នឹង​វ៉ៃ​ខ្នោះ​ពេល​នោះ​ រួច​បញ្ជូន​ចូល​គុក​តែ​ម្ដង។ ចំណែក​អ្នក​ដែល​អម​ដំណើរ​ដែល​គ្មាន​កំហុស លោក​ថា សមត្ថកិច្ច​មិន​ចាប់​ពួកគាត់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ក៏​ព្រួយបារម្ភ​ខ្លាច​កម្លាំង​មហាជន​ច្រើន​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី​ នេះ​ដែរ៖ «ធម្មតា​បើ​សិន​ជា​មាន​យើង​នឹង​មាន​វិធាន​ការ​ទប់ស្កាត់​ ព្រោះ​ការ​ណា​គាត់​នាំ​គ្នា​អំពើ​បែប​នេះ​បាន​ន័យ​ថា​ប្រឆាំង​អំណាច​ដីកា​តុលាការ​ វា​ជា​អំពើ​ខុស​ច្បាប់​។ តែ​ខ្ញុំ​សង្ឃឹម​ថា​ ប្រជាពលរដ្ឋ​មិន​ទៅ​ប្រឆាំង​ជា​មួយ​តុលាការ​ដើម្បី​មនុស្ស​ប៉ុន្មាន​នោះ​ទេ​។ហើយ​ថ្មីៗ នេះ​ ខាង​ស្នងការ​នគរបាល​ជាតិ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដល់​ពលរដ្ឋ​ហើយ​ ដើម្បី​ឱ្យ​ពួកគាត់​ចេញ​ឱ្យ​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ​ មន្ត្រី​គណបក្ស​ប្រឆាំង​និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ​​ ចាត់​ទុក​វិធានការ​របស់​សមត្ថកិច្ច​​នេះ​ថា គ្រាន់​តែ​ជា​ការ​កំញើញ​របស់​មេ​ប៉ូលិស​ និង​មេ​ទាហាន ដែល​ការពារ​អំណាច​ឱ្យ​លោក​​ហ៊ុន សែន​ ដោយ​សារ​ភ័យ​ខ្លាច​លោក​ សម រង្ស៊ី​ ចូល​ស្រុក​ធ្វើ​ឱ្យ​បាត់​បង់​ដល់​មុខ​តំណែង​របស់​ពួក​គេ​ប៉ុណ្ណោះ។

មន្ត្រី​សម្របសម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ថៃ​ លោក ម៉ោញ សារ៉ាត់​ ប្រាប់​អាស៊ី​សេរី​​ថា អំណាច​របស់​លោក​ហ៊ុន សែន​ និង​បក្ស​ពួក​របស់​របប​លោក​ នឹង​អស់​សុពលភាព​នៅ​ក្នុង​ឆ្នាំ​២០១៩​ នេះ​ហើយ​ ព្រោះ​កម្លាំង​មហាជន​រាប់​សែន​នាក់​ត្រៀម​ទៅ​អម​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ បន្ត​ថា សមត្ថកិច្ច​មួយ​ចំនួន​ធំ​ក៏​មិន​ស្ដាប់​បញ្ជា​លោក​ហ៊ុន​ សែន ដែរ ព្រោះ​ពួកគាត់​ស្អប់​ខ្ពើម​របប​ដឹក​នាំ​សព្វ​ថ្ងៃ ដែល​មាន​រំលោភ​សិទ្ធិមនុស្ស​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ដែល​លង់​នឹង​ឧបាយកល​របស់​លោក​ហ៊ុន សែន​ ក៏​គេ​ត្រៀម​ចង់​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​ដែរ​ ព្រោះ​ពួកគាត់​រំពឹង​ថា​សង្គ្រោះ​ជាតិ​គឺ ជា​កន្លែង​ដ៏​រឹងមាំ​មួយ​ដើម្បី​ជួយ​រំដោះ​ប្រទេស​បាន​។ដូច្នេះ​ខ្ញុំ​មាន​ជំនឿ​ថា​ពេលវេលា​នៃ​ការ​ក្រោក​ឈរ​របស់​ពលរដ្ឋ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ គឺ​ដល់​ពេល​ហើយ​។អីចឹង​បើ​ថា​ចង​រក្សា​អំណាច​បន្ត​ទៀត​មាន​វិធី​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​គឺ​អស់​ពេល​ត្រូវ​និយាយ​គ្នា​ហើយ »

