គណបក្ស​ប្រឆាំង​និង​ពលរដ្ឋ​ប្រតិកម្ម​នឹង​អាជ្ញាធរ​ដែល​បិទ​ផ្លូវ​ជាតិ​លេខ​២​មិន​ឲ្យ​ហែ​ញត្តិ

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ ប្រតិកម្ម​រឿង​អាជ្ញាធរ​បិទ​ផ្លូវ​រារាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​ដង្ហែ​ញត្តិ​ដាក់​ជូន​ស្ថានទូត​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា។ រីឯ​សាលា​ក្រុង​ភ្នំពេញ​ពន្យល់​ថា ការ​បិទ​ផ្លូវ​នេះ​ព្រោះ​បក្ស​ប្រឆាំង​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត។

គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ ចាត់​ទុក​ការ​ដាក់​កង​កម្លាំង​ចម្រុះ​ព្រោងព្រាត និង​ដាក់​រនាំង​បិទ​ផ្លូវ​ជាតិ​លេខ​២ នៅ​ម្តុំ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា គឺ​ជា​ការ​រំលោភ​សិទ្ធិ​ដើរ​ហើរ​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ និង​ទាញ​ឲ្យ​ស្ថានការណ៍​ប្រទេស​ទៅ​ជា​របប​ផ្ដាច់ការ។

ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ទៅ​ដល់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ យ៉ាង​លំបាក​ថា ទង្វើ​របស់​អាជ្ញាធរ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល និង​បង្ក​ការ​ភ័យ​ខ្លាច ព្រម​ទាំង​បង្ក​ផល​លំបាក​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស៖ « រដ្ឋាភិបាល​តែង​អះអាង​ថា ប្រទេស​សន្តិភាព ហើយ​បើ​មើល​ទៅ​ព្រឹក​មិញ គឺ​ប្រទេស​កម្ពុជា អត់​មាន​សន្តិភាព​ទេ »

លោក សុន ឆ័យ បញ្ជាក់​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​បំណង​ធ្វើ​បាតុកម្ម​នោះ​ទេ ដូច្នេះ​លោក​មិន​យល់​អំពី​មូលហេតុ​នៃ​ការ​បិទ​ផ្លូវ​ឡើយ « ការ​នាំ​លិខិត​ទៅ​ស្ថានទូត គឺ​មិន​មែន​ជា​ការ​អ្វី​ដែល​ខុស​ច្បាប់​ទេ »

តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៥ ខែ​កញ្ញា សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​ពង្រាយ​កម្លាំង​រាប់​សិប​នាក់ និង​ដាក់​រនាំង​បិទ​កំណាត់​ផ្លូវ​លេខ​២ ប្រមាណ ៥​ដំណាក់ ចាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់ រហូត​ដល់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ដើម្បី​រារាំង​ការ​ដង្ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ យក​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​នានា​ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ការ​ដាក់​ញត្តិ​នេះ ក្នុង​បំណង​ប្រាប់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង។

ចំពោះ​ស្ថានភាព​ដាក់​រនាំង​បិទ​ផ្លូវ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ខឹងសម្បា ដ្បិត​ពួក​គេ​ត្រូវ​ខកខាន​ទៅ​ធ្វើ​ការ និង​បំពេញ​ភារកិច្ច​ផ្សេងៗ រួម​ទាំង​សិស្ស​និស្សិត ពិសេស​អ្នក​ជំងឺ​ត្រូវ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ។

ពលរដ្ឋ​ម្នាក់​បាន​រៀប​រាប់​ទាំង​ហួស​ចិត្ត​ថា អាជ្ញាធរ​មិន​គួរ​បិទ​ផ្លូវ​បែប​នេះ​ទេ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​យ៉ាង​ខ្លាំង « សោកស្ដាយ ​អាជ្ញាធរ​មិន​ដឹង​យល់​ឃើញ​បែប​ម៉េច បាន​ជា​ធ្វើ​ដូចជា​ការ​យល់​សប្ដិ​អ៊ីចឹង ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ ជាពិសេស​នៅ​ភ្នំពេញ ព្រោះ​តែ​ដើរ​គេ​មិន​ឲ្យ​ឆ្លង​កាត់​ផង »

រីឯ​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ម្នាក់ ក៏​ត្អូញត្អែរ​ថា ការ​បិទ​ផ្លូវ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​សម្រាប់​ចិញ្ចឹម​គ្រួសារ « ព្រឹក​ឡើង​ទៅ​ដឹក​ម៉ូយ​ដើម្បី​ចិញ្ចឹម​ជីវភាព តែ​ឥឡូវ​ទៅ​អត់​រួច »

