មន្ត្រីជាន់ខ្ពស់ប៉ូលិសជាតិអះអាងថា ក្នុងឆ្នាំ២០២០ នេះ សមត្ថកិច្ចកិច្ចនឹងបន្តទប់ស្កាត់សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចចាត់ទុកថា ជាផែនការបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាល ដូចអ្វីដែលសមត្ថកិច្ចបានធ្វើកាលពីឆ្នាំ២០១៩ យ៉ាងដូច្នេះដែរ។ មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកការពារសិទ្ធិមនុស្សបារម្ភថា វិធានការនេះនឹងនាំទៅរកការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើនករណីទៀតនៅពេលខាងមុខ ជាពិសេសទៅលើសកម្មជនបក្សប្រឆាំងនៅក្នុងស្រុក។
អគ្គស្នងការនគរបាលជាតិ និងត្រូវជាក្មួយប្រសារបស់លោក ហ៊ុន សែន គឺលោក នេត សាវឿន ថ្លែងនៅថ្ងៃទី២៩ មករាថា សមត្ថកិច្ចកម្ពុជាមានផែនការធានាស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានជាដាច់ខាតនៅក្នុងឆ្នាំ២០២០នេះ ពីព្រោះកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅខែវិច្ឆិកាខាងមុខ។ លោកបញ្ជាក់ថា កងនគរបាលនឹងទប់ស្កាត់មិនឱ្យមានអង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ពណ៌កើតមាននៅកម្ពុជាឡើយ ក្នុងនោះក៏រួមទាំងការតវ៉ាដីធ្លីរបស់ប្រជាពលរដ្ឋ ការតវ៉ារឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងការតវ៉ាទាំងឡាយណាពាក់ព័ន្ធនឹងរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ផងដែរ។ លោកបានស្នើសុំឱ្យក្រសួងមហាផ្ទៃគាំទ្រទាំងផ្នែកសម្ភារៈ និងបច្ចេកទេសដល់កងកម្លាំងនគរបាលជាតិ ដើម្បីសម្រេចផែនការនេះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបភ្លាមៗទៅនឹងសំណើនេះថា លោកគាំទ្រទិសដៅ និងការប្ដេជ្ញាចិត្តរបស់លោក នេត សាវឿន ហើយលោកត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងផែនការសកម្មភាពទាំងនេះតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បើទោះជាអាជ្ញាធរកម្ពុជាជាប់ឈ្មោះថាអ្នកបំផ្លាញប្រជាធិបតេយ្យយ៉ាងណាក្តី ក៏លោក ស ខេង បានចោទប្រកាន់ថា គឺថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅវិញទេ ដែលមានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា និងការអនុគ្រោះពន្ធ EBA ពីទីផ្សារសហភាពអឺរ៉ុប។

ទោះជាយ៉ាងណា ការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនគរបាលជាតិនេះ មិនទទួលបានការសាទរពីមន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកការពារសិទ្ធិមនុស្សឡើយ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ចាត់ទុកវិធានការរបស់អាជ្ញាធរនេះ ថាជាការយកប្រជាពលរដ្ឋដែលមិនគាំទ្រការដឹកនាំរបស់ខ្លួន គឺជាខ្មាំងសត្រូវ។ លោកបន្តថា រដ្ឋាភិបាល លោក ហ៊ុន សែន គឺជាបង្កើតបញ្ហាដោយខ្លួនឯង រួមមាន ការរំលោភយកដីធ្លីពលរដ្ឋ និងការរំលាយប្រជាធិបតេយ្យដែលធ្វើឱ្យជាតិប្រឈមការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA ដូច្នេះលោកថា អាជ្ញាធរត្រូវដោះស្រាយបញ្ហាទាំងនេះ មិនមែនទម្លាក់កំហុសឱ្យគណបក្សសង្គ្រោះជាតិ ហើយត្រៀមវិធានការបង្ក្រាបសំឡេងប្រឆាំងបែបនេះឡើយ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ យល់ថា វិធានការរបស់អាជ្ញាធរនេះ នឹងធ្វើឱ្យជាតិបែកបាក់ និងបង្កើតភាពវឹកវរនៅក្នុងប្រទេស មិនមែនជាវិធានការថែរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូបនោះទេ។
ចំណែក នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត វិញ ថ្លែងថា លោកគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ប៉ុន្តែមិនគាំទ្រឡើយចំពោះវិធានការរឹតត្បិតសិទ្ធិសេរីភាព ឬរំលោភសិទ្ធិមនុស្ស។ លោកបារម្ភថា វិធានការរបស់សមត្ថកិច្ចនៅពេលនេះ អាចនឹងធ្វើឱ្យសកម្មជនបក្សប្រឆាំងមួយចំនួន រងការធ្វើទុក្ខបុកម្នេញ ឬការចោទប្រកាន់តាមផ្លូវតុលាការជាបន្តទៀត ជាពិសេសនៅក្នុងបរិបទនៃគម្រោងវិលត្រឡប់មកកម្ពុជាវិញពីសំណាក់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។ «»
ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិនយោបាយ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ វាយតម្លៃថា ធ្លាក់ចុះដុនដាបខ្លាំង ដោយសាររដ្ឋអំណាចលោក ហ៊ុន សែន បានចាប់មេបក្សប្រឆាំងលោក កឹម សុខា ដាក់ពន្ធនាគារ ដោយចោទប្រកាន់ខ្វះមូលដ្ឋានពីបទក្បត់ជាតិ ការរំលាយគណបក្សសង្គ្រោះជាតិ ហើយយកអាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សនេះ ទៅចែកគ្នាកាន់កាប់ និងការហាមប្រាមអ្នកនយោបាយបក្សនេះជាង ១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ។

ក្រោយមក នៅពេលប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសពីការវិលត្រឡប់ចូលកម្ពុជា នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរបានចោទប្រកាន់ និងចាប់ខ្លួនសកម្មជនមូលដ្ឋានបក្សប្រឆាំងជាច្រើននាក់ដោយចោទពួកគេពីបទរួមគំនិតក្បត់ជាតិ។ ដោយសារតែមានបញ្ជាពីលោក ហ៊ុន សែន ទេ ទើបពួកគេមួយចំនួនត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែគ្មានសិទ្ធិធ្វើសកម្មភាពនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិឡើយ។
ក្រៅពីការធ្វើទុក្ខបុកម្នេញមន្ត្រីបក្សប្រឆាំង រដ្ឋាភិបាល លោក ហ៊ុន សែន ក៏បានវាយបង្ក្រាបឥតស្រាកស្រាន្តទៅលើក្រុមអង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នព័ត៌មានឯករាជ្យផងដែរ ជាពិសេសអាជ្ញាធរបានរឹតត្បិតកាន់តែខ្លាំងលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយសារតែបញ្ហាទាំងនេះហើយ ទើបធ្វើឱ្យសហភាពអឺរ៉ុបដាក់ចេញនូវនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយការសម្រេចចិត្តជាចុងក្រោយនឹងត្រូវធ្វើឡើងក្នុងពេល ២សប្ដាហ៍ខាងមុខទៀតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។