ចំណែក​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​លោក ជីម ផាត មាន​ប្រសាសន៍​ថា ពលករ​នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់​ត្រៀម​ខ្លួន​​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​គ្រប់​ពេល​វេលា​ ដើម្បី​ចូលរួម​ស្ដារ​មុខ​មាត់​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ។ ពលករ​រូប​នេះ​អះអាង​ទៀត​ថា ការ​អម​ដំណើរ​នេះ ពួកគាត់​ហាន​លះបង់​គ្រប់យ៉ាង ដើម្បី​ដណ្ដើម​ប្រជាធិបតេយ្យ​ពី​របប​ឯក​បក្ស​ប្រគល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឡើង​វិញ៖ «ជា​ធម្មតា​លោក​ហ៊ុន សែន​ ចេះ​តែ​អះអាង​ច្រើន​លើក​ច្រើន​សារ​ហើយ​ គឺ​បញ្ជាក់​ថា​គាត់​ខ្លាច​តែ​ម្ដង​ ព្រោះ​បើ​ចង់​ចាប់​គេ​មិន​បាច់​បង្ហើរ​ពាក្យ​សំដី​ឱ្យ​គេ​ដឹង​មុន​ទេ​ ចាំ​ចាប់​ទៅ​ ដូច​ខ្ញុំ​អី​នេះ​ត្រៀម​អម​ដំណើរ​ឱ្យ​លោក​ហ៊ុន សែន​ ចាប់​តែ​ម្ដង​ខ្ញុំ​អត់​មាន​ខ្លាច​រុញរា​អី​ទេ​។បើ​លោក​ឯង​ចង់​ចាប់​លោក​សម រង្ស៊ី​យុវជន​ក៏​ចូល​រួម​ទាំង​គ្នា​ចូល​គុក​ ទាំង​គេ​ទាំង​ខ្ញុំ​ដល់​ដំណាក់​ការ​នេះ​ហើយ​លេង​គិត​ហើយ »

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​ សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​ទី២៨ កក្កដា​ថា ការ​គំរាម​ចាប់​គឺ​ជា​កិត្តិយស​សម្រាប់​លោក​ទៅ​វិញ​ទេ ដែល​ក្រោម​របប​ផ្ដាច់ការ ដូច​របប ហ៊ុន សែន សព្វថ្ងៃ មាន​ប៉ូលិស​បម្រើ​ឃាតក​ តាម​ចាប់​លោក​ ហើយ​មាន​តុលាការ​ជា​អាយ៉ង​របប​លោក​ក្រុង​ភ្នំពេញ​តាម​ញាំញី​លោក។ លោក​បន្ត​ថា​ ពួក​ជន​ផ្ដាច់ការ និង​ពួក​ឃាតក តាម​រក​រឿង​លោក​កាន់​តែ​ខ្លាំង​ ធ្វើ​ឱ្យ​លោក​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​សេរីភាព​និង​ប្រជាធិបតេយ្យ កាន់​តែ​ច្រើន ពី​អន្តរជាតិ​ទៅ​វិញ​ទេ។

ថ្មីៗ នេះ​លោក សម រង្ស៊ី​ ប្រកាស​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ​យ៉ាង​យូរ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ដើម្បី​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ។

បន្ថែម​ពី​នេះ​ លោក​ សម រង្ស៊ី រំពឹង​ថា មាតុភូមិ​និវត្តន៍​នេះ នឹង​មាន​ភាព​អធិកអធម ជាង​កាល​ពី​ឆ្នាំ២០១៣ ទៅ​ទៀត ហើយ​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ ដែល​លោក ហ៊ុន សែន មិន​អាច​ជៀស​វាង​បាន​ឡើយ។

ខុស​ពី​អ្នកគាំទ្រ​គណបក្ស​នយោបាយ អ្នក​សម្រប​សម្រួល ​និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើក​ឡើង​ថា ការ​វិល​ចូល​ស្រុក​ ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​នោះ៖ «ខ្ញុំ​គិត​ថា គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា​មក​ដល់​នេះ​ហើយ យើង​ត្រូវ​មើល​ក្បែរ​យើង​ផង គេ​បាន​ទ្រព្យ​សម្បត្តិ​គេ​បាន​លាភ​សក្ការៈ​យ៉ាង​ច្រើន​ទាញ​ចេញ​ពី​ជម្លោះ​របស់​ខ្មែរ។ យើង​គួរ​តែ​ល្មម​ដោះដូរ​កែ​សម្រួល​ការងារ​ចារឹក​នយោបាយ​ឱ្យ​អាច​រក​វិធី​ជជែក​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ប្រសើរ​ជាង​ កុំ​ឱ្យ​ខ្លាំង​រៀង​ខ្លួន​នាំ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ​ បើ​កាល​ណា​ខ្លាំង​រៀង​ខ្លួន​មិន​មាន​ប្រយោជន៍​ណា​មួយ​ដល់​សង្គម​ទេ »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​​បន្ត​ថា ជម្លោះ​នយោបាយ​របស់​កម្ពុជា​បាន​អូស​បន្លាយ​ពេល​ប្រមាណ ២ឆ្នាំ​មក​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្ត​បន្ទាប់ និង​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​​ ហើយ​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBA ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។