លើស​ពី​នេះ មាន​កា​រិះគន់​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​នោះ​មាន​គណនេយ្យ​ហ្វេសប៊ុក​មួយ​ឈ្មោះ Laneth lana បាន​សរសេរ​សារ​បង្ហោះ​អម​ដោយ​រូបភាព​បុរស​ចំណាស់​ម្នាក់​កំពុង​ដេក​លើ​ឡាន​ថា «ពិត​ជា​ឈឺ​ចាប់​ណាស់ ទោះ​អង្វរ​សុំ​បើក​ផ្លូវ​ឡាន​មួយ​ចូល ដើម្បី​យក​ប៉ា​ខ្ញុំ​ទៅ​ពេទ្យ ខណៈ​ដែល​គាត់​កំពុង​ថ្ងូរ​ឈឺ​ចាប់​ក្នុង​ឡាន​ត្រូវ​ការ​ព្យាបាល។ ហេតុ​អី​ឃោរឃៅ​ដាច់​ធម៌​មេត្តា​ម្ល៉េះ ! ខ្ញុំ​គ្មាន​អាវុធ​គ្មាន​កាំភ្លើង ហេតុ​អី​ខ្លាច​ដល់​ថ្នាក់​ហ្នឹង ? ទាំង​ដែល​ពួក​អស់​លោក​ប្រដាប់​ដោយ​អាវុធ​គ្រប់ៗ​ដៃ »

ចំពោះ​ការ​ដាក់​រនាំង​បិទ​ផ្លូវ​ជាច្រើន​ម៉ោង​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ទទួល​ស្គាល់​ថា​មាន​ការ​រំខាន​ដល់​ពលរដ្ឋ តែ​លោក​ពន្យល់​ថា ការ​បិទ​ផ្លូវ​នេះ​គឺ​ដើម្បី​ទប់ស្កាត់​ការ​ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត « ការ​ហែ​ក្បួន​របស់​គាត់ គឺ​អត់​បាន​សុំ​ច្បាប់​ពី​សាលា​រាជធានី​របស់​យើង​ទេ ដូច្នេះ​គឺ​យើង​ត្រូវ​តែ​ធ្វើ​ការ​ទប់ស្កាត់​ហើយ​បាទ »

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ស្ថានភាព​នៅ​ព្រឹក​មិញ​នេះ មិន​គួរ​អាជ្ញាធរ​បិទ​ផ្លូវ​ជាច្រើន​ម៉ោង​ដែល​នាំ​ឲ្យ​ស្ទះ​ស្ទើរ​មួយ​ចំហៀង​ទីក្រុង​ភ្នំពេញ ក្រោម​ហេតុផល​រក្សា​សណ្ដាប់ធ្នាប់​ឡើយ « អ្នក​នយោបាយ​ខ្មែរ​ឥឡូវ​នេះ មិន​សូវ​ជា​គិតគូរ​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ ពេល​ណា​គាត់​ចង់​ធ្វើ​អី​មួយ​ក៏​ធ្វើ​ទៅ ឲ្យ​តែ​មាន​ប្រៀប​លើ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​គាត់​ធ្វើ​តែ​ម្តង។ នេះ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​ខ្ញុំ​មើល​ឃើញ »

យ៉ាង​ណា​ក៏ដោយ​ចុះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បើក​ផ្លូវ​ជាតិ​លេខ​២ ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឡើង​វិញ​នៅ​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់។

អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ថ្វីត្បិតតែ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកា​សញ្ញា​អន្តរជាតិ​ផ្សេងៗ​ដែល​កម្ពុជា ទទួល​ស្គាល់​ជា​ច្បាប់​កម្ពុជា​ក្តី ក៏ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដីធ្លី និង​គណបក្ស​ប្រឆាំង​ប្រមូល​ផ្តុំ​ជាមួយ​អ្នក​គាំទ្រ​ដោយ​អហិង្សា​នោះ តែង​តែ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប និង​រារាំង​ស្ទើរ​គ្រប់​ពេល។

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ក្រុម​មនុស្ស​ដែល​មាន​និន្នាការ​ស្រប​រដ្ឋាភិបាល តែង​តែ​ទទួល​បាន​នូវ​ការ​សម្របសម្រួល​ពី​អាជ្ញាធរ ទោះ​បី​ជា​ក្រុម​នោះ​ជា​ក្រុម​ងាយ​ផ្ទុះ​ហិង្សា និង​ជេរ​ប្រមាថ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​កប់ៗ​មាត់​ក្តី។ ការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរ​នេះ ត្រូវ​បាន​គេ​រិះគន់​ថា​មាន​ស្តង់ដារ​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។